អតីត​បុគ្គលិក​ណាហ្គាវើលដ៍ ទាមទារ​ឲ្យ​ដោះលែង​តំណាង ខណៈ​ក្រសួង​ការងារ​ប្រកាស​ឲ្យ​មក​ផ្ទៀងផ្ទាត់​ប្រាក់បំណាច់

07
មករា

អតីត​បុគ្គលិក​ណាហ្គាវើលដ៍ ទាមទារ​ឲ្យ​ដោះលែង​តំណាង ខណៈ​ក្រសួង​ការងារ​ប្រកាស​ឲ្យ​មក​ផ្ទៀងផ្ទាត់​ប្រាក់បំណាច់

នៅ​គ្រា​ដែល​បុគ្គលិក​ណាហ្គាវើលដ៍​ កំពុង​បន្ត​ការ​តវ៉ា​របស់​ខ្លួន​អស់​រយៈ​ពេល​ជិត​៣​សប្តាហ៍​មក​ហើយ​នេះ​ ក្រសួង​ការងារ ​បាន​អំពាវនាវ​ឲ្យ​ពួកគេ​មក​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ប្រាក់​បំណាច់​ដើម្បី​បញ្ចប់​វិវាទ​ការងារ​នេះ។​ ប៉ុន្តែ ​បុគ្គលិក​របស់​ក្រុមហ៊ុន​ដែល​ចេញ​មុខ​តវ៉ា​រៀងរាល់​ថ្ងៃ ​បាន​ទាមទារ​ឲ្យ​ដោះលែង​តំណាង​សហជីព​របស់​ពួកគេ​សិន​ មុន​នឹង​ឈាន​ដល់​ការ​ដោះស្រាយ​អ្វី​ដែល​ពួកគេ​ បាន​ទាមទារ។​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ ក្រសួង​ការងារ​បាន​ចេញ​លិខិត​មួយ​ ដោយ​អំពាវនាវ​ឲ្យ​តំណាង​ ឬ​បុគ្គលិក​ណាហ្គាវើលដ៍​ ដែល​ត្រូវ​បាន​ក្រុមហ៊ុន​បញ្ឈប់ មក​ផ្ទៀង​ផ្ទាត់​នូវ​ការ​ទូទាត់​ប្រាក់​បំណាច់​បញ្ចប់​កិច្ច​សន្យា​ការងារ ​ដោយ​យោង​ទៅ​តាម​មាត្រា​១១៦ ​មាត្រា​៧៥ ​ មាត្រា​៧៧ ​មាត្រា​១៦៦ ​មាត្រា​១៦៧ ​និង​មាត្រា​៨៩​ថ្មី​នៃ​ច្បាប់​ស្តីពី​ការងារ។​

ក្រសួង​បញ្ជាក់​ថា​ កម្មករ​និយោជិត​ដែល​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​រួមគ្នា​ អាច​ទទួល​បាន​ប្រាក់​ឈ្នួលខែ​ចុង​ក្រោយ ​ដែល​មិន​ទាន់​បើក​ ប្រាក់​បំណាច់​ទូទាត់​ជួស​ជុល​ក្នុង​ករណី​ដែល​និយោជក​មិន​បាន​ជូន​ដំណឹង​មុន​ តាម​ច្បាប់​កំណត់ ​ប្រាក់​បំណាច់​ជួស​ការ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ដែល​នៅ​សល់​ប្រាក់រំឭក​ប្រាក់​បំណាច់​អតីត​ភាព​ការងារ​ និង​ប្រាក់​បំណាច់​អតីតភាព​ការងារ​ថ្មី​ក្នុង​ឆ្នាំ ​ដែល​មិនទាន់​ទូទាត់​ជាដើម។ ​

ក្រសួង​ការងារ​ បាន​អំពាវនាវ​ឲ្យ​អតីត​បុគ្គលិក​មក​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ដើម្បី​បញ្ចប់​វិវាទ​ការងារ​ ដែល​មាន​ការ​ចាប់​ឃុំ​ខ្លួន​តំណាង​សហជីព​៨​នាក់​ ដែល​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់។​

