ក្រុមបុគ្គលិក​​ណាហ្គាវើលដ៍ ​បន្ត​ទាមទារ​​ឲ្យ​​ដោះលែង​​សមាជិក​​សហជីព​​ទាំង​៩​នាក់​​

02
មករា

ក្រុមបុគ្គលិក​​ណាហ្គាវើលដ៍ ​បន្ត​ទាមទារ​​ឲ្យ​​ដោះលែង​​សមាជិក​​សហជីព​​ទាំង​៩​នាក់​​

ក្រុមបុគ្គលិក​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​​(Naga World) ​ប្រមាណ ​៥០ នាក់​ នៅថ្ងៃ​ទី២ ខែមករា ​បាន​​លើក​គ្នា​​ទៅ​​​ស្នងការ​​នគរបាល​​រាជធានីភ្នំពេញ ​ដើម្បី​​ទៅ​ឃ្លាំមើល ​និង​​សួរ​សុខ​ទុក្ខ​​​សមា​ជិក​សហ​ជីព​ទាំង​៩​នាក់ ​ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពីយប់​​ថ្ងៃទី៣១ ​ខែធ្នូ។ ពួកគាត់​ប្តេជ្ញាថា​ នឹង​​បន្ត​សកម្មភាព​តវ៉ា​ដោយ​​សន្តិវិធី​​រហូត​ទាល់តែ​មាន​ដំណោះ​ស្រាយ​ការងារ ​និង​ដោះ​លែង​អ្នកទាំង​​នោះ​មកវិញ ខណៈតុលាការបានបញ្ជូនបុគ្គលិក ៥ នាក់ទៅតុលាការ។​

ក្រុមបុគ្គលិក​ណាហ្គាវើលដ៍​(Naga world) ​ប្តេជ្ញាថា ​ពួកគាត់​នៅតែ​បន្តសកម្មភាព​តវ៉ា​ដដែល ​ទោះបីជា​អាជ្ញាធរ ​គំរាមកំហែង ​និង​ចាប់ខ្លួន​សមាជិក​សហជីព និងបុគ្គលិក​ចំនួន ​៩ នាក់​ក៏ដោយ។ ទោះជាយ៉ាងណា ​នៅថ្ងៃទី២ ​ខែមករា ​ក្រុមបុគ្គលិក​ទាំងអស់ ​បាន​ផ្អាក​ការតវ៉ា​មួយថ្ងៃ​ទៀត ដើម្បី​ទៅ​សួរ​សុខទុក្ខ​សមាជិក​​សហជីព​ ​និង​​បុគ្គលិក ​៩ នាក់ ដែល​ត្រូវ​បាន​សមត្ថកិច្ច ​ចាប់ខ្លួន​និង​ឃុំឃាំង​បណ្តោះអាសន្ន​នៅក្នុង​ស្នងការដ្ឋាន​នគរ​បាលរាជធានី​ភ្នំពេញ។

 

Naga World Send to pp court by Care on 02_12_2022.jpg
                           បុគ្គលិកណាហ្គាវើលដ៍ ៥ នាក់ត្រូវបានបញ្ជូនទៅតុលាការកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២២។ (រូប៖ លីកាដូ)

 

បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើល​ដ៍មួយរូប ​គឺលោកស្រី​ ណុប ទិត្យបូរ៉ាវី ​ថ្លែងថា​ ក្រុមបុគ្គ​លិក​ប្រមាណ ​៥០ នាក់​នៅរសៀល​ថ្ងៃទី២​ ខែមករា ​បាន​ទៅ​ជួបជុំ​​គ្នា​នៅខាង​មុខស្នងការ​ក្រុងភ្នំពេញ​ ដើម្បី​ចង់ដឹង​សុខទុក្ខ​ និង​ផ្ញើឥវ៉ាន់ ​ព្រម​ទាំង​ម្ហូបអាហារ​ដល់​មិត្តរួម​ការងារ​ទាំង ៩ រូប ​ប៉ុន្តែ​សមត្ថកិច្ច​មិន​បាន​អនុញ្ញាត​ឲ្យ​ពួកគាត់​ចូល​​ជួប​​នោះ​ទេ​ បាន​ត្រឹមតែ​ផ្ញើ​ឥវ៉ាន់​ប៉ុណ្ណោះ​។ ​លោកស្រី ​ទាម​ទារ​ឲ្យ​សមត្ចកិច្ច​ដោះលែង​អ្នកទាំង ៩​ នាក់​ឲ្យ​មាន​សេរីភាព​វិញ​ ព្រោះ​ពួកគាត់ ​គ្រាន់តែ​តវ៉ា​ដោយ​សន្តិវិធី​ ដើម្បី​ទាមទារ​ដំណោះ​ស្រាយ​ការងារ​ប៉ុណ្ណោះ ​មិនបាន​ប្រព្រឹត្ត​ខុស​ច្បាប់អ្វី​ឡើយ៖ «អាជ្ញាធរ​បែរជា​មិនមែន​មក​ការពារ​ពួកខ្ញុំដែល​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​និង​អហិង្សាទេ ​បែរ​ជា​មក​ចាប់​ខ្លួន​ហើយ​អ្វី​ដែល​សំខាន់​ពួកខ្ញុំ​ មាន​វិវាទ​ជាមួយ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ទេ។ ​ហេតុអី​អាជ្ញាធរ​ចុះ​មក​ចាប់​ពួកខ្ញុំ​ទាំង​យប់ចឹង? ​ពួកខ្ញុំ​នៅតែ​មាន​គោលជំហរ​ដដែល​ក្នុង​ការតវ៉ា​ដើម្បី​ឲ្យ​ក្រុមហ៊ុន​រក​ដំណោះ​ស្រាយ​ដល់​ពួកខ្ញុំ ​និង​ជំហរ​ដដែល​ឲ្យ​សមត្ថកិច្ច​ដោះលែង​អ្នក​ទាំង​ ៩​ នាក់វិញ។ យើង​អត់​មាន​​អ្នក​ណា​​បាក់ស្បាតទេ​ រឹតតែ​រឹងមាំ​ហើយ​គោលជំហរ​កាន់តែ​ខ្លាំង​ឡើង»។

កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ត្រូវ​ជា​ថ្ងៃ​ឆ្លង​ឆ្នាំសកល​ ២០២១២០២២ សមត្ថកិច្ច​រាជធានី​ភ្នំពេញ​បាន​ដាក់​កម្លាំង​រាប់​រយ​នាក់​ទៅ​ព័ទ្ធ​ចាប់​ថ្នាក់​ដឹកនាំ​សហជីព​ ៨ ​នាក់​​នៅ​​ទី​ស្នាក់​ការ​សហជីព និង​១​នាក់ទៀត​នៅ​កន្លែង​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី ​ខាង​មុខ​អគារ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍។ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ អះ​អាង​ថា ​ការ​ចាប់​ឃាត់​ខ្លួន​មនុស្ស​ទាំង​ ៩ ​នាក់​នេះ​ ដោយ​សារ​ពួកគេ​បាន​រៀប​ចំ​ធ្វើ​បាតុកម្ម​ខុស​ច្បាប់​នៅ​ខាងមុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​អស់​រយៈពេល​ ១៣ ​ថ្ងៃ​ហើយ​ ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ ​សណ្ដាប់​ធ្នាប់​សាធារណៈ ​និង​សុវត្ថិភាព​សង្គម។ ​វិទ្យុអាស៊ីសេរី​ មិន​អាច​ទាក់ទងសុំការឆ្លើយតប​ពី​​ស្នងការ​នគរបាល​ រាជធានីភ្នំពេញ​លោក ស ថេត ​និង​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញលោក ​សាន សុខសីហា បានទេ ​ដោយ​ទូរស័ព្ទ​ចូលពុំ​មាន​អ្នកទទួល។

 

 

ទោះជាយ៉ាងណា​ បើតាម​តំណាង​បុគ្គលិក​ និង​មន្ត្រី​សិទ្ធិមនុស្ស​ដែល​ឃ្លាំមើល​រឿងនេះ អ្នកដែល​ត្រូវបាន​ចាប់ខ្លួន ​មិនមែន​ ៩ នាក់​នោះទេ ​គឺ​មានចំនួន ​១០ ​នាក់​ ដោយ​ម្នាក់ទៀត​នោះ​ គឺជា​អ្នករត់​រម៉ក​ម៉ូតូ​កង់បី​ដែល​បាន​ស៊ីឈ្នួល​ជួយ​ដឹក​ជញ្ជូន​សម្ភារៈ​សម្រាប់​ការធ្វើ​កូដកម្ម​។ ពួកគាត់ឲ្យដឹងថា ​គិតត្រឹម​ល្ងាចថ្ងៃ​ទី២​ ខែមករា​  សមត្ថកិច្ច​បាន​បញ្ចូន​មន្ត្រី​សហជីព​ និង​បុគ្គលិក​ចំនួន ​៥ ​នាក់ ទៅ​តុលាការ​ដើម្បី​បន្ត​នីតិវិធី ហើយ​បន្ទាប់​មក​បញ្ចូន​ពួកគេ​ត្រឡប់​មក​ឃុំខ្លួន​នៅ​ស្នងការ​វិញអ្នក​ទាំង​៥​នាក់​នោះ រួមមាន លោកស្រី ឈឹម សុខន លោកស្រី ឃ្លាំង  សុបិន្ត កញ្ញា ស៊ុន ស្រីពេជ្រ លោកស្រី រី សុវណ្ណឌី និងលោកស្រី ហៃ សុភាព។ រីឯមនុស្ស​៥​នាក់​ទៀត មិនទាន់​បាន​បញ្ចូន​ទៅ​តុលាការ​នៅ​ឡើយ

