សង្គម​ស៊ីវិល​ថ្កោល​ទោស​ករណី​ចាប់​ខ្លួន​បុគ្គលិក​ណាហ្គាវើលដ៍​ ៩​នាក់​ដែល​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី

01
មករា

សង្គម​ស៊ីវិល​ថ្កោល​ទោស​ករណី​ចាប់​ខ្លួន​បុគ្គលិក​ណាហ្គាវើលដ៍​ ៩​នាក់​ដែល​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី

ក្រុមអង្គការសង្គមស៊ីវិល សហជីពមួយចំនួន បានចេញមុខថ្កោលទោសចំពោះការចាប់ខ្លួនថ្នាក់ដឹកនាំ និងសកម្មជនសហជីពដែលជាបុគ្គលិកក្រុមហ៊ុន​​ណាហ្គាវើលដ៍​៩នាក់ និងទទូចឱ្យសមត្ថកិច្ចដោះលែងពួកគេឱ្យមានសេរីភាពវិញជាបន្ទាន់ ​ ដោយថាការធ្វើកូដកម្មអហិង្សាទាមទារដំណោះស្រាយការងាររបស់បុគ្គលិកទាំងនោះមិនមែនជារឿងខុសច្បាប់ឡើយ។

ថ្នាក់ដឹកនាំ និងសកម្មជនសហជីពដែលជាបុគ្គលិកក្រុមហ៊ុន​​ណាហ្គាវើលដ៍ទាំង៩នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដែលជាយប់ឆ្លងឆ្នាំសកលនៅការិយាល័យសហជីពនិងកន្លែងធ្វើកូដកម្ម ស្របពេលមនុស្សម្នាជាច្រើនបានប្រមូលម្តុំគ្នានៅខាងមុខក្រុមហ៊ុនល្បែងមួយនេះដើម្បីត្រៀមឆ្លង​ចូលឆ្នាំ២០២២។

សម្ព័ន្ធសហជីពកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២នេះ ដោយគាំទ្រ ចំពោះការធ្វើកូដកម្មដោយសន្តិវិធីរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ជាង ១ពាន់នាក់ ដោយថាការធ្វើកូដកម្មអហិង្សាជាការអនុវត្តសិទ្ធិជាមូលដ្ឋាន ដែលបានធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ការងារ ច្បាប់ស្ដីពីសហជីព និងផ្អែកតាមលក្ខន្តិកៈរបស់សហជីពដែលចុះបញ្ជីនៅក្រសួងការងារផងដែរ។

សម្ព័ន្ធសហជីពកម្ពុជាបង្ហាញការមិនពេញចិត្ត និងថ្កោកទោសចំពោះវិធានការរបស់សមត្ថកិច្ចពេលនេះ ថា មិនបានអនុវត្តតួនាទី និងកាតព្វកិច្ចរបស់ខ្លួនឱ្យស្របតាមច្បាប់ក្នុងការការពារសុវត្ថិភាពក្រុមកូដករ ដែលធ្វើកូដកម្មដោយសន្តិវិធីឡើយ។

សេចក្តីថ្លែងការណ៍បន្តថា៖ «យើងមានការខកចិត្តយ៉ាងខ្លាំង និងថ្កោលទោសចំពោះវិធានការរបស់អាជ្ញាធរ ដែលមិនបានអនុវត្តតួនាទី និងកាតព្វកិច្ចរបស់ខ្លួនស្របតាមច្បាប់ ក្នុងការចូលរួមការពារសុវត្ថិភាពក្រុមកូដករដែលធ្វើកូដកម្ម ដោយសន្តិវិធី ដែលជាសិទ្ធិមូលដ្ឋានរបស់អង្គការវិជ្ជាជីវៈ សហជីព ដែលប្រើប្រាស់ជម្រើសចុងក្រោយរបស់ខ្លួនដែលធានាដោយច្បាប់ក្នុងការជំរុញឱ្យភាគីនយោជកចូលតុចរចាដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី »

ចំណែកសហភាពសហជីពកម្ពុជានៅថ្ងៃនេះក៏បានចេញសេចក្តីថ្លែងការណ៍មួយ ដោយចាត់ទុកការចាប់ខ្លួនថ្នាក់ដឹកនាំ និងសកម្មជនសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ពីសំណាក់អាជ្ញាធររាជធានីភ្នំពេញ គឺជាការរំលោភច្បាប់រដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ ស្របពេលពួកគេទាំងនោះប្រើប្រាស់សិទ្ធិសេរីភាពប្រមូលផ្តុំសម្តែងមតិស្របច្បាប់ ដើម្បីទាមទាររកដំណោះស្រាយពីសំណាក់ក្រុមហ៊ុនល្បែងស៊ីសងមួយនេះ ដែលបានបញ្ឈប់បុគ្គលិកជាង៣០០នាក់ទាំងគ្មានកំហុស ដោយបង្ខំ។

