លោក ស ខេង ចេញ​​មុខ​​ដោះស្រាយ​​វិវាទ​​ការងារ​​នៅ​​ក្រុមហ៊ុន​​ណាហ្គាវើលដ៍

08
មីនា

លោក ស ខេង ចេញ​​មុខ​​ដោះស្រាយ​​វិវាទ​​ការងារ​​នៅ​​ក្រុមហ៊ុន​​ណាហ្គាវើលដ៍

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃលោក​ ស ខេង ចេញ​មុខ​ដោះស្រាយ​វិវាទ​ការងារ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ​(Naga World) ជាមួយ​រដ្ឋមន្ត្រី​មួយ​ចំនួនទៀត​ រួម​ទាំង​ស្ថាប័ន​តុលាការ​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ នៅ​សាលា​រាជធានី​ភ្នំពេញនៅ​ថ្ងៃ​ស្អែកនេះ។ អង្គការ​សង្គម​ស៊ីវិល​ថា ​នេះជា​សញ្ញា​វិជ្ជមាន​ដែល​អាច​ឈាន​ទៅ​បញ្ចប់​វិវាទ​ការងារ​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ។ សង្គម​ស៊ីវិល​រំពឹង​ថា ក្រោយ​កិច្ច​ប្រជុំ​នោះ តំណាង​សហជីព​៨​នាក់​ និង​បុគ្គលិក​ណាហ្គាវើលដ៍​៣​នាក់ នឹង​មាន​សេរីភាព​ក្នុង​ពេល​ឆាប់​ៗ​។

សកម្មភាព​របស់​ក្រុម​កម្មករ​ណាហ្គាវើលដ៍​ ដែល​ចេញ​តវ៉ា​រក​ដំណោះស្រាយ​ការងារ​ដោយ​សន្តិវិធី​រយៈពេល​ជិត​៣​ខែ ធ្វើ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ តុលាការ និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ​ជួប​ប្រជុំ​គ្នា នៅ​ថ្ងៃ​​ទី​៩ ខែមីនា​​នេះ ដើម្បី​ស្វែង​រក​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នៅ​ក្រុម​ហ៊ុន​បន​ល្បែង​កាស៊ីណូ​ណាហ្គា​វើលដ៍ ដែល​គ្មាន​ដំណោះស្រាយ​​ជាង​​១​ឆ្នាំ​មក​នេះ​។

កិច្ច​ប្រជុំ​នោះ​ នឹងធ្វើ​ឡើង​ដោយ​សមាសភាព​ចូល​រួម​ ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃលោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​ការងារលោក​ អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក កើត​ រិទ្ធ ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញលោក តាំង ស៊ុនឡាយ អភិបាល​រាជធានី​ភ្នំពេញលោក ឃួង ស្រេង និង​អគ្គស្នងការ​នគរបាល​ជាតិលោក នេត​ សាវឿន។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​លើ​រឿង​នេះ ពី​​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញលោក ម៉េត មាសភក្តី បាន​ទេ នៅ​ថ្ងៃ​ទី​៨​ ខែមីនា។

ទាក់​ទង​នឹង​រឿង​នេះ អ្នក​គ្រប់គ្រង​កម្មវិធី​សិទ្ធិ​ការងារ នៃ​អង្គការ​សង់ត្រាល់ (Central) លោក ឃុន ថារ៉ូ មាន​ប្រសាសន៍​ថា កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង​ស្អែក​នេះ គឺ​ជា​បំណង​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ដែល​បាន​ដាក់​ញត្តិ​នៅ​តាម​បណ្ដា​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​ ចង់​ឃើញ​រដ្ឋាភិបាល​ដោះស្រាយ​ ដើម្បី​បញ្ចប់​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ដ៏​មាន​ឥទ្ធិពល​មួយ​នេះ​ឲ្យ​បាន​ឆាប់ ប្រកប​ដោយ​តម្លាភាព​ យុត្តិធម៌ ហើយ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​អាច​ទទួល​យក​បាន។

លោក​បញ្ជាក់​ថា​ ដំណោះស្រាយ​សំខាន់​ចំនួន​២​ ដែល​ក្រុម​កម្មករ​និយោជិត​ណាហ្គាវើលដ៍ ​ចង់​បាន​នៅ​ពេល​នេះ គឺ​ការ​ដោះលែង​អ្នក​កំពុង​ជាប់​ឃុំ​ទាំង​អស់​ដោយ​គ្មាន​​លក្ខខណ្ឌ ហើយ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ត្រូវ​ទទួល​យក​បុគ្គលិក​នៅ​សេសសល់​ជាង​៣​រយ​នាក់​ធ្វើ​ការ​វិញ និង​គោរព​សិទ្ធិ​ការងារ​កម្មករ និង​វត្តមាន​សហជីព​នៅ​កន្លែង​ធ្វើ​ការ​ ស្រប​ច្បាប់​ស្ដីពី​​ការងារ​។

