អាជ្ញាធរ​ក្រុងភ្នំពេញ បន្ត​ចាប់​បញ្ជូន​បុគ្គលិក​ណាហ្កាវើលដ៍​ទៅ​មណ្ឌល​ចត្តាឡីស័ក

24
កុម្ភៈ

អាជ្ញាធរ​ក្រុងភ្នំពេញ បន្ត​ចាប់​បញ្ជូន​បុគ្គលិក​ណាហ្កាវើលដ៍​ទៅ​មណ្ឌល​ចត្តាឡីស័ក

ប្រភព៖ RFA

 

ក្រុម​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ នៃ​ក្រុមហ៊ុន​ណាហ្កាវើលដ៍ (Naga World) ​ចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃទី២៤កុម្ភៈ ដោយចាត់​ទុក​ទង្វើ​អាជ្ញាធរ​ក្រុង​ភ្នំពេញ ដែល​បាន​បង្ក្រាប​ក្រុម​កូដករ​បញ្ជូន​ទៅ​ធ្វើចត្តាឡីស័ក នៅ​កន្លែង​គ្មាន​អនាម័យ បរិភោគ​មិន​គ្រប់​គ្រាន់ គឺ​ការ​ដាក់​ទណ្ឌកម្ម​ដល់​ក្រុម​កូដករ​មិន​ឱ្យ​ចេញ​តវ៉ា​រឿង​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​បន​ល្បែង​ណាហ្គាវើលដ៍។

សហជីព និង​ក្រុម​កូដករ​ក្រុមហ៊ុន​ណាហ្កាវើលដ៍ (Naga World) ថ្កោលទោស​ទង្វើ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ក្នុង​ការ​បន្ត​បង្ក្រាប​ក្រុម​កូដករ​ដោយ​ប្រើ​អំពើ​ហិង្សា​រុញ​ច្រាន​ក្រុម​កូដករ​បន្ត​បន្ទាប់​មក​នេះ​ថា ជា​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​ដល់​ក្រុម​កូដករ និង​បាន​រំលោភ​ច្បាប់​ជាតិ និង​អន្តរជាតិ។ ក្រុម​កូដករ​ថា អាជ្ញាធរ​ក្រុង​ភ្នំពេញ​នៅ​តែ​លម្អៀង​ទៅ​ខាង​ក្រុមហ៊ុន​បន​ល្បែង​​ណាហ្កាវើលដ៍ ដោយសារ​តែ​អាជ្ញាធរ​នៅ​តែ​បន្ត​ចាត់​វិធានការ​ចាប់​ចង​ក្រុម​កូដករ ដើម្បី​បំបែក​ការ​ធ្វើ​កូដកម្ម​ស្វែង​ដំណោះ​ជាមួយ​ក្រុមហ៊ុន​ណាហ្កាវើលដ៍។

ក្រុម​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (Naga World) ថា ការ​បង្ក្រាប​របស់​អាជ្ញាធរ​មក​លើ​ក្រុម​កូដករ​ទាំង​អំពើ​ហិង្សា គឺ​មាន​ចេតនា​ធ្វើ​បាប ដាក់​ទណ្ឌកម្ម​ដល់​ក្រុម​កូដករ​ក្នុង​ការ​ចាប់​បញ្ជូន​ពួក​គេ​ទៅ​ធ្វើ​ចត្តាឡីស័ក​នៅ​កន្លែង​គ្មាន​អនាម័យ​ភួយ​ខ្នើយ​រុំ​ព័ទ្ធ​ដី​ធូលី​ដី គ្មាន​បន្ទប់​ទឹក និង​គ្មាន​អើពើ​ផ្តល់​ចំណី​អាហារ​ជូន​ពួក​គេ​ត្រឹម​ត្រូវ​នោះ​ទេ។ ក្នុង​មណ្ឌល​ចត្តាឡីស័ក​អាជ្ញាធរ ក៏​បាន​ដាក់​លក្ខខណ្ឌ​ឱ្យ​ក្រុម​កូដករ​បំពេញ​កិច្ចសន្យា ដើម្បី​កុំ​ឱ្យ​ពួក​គេ​ប្រមូលផ្ដុំ​គ្នា​ចេញ​តវ៉ា​ទៀត ប៉ុន្តែ​ពួក​គេ​បដិសេធ។

