អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​​បន្ត​​​បិទ​ខ្ទប់​តំបន់​ឆ្លង​​​​វីរុស​ ដែលតា​ ខណៈ​​ពលករ​​ប​ន្ត​​សម្រុក​​មក​​កម្ពុជា​​វិញ

19
សីហា

អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​​បន្ត​​​បិទ​ខ្ទប់​តំបន់​ឆ្លង​​​​វីរុស​ ដែលតា​ ខណៈ​​ពលករ​​ប​ន្ត​​សម្រុក​​មក​​កម្ពុជា​​វិញ

ប្រភព៖ VOD

អាជ្ញាធរ​ខេត្តជាប់ព្រំដែន​មួយចំនួនកំពុងបិទខ្ទប់តំបន់ណា​ដែលរកឃើ​ញករណីឆ្ល​ង ដើម្បីទប់ស្កាត់ការរីករា​ល​ដាលមេរោគបំ​ប្លែ​​​​ង​ថ្មី “ដែ​ល​តា” ខណៈពលករខ្មែរបន្តសម្រុកត្រឡប់​មកពីប្រទេស​ថៃ​វិញ ក្នុងរយៈ​ពេល​ប៉ុន្មាន​​​ថ្ងៃចុងក្រោយ​នេះ បន្ទាប់​ពី​ទ្វារ​ព្រំដែន​​បើ​ក​ឡើងវិញ។​

អភិបាលរងខេត្តឧត្ដរមានជ័យ លោក ឌី រ៉ាដូ ថ្លែងនៅថ្ងៃទី១៨ ខែសីហា ថាពលករ​ប្រមាណជាង២ ០០០នាក់បាន​ត្រឡប់​​ចូល​ក​ម្ពុជា​តាម​ច្រក​អូរស្មាច់ រា​​​ប់ចាប់ពីថ្ងៃទី១៥ ដល់ព្រឹកថ្ងៃទី១៨ ខែសីហា ក្រោយ​រដ្ឋាភិបាលបញ្ចប់​ការបិទ​ច្រក​ព្រំដែន​ នៅថ្ងៃពុធទី១​២ ​ខែសីហា ខណៈ២ថ្ងៃដំបូង គឺមានត្រឹមជាង១៥០នាក់។

លោកបន្ត​ថា ក្នុងចំណោមពួកគេ​ មានអ្នកធ្វើតេស្តឃើញវិជ្ជមានជំងឺកូវីដ-១៩ ជាង២ ០០​នាក់ ហើយ​​អ្នកវិជ្ជមាន​ត្រូវ​ប​ញ្ជូ​ន​​ទៅសម្រាកព្យាបាល ខណៈ​អ្ន​​កអវិជ្ជមានត្រូវ​​បញ្ជូនទៅ​​ធ្វើចត្តាឡីស័ក២១ថ្ងៃនៅ​តាម​មណ្ឌលក្បែរព្រំដែន ដោយស្នាក់នៅក្នុងបន្ទ​ប់រួមគ្នា ៨នាក់ក្នុងមួយ​បន្ទប់​​។

លោក ឌី រ៉ាដូ ប្រាប់ថា៖ «ថ្ងៃទី១និងថ្ងៃទី២ ការវិលត្រឡប់របស់បងប្អូនពលករមកកម្ពុជាតាមច្រកអូរស្មាច់​ហ្នឹង​ ចំនួនមិនសូវច្រើ​នទេ! ៧០នាក់​៨០នាក់​ទេ! ប៉ុន្តែចាប់ពីថ្ងៃទី៣មក គឺថា ឃើញបងប្អូនពលករមក​ច្រើន​ ចន្លោះ​ពី៤០០ទៅ៦​០០នាក់។ ថ្ងៃទីបី ៦​០​០នាក់ ថ្ងៃ​ទី៤ ជាង៤០០នាក់ ថ្ងៃទី៥ ជាង៤០០​នាក់ ឥលូវថ្ងៃហ្នឹង គឺព្រឹកមិញហ្នឹង គឺជិត៤០០នាក់»

ប្រភពដដែលបន្តថា អាជ្ញាធរអាចទប់ស្កាត់មេរោគ”ដែលតា”ឆ្លងចូលសហគមន៍ តាមរយៈរំហូរពលករពីបរទេសបាន ដោយ​សា​រ​រដ្ឋបាលខេត្តបានត្រៀមរៀបចំក្រុមគ្រូពេទ្យ មណ្ឌលសម្រាកព្យាបាល និងចត្តាឡីស័ក សម្រាប់ពួកគេគ្រប់គ្រាន់ហើយ អំឡុងពេ​លបិទខ្ទប់ព្រំដែន២សប្តាហ៍។

