រដ្ឋមន្ត្រី​មហាផ្ទៃ​ ដាក់​ផែនការ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ខិតខំ​ដោះស្រាយ​វិវាទ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ឱ្យ​ឆាប់​ចប់

11
មីនា

រដ្ឋមន្ត្រី​មហាផ្ទៃ​ ដាក់​ផែនការ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ខិតខំ​ដោះស្រាយ​វិវាទ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ឱ្យ​ឆាប់​ចប់

ភ្នំពេញៈ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បានដាក់​ផែនការ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ ខិតខំ​ដោះស្រាយ​បញ្ហា​វិវាទ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ឱ្យ​ឆាប់​ចប់ ខណៈ​អ្នក​ឃ្លាំមើល​សង្ឃឹមថា វិវាទ​ដែល​អូសបន្លាយ​ជាច្រើន​ខែ​មកហើយ​នេះ​នឹង​ត្រូវបាន​ដោះស្រាយ​ក្រោយ​មាន​កិច្ចអន្តរាគមន៍​។

ការជំរុញ​នេះ​ត្រូវបាន​ធ្វើឡើង នៅពេល​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ដឹកនាំ​កិច្ចប្រជុំ​ពិសេស​ ដើម្បី​ដោះស្រាយ​វិវាទ​នេះ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​រួមមាន ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រសួងយុត្តិធម៌ ក្រសួងសុខាភិបាល អគ្គស្នងការ​នគរបាលជាតិ សាលា​រាជធានី​​ភ្នំពេញ សាលាដំបូង​ និង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ រួមទាំង​ស្នងការ​នគរបាល​រាជធានី និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ផងដែរ កាលពី​រសៀល​ថ្ងៃទី​ ៩ ខែមីនា ឆ្នាំ​ ២០២២​។ នេះ​បើ​យោងតាម​ការអះអាង​របស់​មន្ត្រី​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ ដែល​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​។

មន្ត្រី​រូបនេះ​បាន​និយាយថា កិច្ចប្រជុំ​នេះ​លោក ស ខេង បាន​ស្តាប់​របាយការណ៍​អំពី​ដំណើរការ​វិវឌ្ឍន៍​នៃ​បាតុកម្ម​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ និង​បាន​ពិភាក្សាគ្នា ដើម្បី​បន្ត​នីតិវិធី​សម្រាប់​ការដោះស្រាយ ដោយ​សន្តិវិធី និង​ស្របទៅតាម​ច្បាប់​ជា​ធរមាន​។ នៅក្នុង​កិច្ចប្រជុំ​លោក ស ខេង បានដាក់​ផែនការ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ខិតខំ​ដោះស្រាយ​បញ្ហា​វិវាទ​នេះ​ឱ្យ​ឆាប់​ចប់ កុំឱ្យ​អូសបន្លាយ និង​ត្រូវ​ផ្សះផ្សា​រវាង​ភាគី​ក្រុមហ៊ុន និង​កម្មករនិយោជិត​ឱ្យ​មាន​ការចុះ​សម្រុង​គ្នា​។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស​លោក មឿន តុលា សង្ឃឹម​ថា ដំណោះស្រាយ​វិវាទ​ការងារ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​អាច​នឹងមាន​សញ្ញា​វិជ្ជមាន បន្ទាប់ពី​មាន​កិច្ចអន្តរាគមន៍​ពី​សំណាក់ លោក ស ខេង​។

លោក​ថា​៖ «​កាលណា​មាន​អន្តរាគមន៍​ពី​ឧបនាយករដ្ឋមន្ត្រី អ៊ីចឹង​យើង​ដាក់​សង្ឃឹមថា រឿងនេះ​អាច​ឆាប់​បាន​ដោះស្រាយ​ចេញ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ ចាំមើល​បើសិន​ជាមាន​ការដោះលែង​សកម្មជន និង​ថ្នាក់ដឹកនាំ​សហជីព​ទាំងអស់នោះ​មានន័យថា មាន​សញ្ញា​ភ្លើង​ខៀវ​» ។ លោក​មើលឃើញ​ថា តាមពិត​រឿង​បញ្ហា​ណាហ្គាវើលដ៍​នេះ មិនមែន​ជា​រឿង​ធំ​នោះទេ ព្រោះ​គ្រាន់តែ​ជា​វិវាទ​ការងារ ដូចនេះ​បើសិនជា​វិវាទ​នេះ​ត្រូវបាន​ដោះស្រាយ​នោះ​នឹង​ពុំមាន​ការតវ៉ា​បន្តទៀត​ឡើយ​។