អ្នកស្រី​ ណុប ទិត្យ បូរ៉ាវី​អាយុ​៣៩​ឆ្នាំ ​ដែល​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ​ប្រមាណ​១៣​ឆ្នាំ ​និង​ត្រូវ​បាន​ក្រុមហ៊ុន​បញ្ឈប់​ការងារ ​បាន​ប្រាប់​វីអូអេ​ថា​ ការ​គិតគូរ​ក្នុង​ការ​ផ្តល់​សំណង​របស់​ក្រសួង​ការងារ​ គឺ​មិន​ទាន់​អាច​ទទួល​យក​បាន​ឡើយ។​

អ្នកស្រី​បញ្ជាក់​ថា៖​ «និយាយ​ទៅ ​គឺ​នៅ​តែ​មិន​សមរម្យ​ ពីព្រោះ​ដូច​ជាក់​ស្តែង​ដូច​ខ្ញុំ​ ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​ឡើង​១០​ឆ្នាំ​ជាង​ ហើយ​ សំណង​ដែល​ទូទាត់​ឲ្យ​ខ្ញុំ​ អត់​ដល់​៣​ពាន់​ដុល្លារ​ផង»។​

អ្នកស្រី​ក៏​ទាមទារ​ឲ្យ​ដោះលែង​តំណាង​របស់​ខ្លួន​សិន​ដើម្បី​អាច​ចរចា​រក​ដំណោះ​ស្រាយ​បន្ត​ទៀត។​

អ្នកស្រី​បន្ថែម​ថា៖ ​«ខ្ញុំ​ចង់​សំណូម​ពរ​ដល់​ក្រសួង​ការងារ​ ឬ​ក៏​ដូច​ខាង​អាជ្ញាធរ​រដ្ឋាភិបាល សូម​ឲ្យ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ដោះលែង​ថ្នាក់​ដឹក​នាំ​របស់​ខ្ញុំ។ ​និយាយ​ទៅ ​គឺ​តំណាង​របស់​ខ្ញុំ​ទាំង​៨​រូប​ ដើម្បី​ចូល​តុ​ចរចា​ ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី​ និង​អហិង្សា​តែហ្មង»។​

កញ្ញា ​សួន ជីវ៉ា ​ អាយុ​៣១​ឆ្នាំ ​ដែល​បាន​ធ្វើ​ការ​នៅក្រុមហ៊ុន​ណាហ្គាវើលដ៍​ ប្រមាណ​១០​ឆ្នាំ ​និង​ត្រូវ​បាន​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ​ដែរ​នោះ​ ​បាន​និយាយ​ថា​ កញ្ញា​មិន​អាច​ទទួល​យក​ដំណោះ​ស្រាយ​របស់​ក្រសួង​ការ​ងារ​ឡើយ។

កញ្ញា​បញ្ជាក់​ថា៖ ​«ការ​មើល​ឃើញ​របស់​ខ្ញុំ​ មើល​ឃើញ​ទៅ​លើ​ការ​ចេញ​សេចក្តី​ប្រកាស​របស់​ក្រសួង​កាលពី​ម្សិលមិញ ​ថ្ងៃទី​៦​ហ្នឹង​ គឺ​កុំ​ឲ្យ​ក្រសួង​ចេះ​តែ​ចេញ​អ្វី​ផ្តេស​ផ្តាស​ទៀត​ ពីព្រោះ​អី​ពួក​យើង​អត់​ពេញ​ចិត្ត​ហ្នឹង​ការ​ចេញ​ទាំង​អស់​ហ្នឹង​ទេ»។​

