ក្រុម​អ្នក​ឃ្លាំមើល​ជំរុញ​ឲ្យ​រោងចក្រ​សហគ្រាស​អនុវត្ត​វិធានការ​សុខាភិបាល​ប្រយុទ្ធ​ប្រឆាំង​ជំងឺ Covid-19

20
សីហា

ក្រុម​អ្នក​ឃ្លាំមើល​ជំរុញ​ឲ្យ​រោងចក្រ​សហគ្រាស​អនុវត្ត​វិធានការ​សុខាភិបាល​ប្រយុទ្ធ​ប្រឆាំង​ជំងឺ Covid-19

ប្រភព៖ ឌឹ ខេមបូឌា ដេលី

 

មន្ត្រី​ឃ្លាំមើល​សិទ្ធិ​ការងារ ជំរុញ​ឲ្យ​រោងចក្រ សហគ្រាស អនុវត្ត​វិធានការ​សុខាភិបាល​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ Covid-19 តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០២១ ថា ការ​ធ្វើ​តេស្ដ​រក​វីរុស Covid-19 លើ​កម្មករ​និយោជិត​ជា​រឿង​ល្អ​ហើយ តែ​មិនមែន​ជា​វិធានការ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​រួម​ចំណែក​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស Covid-19 នៅ​តាម​រោងចក្រ និង​សហគ្រាស​នោះ​ទេ។

លោក​អះអាង​ថា ប្រសិនបើ​កម្មករ​និយោជិត​នៅតែ​តម្រូវ​ឲ្យ​ធ្វើ​ការងារ​ក្នុង​ទីតាំង​ចង្អៀត​ដូច​សព្វថ្ងៃ​នេះ ទាំង​ការ​ប្រើប្រាស់​ឧបករណ៍ និង​សម្ភារ​មួយ​ចំនួន​រួមគ្នា​នៅ​ក្នុង​រោងចក្រ ដូចជា​បន្ទប់ទឹក កន្លែង​បរិភោគ​អាហារ និង​ការ​ធ្វើ​ដំណើរ​លើ​រថយន្ត​ជាដើម គឺ​នៅតែ​ជា​ហានិភ័យ​ក្នុង​ការ​ចម្លង​វីរុស Covid-19 នេះ​ដដែល។

លោក មឿន តុលា បញ្ជក់​ថា ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស Covid-19 នេះ រដ្ឋាភិបាល​ត្រូវ​តម្រូវ​ឲ្យ​រោងចក្រ​សហគ្រាស​រៀបចំ​ឲ្យ​និយោជិត​កម្មករ​ទាំងនោះ​ដោយ​ការ​អនុវត្ត​វិធានការ​សុខាភិបាល​នៅ​ក្នុង​រោងចក្រ​ឲ្យ​បាន​ល្អ ដូចជា​ការ​រក្សា​គម្លាត ជាដើម ប៉ុន្តែ​បើ​ខាង​រោងចក្រ​មិន​អាច​អនុវត្ត​វិធានការ​សុខាភិបាល​នៅ​ក្នុង​រោងចក្រ​សហគ្រាស​របស់​ខ្លួន​បាន​ទេ រដ្ឋាភិបាល​ត្រូវតែ​ផ្តល់​វ៉ាក់សាំង​ដូស​ជំរុញ ឬ​ដូស​ទី​៣ ជូន​កម្មករ​និយោជិត​ទាំងនោះ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ជំនួស​វិញ។

យ៉ាងណាក៏ដោយ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​រូប​នេះ អំពាវនាវ​ឲ្យ​ក្រុមហ៊ុន រោងចក្រ សហគ្រាស​ទាំងអស់​កុំ​ដាក់​បន្ទុក​ចំពោះ​ការ​ធ្វើ​តេស្ដ​រក​វីរុស Covid-19 ទៅលើ​កម្មករ​និយោជិត។ ការ​ចំណាយ​លើ​បរិក្ខារ​សម្រាប់​ការ​ធ្វើ​តេស្ដ​ទាំងនោះ គឺ​តម្រូវ​ឲ្យ​ខាង​និយោជក​ជា​អ្នក​រ៉ាប់រង​ជំនួស​វិញ ដើម្បី​ជួយ​កាត់បន្ថយ​ការ​ចំណាយ និង​សម្ពាធ​លើ​កម្មករ​និយោជិត​ដែល​កំពុង​ជួប​ការ​លំបាក​នៅ​ពេលនេះ។

កាលពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២១ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តី​ណែនាំ​ឲ្យ​រោងចក្រ​សហគ្រាស​ទាំងអស់​នៅ​កម្ពុជា ត្រូវ​ធ្វើ​តេស្ដ​រហ័ស​លើ​និយោជិត​កម្មករ​របស់​ខ្លួន​គ្រប់ៗ​គ្នា​ឲ្យ​បាន​ពីរ​ដង​មុន​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២១ ខាងមុខ​នេះ ដើម្បី​រួម​ចំណែក​ពង្រឹង​វិធានការ​ប្រយុទ្ធ​ប្រឆាំង និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19។

ក្រសួង​ការងារ​បញ្ជាក់​ថា រោងចក្រ​សហគ្រាស​ទាំងអស់​អាច​បញ្ជា​ទិញ​ឧបករណ៍​តេស្ដ​រហ័ស​រក​វីរុស Covid-19 ពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ឬ​ប្រភព​ស្រប​ច្បាប់​ផ្សេង​ទៀត​ផង​ដែរ។ បន្ថែម​ពី​នេះ រោងចក្រ​សហគ្រាស​ក៏​ត្រូវ​ណែនាំ​ឲ្យ​កម្មករ​និយោជិត​របស់​ខ្លួន​អនុវត្ត​វិធានការ​សុវត្ថិភាព​សុខាភិបាល​ឲ្យ​បាន​ហ្មត់ចត់ ដូចជា​ការ​ពាក់​ម៉ាស់ ជាដើម។

សេចក្តី​ណែនាំ​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​សុខាភិបាល បាន​ប្រកាស​បើក​យុទ្ធនាការ​ជាតិ​ក្រោម​ប្រធានបទ «រួមគ្នា​ទទួល​ខុសត្រូវ ទប់ស្កាត់​ការ​ឆ្លង​វីរុស Covid-19» ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​រៀបចំ​ឡើង​ដោយ​អនុគណៈកម្មការ​អប់រំ បណ្តុះបណ្តាល និង​ទំនាក់ទំនង​សាធារណៈ កាលពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០២១ កន្លងទៅ​នេះ។

ជុំវិញ​ការ​ទប់ស្កាត់​ការ​ឆ្លង​វីរុស Covid-19 នេះ ក្រសួង​សុខាភិបាល ក៏​បាន​បង្ហាញ​របាយការណ៍​អំពី​អ្នក​ឆ្លង​វីរុស Covid-19 នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០២១ ផង​ដែរ​ថា ក្រសួង​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ថ្មី​ចំនួន ៥៣៣​នាក់ និង​អ្នក​ជាសះស្បើយ​ថ្មី​ចំនួន ៦៣២​នាក់ ខណៈ​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន ១៧​នាក់។

ក្រសួង​បញ្ជាក់​ថា មក​ទល់នឹង​ពេលនេះ អ្នក​ឆ្លង​វីរុស Covid-19 សរុប​បាន​កើន​ឡើង​ដល់​ជាង ៨​ម៉ឺន ៧​ពាន់​នាក់​ហើយ និង​អ្នក​ដែល​ជាសះស្បើយ​សរុប​មាន​ចំនួន​ជាង ៨​ម៉ឺន ៣​ពាន់​នាក់ ដោយឡែក​អ្នក​ស្លាប់​សរុប​បាន​កើន​ឡើង ១៧៤៧​នាក់​ហើយ ខណៈ​អ្នក​ឆ្លង​វីរុស​បំប្លែង​ថ្មី​ប្រភេទ​ដែលតា (DELTA) មាន​ចំនួន​ជិត ៥០០​នាក់​ផង​ដែរ៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...