 

សម្រាប់​លោក​ តុលា ដែលមាន​បទពិសោធ​លើ​ការងារ​នេះ​ផ្តល់​ជា​មតិ​ថា​៖ «​សម្រាប់​ខ្ញុំ​ដើម្បី​ដោះស្រាយ​រឿង​ណាហ្គាវើលដ៍ គឺ​ដោះលែង​ថ្នាក់ដឹកនាំ​សហជីព ដែល​កំពុង​ជាប់ឃុំ ហើយ​ទម្លាក់​បទ​ចោទ​ទាំងអស់​បន្ទាប់មក​លើក​ទឹកចិត្ត​ឱ្យ​ភាគី​ទាំង​ ២ ​ចរចា​គ្នា ព្រោះ​កន្លងមក​សហជីព​ទាមទារ​ឱ្យ​ណាហ្គា​ទទួល​បុគ្គលិក​ជាង​ ៣៦០ ​នាក់ ចូល​ធ្វើការ​វិញ ហើយ​ក្នុងចំណោម​ជាង​ ៣៦០ ​នាក់ អ្នកខ្លះ​ព្រម​ទទួល​យកលុយ​អស់ហើយ អ៊ីចឹង​មិនគួរ​ជា​បន្ទុក​អី​ធ្ងន់ធ្ងរ​សម្រាប់​ក្រុមហ៊ុន​ទេ​»​។

រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ លោក​ ជិន ម៉ាលីន សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​ទេ ដោយបាន​បង្វែរ​ឱ្យ​ទាក់ទង​ទៅ​ក្រសួង​មហាផ្ទៃ​អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ និង​ផែនការ​។ ប៉ុន្តែ​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ក៏បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះដែរ​។

ចំណែក អភិបាលរង​រាជធានី-​ភ្នំពេញ​លោក កើត ឆែ និង​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ ក៏​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ជំនួប​នោះ​ផងដែរ​។

ពាក់ព័ន្ធ​ករណីនេះ​ដែរ លោកស្រី មីឆែល ប៉ាហ្សេលែត ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​បាន​មានប្រសាសន៍​អំពី​ប្រទេស​កម្ពុជា នៅក្នុង​សេចក្តី​ថ្លែងការណ៍​ក្នុងសម័យ​ប្រជុំ​លើក​ទី​ ៤៩ របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​យ៉ាងដូច្នេះ​ថា​៖ «​នៅ​ប្រទេស​កម្ពុជា ខ្ញុំ​មាន​កង្វល់​អំពី​ការ​រឹតត្បិត​​ក្រោម​ហេតុផល​ជំងឺ​កូវីដ​ ១៩ របស់​អាជ្ញាធរ ដែល​បន្ត​ធ្វើឱ្យ​លម្ហ​ប្រជាធិបតេយ្យ និង​ស៊ីវិល​កាន់តែ​ធ្លាក់ចុះ រួមទាំង​ការប្រើ​លេស​ក្នុង​ការបង្ក្រាប​លើ​កូដកម្ម​ស្របច្បាប់​របស់​បុគ្គលិក​កាស៊ីណូ​ (​ក្រុមហ៊ុន​ណាហ្គាវើលដ៍​)»​។

ទន្ទឹមនេះ​លោកស្រី មីឆែល ប៉ាហ្សេលែត បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ឱ្យ​គោរព​សិទ្ធិសេរីភាព​ក្នុង​ការជួបប្រជុំ​ដោយ​សន្តិវិធី​ និង​ចូលរួម​ពិភាក្សា​ដើម្បី​ដោះស្រាយ​ទៅតាម​ការទាមទារ តាមផ្លូវ​ច្បាប់​របស់​កូដករ​។

