អាជ្ញាធរ​​​ចាប់​​ខ្លួន​​កម្មករ​​ណាហ្គាវើលដ៍​​ជាង​​៦០​​នាក់​​ទៅ​​ដាក់​​មណ្ឌល​​ចត្តាឡីស័ក​​ក្នុង​​ខណ្ឌ​ព្រែក​ព្នៅ

21
កុម្ភៈ

អាជ្ញាធរ​​​ចាប់​​ខ្លួន​​កម្មករ​​ណាហ្គាវើលដ៍​​ជាង​​៦០​​នាក់​​ទៅ​​ដាក់​​មណ្ឌល​​ចត្តាឡីស័ក​​ក្នុង​​ខណ្ឌ​ព្រែក​ព្នៅ

ប្រភព៖ RFA

 

កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់ ប្រើ​ហិង្សា​ចាប់​រុញ​ច្រាន​កម្មករ​ណាហ្គាវើលដ៍​ជាង​៦០​នាក់​ បញ្ចូល​​ក្នុង​​រថយន្ត​​ក្រុង​ ដឹក​​យក​​ទៅ​ដាក់​នៅ​មណ្ឌល​ចត្តាឡីស័ក​រាជធានី​​ភ្នំពេញ​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ ខណៈ​ពួកគេ​ជួប​ជុំ​គ្នាធ្វើ​កូដកម្ម​បន្ត​ទៀត។ សង្គម​ស៊ីវិល​ហៅ​ការ​ចាប់​ខ្លួន​កម្មករ​ណាហ្គាវើលដ៍​ទ្រង់​ទ្រាយ​ធំ​នេះ​ថា ជា​ការ​គាប់​សង្កត់​ និង​រាំង​ខ្ទប់​ពួកគេ​មិន​ឲ្យ​ចេញ​​តវ៉ា​ដោយ​សន្តិវិធី​ទៀត ក្រោម​លេស​អនុវត្ត​វិធាន​សុខាភិបាល​ប្រឆាំង​ជំងឺ​កូវីដ​១៩ ជា​ជាង​ស្វែង​រក​ដំណោះស្រាយ​បញ្ចប់​វិវាទ​ការងារ​មួយ​នេះ​តាម​ផ្លូវ​ច្បាប់​។

ការ​ចាប់​ខ្លួន​ក្រុម​បុគ្គលិក​ណាហ្គាវើលដ៍​ដែល​ចេញ​ធ្វើ​កូដកម្ម​នេះ ស្ថិត​នៅ​សួន​ច្បារ​ក្បែរ​អគារ​បូឌិញ ដោយ​សមត្ថកិច្ច​រាប់​សិប​នាក់ ព្រួត​គ្នា​ហ៊ុំ​ព័ទ្ធ​ពួកគេ​មិន​ឲ្យ​ដើរ​ទៅ​ធ្វើ​កូដកម្ម​ទាមទារ​ដំណោះស្រាយ​ការងារ នៅ​ខាង​អគារ​ក្រុមហ៊ុន​បន​ល្បែង​កាស៊ីណូ​ណាហ្គាវើលដ៍។

បុគ្គលិក​ធ្វើ​ការ​ផ្នែក​កាស៊ីណូ​ម្នាក់ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ទាញ​ដៃ​បញ្ចូលរថយន្ត​ក្រុងកញ្ញា ទួន យូរី ឲ្យ​ដឹង​ថា សមត្ថកិច្ច​ប្រាប់​ឲ្យ​ក្រុម​កម្មករ​បំបែក​គ្នា​ទៅ​ផ្ទះ​វិញ ប៉ុន្តែ​​កម្មករ​មិន​ព្រម ក៏​មាន​ការ​ប៉ះទង្គិច​គ្នា​ពាក្យ​សម្ដី និង​ចាប់​ពួកគាត់​ទាំង​អស់​ ឡើង​ឡាន​ដឹក​យក​ទៅ​ដាក់​មណ្ឌល​ចត្តាឡីស័ក​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ព្រែក​ព្នៅ។