យ៉ាងណា លោកថា មេរោគបំប្លែងថ្មីនេះកំពុងឆ្លងរាលដាលក្នុងសហគមន៍ ហើយអាជ្ញាធរកំពុងចាត់វិធានការបិទខ្ទប់ផ្សារ ភូមិ ឬតំបន់ណា​ដែលរកឃើញករណីឆ្លង ហើយតម្រូវឱ្យពលរដ្ឋអនុវត្តកាតព្វ​កិច្ច​​ពាក់​ម៉ាស់ និងហាមផ្តាច់ការជួបជុំគ្នាច្រើនជាដើម ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែធំ។

លោក ឌី រ៉ាដូ បញ្ជាក់​ថា ខេត្តឧត្ដរមានជ័យ រកឃើញករណីឆ្លងវីរុស​បំប្លែង​ថ្មី “ដែលតា” ជាង១០០ករណី​ហើ​យ ខណៈផ្សារទីរួមស្រុកមួយ​ចំនួ​នដូចជា ផ្សារក្រុងសំរោង ផ្សារអន្លង់វែង និងផ្សារតាមឃុំមួយចំនួនទៀ​ត កំពុងស្ថិតក្នុងការបិទខ្ទប់​។

លោក ឌី រ៉ាដូ ថ្លែងថា៖ «ពាក់ព័ន្ធនឹងការបិទខ្ទប់ហ្នឹង បើទីតាំងណាមួយឬភូមិណាមួយយើងរកឃើញវិជ្ជមានកូវីដ-១​៩ គឺយើងបិទទីតាំងហ្នឹង ហើយនិងភូមិហ្នឹង ដោយកំណត់ជាតំបន់ក្រហម ហើយតំបន់រណបកំណត់ជាតំបន់លឿងទុំ»

អភិបាលរងខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធី ឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ​ចុងក្រោយ គិតត្រឹមថ្ងៃ១៨​ ខែ​សីហា ​មាន​ពលក​រប្រមាណ៥០០នាក់បានវិលពីប្រទេសថៃ​តាម​ច្រកព្រំដែនទាំង៤របស់​ខេត្ត។ លោក​ថា ក្នុងនោះ ក្រោមការធ្វើតេស្តលើកទីមួយ មានពលករ​​ចំនួន៣២នាក់រកឃើញវិជ្ជមាន​កូវីដ​-១៩ និងត្រូវបានបញ្ជូនទៅសម្រាកព្យាបាល។ លោកបន្ថែមថា អ្នកអវិជ្ជមានត្រូវបានបញ្ជូនឱ្យធ្វើចត្តាឡី​ស័ក​២១ថ្ងៃ ក្នុ​ងមួយ​បន្ទប់​ស្នាក់​នៅរួមគ្នាពី​១០​ទៅ១៣នាក់។

តាមមន្រ្តីរដ្ឋបាលខេត្តរូបនេះ ផ្សារចំនួន៤៩ក្នុងខេត្តកំពុងត្រូវបានបិទខ្ទប់ ហើយអាជ្ញាធរកំពុងរឹតបន្តឹង​ការជួបជុំនិងពាក់ម៉ាស់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគ”ដែលតា” ដែលមានភាពឆ្លងលឿនរហ័សនិងប្រកបដោយគ្រោះថ្នាក់ចំពោះសុខភាពពលរដ្ឋ។

លោកនិយាយថា៖ «យើងបារម្ភខ្លាចឆ្លងអាដែល​តា ព្រោះអាដែលតាហ្នឹង វាសាហាវជាងជំងឺកូវីដ​ធម្មតា ដូចយើងដឹងទាំងអស់​គ្នា ដូចនៅឥណ្ឌា នៅថៃអ៊ីចឹង។ កាលណាយើងឆ្លងអាហ្នឹង វាលំបាក ទោះយើងចាក់​វ៉ាក់​សាំង១ដូស ​២ដូស ​៣ដូស​ ក៏វាពិបាកទប់ស្កាត់ដែរ»

វីអូឌី មិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ លោកស្រី រស់ សុផានី បានទេ នៅថ្ងៃព្រហស្បតិ៍នេះ។

ប៉ុន្តែបើតាមរបាយការណ៍ទទួលបានពីរដ្ឋបាលខេត្តបន្ទាយមានជ័យ ឱ្យដឹងថា គិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែសីហា​ មានពលករប្រមាណជា​ង៥០០នាក់បានត្រឡប់មកពីប្រទេសថៃតាមច្រកព្រំដែនអន្តរជាតិ ដោយក្នុងនោះ មានពលករចំនួន៨១នាក់វិជ្ជមានកូវីដ-១៩។