ជុំវិញ​បញ្ហា​នេះ នៅ​សម័យ​ប្រជុំ​លើក​ទី ​៤៩​ របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ តំណាង​ស្ថាន​បេសកកម្ម​អចិន្រៃ្តយ៍​កម្ពុជា ប្រចាំ​អង្គការ​សហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា លោក អាន សុខខឿន បាន​សម្តែង​ការខកចិត្ត ចំពោះ​ការលើកឡើង​របស់​លោកស្រី មីឆែល ប៉ាហ្សេលែត ដោយ​លោក​ចាត់ទុកថា ទទួល​យក​របាយការណ៍ ដែល​ពិនិត្យមើល​តែមួយ​ជ្រុង និង​បង្ក​ការយល់​ខុស ពាក់ព័ន្ធ​ស្ថានភាព​នៅ​កម្ពុជា​។ លោក​បន្តថា ការ​ថ្លែងថា កូដកម្ម​របស់​អតីត​បុគ្គលិក​កាស៊ីណូ​ធ្វើឡើង​ដោយ​ស្របច្បាប់ គឺជា​ការយល់​ខុស ទាំងស្រុង​។ «​តុលាការ​បានប្រកាស​តាំងពី​ខែធ្នូ ឆ្នាំ​ ២០២១ មក​ថា កូដកម្ម​នេះ​គឺ​ខុសច្បាប់​។ ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន​ត្អូញត្អែរ​ពី​ការរំខាន បង្ក​ដោយ​ការតវ៉ា​ខុសច្បាប់​ដែល​អូស​បន្លាយពេល​ជាច្រើន​ខែ​»​។

លោក​សង្កត់ធ្ងន់ថា អាជ្ញាធរ​កម្ពុជា​បាន​រក្សា​ភាព​អត់ធ្មត់​ជាទីបំផុត «​ហើយ​ថែមទាំង​បាន​លុតជង្គង់​អង្វរករ​សុំឱ្យ​បាតុករ​គោរព​តាម​វិធាន​បង្ការ និង​ទប់ស្កាត់​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩ ហើយ​យ៉ាងហោចណាស់​បាតុករ​ចំនួន​ ១៣០ ​នាក់ បានធ្វើ​តេស្ដ​រកឃើញ​វិជ្ជមាន​កូវីដ​ ១៩»​។

តំណាង​កម្ពុជា​បន្តទៀត​ថា នៅ​ថ្ងៃទី​ ៩ ខែមីនា ឆ្នាំ​ ២០២២ កិច្ចប្រជុំ​អន្តរក្រសួង ដឹកនាំ​ដោយ​លោក ស ខេង ត្រូវ​រៀបចំ​ឡើង ដើម្បី​ដោះស្រាយ​វិវាទ​ការងារ​ដែល​បានអូសបន្លាយ​អស់​រយៈពេល​ជាច្រើន​ខែ​កន្លងមកនេះ និង​ត្រូវបាន​គេ​ធ្វើ​នយោបាយូបនីយកម្ម​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ​សាលាឧទ្ធរណ៍ នៅ​ថ្ងៃទី​ ១០ ខែមីនា បាន​បើកសវនាការ​បណ្តឹងសុំ​នៅក្រៅ​ឃុំ​របស់​ថ្នាក់ដឹកនាំ​សហជីព​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ចំនួន​ ៨ ​រូប​។ លោក ជា ម៉េ​ត ព្រះរាជអាជ្ញា​អម​អយ្យការ​សាលាឧទ្ធរណ៍​ភ្នំពេញ​ថា ក្រោយ​ធ្វើ​សេចក្តី​សន្និដ្ឋាន​ពី​តំណាង​អយ្យការ និង​មេធាវី​ការពារ​ក្តី​ឱ្យ​ជនជាប់ចោទ​ទាំង ​៨ ​រូប​អស់​រយៈពេល​ប្រមាណ​ជា​ ២​ ម៉ោង សាលាឧទ្ធរណ៍​បាន​ប្រកាស​សម្រេច​តម្កល់​សាលក្រម​សាលាដំបូង ដោយ​មិន​អនុញ្ញាតឱ្យ​អ្នក​ទាំងនោះ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​នោះទេ​។

