សង្គមស៊ីវិល៖ វិវាទ​ការងារ​នៅ​ណាហ្គាវើលដ៍​ពិបាក​ដោះស្រាយ​អាច​បណ្ដាល​មកពី​អ្នក​មាន​អំណាច​នៅ​ពី​ក្រោយ

11
មីនា

សង្គមស៊ីវិល៖ វិវាទ​ការងារ​នៅ​ណាហ្គាវើលដ៍​ពិបាក​ដោះស្រាយ​អាច​បណ្ដាល​មកពី​អ្នក​មាន​អំណាច​នៅ​ពី​ក្រោយ

សង្គមស៊ីវិលលើកឡើងថា វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍អាចនឹងដោះស្រាយបាន លុះត្រាតែមិនមានអ្នកមានអំណាចឬឥទ្ធិពលនៅពីក្រោយ ខណៈថ្នាក់ដឹកនាំនិងសកម្មជនសហជីពទាំង១១នាក់មិនទាន់ដោះលែង ហើយកូដករចេញធ្វើកូដកម្មនៅតែត្រូវបានសមត្ថកិច្ចរារាំងនិងចាប់ពួកគេទាំងបង្ខំថែមទៀត។

ការលើកឡើងរបស់សង្គមស៊ីវិលនាពេលនេះ បានធ្វើឡើងក្រោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានដឹកនាំកិច្ចប្រជុំមួយនៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ដោយមានក្រសួងការងារ ក្រសួងយុត្តិធម៌ សាលារាជធានីភ្នំពេញ ស្នងការ និងខាងតុលាការ ចូលរួម ដើម្បីដោះស្រាយវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ ប៉ុន្តែមកដល់ពេលនេះនៅមិនទាន់មានដំណោះស្រាយ​ណាមួយឡើយ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ សុំមិនធ្វើអត្ថាធិប្បាយ ដោយថា លោកមិនបានចូលរួមកិច្ចប្រជុំអំឡុងពេលនោះឡើយ។

លោកថា៖ «ពូអត់មានអីនិយាយទេ ព្រោះពូមិនបានចូលរួមប្រជុំហ្នឹងផង»។

តែយ៉ាងណា កាលពីម្សិលមិញ ក្រសួងការងារបានចេញសេចក្ដីជូនដំណឹង ដោយបង្ហាញលទ្ធផលនៃកិច្ចប្រជុំការងារជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង, រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ, ស្នងការ រួមទាំងទាំងភាគីពាក់ព័ន្ធ​ផ្សេងទៀត កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២។

បើតាមលទ្ធផលនៃជំនួបពិភាក្សានោះ ក្រសួងការងារបានបង្ហាញថា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ក្រសួងការងារ បានហៅភាគីវិវាទមកចរចាចំនួន៧លើក ដើម្បីស្វែងរកលទ្ធភាពសម្របសម្រួលបន្តស្របតាមច្បាប់ស្ដីពីការងារ ប៉ុន្តែភាគីកម្មករនិយោជិតនៅតែបន្តទាមទារឱ្យក្រុមហ៊ុនត្រូវតែទទួលយកកម្មករនិយោជិតចំនួន៣៧៣នាក់ឱ្យចូលធ្វើការវិញជាដាច់ខាត ទើបពិភាក្សាលើចំណុចទាមទារផ្សេង​ទៀត។

ក្រសួងការងារថា ស្ថាប័នខ្លួនបានសម្របសម្រួលដោះស្រាយ ដោយអតីតបុគ្គលិកមួយចំនួនបានយល់ព្រមទទួលយកការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុន ដែលគិតមកដល់ថ្ងៃទី៩ ខែមីនានេះ អតីតបុគ្គលិកចំនួន១៤៧នាក់ ក្នុងចំណោមចំនួន៣៧៣នាក់ ទទួលយកការទូទាត់ ដែលធ្វើឱ្យចំនួនអតីតបុគ្គលិកដែលមិនព្រមទទួលយកសំណងនៅសល់ត្រឹមតែ២២៦នាក់ប៉ុណ្ណោះ។

ករណីនេះ ក្រសួងការងារអំពាវនាវឱ្យអតីតបុគ្គលិកនិងបុគ្គលិករបស់ក្រុមហ៊ុន ណាហ្គាវើលដ៍ ដែលបានចូលរួមធ្វើបាតុកម្មដោយអវត្តមានពីកន្លែងការងារ ឱ្យបញ្ឈប់នូវសកម្មភាពដែលបង្កជាកំហុសនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍ស្របច្បាប់របស់ខ្លួន។