សេចក្តីថ្លែងការណ៍បន្តថា ៖ «សហភាពសហជីពកម្ពុជា យល់ឃើញថា​ រដ្ឋាភិបាលកម្ពុជានឹងធ្វើជាប្រធានអាស៊ាននៅក្នុងឆ្នាំនេះ ហើយការចាប់ខ្លួនដោយគ្មានហេតុផល និងបំពានច្បាប់ ធ្វើឱ្យប៉ះពាល់ដល់មុខមាត់រាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិថ្កោលទោសអំពីការរំលោភសិទ្ធិសេរីភាពសហជីព»។

ដោយឡែក សេចក្តីថ្លែងការណ៍របស់សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់លោក វន់ ពៅ នៅថ្ងៃសៅរ៍នេះក៏បានថ្កោលទោសទៅលើវិធានការរបស់សមត្ថកិច្ចរាជធានីភ្នំពេញ ដែលបានចាប់ខ្លួនថ្នាក់ដឹកនាំ និងសកម្មជនសហជីព​ក្រុមហ៊ុនណាហ្គាវើលដ៍ទាំង៩រូប ដោយថាជាការដើរផ្ទុយពីស្មារតីច្បាប់។

សេចក្តីថ្លែងការណ៍សរសេរថា៖ « យើងសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចប្រើប្រាស់តួនាទីប្រកបដោយវិជ្ជាជីវៈ អព្យាក្រឹត មិនលម្អៀងទៅរកភាគីណាមួយក្នុងដំណើរស្វែងរកដំណោះស្រាយក្នុងករណីវិវាទការងារនេះ និងធ្វើការអំពាវនាវឱ្យមានការដោះលែងថ្នាក់ដឹកនាំ និងសកម្មជនទាំង៩នាក់ជាបន្ទាន់ និងអំពាវនាវដល់សាធារណជន អង្គការជាតិ និងអន្តរជាតិ សហព័ន្ធសហជីពអន្តរជាតិ ដែលធ្វើការលើសិទ្ធិមនុស្ស និងសិទ្ធិការងារចូលរួមតាមដានករណីនេះ ដោយយកចិត្តទុកដាក់»។

ក្រោយពីមានការចាប់ខ្លួនមនុស្សទាំង៩នាក់កាលពីម្សិលមិញ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសេចក្តីបំភ្លឺព័ត៌មានមួយឱ្យដឹងថា ការឃាត់ខ្លួនបុគ្គលិក​ក្រុមហ៊ុន​​ណាហ្គាវើលដ៍ទាំង ៩នាក់នោះ ពាក់ព័ន្ធនឹងការរៀបចំធ្វើបាតុកម្មដោយខុសច្បាប់ ដែលធ្វើឱ្យប៉ះពាល់សណ្ដាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម។

បើតាមស្នងការដ្ឋានរាជធានីភ្នំពេញដដែលថា ការចាប់ឃាត់ខ្លួនបុគ្គលចំនួន ​៩រូបនោះ គឺអនុលោមទៅតាមមាត្រា ១៩៤ មាត្រា១៩៥ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ហើយសមត្ថកិច្ច​កំពុងអនុវត្ត នីតិវិធីទៅតាមវិធានការច្បាប់បន្តទៀត។

សេចក្តីបំភ្លឺស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៖«មុនពេលនឹងអនុវត្តវិធានការច្បាប់ ដោយចាប់ឃាត់ខ្លួនមេដឹកនាំបាតុកម្មទាំងនេះ  រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវច្រើនលើកច្រើនសារឱ្យពួកគេបញ្ឈប់សកម្មភាពតវ៉ាដោយខុសច្បាប់ សំដៅធ្វើយ៉ាងណារក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម។ ប៉ុន្តែពួកមេដឹកនាំបាតុកម្មមិនស្ដាប់តាមការអំពាវនាវរបស់អាជ្ញាធរ ហើយបន្តអូសបន្លាយបាតុកម្មអស់រយៈពេល ១៣ថ្ងៃមកហើយ»។

