លោក ស ខេង ដាស់តឿន​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បញ្ឈប់​ករណី​ឧក្រិដ្ឋ​ក្នុង​ខេត្ត​ឲ្យ​បាន​មុន​ការ​បោះឆ្នោត​ឃុំ-សង្កាត់

11
មីនា

លោក ស ខេង ដាស់តឿន​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បញ្ឈប់​ករណី​ឧក្រិដ្ឋ​ក្នុង​ខេត្ត​ឲ្យ​បាន​មុន​ការ​បោះឆ្នោត​ឃុំ-សង្កាត់

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្ស​កាន់​អំណាច ដាស់តឿន​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ដាក់​ចេញ​នូវ​វិធានការ​បញ្ឈប់​ករណី​ឧក្រិដ្ឋ​នៅ​ក្នុង​ខេត្ត​នេះ​ឲ្យ​បាន​មុន​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០២២ ខាងមុខ​នេះ។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​លើកឡើង​ក្នុង​ពិធី​បិទ​សន្និបាត​ប្រចាំ​ឆ្នាំ​នៅ​ខេត្ត​ព្រះសីហនុ កាលពី​ពេល​ថ្មីៗ​នេះ​ថា ករណី​ឧក្រិដ្ឋ​សាហាវ​ឃោរឃៅ​នា​ពេល​កន្លងមក​ក្នុង​ខេត្ត​ព្រះសីហនុ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ ជាពិសេស​ប៉ះពាល់​ដល់​កិច្ច​សហប្រតិបត្តិការ​រវាង​អ្នក​វិនិយោគ​ចិន​ដែល​មាន​បំណង​ធ្វើ​វិនិយោគ​នៅ​កម្ពុជា។

លោក ស ខេង ថា​លោក​ទទួល​បាន​របាយការណ៍​ពី​ស្នងការ​ប៉ូលិស​ខេត្ត​ព្រះសីហនុ បង្ហាញ​ពី​បទល្មើស​សាហាវៗ​កន្លងមក ដូចជា​ករណី​ចាប់​ជំរិត អំពើ​ឃាតកម្ម ការ​ធ្វើ​ទារុណកម្ម និង​ការ​ឆក់ប្លន់ ជាដើម។ លោក​ថា ប្រសិនបើ​អាជ្ញាធរ​ខេត្ត​មិន​ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេល​ទេ បទល្មើស​ទាំងនេះ​នឹង​រីក​រាលដាល​កាន់តែ​ច្រើន​ឡើងៗ ដូច្នេះ​រដ្ឋបាល​ខេត្ត​គួរតែ​ដាក់​ចេញ​នូវ​វិធានការ​បញ្ឈប់​ករណី​ឧក្រិដ្ឋ​ទាំងនេះ​ឲ្យ​បាន​មុន​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០២២ ខាងមុខ​នេះ។

លោក ស ខេង អះអាង​ថា ករណី​ឧក្រិដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ ពិត​មែន​តែ​អាច​បង្ក្រាប​បាន​ខ្លះ​ហើយ​ក៏ដោយ ប៉ុន្តែ​មិនទាន់​អាច​បង្ក្រាប​បាន​ទាំងស្រុង​នៅឡើយ​ទេ ដូច្នេះ​អាជ្ញាធរ​ឆ្នេរសមុទ្រ​ត្រូវតែ​សហការ​គ្នា​ទប់ស្កាត់​បទល្មើស​ទាំងនេះ ដើម្បី​កែប្រែ​មុខមាត់​ខេត្ត​ព្រះសីហនុ ឡើងវិញ និង​ដើម្បី​ចៀសវាង​ការ​វាយតម្លៃ​ថា​ខេត្ត​នេះ​ជា​ខេត្ត​ដែល​ពោរពេញ​ទៅ​ដោយ​បញ្ហា​អសន្តិសុខ​សង្គម​ផង​ដែរ។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​រូប​នេះ​ប្ដេជ្ញា​បញ្ឈប់​នូវ​ករណី​ឧក្រិដ្ឋកម្ម ដូចជា​ការ​ចាប់​ជំរិត អំពើ​ឃាតកម្ម ការ​ធ្វើ​ទារុណកម្ម និង​ការ​ឆក់ប្លន់​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ធានា​នូវ​សុវត្ថិភាព​សាធារណៈ​ជូន​ពលរដ្ឋ​ដែល​រស់នៅ​ខេត្ត​នេះ។ ជាង​នេះ​ទៀត ក៏​ដើម្បី​បញ្ចៀស​នូវ​ការ​សាយភាយ​នៃ​កេរ្តិ៍ឈ្មោះ​អាក្រក់​របស់​កម្ពុជា​បន្ត​ទៀត​ជុំវិញ​ករណី​នេះ។

ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​ណែនាំ​ដល់​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ឱ្យ​ចាត់​វិធានការ​ធានា​នូវ​សន្តិសុខ​សង្គម​ជូន​ពលរដ្ឋ ចៀស​ផុត​ពី​អំពើ​ឧក្រិដ្ឋកម្ម​ដែល​តែង​កើតមាន​នា​ពេល​កន្លងមក។