អភិបាលរងខេត្តព្រះវិហារ លោកស្រី ប៉ាង រ៉ាវី លើកឡើងថា មានពលករតិចតួច ត្រឹមម្នាក់ឬពីរនាក់ប៉ុណ្ណោះ​ដែលត្រឡប់ចូលមកកម្ពុជាតាមច្រកព្រំដែនក្នុងខេត្តព្រះវិហារ​ ដោយសារខេត្តនេះមិនមានច្រកអន្តរជាតិដូចជាខេត្តបន្ទាយមានជ័យ និងឧត្ដរមានជ័យ។

មន្រ្តីរដ្ឋបាលខេត្តរូបនេះនិយាយថា ការឆ្លងជំងឺកូវីដ​-១៩​ក្នុងសហគមន៍នៅក្នុងខេត្តនេះបានថម​ថយ​បន្តិច​ ចាប់តាំងពីអាជ្ញាធរអនុវត្តវិធានការបិទខ្ទប់ការធ្វើដំណើរ​ពីខេត្តសៀមរាប ឧត្ដរមានជ័យ និងកំពង់ធំ ប៉ុន្តែ​មេរោគប្រភេទ”ដែលតា”កំពុងឆ្លងរាលដាលតាមតំបន់ក្បែរព្រំដែន​​ជា​ប់នឹងប្រទេសថៃ។

លោកស្រីមានប្រសាសន៍ថា៖ «ពាក់ព័ន្ធនឹងដែលតាហ្នឹង ក៏វាមិនដឹងថាឆ្លងមកពីណាដែរ ប្រហែលជា​មក​ពី​ពលករដែលគាត់​មក​តាម​របៀង​ថៃមួយ​ពីរ​ក៏​មិន​ដឹង! ដល់​ពិនិត្យ​ទៅ ​វា​ឆ្លង​នៅ​លើ[ស្រុក]ជាំក្សាន្ត​ហ្នឹង ដែល​តា! រាល់ថ្ងៃហ្នឹង ដែលតា យើង[ចំនួនអ្នកឆ្លងប្រភេទ Delta] មកដល់ថ្ងៃនេះ យើងឡើងដល់៣៨នា​ក់ហើយ»

ពាក់ព័ន្ធរំហូរពលករខ្មែរត្រឡប់ពីប្រទេសថៃ មន្ដ្រីកម្មវិធីការពារសិទ្ធិពលករចំណាកស្រុកនៃអង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា បានលើកឡើង​ថា ការមិនអាចរក្សាគម្លាត​សុវត្ថិភាព​ក្នុងពេល​ធ្វើដំណើរ​តាម​រថយន្ត និងអំឡុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលរបស់ពលករ កំពុងធ្វើឱ្យពួកគេប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩ បើសិនមានអ្នកផ្ទុកជំងឺក្នុងចំ​ណោមនោះ។

លោកថា៖ «រដ្ឋាភិបាលគួរតែពិចារណានិងយកចិត្តទុកដាក់ឱ្យមែនទែន ព្រោះជំងឺកូវីដ-១៩ “ដែលតា” អីហ្នឹង! មានការឆ្លងសាហាវជាងអាមុន។ អ៊ីចឹងកាលណាយើងអត់រក្សានិងអនុវត្តទៅតាមវិធានសុវត្ថិភាពនៃ​ជំងឺ​ឆ្លង​ទេ វាមិនត្រឹមតែជាមណ្ឌលសម្រាប់តាមដាននិងការពារនូវការរីករាលដាល​ វាទៅជាបង្កើតឱ្យ​មាន​​ការ​រីក​រាលដាល​ អាហ្នឹងសម្រាប់យើងមើលឃើញ»។

ក្រសួងសុខាភិបាលកម្ពុជាបានឱ្យដឹងថា មេរោគកូវីដ-១៩​ប្រភេទ​”ដែលតា” កំពុង​ឆ្លងរាលដាល​នៅតាម​បណ្ដារាជធានី-ខេត្ត​ចំនួន​២២ លើកលែង​តែ​៣​ខេត្ត​ប៉ុណ្ណោះ ​គឺខេត្តកែប ខេត្តតាកែវ និងខេត្តក្រចេះ។

តាមរបាយការណ៍របស់ក្រសួង គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺ​កូវីដ-១៩​ សរុបចំនួន៨៧ ១៩០​​នាក់ ក្នុងនោះ ​អ្នកជំងឺព្យាបាលជាសះស្បើយសរុបមា​ន​ចំនួន៨២ ៦៦៦នាក់ អ្នកស្លាប់សរុប១ ៧៣០នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប១៣ ៤៧៤នាក់​៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...