តំណាង​​សង្គម​ស៊ីវិល​​និង​​គណបក្ស​​នយោបាយ​​ជំរុញ​​ឱ្យ​ គ.ជ.ប សម្រួល​​ឱ្យ​​ពលករ​​ខ្មែរ​​នៅ​​ក្រៅ​​ប្រទេស​​មាន​​សិទ្ធិ​​បោះឆ្នោត​​នៅ​​ឆ្នាំ២០២២

23
កុម្ភៈ

តំណាង​​សង្គម​ស៊ីវិល​​និង​​គណបក្ស​​នយោបាយ​​ជំរុញ​​ឱ្យ​ គ.ជ.ប សម្រួល​​ឱ្យ​​ពលករ​​ខ្មែរ​​នៅ​​ក្រៅ​​ប្រទេស​​មាន​​សិទ្ធិ​​បោះឆ្នោត​​នៅ​​ឆ្នាំ២០២២

ប្រភព៖RFA

តំណាង​​សង្គម​​ស៊ីវិល និង​គណបក្ស​នយោបាយ​ បាន​ជម្រុញ​ឱ្យ​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​ ហៅកាត់ថា​ គ.ជ.ប សម្រួល​ឱ្យ​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​​មាន​​សិទ្ធិ​ចូលរួម​បោះឆ្នោត​ឃុំ-​​សង្កាត់ ក្នុង​​ពេល​​ខាង​​មុខ ឱ្យ​ស្រប​តាម​រដ្ឋធម្មនុញ្ញកម្ពុជា។ ពួកគេបាន​លើក​ឡើង​ពី​លំហរ​សេរីភាព​នៃ​ការ​ធ្វើ​នយោបាយ​ដែល​​កំពុង​​រង​​ការ​​រឹតត្បិត ហើយ​ពួកគេ​​ក៏​​ស្នើឱ្យ​ គ.ជ.ប សម្រួល​ឱ្យ​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​មាន​សិទ្ធិ​បោះឆ្នោត ក្នុងឆ្នាំ២០២២នេះ។

តំណាង​សង្គមស៊ីវិល​ជាង​២០​ស្ថានប័ន រួម​ទាំង​​គណបក្ស​នយោបាយ​បានស្នើ​ឱ្យ គ.ជ.ប ពិចារណា​ក្នុង​ការ​រៀប​ចំ​​ឱ្យ​ពលរដ្ឋខ្មែរ ជា​ពិសេស​ពលករ​នៅ​ក្រៅ​ប្រទេស​ មាន​​សិទ្ធិ​ចូលរួម​សម្រេច​វាសនា​ប្រទេស​ជាតិ​របស់​ខ្លួន តាម​រយៈការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ដោយ​សារ​ពួកគេ​មាន​ការ​លំបាក​ធ្វើ​ដំណើរ​អំឡុង​វិបត្តិ​កូវីដ១៩​​នេះ។

នាយកប្រតិបត្តិ​អង្គការ​សង់ត្រាល់លោក មឿន តុលា មាន​ប្រសាសន៍​ក្នុង​សិក្ខាសាលា​ស្ដីពី «គម្រោង​វេទិកា​ឆន្ទៈ​អ្នក​បោះឆ្នោត» កាលពីថ្ងៃទី២២ ខែកុម្ភៈ​ថា បើ​សិន​​ជា​​កម្ពុជា​ទុក​ប្រព័ន្ធ​បោះឆ្នោត​ដូច​បច្ចុប្បន្ន​នេះ​ទៀត គឺ​កម្ពុជា​កំពុង​ដើរ​បំពាន​ស្មារតី​រដ្ឋម្មនុញ្ញ​ដែល​ចែង​ថា ​ពលរដ្ឋ​ទាំង​២​ភេទ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​បោះឆ្នោត។ លោកថា ពលរដ្ឋខ្មែរ​ជាច្រើន​នៅ​ក្រៅ​ប្រទេស​ ហើយ​ពួកគេ​ក៏​មាន​តួនាទី​​សំខាន់​​ក្នុង​ការ​​ចូល​រួម​​លើក​​កម្ពស់​ប្រទេស​ជាតិ​របស់​ខ្លួន​តាម​រយៈសន្លឹកឆ្នោត​ផងដែរ។

