សហជីព​និង​កម្មករ​សង្ឃឹមថា វិវាទ​ការងារ​នៅ​ណាហ្គាវើលដ៍​នឹង​មាន​ដំណោះស្រាយ​ឆាប់ៗ

08
មីនា

សហជីព​និង​កម្មករ​សង្ឃឹមថា វិវាទ​ការងារ​នៅ​ណាហ្គាវើលដ៍​នឹង​មាន​ដំណោះស្រាយ​ឆាប់ៗ

ប្រភព៖ VOD

មន្ត្រីសហជីព និងតំណាងកូដករណាហ្គាវើលដ៍ រំពឹងថា វិវាទការងាររបស់ពួកគេនៅក្នុងក្រុមហ៊ុន​កាស៊ីណូណាហ្គាវើលដ៍នឹងត្រូវដោះស្រាយឆាប់ៗ ខណៈលោកឧបនាយករដ្ឋមន្ត្រី ស ខេង បានកោះប្រជុំជាមួយភាគីពាក់ព័ន្ធនៅរសៀលថ្ងៃស្អែក ដើម្បីស្វែងរកដំណោះស្រាយ។

បុគ្គលិកកាស៊ីណូណាហ្គាវើលដ៍ អ្នកស្រី ណុប ទិត្យបូរ៉ាវី បានថ្លែងថា អ្នកស្រីមិនទាន់មានសង្ឃឹមច្រើននោះទេ ប៉ុន្តែប្រសិនបើមានដំណោះស្រាយមែន គឺ​អ្នកស្រី​​ស្នើសុំឱ្យ​ដោះ​​លែង​ថ្នាក់ដឹកនាំសហជីព៨នាក់ និងកូដករ៣នាក់ ជាមុនសិន។

អ្នកស្រីថា៖ «ក្ដីសង្ឃឹមរបស់ខ្ញុំៗក៏អត់ហ៊ានថាដែរ ពីព្រោះដោយសារវិវាទហ្នឹងវាចូលចន្លោះ​២ខែជាងហើយ។ អ៊ីចឹងខ្ញុំសង្ឃឹមថា បើសម្ដេច ស ខេង គាត់បានចេញសេចក្ដីប្រកាស​ជូនដំណឹង​ឱ្យខាងក្រុមហ៊ុនណាហ្គាវើលដ៍ រួមមានស្ថាប័នពាក់ព័ន្ធចូលរួម​ ដើម្បីដោះស្រាយបញ្ចប់វិវាទនេះ គឺល្អហ្មង! តែអ្វីដែលសំខាន់ បើគាត់ចង់ដោះស្រាយ សូមឱ្យ​ដោះលែងតំណាង ទទួល​យក​បុគ្គលិកដែលមានឈ្មោះកាត់ [បញ្ឈប់] ហ្នឹង ហើយព្រមចរចា អាហ្នឹងគឺជាដំណោះស្រាយដែលល្អ ហើយឱ្យ​ឆាប់ចប់វិវាទហ្នឹងដែរ»។

លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងត្រូវប្រជុំជាមួយភាគីពាក់ព័ន្ធនៅថ្ងៃទី៩ ខែមីនា ដើម្បីស្វែងរកដំណោះស្រាយវិវាទនៅក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍។

យោងតាមលិខិតអញ្ជើញមួយច្បាប់ចេញផ្សាយកាលពីថ្ងៃទី៤ ខែមីនា ប៉ុន្តែ វីអូឌី ទើបទទួល​បាននៅថ្ងៃអង្គារនេះ បានឱ្យដឹងថា កិច្ចប្រជុំនេះ​នឹងធ្វើឡើងក្រោមការចូលរួមដោយផ្ទាល់ពីលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅឯសាលារាជធានីភ្នំពេញេ នៅវេលាម៉ោង១រសៀល។

ប្រភពដដែល​បន្ត​ថា កិច្ចប្រជុំនេះក៏មានការ​អញ្ជើញ​ចូលរួមពីរដ្ឋមន្ត្រីក្រសួងការ​ងារ ​លោក អ៊ិត សំហេង, រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ, រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង, អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន, អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង, ប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក តាំង ស៊ុនឡាយ, ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ច្រឹង ខ្មៅ រួមទាំងស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោក រ័ត្ន ស្រ៊ាង ផងដែរ។

