រយៈពេល​២ថ្ងៃ​ពលករ​មកពី​ថៃ​ជិត​២០០០នាក់​បាន​ឆ្លង​ចូល​កម្ពុជា​នៅ​ក្នុង​ខេត្ត​ចំនួន៣

15
សីហា

រយៈពេល​២ថ្ងៃ​ពលករ​មកពី​ថៃ​ជិត​២០០០នាក់​បាន​ឆ្លង​ចូល​កម្ពុជា​នៅ​ក្នុង​ខេត្ត​ចំនួន៣

ប្រភព៖ VOD

ពលករខ្មែរមកពីថៃ​ជិត២០០០នាក់ បានឆ្លងចូលមកកម្ពុជានៅក្នុងខេត្តចំនួន៣ គឺខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ក្នុងរយៈពេល២ថ្ងៃ ពោលគឺថ្ងៃទី១៣ និង១៤ខែសីហា បន្ទាប់ពីមានការបើកច្រកព្រំដែនជាមួយថៃឡើងវិញ។

អភិបាលរងខេត្តឧត្ដរមានជ័យ លោក ឌី រ៉ាដូ បានប្រាប់វីអូឌីនៅល្ងាចថ្ងៃសៅរ៍ម្សិលមិញថា រយៈពេល២ ថ្ងៃ អាជ្ញាធរបានទទួលពលករចំនួន ១៥៧នាក់ ក្នុងនោះ មានពលករចំនួន ៦ នាក់ធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩។ លោកបន្តថា អ្នកដែលមានវិជ្ជមានកូវីដ-១៩ ទាំង៦ នាក់ អាជ្ញាធរបានបញ្ជូនទៅព្យាបាល ខណៈពលករផ្សេងទៀត ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក ដែលអាជ្ញាធរបានរៀបចំ។

លោកថា៖ «អាជ្ញាធរខេត្តបានត្រៀម និងកំពុងរៀបចំមណ្ឌលចត្តាឡីស័កចំនួន ២កន្លែង ដែលអាចដាក់ពលករជាង ៦០០០នាក់  លើមណ្ឌលចត្តាឡីស័កដែលមានស្រាប់ចំនួន ៣០ មណ្ឌល។ មួយទៀត អាជ្ញាធរខេត្តបានរៀបចំមណ្ឌលព្យាបាលនៅជាប់ព្រំដែនតែម្ដង ដែលអាចទទួលព្យាបាលអ្នកជំងឺកូវីដ-១៩ បានជាង ២០០០ នាក់ នៅលើមណ្ឌលព្យាបាល១០ ទីតាំងដែលមានស្រាប់ហ្នឹង»។

អភិបាលរងខេត្តឧត្ដរមានជ័យរូបនេះបន្តថា បច្ចុប្បន្ន អ្នកដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅក្នុងខេត្តឧត្ដរមានជ័យជិត ៥០០០ នាក់ ក្នុងមួយថ្ងៃ។ លោកថា នៅខេត្តនេះ បានរកឃើញអ្នកឆ្លងកូវីដ-១៩ ជាង១០០នាក់ គិតចាប់តាំងពីប្រទេសថៃបានផ្ទុះជំងឺកូវីដ-១៩មក ខណៈអ្នកកំពុងធ្វើចត្តាឡីស័ក​ជាង ២០០ នាក់ ដែលពួកគេជាពលរដ្ឋនៅខេត្តឧត្ដរមានជ័យ។

កាលពីថ្ងៃទី២៨ ខែកក្កដា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចបិទខ្ទប់ការធ្វើដំណើរឆ្លងព្រំដែនគោកជាមួយប្រទេសថៃ និងខេត្តចំនួន៨ រយៈពេល២សប្តាហ៍ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការនាំវីរុសកូវីដ-១៩ប្រភេទ “ដែលតា” ចូលសហគមន៍តាមរយៈពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១  ច្រកព្រំដែនកម្ពុជា-ថៃបានបើកឡើងវិញ ខណៈរដ្ឋាភិបាលបានបន្តអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺនេះ  នៅទូទាំងប្រទេស     រយៈពេល៧ថ្ងៃបន្ថែមទៀត រហូតដល់ថ្ងៃទី១៩ ខែសីហា។

ចំណែកអភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំ​បងលោក សឿម  ប៊ុនរិទ្ធ បានលើកឡើងថា ពលករ​ដែលត្រឡប់មកពីប្រទេសថៃចូលមកតាមច្រកទ្វារតំបន់ព្រំដែនសួនស៊ុ ឬអូរអន្លក់​  ស្រុកកំរៀង ខេត្តបាត់ដំបងមានចំនួនសរុប ៣៨៥ នាក់។

លោកបន្តថា ពលករទាំង ៣៨៥ នាក់ដែលចូលកម្ពុជានេះ ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្តរហ័ស Rapid Test ដោយបានរកឃើញមានវិជ្ជមានកូវីដ-១៩ ចំនួន ៣២ នាក់ ខណៈអ្នកអវិជ្ជមានចំនួន ៣៥៣ នាក់ ត្រូវបានបញ្ជូនយកទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កវិទ្យាល័យពេជ្រ ចិន្តា ស្រុកភ្នំព្រឹក និងមណ្ឌលចត្តាឡីស័កអនុវិទ្យាល័យបឹងរាំង ស្រុកកំរៀង។

លោកថា៖ «ពលករវិលត្រឡប់ពីប្រទេសថៃចូលមកតាមច្រកទ្វារតំបន់ព្រំដែនសួនស៊ុ (អូរអន្លក់)  ស្រុកកំរៀង ខេត្តបាត់ដំបង ចំនួន៣៨៥ នាក់ ក្នុងនោះ (ស្រី១៣៨នាក់, ក្មេង១៧នាក់) ក្រុមគ្រូពេទ្យនៃការិយាល័យ​សុខាភិបាលប្រតិបត្តិស្រុកសំពៅលូន (OD) បានធ្វើតេស្តរហ័ស Rapid Test  លទ្ធផលធ្វើតេស្តរហ័ស គឺមានវិជ្ជមាកូវីដ-១៩ ចំនួន ៣២ នាក់ ក្នុងនោះ(ស្រី១៤នាក់) យកទៅព្យាបាលនៅមណ្ឌលព្យាបាលវិទ្យាល័យកំរៀង  និងមណ្ឌលសុខភាពត្រាង  ស្រុកកំរៀង»។

ដោយឡែកអភិបាលរងខេត្តបន្ទាយមានជ័យលោក លី សារី  ឱ្យដឹងថា អាជ្ញាធរបានទទួលពលករចំនួន ១២៣៣ នាក់ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី១៣ និង១៤ខែសីហា បន្ទាប់ពីការបើកច្រកព្រំដែន​។ លោកបញ្ជាក់ថា ពលករជាង ១០០០ នាក់ ដែលក្រុមគ្រូពេទ្យបានធ្វើតេស្ត ក្នុងនោះ មានពលករចំនួន ៣០ នាក់ មានវិជ្ជមានកូវីដ-១៩ ខណៈអ្នកអវិជ្ជមានត្រូវ​បញ្ជូនទៅមណ្ឌលចត្តាឡីស័ក។

អភិបាលរងខេត្តបន្ទាយមានជ័យរូបនេះថា បច្ចុប្បន្ននេះ អ្នកដែលកំពុងធ្វើចត្តាឡីស័កនៅខេត្តបន្ទាយមានជ័យ សរុបមានចំនួន ៤៥៤៨ នាក់ ក្នុងនោះស្ត្រី ២១០៩ នាក់ និងអ្នកឆ្លងក្នុងសហគមន៍មានចំនួន ៦៣ នាក់។

មន្ដ្រីកម្មវិធីការពារសិទ្ធិពលករចំណាកស្រុកនៃអង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា ចាត់ទុកការ​ទទួលពលករនៅតាមព្រំដែនជារឿងល្អ ប៉ុន្តែលោកសង្កេតឃើញថា រថយន្តដែលដឹកពលករមកធ្វើចត្តាឡីស័កមានភាពចង្អៀតណែន និងអាចរក្សាគម្លាតសុវត្ថិភាពបាន។ លើសពីនេះ លោកថា បន្ទប់នៅក្នុងមណ្ឌលចត្តាឡីស័កដែលពួកគាត់ស្នាក់នៅ មានគ្នាច្រើន ដោយគ្មានរក្សាគម្លាតអនាម័យឬសុវត្ថិភាព ដែលធ្វើឱ្យពួកគាត់ប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩ បើសិនជាអ្នកផ្ទុកជំងឺក្នុងចំណោមនោះ។