 

Moun Tola Central on 22_02_2022.jpg
លោក មឿន តុលា នាយកប្រតិបត្តិ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (Central)។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)

 

លោក មឿនតុលា បាន​អះអាង​ថា បានជា​ត្រូវ​ស្នើ​ឱ្យ​ពលករ​នៅ​ក្រៅ​ប្រទេស​មាន​ឱកាស​ចូល​រួម​ការ​បោះឆ្នោត​បាន ព្រោះ​លោក​មើល​ឃើញ​ពី​ការ​លំបាក​នៅ​ឆ្ងាយ​ ដែល​​ត្រូវ​ចំណាយ​ថវិកា​ច្រើន​លើការ​ធ្វើ​ដំណើរ ដែល​លោក​ប៉ាន់​ប្រមាណ​ថា មិន​ក្រោម​២០០​ដុល្លា​អាមេរិក​ទេ។ ហើយ​កំឡុង​ពេល​កូវីដ១៩​នេះ​ នៅ​តាម​ព្រំដែន​មួយ​ចំនួន ​ដូចជា​ ប្រទេសថៃ​ ពលករខ្មែរ​មិន​អាច​ធ្វើដំណើរ​បានទេ ​ព្រោះ​ការ​បិទ​ខ្ទប់​មិន​ឱ្យ​ចេញ​ចូល​ដោយ​សេរី៖ «ពួក​ខ្ញុំដែល​ធ្វើការ​ជា​មួយ​នឹង​ពលករ​ចំណាកស្រុក​ផ្ទាល់​ គឺ​យើង​ប៉ាន់​ប្រមាណ​ថា មិន​តិច​ជាង​៣​លាន​នាក់​ទេ ដែល​ពលរដ្ឋ​យើងកំ​ពុង​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ ក្នុង​នោះ​ភាគ​ច្រើន​នៅ​ប្រទេសថៃនៅ​ប្រទេសថៃ​ បើ​ទោះជា​តួលេខ​ខាង​រដ្ឋ​បាន​បញ្ជាក់ថា ជាង​១​លាន​នាក់​មែន​នៅ​បច្ចុប្បន្ន​តែ​តាម​ការ​ប៉ាន់​ប្រមាណ​របស់​យើង​ ពលរដ្ឋខ្មែរ​យើង​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេសថៃ​នេះ​​មិន​តិច​ជាង​២​លាននាក់​​ទេ។ ក្រៅ​ពី​នោះ មាន​ម៉ាឡេ​ស្ទង់​ជិត​១០​ម៉ឺននាក់ នៅកូរ៉េខាងត្បូង នៅ​ជប៉ុន នៅ​អារ៉ាប់ប៊ី សាអូឌីត នៅ​មជ្ឈិមបូពា៍»

លោក​បន្ត​ថា ហេតុ​ដូច្នេះ​ហើយ​លោក​ចង់ឱ្យ​រដ្ឋសភា​គួរ​តែ​ពិចារណា​ធ្វើ​វិសោធនកម្ម​ច្បាប់ ដើម្បី​ឱ្យ​មាន​ការ​ចុះ​បញ្ជីរ និង​ការ​ចុះ​ឈ្មោះតាម​ការិយាល័យ​​បោះ​ឆ្នោត​​នៅ​​ក្រៅ​​ប្រទេស​​ដូចជា​នៅ​តាម​ស្ថានទូត​ និង​ស្ថានកុងស៊ុល​ជា​ដើម។