កញ្ញាបន្ត​ថា ក្រុមកម្មករ​ដែលនាំ​គ្នា​មក​ធ្វើ​កូដកម្ម នៅ​ថ្ងៃ​ទី​២១​ ខែកុម្ភៈ ​នេះ គឺ​ពួកគាត់​បាន​អនុវត្ត​តាម​ការ​ណែនាំ​របស់​គ្រូ​ពេទ្យ​ ដោយ​ផ្ដល់​សំណាក​រក​ជំងឺ​កូវីដ​១៩ និង​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ​២​សប្ដាហ៍​តាម​ការ​កំណត់​រួច​អស់​ហើយ។

កញ្ញា​បញ្ជាក់​ថា ការ​ចេញ​តវ៉ា​នេះ គឺ​ចង់ទាម​ទារ​ឲ្យ​អាជ្ញាធរ​ដោះលែង​តំណាង​សហជីព​៨​នាក់ និង​បុគ្គលិក​៣​នាក់ ឲ្យ​មាន​សេរីភាព​វិញ​ដោយ​ឥត​លក្ខខណ្ឌ ហើយ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​ត្រូវ​ទទួល​យក​ថ្នាក់​ដឹកនាំ​សហជីព​ និង​បុគ្គលិក​ជាង​ ៣០០​ នាក់​ចូល​ធ្វើ​ការ​វិញ ដើម្បី​បញ្ចប់​វិវាទ​ការងារ​មួយ​នេះ។

បុគ្គលិកកាស៊ីណូវ័យ​២៩​ឆ្នាំ​រូប​នេះ ស្នើ​សុំ​អាជ្ញាធរ និង​ក្រសួង​ពាក់​ព័ន្ធ​បញ្ឈប់​ការ​ចាប់​ខ្លួន​ពួកគេ​ត​ទៅទៀត ហើយ​ប្រកាន់​ជំហរ​អព្យាក្រឹត​សម្រប​សម្រួល​ដោះស្រាយ​វិវាទ​នេះ​ដោយ​សន្តិវិធី និង​តាម​ផ្លូវ​ច្បាប់៖ «ខាង​កូដករ​របស់​យើង​គឺ​នៅ​ប្រកាន់​ជំហរ​ដដែល​ ចាប់​ខ្លួន​ក៏​តែ​ឈរ។ ចាប់​ប៉ុន្មាន​ ចេញ​មក​ប៉ុណ្ណឹង។ គឺ​នៅ​តែ​ឈរ​ធ្វើ​កូដកម្ម​រហូត​ លុះ​ត្រា​ក្រុមហ៊ុន​ណាហា្គវើលដ៍​ចេញ​មក​ដោះស្រាយ​វិវាទ​ការងារ​ហ្នឹង ឲ្យ​បាន​ឆាប់​ចប់។ សូម​ឲ្យ​រដ្ឋាភិបាល និង​ខាង​អាជ្ញាធរ​ ក្រសួង​ពាក់​ព័ន្ធ​សូម​កុំ​លើក​ហេតុផល​មេរោគ​កូវីដ​ យក​មក​បំបែក​កូដករ​ហ្នឹង​អី។ បើ​ចង់​ឲ្យ​បញ្ចប់​បញ្ហា​កូវីដ​ ក៏​សូម​ឲ្យ​ក្រសួង​ពាក់​ព័ន្ធ​ជួយ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ដោះស្រាយ​វិវាទ​ហ្នឹង​ឲ្យ​ឆាប់​ចប់»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញលោក ម៉េត មាសភក្ដី និង​អ្នក​នាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខសីហា នៅ​ថ្ងៃ​ទី​២១ ខែកុម្ភៈ​ បាន​ទេ ដោយ​ហៅ​ទូរស័ព្ទ​ចូល តែ​ពុំ​មាន​អ្នក​ទទួល។