អ្នក​គ្រប់គ្រង​កម្មវិធី​សិទ្ធិ​ការងារនៃ​អង្គការ​សង់ត្រាល់ (Central)​លោក ឃុន ថារ៉ូ  មាន​ប្រសាសន៍ថា ​ការណ៍​ដែល​អាជ្ញាធរ​ចាប់​ខ្លួន​សមាជិកសហជីព​និង​បុគ្គលិក​ណាហ្គា​វើលដ៍​ដែល​អនុ​វត្ត​សិទ្ធិ​ចុងក្រោយ​ក្នុងការ​តវ៉ា​ទាមទារ​ឲ្យ​មាន​​ដំណោះ​ស្រាយ​ការងារ​នេះ​ ​គឺជា​រឿង​អយុត្តិធម៌​និង​រំលោភ​សិទ្ធិ​ជា​មូលដ្ឋាន ​ព្រមទាំង​ធ្វើឲ្យប៉ះពាល់​ជីវភាព​របស់​​ពួក​គាត់​​ធ្ងន់ធ្ងរ។ លោក​យល់​ថា ​អាជ្ញាធរ​គួរតែ​​អនុវត្តច្បាប់​ដោយ​អព្យាក្រឹត្យ​ហើយ​ព្យាយាម​សម្របសម្រួល​និង​​ជំរុញ​ភាគី​ក្រុមហ៊ុន ​ចូលតុ​ចរចា​ជា​មួយ​​តំណាង​បុគ្គលិក​ដើម្បី​រក​ដំណោះស្រាយ​វិវាទ​ការងារនេះ​ ​ពោល​គឺ​មិនមែន​ចាប់​ខ្លួនបុគ្គលិក​ដែល​កំពុង​រងគ្រោះ​ការងារ​នោះទេ។ អ្នកឃ្លាំមើល​សិទ្ធិការងារ​រូបនេះ ​បន្តថា ​ប្រសិនបើ​អាជ្ញាធរ ​មិនព្រម​ដោះលែង​អ្នក​ដែល​ត្រូវ​បាន​ចាប់ខ្លួន ​ហើយ​មិន​ជួយ​រក​ដំណោះ​ស្រា​យ​ការងារ​ទេ ​នឹង​ធ្វើឲ្យ​វិវាទ​ការងារនេះ​កាន់តែ​អូស​បន្លាយពេល​ ហើយ​ករណី​ក្រុមហ៊ុន​ណា​ហ្គាវើលដ៍នេះ​ នឹង​ក្លាយជា​គំរូអាក្រក់​សម្រាប់​និយោជក​ផ្សេងៗ​ទៀត​ក្នុងការ​បញ្ឈប់​ថ្នាក់ដឹកនាំ​សហជីព​ សមាជិក​ និង​បុគ្គលិក​​តាម​​អំពើ​ចិត្ត៖ «ការធ្វើកូដកម្ម​ជាង​១០ថ្ងៃនេះ ​ខ្ញុំមើល​ឃើញ​ថា ​គាត់​ធ្វើ​ដោយ​អហិង្សា​ហើយ​ទីតាំង​ដែលធ្វើ​នេះ​ គឺ​រៀបចំ​ដោយ​អាជ្ញាធរ​។ តាមពិត ​ការធ្វើ​កូដកម្ម​ គឺត្រូវតែ​នៅ​ជិត​របង​ប្រប​សហគ្រាស ​គ្រឹះស្ថាន ​ក្រុមហ៊ុន ​ហើយ​ពួកគាត់​អត់​បាន​ធ្វើឲ្យ​ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ ​សន្តិសុខ​សង្គម​អីដែរ។ ខ្ញុំអំពាវនាវ​​ឲ្យ​​ដោះលែង​​ពួកគាត់​​ដោយ​ឥតលក្ខខណ្ឌ។ បើសិនជា​អាជ្ញាធរ​ឬតុលាការ​មាន​ការ​ចោទ​ប្រកាន់​ណា​មួយ​លើ​ពួកគាត់​តាម​ផ្លូវ​តុលាការ​ខ្ញុំគិតថា​ វា​កាន់តែ​បង្កើត​នូវ​ភាព​អយុត្តិធម៌ ​បន្ថែមទៀត​ដល់​បងប្អូន​កម្មករនិយោជិត​ជាង​ពីរពាន់​នាក់ ដែល​បាន​ធ្វើការ​តវ៉ា។ ដូច្នេះ​វិវាទនេះ​មិន​អាច​បញ្ចប់​បានទេ​ ហើយ​នឹង​អូស​បន្លាយ​ពេល​ ហើយនឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​រាជរដ្ឋាភិបាល​នៅ​ឆាក​អន្តរជាតិ»។

