វិភាគ៖ តើវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ផ្ដើមចេញពីបញ្ហាអ្វី?

06
មករា

វិភាគ៖ តើវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ផ្ដើមចេញពីបញ្ហាអ្វី?

គិតត្រឹមសប្ដាហ៍ទី១ ខែមករានេះ បុគ្គលិក​ណាហ្គាវើលដ៍ចំនួន២៦នាក់ដែល​ភាគច្រើន​ជា​ស្ត្រីនិង​ជាមេដឹកនាំ​សហជីព ក្នុង​នោះមា​ន​ទាំង​កញ្ញា ឈឹម ស៊ីថរ ផង​នោះ ត្រូវ​បាន​អា​ជ្ញា​​ធរ​ឃាត់ខ្លួន​ជា​បន្ត​បន្ទាប់ ដោយ​ចោទ​ថា ពួក​គេ​ធ្វើបាតុកម្មខុសច្បាប់។

ចំណាត់ការរបស់អាជ្ញាធររាជធានីភ្នំពេញ​នេះបានធ្វើឡើង​ក្រោ​​យ​​​ពីបុគ្គលិក​ណាហ្គាវើលដ៍​​​​ជា​ច្រើន​​រយ​នាក់បាន​ប្រមូល​ផ្ដុំគ្នា​តវ៉ា​ដោយ​សន្តិវិធី រយៈពេលប្រមាណកន្លះខែមក​ហើយ​ ដើម្បី​ទាម​ទារ​ទៅ​ថៅកែ ឱ្យយក​តំ​​ណាង​ពួក​គេ​៣៦៥នាក់ចូលធ្វើការ​វិញ ក្រោយ​ពីថៅកែបញ្ឈប់ពីការ​ងារ។

តែយ៉ាងណា តំណាងអយ្យការសាលាដំបូងរាជធានីភ្នំ​ពេ​ញ លោក សេង ហៀង និងអាជ្ញាធររាជធានីភ្នំពេញ បាន​បក​ស្រាយប្រ​ហាក់​ប្រហែល​គ្នាក្នុង​សន្និសីទកា​សែ​តរួមគ្នាមួយកាលពីថ្ងៃអង្គារម្សិលមិញ​ពី​មូល​ហេតុ​នៃ​ការចាប់ខ្លួន​អ្នកតវ៉ាទាំងនោះ។

លោក សេង ហៀង បានគូសបញ្ជាក់ថា ចំណាត់ការចាប់ខ្លួន​នេះជា​ការ​ទប់​ស្កាត់​ការតវ៉ាដោយខុសច្បាប់ ដែលថា ពួក​គេមានការរៀបចំដោយអង្គការចាត់តាំងច្បាស់លាស់ រួមទាំងមានការផ្ដល់​ការ​ឧបត្ថម្ភ​ប្រាក់​ពី​ក្រៅប្រទេសដើម្បី​ធ្វើ​សកម្ម​ភាព​ ដែល​លោកប្រើពាក្យថាជាក្រុម «ទុច្ចរិតមាន​បំណង​បង្កចលាចលដល់សន្តិសុខសង្គម»

លោកថា៖ «ជំនួយនេះមា​ន​​រហូត​ដល់​រាប់​សិបម៉ឺន​​ដុល្លារ! បង​ប្អូន​អ្នកសារព័ត៌មាន និងសា​ធា​រណ​មតិសូម​ជ្រាប មិនមែនជារឿងតូចទេ។ អ្នកឯងមានរឿងអីបានទទួល ដែលគេហៅថា ទទួ​យ​លុយ​ពីក្រៅប្រទេសនិងក្នុងប្រទេស ដើម្បីមកធ្វើចលនា»។

តែផ្ទុយ​ពី​នេះ ក្រុម​ប្រតិភូចរចា​វិវាទការងារនៅក្រុមហ៊ុន​​​ណាហ្គា​វើលដ៍ដែល​ជាភាគីសហជីព បាន​លើក​ឡើ​ង​​ក្នុ​​​ងសេចក្ដីប្រកាសចុះថ្ងៃទី១ ខែ​មករា ឆ្នាំ២០២២ ថាកូដកម្មរបស់ពួកគេនេះបាន​បំពេញ​គ្រប់​នីតិវិធី​ច្បាប់​ត្រឹម​ត្រូវ ដូ​​ចជា ការបោះឆ្នោតផ្ទៃក្នុង​មុនធ្វើកូដកម្ម រួមទាំងបានជូនដំណឹងទៅភាគីពាក់ព័ន្ធ ប៉ុន្តែ​បែរជា​តុលា​កា​​រនិងអាជ្ញាធរចោទប្រកាន់​ថាជាបាតុក​ម្ម​​ខុសច្បាប់ទៅវិញ។