កាលពី​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០២២ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ផ្សព្វផ្សាយ​នូវ​របាយការណ៍​នៃ​ការ​បង្ក្រាប​ករណី​ដែល​បង្ក​ឲ្យ​មាន​អសន្តិសុខ​សង្គម​ថា កាលពី​ឆ្នាំ​២០២១ កន្លងទៅ បទល្មើស​ឧក្រិដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ បាន​ថយ​ចុះ​ជាង ៥០% បទល្មើស​គ្រឿងញៀន​បាន​ថយ​ចុះ​ជាង ១០% បទល្មើស​ជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវ​ភេទ​ថយ​ចុះ​ជាង ៤០% ប៉ុន្តែ​របាយការណ៍​នេះ​មិន​បាន​បង្ហាញ​តួលេខ​ជាក់លាក់​នៃ​ការ​កើន​ឡើង​នៃ​អំពើ​ឧក្រិដ្ឋ​ក្នុង​ខេត្ត​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់លាស់​នោះ​ទេ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១១ មីនា នេះ​ថា ប្រសិនបើ​អាជ្ញាធរ​រៀបចំ​សណ្ដាប់ធ្នាប់ និង​ធានា​មិន​បាន​នូវ​សន្តិសុខ​សង្គម​ឲ្យ​បាន​ល្អ​ត្រឹមត្រូវ​ទេ នោះ​ក្រុង​កំពង់សោម ក្នុង​ខេត្ត​ព្រះសីហនុ នឹង​មិន​មាន​ជនជាតិ​ខ្មែរ​ដែល​ជា​ម្ចាស់​ប្រទេស​រស់នៅ​ដើម្បី​ប្រកប​អាជីវកម្ម​ទៀត​ទេ។

លោក មឿន តុលា បញ្ជាក់​ថា បញ្ហា​ដែល​ពលរដ្ឋ​ខ្មែរ​នឹង​មិន​បន្ត​រស់នៅ​ក្រុង​កំពង់សោម អាច​បណ្តាល​មកពី​កត្តា​ជីវភាព ព្រោះ​អាជីវករ​បាន​គ្រប់គ្រង​ទីផ្សារ។ ជាង​នេះ​ទៀត ក៏​អាច​បណ្តាល​មកពី​ឥរិយាបថ​នៃ​ការ​រស់នៅ​របស់​ជនជាតិ​មួយ​ចំនួន​តែងតែ​បង្ក​ភាព​អសន្តិសុខ​សង្គម ដូចជា​អំពើ​ឧក្រិដ្ឋ​កម្ម អំពើ​ហិង្សា ការ​ឆក់ប្លន់​ស្ទើរតែ​ពាសពេញ​ក្រុង​ជាបន្តបន្ទាប់​នា​ពេល​កន្លងមក។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​រូប​នេះ​បញ្ជាក់​ថា តាម​ការសង្កេត​កន្លងមក ការ​អនុញ្ញាត​ឲ្យ​ជនជាតិ​ចិន​ពាក់​ឯកសណ្ឋាន​នគរបាល ឬ​ពាក់​ឯកសណ្ឋាន​យោធា និង​ប្រើប្រាស់​រថយន្ត​ដែល​ពាក់​ស្លាក​លេខ ខ.ម ឬ ខេមរៈ​ភូមិន្ទ ពី​មន្ត្រី​រដ្ឋាភិបាល​ថ្នាក់លើ ជា​ហេតុ​ធ្វើ​ឲ្យ​អាជ្ញាធរ​ថ្នាក់​ក្រោម​ពិបាក​នឹង​អនុវត្ត​ច្បាប់​នៅ​ពេល​ដែល​ជនជាតិ​ទាំងនោះ​ប្រព្រឹត្ត​ទង្វើ​ណា​មួយ​ដែល​មិន​ស្រប​ច្បាប់​របស់​កម្ពុជា។

ជុំវិញ​បញ្ហា​នេះ ទិន្នន័យ​សង្គម​ស៊ីវិល​បាន​បង្ហាញ​កាលពី​ចុង​ឆ្នាំ​២០២១ កន្លងទៅ​ថា រយៈពេល ៩​ខែ​ក្នុង​ឆ្នាំ​២០២១ អាជ្ញាធរ​កម្ពុជា​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ជិត ១​ម៉ឺន​នាក់ និង​គ្រឿងញៀន​សរុប​ជាង ១​ពាន់​គីឡូក្រាម។ ក្នុង​ចំណោម​ជន​សង្ស័យ​ទាំងនោះ មាន​មនុស្ស​ជាង ៦​ពាន់​នាក់​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន ហើយ​មនុស្ស​ជាង ៣​ពាន់​នាក់​ផ្សេង​ទៀត រួម​ទាំង​ជន​បរទេស​ជាង ២០០​នាក់​ផង សុទ្ធតែ​បាន​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​គ្រឿងញៀន​ទាំងអស់។

របាយការណ៍​ដដែល​អះអាង​ថា កាលពី​ឆ្នាំ​២០២០ សមត្ថកិច្ច​កម្ពុជា​បាន​ចាប់​ខ្លួន​ជនជាតិ​ចិន​ជាង ៥០០​នាក់​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​នៅ​កម្ពុជា ហើយ​ជនជាតិ​ចិន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំងនោះ ភាគច្រើន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើ​ឃាតកម្ម ចាប់​ជំរិត​ទារ​ប្រាក់ អំពើ​ហិង្សា ការ​ឆបោក អំពើ​ចោរកម្ម ការ​រត់​ពន្ធ​ថ្នាំញៀន និង​ការប្រើប្រាស់​អាវុធ​ខុសច្បាប់ ជាដើម៕

ប្រភព៖ ឌឹខេមបូឌាដេលី

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...