សូមជម្រាបថា ក្រុម​កូដករ​ណាហ្គាវើលដ៍ បាន​ចាប់ផ្តើម​ធ្វើ​កូដកម្ម​កាលពី​ថ្ងៃទី​ ១៨ ខែធ្នូ​ឆ្នាំ​ ២០២១ ដើម្បី​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ទទួលយក​បុគ្គលិក​ជាង ៣៦០ ​នាក់​ចូលធ្វើការ​វិញ​។ ប៉ុន្តែ​រហូតមក​ដល់ពេល​នេះ មាន​ថ្នាក់ដឹកនាំ​សហជីព និង​សមាជិក​សហជីព​សរុប​ចំនួន ១១​ នាក់​ហើយ ដែល​ចូលរួម​ការតវ៉ា​នោះ​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ញុះញង់​បង្កឱ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​បំពាន​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

ជាមួយ​គ្នានេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ថ្ងៃទី​ ១០ ខែ​មីនា បានចេញ​សេចក្តី​ជូនដំណឹង​មួយ ស្តីពី​វឌ្ឍនភាព​នៃ​ការដោះស្រាយ​វិវាទ​ការងារ​រួម​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​បាន​ឱ្យដឹងថា តាម​ការសម្របសម្រួល​ដោះស្រាយ​របស់​ក្រសួង​មាន​អតីត​បុគ្គលិក​ក្រុមហ៊ុន​នេះ​បាន​យល់ព្រម​ទទួលយក​ការទូទាត់​ប្រាក់​-​បំណាច់​បញ្ចប់​កិច្ចសន្យាការងារ​ជា​បន្តបន្ទាប់​ជាមួយ​ក្រុមហ៊ុន ដែល​គិត​មកដល់​ថ្ងៃទី​ ៩ ខែមីនា ឆ្នាំ​ ២០២២ ​មាន​ចំនួន​ ១៤៧​ នាក់ ក្នុងចំណោម​ ៣៧៣ ​នាក់ ធ្វើឱ្យ​ចំនួន​អតីត​បុគ្គលិក ដែល​មិន​ព្រម​ទទួលយក​សំណង​នៅសល់​ត្រឹមតែ​ ២២៦ ​នាក់​ប៉ុណ្ណោះ​។

សេចក្តី​ជូនដំណឹង​បន្តថា ជាថ្មី​ម្តងទៀត​ដោយ​ផ្អែក​តាម​នីតិវិធី​ជា​ធរមាន ដែលមាន​កំណត់​នៅក្នុង​ច្បាប់ និង​ក្នុង​គោលបំណង​ឈានទៅ​បញ្ចប់​ករណី​វិវាទ​នេះ ដោយ​សន្តិវិធី ក៏ដូចជា​ដើម្បី​រក្សាបាន​នូវ​ផលប្រយោជន៍​របស់​ភាគី​កម្មករនិយោជិត និង​ភាគី​និយោជក និង​ដើម្បី​រួមចំណែក​ក្នុង​ការរក្សា​ផលប្រយោជន៍​សាធារណៈ ក្រសួង​សូម​អំពាវនាវ​ដល់​អតីត​បុគ្គលិក និង​បុគ្គលិក​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដែល​បាន​ចូលរួម​ធ្វើបាតុកម្ម ដោយ​អវត្តមាន​ពី​កន្លែង​ការងារ សូម​បញ្ឈប់​នូវ​សកម្មភាព​ដែល​បង្ក​ជា​កំហុស​នាំឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ស្របច្បាប់​របស់ខ្លួន​។ «​ក្រសួង​នឹង​បន្ត​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ​រាល់​កង្វល់​នានា​របស់​បងប្អូន​បាតុករ ក៏​ដូចជា​គិតគូរ​ដល់​សិទ្ធិ​ស្របច្បាប់​របស់​វិនិយោគិន​ផងដែរ​»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...