អ្នក​គ្រប់​គ្រង​កម្ម​វិធី​ការ​ងារ ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ សង្ឃឹមថា តាមរយៈកិច្ចប្រជុំនេះ នឹងស្វែងរកដំណោះស្រាយជាកញ្ចប់ណាមួយ ដើម្បីឈានទៅបិទបញ្ចប់វិវាទការងារដែលបានអូសបន្លាយជាយូរមកហើយ។

លោកថា៖ «យើងមិនដឹងថារបៀបវារៈនៃកិច្ចប្រជុំហ្នឹងនឹងជជែកអំពីលក្ខខណ្ឌ ឬក៏សេណារី​យ៉ូណា​ទេ ក៏ប៉ុន្តែកន្លងមក ក្នុងនាមយើងជាអង្គការសង្គមស៊ីវិល គឺយើងបង្ហាញនូវជំហរ​គាំទ្រនៅនឹងប្រសាសន៍នៃការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង ហ្នឹង។ ហើយយើងក៏បានលិខិតចំហ ដើម្បីស្នើសុំនូវកិច្ចអន្តរាគមន៍ទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាពិសេស​ គឺជំរុញឱ្យមានការដោះលែងនូវថ្នាក់ដឹកនាំសហជីពដែលមានការចោទប្រកាន់ពីករណីព្រហ្មទណ្ឌដោយអយុត្តិធម៌ ហើយកំពុងតែមានការឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារកែប្រែព្រៃស»។

ចំណែកនាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានថ្លែងដែរថា ដើម្បីឈានទៅបញ្ចប់វិវាទការងារនៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍នេះ ជាបឋម អាជ្ញាធរត្រូវដោះលែងថ្នាក់ដឹកនាំសហជីពនិងកូដករចំនួន១១នាក់ជាមុនសិន។

លោកថា៖ «អ្វីដែលយើងមើលឃើញថាជាបញ្ហាធំនៅណាហ្គាវើលដ៍ ដើម្បីឈានទៅដោះស្រាយវិវាទការងារបញ្ចប់បាន ទី១ គឺត្រូវដោះលែងតំណាងទាំង១១រូប​ហ្នឹងឱ្យ​មានសេរីភាព ហើយទី២ ណាហ្គាវើលដ៍ហើយនិងតំណាងកូដករត្រូវតែបន្តការចរចា ដោយមានការសម្របសម្រួលពីអាជ្ញាធរពាក់ព័ន្ធ ដើម្បីបញ្ចប់ទៅលើវិវាទការងារហ្នឹងឱ្យ​បានឆាប់ អាហ្នឹងគឺជារឿងសំខាន់»។

ក្រុម​កម្មករណាហ្គាវើលដ៍ជិត១ ០០០នាក់ បាន​ធ្វើ​កូដកម្ម​អហិង្សា​ចាប់តាំងពី​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២១មក ដើម្បីទាមទារលក្ខខណ្ឌការងារ៩ចំណុច ជាពិសេសទាមទារ​ឱ្យ​ក្រុមហ៊ុន​ទទួលយកថ្នាក់ដឹកនាំសហជីពនិង​កម្មករណាហ្គាវើលដ៍ សរុប​៣៧៣នាក់​ ចូល​ធ្វើការងារ​​វិញ​។ ប៉ុន្តែ​រហូតមកដល់​ពេលនេះ មិនទាន់មានដំណោះស្រាយនៅឡើយទេ។

ផ្ទុយទៅវិញ ​ថ្នាក់​ដឹកនាំសហជីពនិង​សមាជិក​សហជីពសរុប​ចំនួន១១​នាក់ត្រូវបានចាប់និងឃុំខ្លួននៅឯ​ពន្ធនាគារ​ព្រៃ​ស ដោយ​តុលាការ​ចោទប្រកាន់​ពី​បទ «​ញុះញង់​បង្ក​ឱ្យ​​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» និង «​បំពាន​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​-១៩»