កញ្ញា​បន្ត​ថា៖​ «អាជ្ញាធរ​ និង​ក្រសួង​ពាក់ព័ន្ធ​ទាំង​អស់​ហ្នឹង​ ជួយ​ដោះស្រាយ​ទៅ​លើ​តំណាង​របស់​ពួក​យើង​ទាំង​៨​រូប…។​សូម​ឲ្យ​ដោះស្រាយ ដោះលែង​ពួក​គាត់ ​ដើម្បី​មក​ចរចា​ជាមួយ​ក្រុមហ៊ុន។​ហើយ​ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​ហ្នឹង ​ត្រូវ​តែ​ដោះស្រាយ​វិវាទ​ហ្នឹង​ ឲ្យ​បាន​ឆាប់​ ឲ្យ​ចូល​តុ​ចរចា​ជាមួយ​តំណាង​សហជីព​របស់​ពួក​យើង​ទាំងអស់​គ្នា​…​គឺ​សូម​តែ​ប៉ុណ្ណឹង ​ដើម្បី​បញ្ចប់​ការ​ធ្វើ​កូដកម្ម​បន្ត​ទៀត។​ពួក​យើង​ពិត​ជា​មិន​ចង់​ទៅ​ធ្វើ​[កូដកម្ម]​រាល់ថ្ងៃ​ ហាល​ថ្ងៃ​ ហាល​ភ្លៀង​ ស្អី​ទាំង​អស់​ហ្នឹង​ទេ ​គឺ​មិន​ស្រួល​ទេ​ ​ ប៉ុន្តែ​ដោយ​សារ​តែ​រង​ភាព​អយុត្តិធម៌​គ្រប់​បែប​យ៉ាង»។​

ចំណែក​កញ្ញា​ ជឹម រដ្ឋា​ អាយុ​២៣​ឆ្នាំ ​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​ដោយធ្វើ​ការ​នៅ​ទីនោះ ​ប្រមាណ​៥​ឆ្នាំ ​និង​មិន​ទាន់​ត្រូវ​បាន​ក្រុមហ៊ុន​បញ្ឈប់​ការងារ ​ បាន​ទាមទារ​ថា ​ក្រុមហ៊ុន​ត្រូវ​តែ​ដោះ​ស្រាយ​វិវាទ​ការងារ​នេះ ​ព្រម​ទាំង​ទទួល​យក​បុគ្គលិក​ដែល​ក្រុមហ៊ុន​បាន​បញ្ឈប់​ពី​ការងារ​ដែល​ដោយ​មិន​មាន​កំហុស​ទាំង​អស់​នោះ​ ឲ្យ​ចូល​ធ្វើការ​វិញ ​និង​បញ្ឈប់​ការ​រើស​អើង​សហជីព។​

កញ្ញា​បញ្ជាក់​ថា៖​ «ចំពោះ​ខ្ញុំ​ជា​ដំបូង ចង់​ឲ្យ​ថៅកែ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ដោះ​លែង​តំណាង​ និង​សកម្ម​ជន​ទាំង​៨​រូប​មក​វិញ​បន្ទាប់​មក​ចូល​តុ​ចរចា​ដោះស្រាយ​ម្តង​មួយ​ចំណុចៗ»។​

កញ្ញា​បន្ត​ថា៖​ «ហើយ​យើង​ចង់​រក្សា​សហជីព​រក្សា​បុគ្គលិក​ ដែល​ពួក​គាត់​គ្មាន​កំហុស​ការងារ​ តែ​ត្រូវ​បាន​ក្រុមហ៊ុន​បញ្ឈប់​ដោយ​ល្មើស​ច្បាប់​ ហើយ​គុណ​គូរ​សំណង ​អត់​គ្រប់​ទៀត។ ​ រហូត​មក​ដល់​ពេល​នេះ​ យើង​នៅតែ​អត់​មាន​ដំណោះ​ស្រាយ​មាន​តែ​ការ​ចេញ​លិខិត​របស់​ក្រសួង​ការងារ​ កោះ​ហៅ​ជា​បន្ត​បន្ទាប់​ថា​ ឲ្យ​ទៅ​ដោះ​ស្រាយ​ចរចា ​ទាំង​ដែល​ពេល​នេះ​ ពួក​យើង​អត់​មាន​អ្នក​តំណាង​ទេ»។​