ទោះបីជាយ៉ាងនេះក្តី នាយករង​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​អង្គការ​លីកាដូ លោក អំ សំអាត ចាត់ទុកការចាប់ខ្លួនបុគ្គលិក​ក្រុមហ៊ុន​​ណាហ្គាវើលដ៍​នេះ ​ជាការគំរាមហែង បំភិតបំភ័យ ដើម្បីបំបាក់ស្មារតី មិនឱ្យបុគ្គលិក​ក្រុមហ៊ុន​​ល្បែងមួយនេះធ្វើកូដកម្មបន្តទៀត។ ប៉ុន្តែវិធានការនេះ លោកថា  ជាការរំលោភសិទ្ធិការងារ​​បុគ្គលិកដែលធានាដោយច្បាប់។

លោកបន្តថា ការទាមទារបស់បុគ្គលិក​ក្រុមហ៊ុន​​ណាហ្គាវើលដ៍ គ្រាន់តែចង់ឱ្យក្រុមហ៊ុនទទួលអ្នកដែលត្រូវបញ្ឈប់ទាំង ៣៦៥នាក់ចូលធ្វើការវិញ និងទាមទារ​ទូទាត់សំណងឱ្យបានត្រឹមត្រូវតែប៉ុណ្ណោះ។ ករណីនេះ លោកថា ភាគីពាក់ព័ន្ធគួរតែ​ដោះស្រាយជាមួយគ្នាដោយសន្តិវិធី ដើម្បីស្វែងរកដំណោះស្រាយ មិនមែនមកចាប់ខ្លួនបុគ្គលិកទាំងនោះឡើយ។

លោកថា​៖«ខ្ញុំយល់ថា ករណីនេះ ជាវិវាទការងារ ដែលគួរដោះស្រាយគ្នាតាមលទ្ធភាពផ្លូវច្បាប់ ក្នុងការចរចារ ដើម្បី​បញ្ចប់វិបត្តិការងារ វាគួរតែដោះលែងអ្នកទាំងអស់ហ្នឹង  ហើយងាយទៅរកការងារចរចារតាមនីតិវិធី តាមច្បាប់ការងារ ដើម្បីបញ្ចប់វិបត្តិការងារ។ វាជារឿងល្អប្រសើរ ជាជាងការចាប់ខ្លួនចោទប្រកាន់ដែលបង្កឱ្យមានការរិះគន់ជាបន្តទៅទៀត»។

អ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក ឃុន ថារ៉ូ បង្ហាញការសោកស្តាយ និងថ្កោលទោសចំពោះវិធានការរបស់អាជ្ញាធរមានសមត្ថកិច្ច ដោយមិនបានអនុវត្តន៍តួនាទី និងកាត្វកិច្ចរបស់ខ្លួនស្របតាមច្បាប់ក្នុងការចូលរួមការពារសុវត្ថិភាពក្រុមកូដករ ដែលធ្វើកូដកម្មដោយសន្តិវិធី ត្បិតជាសិទ្ធិមូលដ្ឋានរបស់អង្គការវិជ្ជាជីវៈនៅកម្ពុជា។ ​

លោកអំពាវនាវដល់អាជ្ញាធរត្រូវប្រើប្រាស់តួនាទីប្រកបដោយវិជ្ជាជីវៈ អព្យាក្រិត មិនលំអៀងទៅរកភាគីណាមួយនៅក្នុងដំណើរស្វែងរកដំណោះស្រាយករណីវិវាទការងារនេះ និងដោះលែងថ្នាក់ដឹកនាំ និងសកម្មជនសហជីពទាំង ៩នាក់ ឱ្យមានសេរីភាពវិញ។

លោកថា៖«អំពាវនាវដល់សារធារណជន អង្គការជាតិ និងអន្តរជាតិ សហព័ន្ធសហជីពអន្តរជាតិដែលធ្វើការលើសិទ្ធិមនុស្ស និងសិទ្ធិការងារចូលរួមតាមដានករណីនេះដោយយកចិត្តទុកដាក់»។

ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​​ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ប្រាប់វីអូឌីនៅ​ថ្ងៃសៅរ៍នេះថា បុគ្គលិក និងសហជីពចំនួន ៩នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់​ម្សិលមិញ ​ កញ្ញាមិនទាន់ទទួលដំណឹងថាសមត្ថកិច្ចយកពួកគេទៅណានោះឡើយ។