 

Naga World visited his friends at PP Police HQ on 02_01_2022_01.jpg
      រូប៖ បុគ្គលិក ណាហ្គាវើលដ៍ (Naga World) យកសម្ភារៈឱ្យអ្នកដែលគេឃុំខ្លួននៅស្នងការនគរបាលរាជធានីភ្នំពេញកាលពីថ្ងៃទី០២ ខែមករា     ឆ្នាំ២០២២។ (រូប៖ លោកស្រី ណុប ទិត្យបូរ៉ាវី)

 

ក្រុម​កម្មករ​ណាហ្គាវើលដ៍​ជាង​ ១ពាន់​នាក់​ បាន​ចាប់ផ្តើម​​ធ្វើ​កូដកម្ម​ចាប់តាំង​ពីថ្ងៃទី១៨​ ខែធ្នូ ​ឆ្នាំ២០២១មក ​ដើម្បី​ទាម​ទារ​ដំណោះ​ស្រាយ​ការងារ​ពី​ថៅកែ​ក្រុមហ៊ុន។ ការចេញ​កូដកម្ម​ដោយ​សន្តិវិធីនេះ​ ធ្វើឡើងបន្ទាប់ពី​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍​មិនបាន​ចូលរួម​ចរចា​ជាមួយ​សហជីព​ ​ឬ​កម្មករ​និយោជិត​ ដោយ​ភាព​ស្មោះត្រង់​ ​ព្រមទាំង​ការ​បរាជ័យ​របស់​​​ក្រសួងការងារ​ ​និង​សាលា​រាជធានី​ភ្នំពេញ​ក្នុង​ការ​ជួយសម្រួលឱ្យមាន​ដំណោះ​ស្រាយ​ជូន​កម្មករ​និយោជិត​។ អំឡុង​ពេល​ក្រុមបុគ្គលិក​ ធ្វើ​កូដកម្មនេះ​ អាជ្ញាធរ ​និង​ក្រុមហ៊ុន ​មិនបាន​ផ្តល់​ដំណោះ​ស្រាយ​តាមការ​ស្នើសុំ​នោះទេ ​ប៉ុន្តែ​អាជ្ញាធរ ​បែរជា​បង្កើនការ​គំរាម​កំហែង ​បំភិតភ័យ​ ​និង​ការលាបពណ៌​លើ​ថ្នាក់ដឹកនាំ​សហជីព​ដោយ​ផ្ទាល់​និង​តាមរយៈ​ប្រព័ន្ធឃោសនា​របស់​រដ្ឋាភិបាល ​និង​តាមរយៈ​លិខិត ​ឬសំណេរ​របស់​សាលា​រាជធានីភ្នំពេញ ​និង​មន្ត្រី​ក្រសួងការងារ​ជាដើម។ បន្ទាប់មក ​សមត្ថកិច្ចក្រុង​ភ្នំពេញ ​បាន​ឡោមព័ទ្ធ​ចាប់​ខ្លួន​កូដករ​ចំនួន​ ៩ នាក់​ទៅឃុំខ្លួន​នៅស្នងការ​ក្រុងភ្នំពេញ ​កាលពី​យប់ថ្ងៃទី៣១ ​ខែធ្នូ​។

​ក្រុម​សហជីព​ និង​អង្គការ​សង្គម​ស៊ីវិលជាច្រើនស្ថាប័ន​ បានចេញ​លិខិត​ជាបន្តបន្ទាប់​ថ្កោលទោស​ចំណាត់ការ​របស់​សមត្ថកិច្ច​រាជធានី​ភ្នំពេញ និង​​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ត្រូវ​រក្សា​ជំហរ​អព្យាក្រឹត្យ ​និង​ដោះលែង​អ្នក​ទាំងអស់​នោះ ​ឲ្យ​មាន​សេរីភាព​វិញ ​ហើយ​បន្ត​ដោះ​ស្រាយ​វិវាទ​ការងារ​នេះ​ដោយ​សន្តិវិធី និង​តាមច្បាប់៕

ប្រភព៖ RFA

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...