លោក​រំពឹង​ថា ក្រោយ​កិច្ច​ប្រជុំ​នោះ ថ្នាក់​ដឹកនាំ​សហជីព​ សកម្មជន​សហជីព និង​បុគ្គលិក​ណាហ្គាវើលដ៍​ចំនួន​១១​នាក់​ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ នឹង​មាន​សេរីភាព​ក្នុង​ពេល​ឆាប់ៗ​ដើម្បី​វិល​ចូល​តុចរចា​ជាមួយ​ភាគី​ក្រុម​ហ៊ុន ​ដោះស្រាយ​វិវាទ​នេះ ដោយ​ភាព​ជឿ​ជាក់​គ្នា​ទៅ​វិញ​មក និង​ស្នើ​ភាព​គ្នា​ចំពោះ​មុខ​ច្បាប់៖ «ខ្ញុំ​គិត​​ថា​ ​វា​គួរ​ដល់​ពេល​ដោះស្រាយ​វិវាទ​ការងារ​នេះ។ ប្រសិន​បើ​អាជ្ញាធរ​រដ្ឋ​ដើរ​តួនាទី​ក្នុង​ការ​ធានា​នូវ​ភាគី​ទាំង​សងខាង​ ទាំង​ភាគី​កម្មករ​និយោជិត និង​ភាគី​និយោជក។ ខ្ញុំ​ជឿជាក់​ថា មាន​តែ​ការ​ដោះស្រាយ​តាម​រយៈ​សម្បទាន​គ្នា​ទៅ​វិញ​ទៅ​មក ជា​លក្ខណៈ​កញ្ចប់​ណាមួយ​ ដែល​ភាគី​ទាំង​សងខាង​អាច​ទទួល​យក​បាន។ ខ្ញុំ​គិត​ថា​ វា​នឹង​អាច​បិទ​បញ្ចប់​ក្នុង​វិវាទ​ការងារ​នេះ។ ហើយ​ដើម្បី​ឲ្យ​មានការ​ចរចា​ប្រកប​ដោយ​តម្លាភាព អាច​ជឿ​ទុក​ចិត្ត​បាន​ត្រូវ​តែ​មាន​ការ​ដោះលែង​កម្មករ​និយោជិត​​ដែល​ត្រូវ​បាន​ជាប់​ពន្ធនាគារ​ ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ហ្នឹង គាត់​អាច​មាន​ឱកាស​នៅ​ក្នុង​ការ​ចូល​រួម​នៅ​ក្នុង​ស្វែង​រក​ដំណោះស្រាយ​មួយ​ហ្នឹង»

កាល​ពី​ថ្ងៃ​ចន្ទទី​៧ ខែមីនា អាជ្ញាធរ​រាជធានី​ភ្នំពេញ​ប្រើ​ហិង្សា​ចាប់​បង្ខំ​រុញ​ច្រាន​ក្រុម​បុគ្គលិក​ណាហ្គាវើលដ៍​ជិត ​២​រយ​​នាក់ (១៨០ចូល​ក្នុង​រថ​យន្ត​ក្រុង​ ដឹក​យក​ទៅ​ដាក់​នៅ​កន្លែង​ធ្វើ​ចត្តាឡីស័ក​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​ឡើងវិញ ខណៈ​ពួក​គេ​ចេញ​ធ្វើ​កូដកម្ម​ជា​ថ្មីដោយសន្តិវិធី ដើម្បី​ទាមទារ​ដំណោះស្រាយ​ការងារ​ពី​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍។

ក្រុម​កម្មករ ណាហ្គា វើលដ៍ បាន​ចាប់ផ្ដើម​កូដកម្ម​អហិង្សា​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១ ទាមទារ​ឱ្យ​ក្រុមហ៊ុន​ទទួលយក​កម្មករ​ជាង​៣​រយ​នាក់ (៣៧៣ចូល​ធ្វើការ​វិញ​។ ប៉ុន្តែ​មកដល់​ពេលនោះ មាន​ថ្នាក់​ដឹកនាំ និង​សមាជិក​សហជីព​ចំនួន ១១​នាក់​ហើយ ដែល​ចូលរួម​ការ​តវ៉ា​នេះ កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស ដោយ​តុលាការ​ចោទប្រកាន់​ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ពាក់ព័ន្ធ​នឹង​សកម្មភាព​ធ្វើ​កូដកម្ម​ក្បែរ​ក្រុមហ៊ុន និង​បំពាន​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩។ ចំណែក​ កូដករ​២​នាក់​ផ្សេង​ទៀត ត្រូវ​បាន​តុលាការ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ថា បាន​រារាំង​កូដ​ករ​ទាំងអស់​មិន​ឲ្យ​ធ្វើ​សំណាក​រក​ជំងឺ​កូវីដ១៩។

នៅ​ថ្ងៃ​ទី​៨ ​ខែមីនា ចំ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ និង​សហជីព​មួយ​ចំនួន​ ជួប​ជុំ​គ្នា​បង្ហោះ​ប៉ោង​ប៉ោង នៅ​ខាង​មុខ​ពន្ធនាគារ​ព្រៃ​ស ដើម្បី​លើក​ទឹក​ចិត្ត​ដល់​តំណាង​សហជីព​ណាហ្គាវើដល៍​ដែល​ហ៊ាន​លះ​បង់​​សេរីភាព​ផ្ទាល់​ខ្លួន​ ដើម្បី​ប្ដូរ​យក​​សិទ្ធិ​ការងារ​នៅ​កន្លែង​ធ្វើ​ការ។ ពួកគេ​ថ្លែង​សារ​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះលែង​អ្នក​ជាប់​ឃុំ​១១​នាក់ ឲ្យ​មាន​សេរីភាព​វិញ ហើយ​ពន្លឿន​ការ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍។

នៅ​ចុង​ខែ​មីនា​នេះ អង្គការ​អន្តរជាតិ​ខាង​ការងារ​ ហៅ​កាត់​ថា អាយឡូ (ILO) ដែល​​មូលដ្ឋាន​​នៅ​ទីក្រុង​ហ្សឺណែវ​​ (Geneva) ​​ប្រទេស​ស្វីស​​ (Switzerland) ​​នឹង​​ធ្វើ​បេសកម្ម​ស្វែង​រក​ការពិត​ ជុំ​វិញ​ការ​រំលោភ​សិទ្ធិ​កម្មករ​និយោជិត​ និង​សិទ្ធិ​សហជីព​នៅ​កម្ពុជា៕

ប្រភព៖ RFA

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...