រូបឯកសារ៖ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ធ្វើកូដកម្មទាមទារឲ្យក្រុមហ៊ុនទទួលយកបុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងារកាលពីឆ្នាំមុនចូលធ្វើការងារវិញ នៅមុខអគាររដ្ឋសភាជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។
រូបឯកសារ៖ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ធ្វើកូដកម្មទាមទារឲ្យក្រុមហ៊ុនទទួលយកបុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងារកាលពីឆ្នាំមុនចូលធ្វើការងារវិញ នៅមុខអគាររដ្ឋសភាជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២។

លោក ​ឃុន ថារ៉ូ​ មន្ត្រី​កម្ម​វិធី​ការងារ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ ​និង​សិទ្ធិ​មនុស្ស​ ហៅ​កាត់​ថា​សង់ត្រាល់​ ប្រាប់​វីអូអេ​នៅ​ថ្ងៃសុក្រ​ថា​ ក្នុង​ករណី​នេះ​ ​វា​បង្ហាញ​ពី​កម្សោយ​នៃ​យន្តការ​របស់ក្រសួង​ការងារ ​ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​ការងារ​ដែល​ត្រូវ​តែ​ដោះ​ស្រាយ​តាម​រយៈ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ ដើម្បី​អាច​ឲ្យ​ភាគី​ទាំង​សង​ខាង​ទទួល​យក​បាន។​

លោក​ថ្លែង​ថា៖ ​«អ៊ីចឹង​បើ​យើង​ពិបាក។ ​ យើង​គួរ​រក​នូវ​ភាគី​ឯក​រាជ្យ​ណា​មួយ​ទៅ​ហើយ​ភាគី​ទាំង​សង​ខាង​ឯក​ភាព​គ្នា​ទៅ​ …​ធ្វើ​កិច្ច​ព្រម​ព្រៀង​…​ ណាហ្គាវើលដ៍​ធ្វើ​កិច្ច​ព្រមព្រៀង​ទៅ ​…​សហ​ជីព​ធ្វើ​កិច្ច​ព្រម​ព្រៀង​ទៅ ។​ ពួក​គាត់​ជា​តំណាង​បុគ្គលិក ​តំណាង​កម្មករ​ហ្នឹង ​យក​ករណី​ហ្នឹង​ទៅ​ដោះ​ស្រាយ​នៅ​អាជ្ញា​កណ្តាល​មើល​ ដែល​ជា​ស្ថាបន​មួយ​ឯករាជ្យ​ ជា​ស្ថាបន​មួយ​ដែល​គេ​ទុក​ចិត្ត​ ហើយ​ភាគី​ទាំង​សង​ខាង​ឯកភាព​គ្នា​ទៅ។ ​រាល់​ការ​សម្រេច​ចេញ​សេចក្តី​បង្គាប់​ណា​មួយ​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ភាគី​ទទួល​យក​ទៅ ! ​ទទួល​យក​ទាំង​សង​ខាង​ទៅ!»​

លោក​បន្ត​ថា៖ ​«រឿង​ដែល​សំខាន់​ថា​ តើ​ចេតនា​នៃ​ការ​បញ្ឈប់​ហ្នឹង​ ​វា​ជា​ចេតនា​ក្នុង​ការ​រើស​អើង​សហជីព​ឬក៏​ចេតនា​នៅ​ក្នុង​ការ​លុប​បំបាត់​មិន​ឲ្យ​មាន​សហជីព​នៅ​កន្លែង​ការ​ងារ?​ ​អាហ្នឹង​ដែល​យើង​និយាយ​បាន​ថា​ វាជា​ការ​រើស​អើង​…​ទម្រង់​នៃ​ការ​រើស​អើង​សហជីព​ធ្ងន់ធ្ងរ​នៅ​កន្លែង​ការងារ​ហ្នឹង»។​