ក្រុមសហជីពទាំងនោះបានចាត់ទុកការចោទប្រកាន់និងវិធានចាប់ខ្លួនអ្នកតវ៉ានេះថា៖ «អាជ្ញាធ​រ​​កំ​ពុងតែលើ​កទឹ​កចិត្តដ​​​ល់​​​និ​​យោជក [ថៅកែក្រុមហ៊ុ​ន​​​​] បន្តរំលោភច្បាប់ ដែលធ្វើឱ្យប៉ះពា​ល់​​ដ​ល់មុខមា​ត់រដ្ឋា​​ភិបាល​ទាំ​ងនៅក្នុងតំ​​បន់និងអន្តរជាតិ»។ 

ការបកស្រាយមិនស៊ីចង្វាក់គ្នានេះបង្កើត​ជាសំណួរ​ថា តើវិវាទនៅ​ក្រុម​ហ៊ុនកាស៊ីណូ​ណាហ្គាវើលដ៍នេះផ្ដើមចេញពីបញ្ហាអ្វី?

មន្ត្រីសម្របសម្រួលនៅមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក ឃុន ថារ៉ូ មើលឃើញថា ដើម​ច​មនៃវិវាទនៅក្រុម​ហ៊ុនមួយនេះ​មាន​ឫសគល់ចេញពីវិវាទ​ការងារ​សុទ្ធសាធ ដែល​​បង្កឡើងពីបញ្ហា​ចម្បង៣។ បញ្ហាចម្បងទី១ លោកថា ដោយសារក្រុមហ៊ុនខ្វះឆន្ទៈ​សហការ​ជា​​មួ​​យ​សហជីព​ក្នុង​ការ​ជំរុញ​លក្ខខណ្ឌការងារ តែបែរជាមើលសហជីពថាជាអ្នកគំរាមកំ​ហែ​ងដល់មុខរបររបស់ក្រុមហ៊ុន។

កូដករតវ៉ានៅម្ដុំណាហ្គាវើលដ៍២ ជិតរដ្ឋសភា ទាមទាររកដំណោះស្រាយការងារ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។
                  កូដករតវ៉ានៅម្ដុំណាហ្គាវើលដ៍២ ជិតរដ្ឋសភា ទាមទាររកដំណោះស្រាយការងារ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

បញ្ហាចម្បងទី២ លោកថា​ មកពី​ស្ថាប័នរដ្ឋខ្វះអព្យាក្រឹត្យ​​ភាព និង​គ្មាន​ឥទ្ធិពលទៅ​​ជំរុញ​ឱ្យភា​​​គីក្រុម​​ហ៊ុ​ននោះគោរពច្បាប់ ធ្វើឱ្យបុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងារបាត់បង់ផលប្រយោ​ជ​ន៍​ និង​កត្តាច​ម្បងមួយ​ទៀត គឺការរើសអើងសហជីព។

លោក ឃុន ថារ៉ូ បន្ថែម​ថា៖ «ការបញ្ឈប់ដែលមានទាំងថ្នាក់ដឹកនាំសហជីព ហើយនិងសកម្មជនសហជី​​ព និងប្រតិភូបុគ្គលិកហ្នឹង វាជាចេតនាចង់រំលាយសហជីព ហើយជាទម្រង់នៃការរើ​សអើង​»។

បើតាមលោក ថារ៉ូ ការ​ដែល​លោក​មើល​ឃើញ​បែប​នេះ ដោយសារ​តែ​ក្រុមហ៊ុន​បញ្ឈប់​មេដឹក​នាំសហជីព​ពេល​នេះបានធ្វើឡើងក្រោយពីមេដឹកនាំសហជីព កញ្ញា ឈឹម ស៊ីថរ បានទាមទារដំឡើង​ប្រាក់ខែ​ឱ្យ​បុគ្គលិកបាន​សម្រេចកាលពី​អំឡុងឆ្នាំ២០​២០។