កញ្ញាថា​«មែនទែនទៅ មកដល់ម៉ោងនេះ ​​​យើងអត់អាចទាក់ទងគាត់បានតែម្ដងថា ពួកគាត់ត្រូវបានគេយកដាក់​ទៅដាក់នៅណា? ទូរសព្ទពួកគាត់យើងខលចូលអត់មានអ្នកលើក។ ​​យើងដឹងពួកគាត់ត្រូវបានចាប់ខ្លួន ដោយសារមានអ្នកជិតខាងនៅក្បែរការិយាល័យសហជីពយើងហ្នឹង គេប្រាប់ ​ហើយប៉ូលិសបានដាក់កម្លាំងទៅ៣ ឡាន ព័ទ្ធការិយាល័យសហជីព។ ចំណែក​​ ទូចសេរីមាន ត្រូវបានសមត្ថកិច្ចខ្លួននៅកន្លែងធ្វើកូដកម្ម​ ហើយលឺថាមានការវាយ​​រុញច្រានគាត់ទៀត»

ក្រៅពីសមាជិក និងថ្នាក់ដឹកនាំសហជីព ៩នាក់នោះ កញ្ញា ស៊ីថរ ថា សមត្ថកិច្ចក៏បានព្យាយាមព័ទ្ធចាប់សមាជិកម្នាក់ទៀត ​​ឈ្មោះ ជួប ចាន់ណាត ដែលជាអ្នកសកម្មក្នុងការ​​សម្ដែងមតិ និងកាន់ក្បាលមេក្រូនិយាយ​ ក្នុងអំឡុងពេលធ្វើកូដកម្មនាពេលកន្លងមក។

កញ្ញាបន្តថា ពួកគាត់បានដឹងមុនរួចទៅហើយថា នឹងមានការចាប់ខ្លួនសមាជិកបើពួកគាត់នៅតែបន្តធ្វើកូដកម្មនោះ ប៉ុន្តែដោយសារតែមិនមានជម្រើសផ្សេង ខណៈការចរចារកន្លងមកមិនមានដំណោះស្រាយ។ កញ្ញា ស៊ីថរ បន្ថែមថា ពួកគាត់ទាំងអស់គ្នានៅតែបន្តធ្វើកូដកម្មអហិង្សា ដើម្បីទាមទាររកដំណោះស្រាយសមរម្យ ដោយមិនបោះបង់ការតវ៉ា ឬធ្វើកូដកម្មឡើយ ទោះបីមានការចាប់ខ្លួនសមាជិកក៏ដោយ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សាន សុខសីហាប្រាប់វីអូឌីបន្ថែមនៅថ្ងៃនេះថា អ្នកទាំង ៩នាក់នៅស្នងការដ្ឋាន ហើយសមត្ថកិច្ចកំពុង​បន្តសាកសួរ។

លោកថា៖«កំពុងបន្តនីតិវិធីធ្វើការសាកសួរនៅស្នងការរាជធានីភ្នំពេញ»

ថ្នាក់ដឹកនាំ និងសកម្មជនសហជីពក្រុមហ៊ុនល្បែងទាំង ៩នាក់នោះ ត្រូវបានសមត្ថកិច្ច​ចាប់ខ្លួន​ ក៏មានអគ្គលេខាធិការសហជីពម្នាក់ រួមមាន ឈ្មោះ ឈឹម សុខន, ឃ្លាំង សុបិន្ត, សុន ស្រីពេជ្រ, ហៃ សុភាព, រី សុវណ្ណឌី, រិន ផល្លា, អេង ស្រីប,​ ទូច សេរីមាស និងស៊ុន ស្រីមុំ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ​ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ជាង១ពាន់នាក់ បានធ្វើកូដកម្មជាប់ៗគ្នាអស់រយៈពេលជិតកន្លះខែមកហើយ ដើម្បីទាមទារលក្ខខណ្ឌការងារចំនួន ៩ចំណុច ក្នុងនោះមានការទាមទារឱ្យក្រុមហ៊ុនទទួលយកថ្នាក់ដឹកនាំសហជីព សមាជិកប្រតិភូបុគ្គលិក និងកម្មករនិយោជិតចំនួន ៣៦៥នាក់ ដែលមិនព្រមទទួលយកសំណងបញ្ចប់កិច្ចសន្យាការងារ ដើម្បីបានចូលបម្រើការងារឡើងវិញ។ ប៉ុន្តែការទាមទារឱ្យបុគ្គលិកទាំង ៣៦៥នាក់ចូលធ្វើការងារវិញនោះ ត្រូវបានភាគីក្រុមហ៊ុនបដិសេធ ដោយសុខចិត្តផ្តល់សំណងតាមច្បាប់ការងារជូនពួកគេ៕

ប្រភព៖ VOD

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...