ទាក់​ទង​នឹង​រឿង​នេះ អ្នក​គ្រប់គ្រង​កម្មវិធី​សិទ្ធិ​ការងារ នៃ​អង្គការ​សង់ត្រាល់​ (Central) លោក ឃុន ថារ៉ូ ចាត់​ទុក​ការ​ចាប់​ខ្លួន​កម្មករ​ណាហ្គាវើលដ៍​ទ្រង់​ទ្រាយ​ធំ​បែប​​នេះ​​ថា ថា​ជា​ការ​គាប់​សង្កត់ រាំង​ខ្ទប់​ និង​បំបិទ​សិទ្ធិ​សេរីភាព​របស់​កម្មករ​និយោជិត​ ដោយ​ប្រើ​អនុវត្ត​វិធាន​សុខាភិបាល​ប្រឆាំង​ជំងឺ​កូវីដ​១៩ ដើម្បី​បំបែក​ការ​ធ្វើ​កូដកម្ម​របស់​ពួកគេ​ដោយ​សន្តិវិធី ជា​ជាង​ព្យាយាម​ស្វែង​រក​ដំណោះស្រាយ​បញ្ចប់​វិវាទ​ការងារ​មួយ​នេះ​តាម​ផ្លូវ​ច្បាប់​។

លោក​សង្កេត​ឃើញ​ថា បញ្ហា​ដែល​ធ្វើ​ឲ្យ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្កាវើលដ៍​អូស​បន្លាយ​រាប់​ខែ ហើយ​មាន​ការ​ចាប់​ខ្លួន​ថ្នាក់​ដឹកនាំ​សហជីព សកម្មជន​សហជីព និង​កម្មករ​ជា​ច្រើន​នាក់​នេះ គឺ​នៅ​ត្រង់​ថៅកែ​មិន​ព្រម​ទទួល​យក​ថ្នាក់​ដឹកនាំ​សហជីព​កម្មករ និង​ទទួល​ស្គាល់​វត្តមាន​សហជីព​នៅ​កន្លែង​ធ្វើ​ការ​ឡើង​វិញ។

លោក​យល់​ថា អ្នក​ដែល​អាច​មាន​អំណាច​ និង​សិទ្ធិ​សម្រេច​ក្នុង​ការ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​មួយ​នេះ បាន​មាន​តែ​ប្រមុខ​រដ្ឋាភិបាល​ចេញ​អន្តរាគមន៍​ទេ ទើប​ដំណោះស្រាយ​អាច​កើត​មាន៖ «បើ​យើង​គិត​អំពី​អំណាច​ផ្លូវ​ច្បាប់ ក្រសួង​ការងារ​គាត់​មាន​សិទ្ធិ​មាន​អំណាច​ក្នុង​ការ​ដោះស្រាយ​បាន ប៉ុន្តែ​ខ្ញុំ​គិត​ករណី​រឿង​ណាហ្គា​វើលដ៍​ ប្រហែល​ជា​ត្រូវ​ការ​អ្នក​ដែល​មាន​ឥទ្ធិពល​ មាន​អំណាច​ខ្លាំង​ក្នុង​ការ​ដោះស្រាយ​ឲ្យ​ជឿ​ទុក​ចិត្ត​បាន​។ ដោយ​មាន​តម្លាភាព​ ដោយ​មាន​ប្រសិទ្ធភាព វា​លុះ​ត្រា​ណា​​តែ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ ជាមួយ​នឹង​ក្រសួង​ការងារ​ហ្នឹង ហើយ​នឹង​ភាគី​សហជីព​ហ្នឹង​ ចូល​តុ​ចរចា​ ធ្វើ​សម្បទាន​គ្នា។ ទោះ​បី​ជា​សម្បទាន​ជា​លក្ខណៈ​កញ្ចប់​ការ​ដោះ​ស្រាយ​នៅ​ក្នុង​ទម្រង់​មួយ​ដែល​អាច​សម្បទាន​គ្នា​ទៅ​វិញ​ទៅ​មក។ អា​ហ្នឹង​បាន​អាច​ថា​ដោះស្រាយ​វិវាទ​ការងារ​ហ្នឹង​បាន»