លោកថា«ដោយមិនបានរក្សាគម្លាតសុវត្ថិភាពអីជាដើមអ៊ីចឹង អាហ្នឹងហើយដែលយើងមើលឃើញថា  រដ្ឋាភិបាលគួរតែពិចារណា និងយកចិត្តទុកដាក់ឱ្យមែនទែន  ព្រោះជំងឹកូវីដ-១៩ ដែលតា អីហ្នឹង មានការឆ្លង សាហាវជាងអាមុន។ អ៊ីចឹងកាលណាយើង អត់រក្សានិងអនុវត្តទៅតាមវិធានសុវត្ថិភាពនៃជំងឺឆ្លងទេ វាមិនត្រឹមតែជាមណ្ឌល សម្រាប់តាមដាន និងការពារនូវរីករាលដាន  វាទៅជាបង្កើតឱ្យមានការរីករាលដាន អាហ្នឹង សម្រាប់យើងមើលឃើញ»។

លោក ឌី ថេហូយ៉ា បន្តថា ការវិលត្រឡប់របស់ពលករនេះ ពួកគាត់ក៏ប្រឈមនឹងការរើសអើង  បញ្ហាកង្វះខាតស្បៀងអាហារ ដោយសារ ពួកគាត់ចំណាយថវិកាច្រើននៅពេលត្រឡប់មកពីថៃ និងប្រឈមការបញ្ហាបំណុលធនាគារជាដើម។ ករណីនេះ លោកថា រដ្ឋាភិបាលគួរតែធ្វើការដោះស្រាយជូនដល់ពលករ ឬប្រជាពលរដ្ឋ បន្ទាប់ពីពួកគាត់បញ្ចប់ការធ្វើចត្តាឡីស័ក ហើយត្រឡប់ទៅស្រុកកំណើតវិញនោះ។

បើតាមក្រសួងសុខាភិបាលបញ្ជាក់ថា ​ ចាប់​ពី​ថ្ងៃទី៣១​ ខែមីនា ដល់ថ្ងៃទី១៣ ខែសីហា ​ឆ្នាំ២០២១ កម្ពុជា​​រក​ឃើញអ្នក​មាន​វិជ្ជមានវីរុសកូវីដ-១៩ ប្រភេទ​ដែលតា «Delta»​ លើអ្នកដំណើរ ពលករត្រឡប់មកពីប្រទេសថៃ និងប្រទេសវៀតណាម និងប្រជាពលរដ្ឋក្នុងសហគមន៍ចំនួន ៤៩៤ នាក់ ក្នុងនោះ ស្រី្ត ២៤៣ នាក់។

ក្រសួងបញ្ជាក់ថា បច្ចុប្បន្ន​ជំងឺកូវីដ-១៩ ​បំប្លែង​ថ្មីប្រភេទ​ដែលតា «Delta» បាន​នឹងកំពុង​ឆ្លងរាលដាល​នៅតាម​បណ្ដាល​រាជធានី-ខេត្ត​ចំនួន​ ២២ ខេត្ត លើកលែង​តែ​៣​ខេត្ត​ប៉ុណ្ណោះ ​គឺខេត្តកែប ខេត្តតាកែវ និងខេត្តក្រចេះ នៅមិនទាន់​រកឃើញ​អ្នកជំងឺកូវីដ-១៩ បំប្លែងថ្មី​ប្រភេទដែលតា​នៅ​ឡើយ​ទេ។

គិត​ត្រឹមថ្ងៃ​ទី១៥ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន៨៥ ៤៤៨នាក់ ក្នុងនោះ អ្នកជាសះស្បើយសរុបមានចំនួន៨០​ ៣៩៦នាក់  និង​ស្លាប់មានចំនួនសរុប​១​៦៨៣នាក់៕

​​

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...