កូដករ​ម្នាក់​ដែល​ជាប់​ក្នុង​មណ្ឌល​ចត្តាឡីស័ក​ក្នុង​ខណ្ឌព្រែកព្នៅ កញ្ញា សួន ជីវ៉ា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា អាជ្ញាធរ​រឹតត្បិត​មិន​ឱ្យ​សាច់​ញាតិ​យក​សម្ភារៈ​ប្រើប្រាស់​ផ្សេងៗ ចូល​ក្នុង​មណ្ឌល​ចត្តាឡីស័ក​ឡើយ។ កញ្ញា​បន្ត​ថា ក្នុង​មណ្ឌល​ចត្តាឡីស័ក​គ្មាន​អនាម័យ​នោះ​ទេ ដោយ​ក្រុម​កូដករ​ទាំង​សម្រាក​ផ្ទាល់​ដី​នឹង​កន្ទេល​ដាច់​រហែក និង​គ្មាន​អាហារ​បរិភោគ​គ្រប់គ្រាន់​នោះ​ទេ។ កញ្ញា​ចាត់​ទុក​ទង្វើ​អាជ្ញាធរ​បែប​នេះ​ថា កំពុង​កាង​អំណាច​ឱ្យ​ក្រុមហ៊ុន​បន​ល្បែង​ណាហ្កាវើលដ៍ និង​បង្ខាំង​ធ្វើ​បាប​ក្រុម​កូដករ​ទាំង​អយុត្តិធម៌៖ « »

ជុំវិញ​រឿង​នេះ អ្នក​គ្រប់គ្រង​កម្ម​វិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​អង្គការ​សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ ការ​បង្ក្រាប​ក្រុម​កូដករ​ទាំង​ហិង្សា​ជា​បន្ត​បន្ទាប់​មក​នេះ គឺ​ជា​ការ​រំលោភបំពាន​សិទ្ធិ​ក្រុម​កូដករ​ដោយ​តវ៉ា​ដោយ​សន្តិវិធី និង​បាន​ជះ​ឥទ្ធិពល​អវិជ្ជាមាន​ដល់​កម្ពុជា​បន្ថែម​ទៀត។ លោក​បន្ត​ថា ការ​ធ្វើ​កូដកម្ម​របស់​កូដករ​កន្លង​មក​នេះ គឺ​ជា​វិវាទ​ការងារ​ជាមួយ​ក្រុម​បុគ្គលិក និង​ថៅកែ ដូច្នេះ អាជ្ញាធរ​គួរ​ណា​ជំរុញ​ឱ្យ​ថៅកែ​ណាហ្កាវើលដ៍​ចេញ​មុខ​ចរចា​ជាមួយ​តំណាង​សហជីព ប្រសើរ​ជាង​ចាត់​វិធានការ​បង្ក្រាប​ក្រុម​កូដករ​ទាំង​អំពើ​ហិង្សា​ក្រោម​លេស​ល្មើស​វិធាន​សុខាភិបាល៖ « »

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង អ្នក​នាំ​ពាក្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខសីហា និង​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត ភក្តី ដើម្បី​បំភ្លឺ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៤ កុម្ភៈ។ ចំណែក​ឯ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន និង​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​លោក សុខ ឥសាន ក៏​វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​បាន​ដែរ​ដោយ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នក​ទទួល។

នៅ​រសៀល​ថ្ងៃ​ទី២៤ ខែកុម្ភៈ អាជ្ញាធរ​ក្រុង​ភ្នំពេញ​បន្ត​បង្ក្រាប​ក្រុម​កូដករ​ចំនួន ២៩នាក់​បន្ថែម​ទៀត ដោយ​បាន​ប្រើ​អំពើ​ហិង្សា​រុញ​ច្រាន​ពួក​គេ​ចូល​ក្រុង​រថយន្ត​ក្រុង​ទាំង​កម្រោល​បណ្ដួល​ឱ្យ​ក្រុម​កូដករ​រង​របួស​ផង​ដែរ។ អាជ្ញាធរ​ក៏​បាន​ដាក់​កម្លាំង​រាប់​រយ​នាក់ ដើម្បី​រឹតត្បិត​មិន​ឱ្យ​ក្រុម​អ្នក​សារ​ព័ត៌មាន​ជាតិ​អន្តរជាតិ ក្រុម​អង្គការ​សង្គម​ស៊ីវិល ឃ្លាំមើល​ដំណើរ​ការ​ធ្វើ​កូដកម្ម​របស់​ក្រុម​កូដករ​នៅ​ក្បែរ​អាគារ​បន​ល្បែង​ណាហ្កាវើលដ៍​នោះ​ទេ។