ស្រដៀង​គ្នានេះ​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ​លោក វន់ ពៅ លើកឡើង​នៅ​នឹង​មុខ គ.ជ.ប ថា ស្ថាប័ន​បោះឆ្នោត​មួយ​នេះ​គួរ​គិត​ឡើងវិញ​ពី​ការៀបចំ​ឱ្យ​ពលករ​ចំណាក​ស្រុក​អាច​មាន​លទ្ធភាព​បោះឆ្នោតបាន។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​មិន​ត្រូវ​ធ្វើ​ព្រងើយ​កន្ដើយ​ ទុក​ពលរដ្ឋ​ចោល​នោះ​​ទេ​ ខណៈដែល​ពលរដ្ឋ​ភាគច្រើន​ដែល​ចំណាក​ស្រុក​មិន​សូវ​ទទួល​បាន​ព័ត៌មាន​ទូលំទូលាយ​ផងនោះ៖ «ក្នុង​ឱកាស​វេទិកា​នេះ​ សូម​សំណូមពរ​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ឬ​អស់លោក​មេ​គណបក្ស​ទាំងអស់​ត្រូវ​តែ​ជម្រុញ​ថា តើត្រូវ​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​កម្មករ​ចំណាក​ស្រុក​នេះ​បាន​បោះឆ្នោត​ផង គាត់​ជា​ម្ចាស់​ប្រទេស​ណ៎ា។ រដ្ឋធម្មនុញ្ញ​បាន​ចែង​ថា ពលរដ្ឋខ្មែរ​ជា​ម្ចាស់​ប្រទេស ជា​ម្ចាស់​អំណាច ជា​អ្នក​សម្រេច​ចិត្ត​ជោគវាសនា​ប្រទេសជាតិ​ ហើយ​បើ​អ្នក​សម្រេច​ចិត្ត​ជោគ​វាសនា​​ប្រទេស​ជាតិ​​អត់​​មាន​​សិទ្ធិ​បោះឆ្នោត​ផង​ កុំឱ្យ​ពិបាក​អ្នក​មាន​សិទ្ធិ​ជំនួស

 

Von Pao.jpg
                                     លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ​។ (រូប៖ RFA)

 

បន្ដែម​ពី​លើការ​ស្នើ​​នេះ ​ប្រធាន​គណបក្ស​កម្ពុជា​និយម​លោក យ៉ែម បុញ្ញឬទ្ធិ បាន​លើក​ឡើង​ក្នុង​សិក្ខាសាលា​ដែរ​ថា ដើម្បី​ផ្ដល់​ទំនុក​ចិត្ត​ដល់​ប្រជាពលរដ្ឋ​អ្នក​បោះ​ឆ្នោត​​ ត្រូវ​ធ្វើ​យ៉ាង​ណា​ឱ្យ​ពលរដ្ឋ​បាន​ចូលរួម​ពេញលេញ​ ហើយ​ធ្វើការ​គាំទ្រ​ដល់​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​ពាំនាំ​ផ្ដល់​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ​ ដើម្បី​បង្ហាញ​ឆន្ទៈ​ពិតប្រាកដ​របស់ គ.ជ.ប។ លោក​លើក​ឡើង​ដោយ​ចោទ​ជា​សំណួរថា តើ គ.ជ.ប ពិតជា​មាន​ឆន្ទៈ​ដោះស្រាយ​បញ្ហា​ពលករ​ចំណាក​ដែរ​ឬ​ទេ?«សួរថា​ដំណោះស្រាយ​រហូត​មក​ដល់​ពេល​នេះ​តើ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ចង់​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​មាន​សិទ្ធិ​ចុះ​ឈ្មោះ ​ឬ​មាន​សិទ្ធិ​ចូលរួម​ការបោះឆ្នោត​ឬ​ក៏​អត់ឬការ​អនុវត្ត​ច្បាប់​ជា​រឿង​មួយ​តែ​មុន​ការ​អនុវត្ត​ច្បាប់​គេ​និយាយ​ពី​ការ​បង្កើត​ច្បាប់​សិន​ ដូច្នេះ​ការ​បង្កើត​ច្បាប់ ការ​បង្កើត​នីតិវិធី និង​បទបញ្ជារ​ក្នុង​ការ​រៀបចំ​ការ​បោះឆ្នោត គេ​ត្រូវ​គិត​គូរ​អ្វីខ្លះជា​បញ្ហា​ប្រឈម អ្វី​ខ្លះ​ជា​ដំណោះស្រាយ​ដែល​ត្រូវ​ធ្វើ?»