តំណាងកូដករណាហ្គាវើលដ៍ អ្នកស្រី ណុប ទិត្យបូរ៉ាវី មានប្រសាសន៍ថា វិវាទការងារនៅក្រុមហ៊ុនល្បែងមួយនេះមិនមានអ្វីពិបាកដោះស្រាយឡើយ បើសិនក្រសួងនិងស្ថាប័នពាក់ព័ន្ធ រួមទាំងក្រុមហ៊ុន មានឆន្ទៈដោះស្រាយនោះ ប៉ុន្តែប្រសិនបើគ្មានឆន្ទៈ អ្នកស្រីថា វិវាទនេះនឹងមិនអាចដោះស្រាយបានឡើយ។

អ្នកស្រីថា៖ «ខ្ញុំគិតថា គ្រាន់តែទទួលយកបុគ្គលិក៣៦៥នាក់ចូលធ្វើការវិញ វាអត់មានអ្វីធ្ងន់ធ្ងរទេ! កើតឡើងទេ! ដោយសារចំនួនហ្នឹង គឺមានចំនួនតិចខ្លាំងណាស់ ហើយអ្នកដែលគេស្ម័គ្រចិត្តព្រមដោះដូរជាមួយអ្នកដែលគេមិនព្រមទទួលយកចូលធ្វើការវិញ ក៏មានច្រើនដែរ។ ប៉ុន្តែវាជាចេតនាមួយដែលក្រុមហ៊ុនចង់គាស់រំលើងសហជីពតែម្ដង គឺរើសអើងសហជីពតែម្ដង ពីព្រោះ ៣៦៥នាក់ហ្នឹងភាគច្រើនសុទ្ធតែថ្នាក់ដឹកនាំនិងសកម្មជន ហើយនិងសមាជិកសហជីពតែម្ដង»។

តំណាងកូដករណាហ្គាវើលដ៍រូបនេះបន្តថា បើសិនជាមិនដោះលែងថ្នាក់ដឹកនាំនិងសកម្មជនសហជីពទាំង១១នាក់ និងដោះស្រាយវិវាទការងារនេះទេ កូដករនៅតែបន្តធ្វើកូដកម្មដដែល ទោះបីជាមានការរារាំង រងការគំរាមកំហែង រុញច្រានពីសំណាក់អាជ្ញាធរ អំឡុងពេលចេញធ្វើកូដកម្មក៏ដោយ។

អ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ យល់ថា ទោះបីជាវិវាទការងារនេះមានការអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏ដោយ វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍ក៏ពិបាករកដំណោះស្រាយដែរ ដោយថា ជម្លោះនេះពាក់ព័ន្ធនឹងអ្នកមានអំណាច។

អ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ ផ្ដល់បទសម្ភាសន៍ពាក់ព័ន្ធករណីណាហ្គាវើលដ៍ ពេលដាក់ញត្តិនៅក្រសួងកិច្ចការនារី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។
អ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ ផ្ដល់បទសម្ភាសន៍ពាក់ព័ន្ធករណីណាហ្គាវើលដ៍ ពេលដាក់ញត្តិនៅក្រសួងកិច្ចការនារី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។ (គួយ ឡង់ឌី)

លោកថា៖ «និយោជកនោះ គាត់មានខ្នងនៅពីក្រោយ និងមានមនុស្សដែលមានឥទ្ធិពលនៅពីក្រោយ។ អ៊ីចឹងគឺមានការលំបាកណាស់ក្នុងការស្រាយ ក្នុងករណីដែលមានការរំលោភសិទ្ធិ និងការកេងប្រវ័ញ្ច ឬការអនុវត្តលក្ខខណ្ឌការងារដែរ។ អ៊ីចឹង ខ្ញុំជឿជាក់ថា រឿងណាហ្គាវើលដ៍នេះ សុទ្ធសឹងមានអ្នកមានឥទ្ធិពលនិងមានអំណាចនៅពីក្រោយ ព្រោះថា រឿងនេះ វាស្រួលដោះស្រាយទេ ក៏ប៉ុន្តែខណៈដែលមានអ្នកមានឥទ្ធិពល ហើយមានអំណាចនៅពីខាងក្រោយ ពិបាកក្នុងការសម្របសម្រួលឈានទៅដល់ការបញ្ចប់វិវាទដោយសន្តិវិធីណាស់»។

លោក ឃុន ថារ៉ូ បន្តថា បើសិនជាមានដំណោះស្រាយមែននោះ សាលាឧទ្ធរណ៍រាជធានីភ្នំពេញមិនបដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់ថ្នាក់ដឹកនាំក្រុមហ៊ុនណាហ្គាវើលដ៍ទាំង៨រូបកាលពីម្សិលមិញឡើយ។

នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព បង្ហាញក្ដីសង្ឃឹមថា បន្ទាប់ពីមានកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាមួយស្ថាប័នពាក់ព័ន្ធ​ កាលពីថ្ងៃទី៩ ខែមីនា ថ្មីៗនេះ នឹងមានដំណោះស្រាយ ដោយសាររឿងណាហ្គាវើលដ៍ជាវិវាទការងារ មិនមែនជារឿងនយោបាយទេ។

នាយិកា​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​ លោកស្រី ចក់ សុភាព ថ្លែងប្រាប់អ្នកកាសែតនៅពេលដាក់ញត្តិនៅក្រសួងកិច្ចការនារី សុំអន្តរាគមន៍វិវាទការងារណាហ្គាវើលដ៍ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។
នាយិកា​មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​ លោកស្រី ចក់ សុភាព ថ្លែងប្រាប់អ្នកកាសែតនៅពេលដាក់ញត្តិនៅក្រសួងកិច្ចការនារី សុំអន្តរាគមន៍វិវាទការងារណាហ្គាវើលដ៍ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។ (គួយ ឡង់ឌី)

លោកស្រីថា៖ «យើងសង្ឃឹមការស្នើឱ្យមានកិច្ចអន្តរាគមន៍នេះ ហើយដោយសាររដ្ឋមន្ត្រីធ្លាប់បានលើកដោយខ្លួនឯងនោះ។ យើងសង្ឃឹមថា អាចនឹងមានកិច្ចអន្តរាគមន៍ជាវិជ្ជមានណាមួយ ព្រោះបញ្ហានេះ សម្រាប់យើងជាអង្គការសង្គមស៊ីវិល យើងក៏ចង់ឃើញការបញ្ចប់វិវាទនេះដោយសន្តិវិធី ហើយដោយយុត្តិធម៌សម្រាប់ភាគីពាក់ព័ន្ធ»។

ប្រសិនបើនៅតែមិនមានកិច្ចអន្តរាគមន៍ ហើយបន្តអូសបន្លាយវិវាទការងារនេះទៀត លោកស្រីថា ផលប៉ះពាល់មិនមែនតែលើកូដករទេ រដ្ឋាភិបាលកម្ពុជាក៏ប៉ះពាល់ដែរ ដោយថា ការមិនដោះស្រាយបញ្ហាដោយយុត្តិធម៌នេះ នឹងធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ទំនុកចិត្តលើរដ្ឋាភិបាលកាន់តែខ្លាំង។

លោកស្រីថា៖ «វាបង្កហានិភ័យទៅថ្ងៃមុខ ពាក់ព័ន្ធនឹងអយុត្តិធម៌សង្គម ពាក់ព័ន្ធនឹងការបន្តរំលោភបំពានពីសហគ្រាសឬក៏អាជ្ញាធរ ដែលបានបំពានទៅលើសិទ្ធិរបស់ពលរដ្ឋនៅក្នុងការអនុវត្តសិទ្ធិសេរីភាពមូលដ្ឋាន ហើយនិងសិទ្ធិការងារហ្នឹង»។

វិវាទការងារនៅក្រុមហ៊ុនល្បែងដ៏ធំនៅចំកណ្ដាលរាជធានីភ្នំពេញនេះបានអូសបន្លាយរយៈពេលជិត១ឆ្នាំមកហើយ។ ការអូសបន្លាយនេះឈានទៅដល់ការចាប់ខ្លួនថ្នាក់ដឹកនាំនិងសកម្មជនសហជីព១១នាក់ដាក់ពន្ធនាគារជាបន្តបន្ទាប់ចាប់តាំងពីយប់ឆ្លងឆ្នាំសកលមក ដោយគ្រាន់តែពួកគេប្រើប្រាស់សិទ្ធិធ្វើកូដកម្មអហិង្សាទាមទារឱ្យក្រុមហ៊ុនណាហ្គាវើលដ៍គោរពសិទ្ធិកម្មករនិងសហជីព។

កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានជំរុញទៅអាជ្ញាធរកម្ពុជា ត្រូវចូលរួមពិភាក្សាដោះស្រាយតាមការទាមទាររបស់កូដករណាហ្គាវើលដ៍តាមផ្លូវច្បាប់ និងបញ្ឈប់ការរារាំង ធ្វើទុក្ខបុកម្នេញកូដករដែលធ្វើកូដកម្មដោយសន្តិវិធី ក្រោមហេតុផលទប់ស្កាត់កូវីដ-១៩បន្តទៀត។ ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ក៏បានអំពាវនាវជាថ្មី ឱ្យភាគីពាក់ព័ន្ធវិលចូលតុចរចាក្នុងការដោះស្រាយបញ្ចប់វិវាទការងារនៅក្រុមហ៊ុនមួយនេះផងដែរ៕

 

ប្រភព៖ VOD

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...