កាល​ពី​ថ្ងៃ​ទី​១៥ ខែកុម្ភៈ សាលា​រាជធានី​ភ្នំពេញ​ចេញ​លិខិត​មួយ​ ដោយ​ព្រមាន​ចាត់​វិធាន​ការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ចំពោះ​ក្រុម​កម្មករ​ណាហ្គាវើលដ៍​ ដោយ​គ្មាន​ការ​លើកលែង បើ​ពួកគេ​រឹង​រូស​បន្ត​សកម្មភាព​តវ៉ា​នៅ​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន​ទៀត​នោះ។ អាជ្ញាធរ​ចាត់​ទុក​សកម្មភាព​តវ៉ា​របស់​ពួកគេ​កន្លង​មក ថា​ជា​ការ​ធ្វើ​បាតុកម្ម​ខុស​ច្បាប់ និង​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ​១៩ ប្រភេទ ​អូមីក្រុង ​ចូល​ក្នុង​សហគមន៍។

ក្រុម​អ្នក​ជំនាញ​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ថា អាជ្ញាធរ​ក្រុង​ភ្នំពេញ​កំពុង​អនុវត្ត​វិធានការ​សុខាភិបាល ដែល​មាន​ស្តង់ដារ​២ ផ្សេងគ្នា​រវាង​ក្រុម​កូដករ និង​សាធារណជន​ទូទៅ ដែល​បង្ហាញ​ថា​អាជ្ញាធរ​ប្រឹងប្រែង​រារាំង​សកម្មភាព​ស្របច្បាប់​របស់​កូដករ។ លើស​ពីនេះ​ទង្វើ​នេះ​ ​ផ្ទុយ​ពី​ច្បាប់​សិទ្ធិមនុស្សអន្តរជាតិ។

ក្រុមអ្នកជំនាញ​អង្គការសហប្រជាជាតិ បញ្ចាក់​ថា​ រដ្ឋាភិបាល​មាន​កាតព្វកិច្ចក្រោម​សន្ធិសញ្ញា និង​អនុសញ្ញា ដែល​បាន​ផ្តល់​សច្ចាប័ន​ជាច្រើន ដើម្បី​ការពារ​សិទ្ធិមនុស្ស ឬសិទ្ធិ​របស់​ក្រុម​កូដករ។ កម្ពុជា​ក៏​មាន​កាតព្វកិច្ច​គោរព​សិទ្ធិ​បញ្ចេញមតិ សេរីភាព​ជួប​ប្រជុំ​ដោយ​សន្តិវិធី និងសិទ្ធិបង្កើត និងចូលរួមសហជីព ស្របតាមសេចក្តីប្រកាសសិទ្ធិមនុស្ស អាស៊ាន និង​លិខិតូបករណ៍ ពាក់ព័ន្ធនានា។

មកដល់​ពេល​នេះ​មាន​តំណាង​សហជីព និង​កម្មករ​ណាហ្គាវើលដ៍​ចំនួន​១១​នាក់ ​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ដោយសារ​តែ​ពួកគេ ធ្វើកូដកម្មដោយសន្តិវិធី​ទាមទារ​រក​ដំណោះស្រាយ រឿងក្រុមហ៊ុន​​កាស៊ីណូ​ណាហ្កាវើលដ៍​បញ្ឈប់​បុគ្គលិកជាង​៣រយនាក់​ (៣៦៥) ពី​ការងារ​ដោយ​អយុត្តិធម៌។

ក្រុម​កម្មករ​ណាហ្គាវើលដ៍​នៅ​តែ​ប្រកាន់​ជំហរ​ចេញ​ធ្វើ​កូដកម្ម​បន្ត​ទៀត​ លុះ​ត្រា​តែ​ទទួល​ដំណោះស្រាយ​ការងារ​មួយ​នេះ​ពី​រដ្ឋាភិបាល​ បើ​ទោះបីជា​ពួកគេ​ត្រូវ​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​បន្ថែម​ទៀត​ពី​សំណាក់​អាជ្ញាធរ​ក៏ដោយ៕

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...