 

Yem Pujarith on 22_02_2022.jpg
                លោក យ៉ែម បុញ្ញឬទ្ធិ ​អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បច្ចុប្បន្នជាប្រធាន​គណបក្ស​កម្ពុជា​និយម។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)

 

ឆ្លើយតប​ទៅនឹង​សំណើ​នេះ​ អគ្គនាយករង​និង​ជា​ប្រធាន​នាយកដ្ឋាន​សេវាកម្ម​ច្បាប់ និង​វិវាទកម្ម​នៃ​ គ.ជ.ប លោក កែ រឹទ្ធិ បាន​លើកឡើង​ក្នុង​អង្គសិក្ខាសាលា​ថា ខាង​ គ..ប នឹង​ពិចារណា​ឡើង​វិញ​ ដោយ​ពិនិត្យ​មើល​ភាព​ស្រប​តាម​ធម្មនុញ្ញ​នៃ​ច្បាប់​បោះឆ្នោត​នៅ​កម្ពុជា។ លោក​អះអាង ថា កន្លង​មក គ.ជ.ប បាន​គោរព​យ៉ាង​ពេញ​លេញ​លើ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត មិន​បាន​រំលោភ​ បំពាន​ច្បាប់​ណា​មួយ​នោះ​ទេ៖ «ទាក់ទង​ពលរដ្ឋ​ចំណាក​ស្រុក​នេះ..កន្លងមក​បាន​រៀបចំ​ឱ្យ​មាន​ឃុំ​សង្កាត់​តាម​ព្រំដែន ជាប់​ព្រំដែន​ថៃ អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ដែល​នៅ​ព្រំដែន​ថៃ​ហ្នឹង អញ្ជើញ​មក​ចុះ​ឈ្មោះគាត់​គ្រាន់​តែ​សុំ​លិខិត​បញ្ជាក់​ការ​រស់​នៅ​ទី​នោះ អាច​ចុះ​ឈ្មោះ​បាន​ហើយ​ មិនមែន​ថា​មិន​គិត​គូរ​ទេ»។​

 

NEC Ke Rith and Yong Kim Eng on 22_02_2022_01.jpg
              (កណ្តាល) លោក កែ រឹទ្ធិ អគ្គនាយករង​និង​ជា​ប្រធាន​នាយកដ្ឋាន​សេវាកម្ម​ច្បាប់ និង​វិវាទកម្ម​នៃ​ គ.ជ.ប។ (រូប៖ ពលរដ្ឋផ្តល់ឱ្យ)

 

គណបក្ស​នយោបាយ និង​សង្គមស៊ីវិល​បាន​បង្ហាញ និង​ផ្ដល់​អនុសាសន៍​ថា បច្ចប្បន្ន​គណបក្ស​នយោបាយ​មួយ​ចំនួន​រង​ការ​រឹត​ត្បិត បើ​ទោះ​បីជា​នាយករដ្ឋមន្រ្តី​លោក ហ៊ុន សែន និង​លោក ស ខេង ធ្លាប់​ប្រកាស​មិន​ឱ្យ​អាជ្ញាធរ​រារាំង​សកម្មភាព​របស់​គណបក្ស​នយោបាយ​ក៏​ដោយ។ អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​នៅ​បន្ត​ចាំ​ឃ្លាំ​មើល​ទៀត​ថា តើ​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រសាសន៍​របស់​លោក​ឩប​នាយករដ្ឋមន្ត្រី ស ខេង គ្រាន់​តែ​ជា​សម្ដី​និយាយ​ឱ្យ​តែ​បាន​ពិរោះ​ស្ដាប់ ឬ​ជា​សម្ដី​គួរ​ឱ្យ​គោរព និង​ជឿទុក​ចិត្ត​បាន។ ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ-សង្កាត់​អាណត្តិ​ទី៥ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី៥ ខែមិថុនា​ខាងមុខ

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...