កាលពីថ្ងៃម្សិលមិញ ក្រុមកម្មករណាហ្គាវើលដ៍ ១៨០នាក់ទៀត ត្រូវបានអាជ្ញាធររាជធានីភ្នំពេញចាប់បញ្ចូលក្នុងរថយន្តក្រុងបញ្ជូនទៅមណ្ឌលចត្តាឡីស័កនៅខណ្ឌព្រែកព្នៅ បន្ទាប់​ពីពួកគេចេញមកធ្វើកូដកម្មស្វែងរកដំណោះស្រាយជាថ្មី។

រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មានមួយនៅថ្ងៃទី៧ ខែមីនា ដោយបានចោទប្រកាន់ពួកគេថាបានធ្វើកូដកម្មក្រោមការអូសទាញនិងញុះញង់របស់មនុស្សមួយក្ដាប់តូចក្នុងជួរបាតុករក្រុមហ៊ុនណាហ្គាវើលដ៍ តាមការបង្គាប់បញ្ជារបស់មនុស្សមួយក្រុមដែលនៅខាងក្រៅ ដែលចិញ្ចឹមចិត្តរៀបចំសេណារីយ៉ូឱ្យមានរូបភាពផ្សេងៗ ដើម្បីកេងចំណេញ។ ប៉ុន្តែអាជ្ញាធរមិនបានបញ្ជាក់ថាជាក្រុមណាមួយពិតប្រាកដនោះទេ។

បុគ្គលិកកាស៊ីណូណាហ្គាវើលដ៍ អ្នកស្រី ណុប ទិត្យបូរ៉ាវី បានច្រានចោលចំពោះការចោទប្រកាន់របស់អាជ្ញាធរ។ អ្នកស្រីថា ការធ្វើកូដកម្មរបស់បុគ្គលិកណាហ្គាវើលដ៍ គឺធ្វើឡើងដោយស្ម័គ្រចិត្ត និងគ្មានការបង្ខិតបង្ខំ ឬបង្គាប់បញ្ជាពីក្រុមណាមួយនោះទេ។

អ្នកស្រីថា៖ «សម្រាប់កូដករដែលធ្វើកូដកម្មនៅក្រុមហ៊ុនណាហ្គានេះ គឺជាការស្ម័គ្រចិត្តរបស់យើងខ្ញុំ ហើយមិនមែនការធ្វើកូដកម្មហ្នឹងជាការញុះញង់ទេ។ ខ្ញុំអត់ដឹងថាសាលារាជធានីភ្នំពេញ ឬក្រុមអាជ្ញាធរតែងតែចោទប្រកាន់មកលើកូដករធ្វើអ្វីក៏ដោយ សុទ្ធតែខុសច្បាប់ទាំងអស់ ថាញុះញង់ ប៉ុន្តែជាក់ស្ដែងគឺចេញពីការស្ម័គ្រ និងការសម្រេចចិត្តរបស់កូដកររៀងខ្លួនទេ»។

ដោយឡែក ទាក់ទងការឃាត់ខ្លួនកូដករណាហ្គាវើលដ៍១៨៣នាក់ កាលពីម្សិលមិញនេះវិញ អាជ្ញាធរបានអះអាងថា អាជ្ញាធរបានអញ្ជើញក្រុមបាតុករទាំង១៨៣នាក់ទៅមណ្ឌលចត្តាឡីស័ក រាជធានីភ្នំពេញ ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ តែប៉ុណ្ណោះ។ អាជ្ញាធរក៏បានចោទប្រកាន់ក្រុមកូដករទាំងនោះថា មិនសហការផ្ដល់ព័ត៌មានទាក់ទងឈ្មោះ និងអត្តសញ្ញាណរបស់ខ្លួន ដើម្បីឱ្យ​ក្រុមគ្រូពេទ្យយកសំណាកធ្វើតេស្ត។

អាជ្ញាធរបានព្រមានអនុវត្តវិធានការច្បាប់ ដោយពិន័យអន្តរការណ៍ជាប្រាក់ពី១ ០០០ ០០០រៀល ទៅ៥ ០០០ ០០០រៀល ហើយក្នុងករណីមិនរាងចាល នឹងពិន័យទ្វេដង៕

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...