ទាក់ទង​រឿង​នេះ ប្រធាន​សមាគម​អាដហុក (ADHOC) លោក នី សុខា មានប្រសាសន៍ថា ការបង្ក្រាបក្រុមកូដករ ៣ថ្ងៃជាប់​មក​នេះ គឺ​ជា​រឹតត្បិត​សិទ្ធិ​សេរីភាព​ដែល​មាន​ចែង​ក្នុង​ច្បាប់​ជាតិ និង​អន្តរជាតិ និង​បាន​រំលោភ​បំពាន​ធ្ងន់ធ្ងរ​លើ​ក្រុម​កូដករ​ជា​ស្ត្រី ដែល​រង​ការ​ប្រមាថ​ប្រើ​ហិង្សា​រុញ​ច្រាន​ពួក​គេ​កន្លង​ទៅ​នេះ។ លោក​មើល​ឃើញ​ថា ចំណាត់​ការ​អាជ្ញាធរ​ហាក់​មិន​បាន​ការពារ​វិធានការ​សុខាភិបាល​នោះ​ទេ ប៉ុន្តែ ឆ្លុះ​បញ្ចាំង​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​សម្លុត​គំរាម​កំហែង​ក្រុម​កូដករ ដើម្បី​កុំ​ឱ្យ​ងើប​ទាមទារ​ដំណោះស្រាយ​តែ​ប៉ុណ្ណោះ៖ « »

ក្រុម​អ្នក​ជំនាញ​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ កាល​ពី​ពេល​ថ្មីៗ នេះ បាន​រិះគន់​ថា អាជ្ញាធរ​ក្រុង​ភ្នំពេញ​កំពុង​អនុវត្ត​វិធានការ​សុខាភិបាល ដែលមានស្តង់ដារ២ ផ្សេង​គ្នា​រវាង​ក្រុម​កូដករ និង​សាធារណជន​ទូទៅ ដែល​បង្ហាញ​ថា អាជ្ញាធរ​ប្រឹងប្រែង​រារាំង​សកម្មភាព​ស្រប​ច្បាប់​របស់​កូដករ។ លើស​ពី​នេះ​ទង្វើ​នេះ ផ្ទុយ​ពី​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ។ ក្រុមអង្គការ​សង្គម​ស៊ីវិល និង​សហជីព ថ្កោលទោស​អាជ្ញាធរ​ក្រុង​ភ្នំពេញ និង​ត្រូវ​តែ​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ការ​រំលោភ​បំពាន​បៀតបៀន​លើ​រូបរាង​កាយ​ក្រុម​កូដករ​ជា​ស្រ្តី ដែល​ចេញ​តវ៉ា​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី។

មក​ដល់​ពេល​នេះ​មាន​តំណាង​សហជីព និង​កម្មករ​ណាហ្កាវើលដ៍​ចំនួន ១១នាក់ កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ដោយសារ​តែ​ពួក​គេ ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​ទាមទារ​រក​ដំណោះស្រាយ​រឿង​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្កាវើលដ៍​បញ្ឈប់​បុគ្គលិក ៣៦៥នាក់ ពី​ការងារ។ ការ​បង្ក្រាប​ដោយ​បង្ខំ​ឱ្យ​ក្រុមកូដករ​ធ្វើ​ចត្តាឡីស័ក ៣ថ្ងៃ​កន្លង​មក​នេះ មាន​កូដករ​ចំនួន ៩នាក់​វិជ្ជមាន​កូវីដ១៩ ដោយ​ពួក​គេ​កំពុង​សម្រាក​ព្យាបាល​នៅ​អគារ​កោះ​ពេជ្រ៕

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...