វីអូអេ​ព្យាយាម​សុំ​ការ​អត្ថាធិប្បាយ​ពី​ប្រធាន​ផ្នែក​ធនធាន​មនុស្ស​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ លោក​ Hein Dames ​ចំនួន​ប៉ុន្មាន​ដង​ចុង​ក្រោយ​នេះ​ ទាំង​តាម​អ៊ីមែល​ និង​ទូរស័ព្ទ​ តែ​លោក​មិន​ឆ្លើយ​តប​ និង​ពេល​ខ្លះ​ លោក​បដិសេធ​មិន​អត្ថាធិប្បាយ។​

អ្នកស្រី ​ចក់​ សុភាព ​នាយិកា​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​បាន​ជំរុញ​ឲ្យ​ក្រសួង​ការងារ​ពិនិត្យ​ថា​ តើ​ការ​បញ្ឈប់​បុគ្គលិក​ទាំង​នោះ ​ឈរ​លើ​មូលដ្ឋាន​ស្រប​ច្បាប់​ដែរ​ឬ​យ៉ាង​ណា?​និង​ថា​ តើ​មាន​ការ​រើសអើង​និង​ដៅ​មុខ​សញ្ញា​តំណាង​សហជីព​ឬ​អត់។?​នេះ​បើ​តាម​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​អ្នកស្រី​ដែល​បង្ហោះ​នៅ​ថ្ងៃ​សុក្រ​នេះ។​

លោក​ ហេង សួរ​ អ្នក​នាំពាក្យ​ក្រសួង​ការងារ​បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះថាករណី​នេះបើ​យោង​តាម​ច្បាប់ ​និង​នីតិវិធី​គឺ​មិន​បញ្ជូន​ទៅ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​វិញ​ទេ ​ដោយ​សារ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​បាន​បើក​សវនាការ​ និង​ចេញ​សេចក្តី​បង្គាប់​រួច​ហើយ។​លោក​បន្ថែម​ថា ​ករណី​នេះ ​ត្រូវ​ប្តឹង​ទៅ​តុលាការ​ការងារ​ប៉ុន្តែ​ដោយ​សារ​តែ​កម្ពុជា​មិន​ទាន់​មាន​តុលាការ​ការងារ​ដូច្នេះ​ភាគី​ទាំង​ពីរ​ត្រូវ​បន្ត​នីតិវិធី​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ។

នៅ​ថ្ងៃ​សុក្រ​នេះ​ បុគ្គលិក​ណាហ្គាវើលដ៍​នៅ​តែ​បន្ត​ធ្វើ​កូដ​កម្ម​ដដែល។​

គួរ​បញ្ជាក់​ថា​ កាល​ពី​ចុង​ខែ​មេសា​ ឆ្នាំ​២០២១ ​ ក្រុមហ៊ុន​ណាហ្គាវើលដ៍​ ត្រូវ​សហជីព​នៅ​ក្រុមហ៊ុន​នេះ​ចោទ​ប្រកាន់​ថា​បាន​កាត់​បុគ្គលិក​ចេញ​ពី​ការងារ​ជាង​១.៣០០​នាក់​ទាំង​បង្ខំ​ដោយ​មិន​ផ្តល់​អត្ថ​ប្រយោជន៍​ផ្សេង​ទៀត​ ក្នុង​នោះ​ ក៏​មាន​ប្រាក់​អតីត​ភាព​ការងារ​ផង​ដែរ។​ ក្នុង​ចំណោម​បុគ្គលិក​ជាង​១.៣០០​នាក់​នោះ​ មាន​បុគ្គលិក​ចំនួន​ប្រមាណ​២៧៩​នាក់​ ដែល​ជា​ថ្នាក់​ដឹកនាំ​ សកម្ម​ជន​សហជីព​ និង​បុគ្គលិក​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​កំពុង​ទាម​ទារ​ឲ្យ​បាន​ចូល​ធ្វើ​ការ​វិញ៕​

ប្រភព៖ VOA

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...