លោកបន្តថា ការណ៍នេះដូចគ្នា​ទៅនឹង​ឆ្នាំ២០០៩ ដែលក្រុមហ៊ុនណាហ្គាវើលដ៍បានរំ​លា​យ​​​សហជីពចោ​លម្ដងហើយ នៅ​ពេល​ដែ​​លបុគ្គលិកប្រើប្រាស់សិទ្ធិបង្កើតឱ្យមានអង្គការ​វិជ្ជា​ជីវៈ ឬ​ហៅថាសហជីពនេះនៅកន្លែងការ​ងារ ដើ​ម្បីជំរុញលក្ខ​ខណ្ឌ​​កា​រងារ។ ប៉ុន្តែលោក ឃុន ថារ៉ូ យល់ថា វិវាទនេះ​អាច​ដោះស្រាយបាន បើភាគីក្រុមហ៊ុនមានឆន្ទៈ​ដោះស្រាយតាម​ច្បាប់​ស្ដីពីការងា​រ ដោយស្វែង​រ​ក​អាជ្ញាកណ្ដាលដែលភាគីបុគ្គលិកអាចទុកចិត្តបាននោះ។

លោកថា៖ «យើងអាចយកអាហ្នឹង [វិវាទការងារ] ទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល ហើយដោះស្រា​យនៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល ហើយភាគីផ្ដល់ភស្តុតាងផ្ដល់អំណេះអំណាងផ្លូវច្បាប់ហ្នឹងទៅ ហើយបន្ទាប់មកយកលក្ខខណ្ឌចងកាតព្វកិច្ចថា រាល់សេចក្ដីសម្រេចរបស់ក្រុមប្រឹ​ក្សាអាជ្ញាកណ្ដាលយ៉ាងណា យើងទទួលយកយ៉ាងហ្នឹង […] ខ្ញុំគិតថា អាហ្នឹងក៏ជាដំណោះស្រា​យដែរ តែបើនៅតែប្រើប្រាស់ទម្រង់​គំរាមកំហែង ដាក់សម្ពាធការចោទប្រកាន់នេះ មិនអាចដោះស្រាយវិវាទនេះបានទេ»។

លោក អន ណន ជាមេធាវីនៅអង្គការ​មួយ មើល​ឃើញ​ថា ដើម​ហេតុ​នៃ​វិវាទ​នេះកើត​ចេញ​ពីការ​ដែលស​ហជីព​ទាម​ទារ​ដំឡើង​ប្រាក់​ឈ្នួល បន្ទាប់​មក​ក្រុម​ហ៊ុន​មាន​​ផែន​ការ​​កាត់​​បន្ថយបុគ្គលិក​​​រហូត១ ៣២៩នាក់ ដែលថា ​ក្នុង​នោះមានទាំងថ្នាក់ដឹកនាំសំខាន់ៗ សមាជិក​សហជីពសកម្ម​ និង​ប្រ​តិ​ភូ​​បុគ្គលិក។

លោក​កត់​សម្គាល់​ថា បច្ចុប្បន្ន បុគ្គលិក​​ដែល​ក្រុមហ៊ុន​បញ្ឈប់​ពី​ការ​ងារមាន​ជាង១ ០០០​នាក់ហើយ ព្រមទទួល​យក​​សំណង​​ពី​​​ក្រុម​​ហ៊ុន តែដោយ​ឡែក​នៅ​សល់៣៦៥នាក់ដែ​​​លភាគច្រើនជាថ្នាក់ដឹកនាំ​​សហជីពនិង​សមាជិក​ រួមទាំង​ប្រតិភូបុគ្គលិក នៅបន្តទាម​ទា​រចូលធ្វើវិញ។

បើតាម​លោក អន ណន ការ​កាត់​បន្ថយ​បុគ្គលិកដែលធ្វើឡើង​ដោយ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍នេះ មិន​បាន​អនុលោម​តាម​ច្បាប់​ការ​ងារ ត្រង់​មាត្រា​៩៥ ដែល​ចែង​ពី​អតីតភាពការងារ និងច្បាប់​សហជីព ត្រង់​មាត្រា​៦៧ ដែល​តម្រូវ​ឱ្យ​មាន​ការ​ឯកភាព​ពី​ក្រសួង​ការងារ​ជាមុន​សិន ទើបអាច​បញ្ឈប់​ការ​ងារ​ពួក​គេបាន ខណៈ​ពួក​គេ​ទាំង​នោះត្រូវ​បាន​ថៅកែបញ្ឈប់ពីការងារ​តាំងពីឆ្នាំ២០២០មកម្ល៉េះ​ ទាំង​គ្មាន​ការ​ឯកភាពពីក្រសួងការងារ។

លោកថា៖ «មកដល់ពេលនេះ យើងអត់មានការឯកភាពពីខាងក្រសួងទេ ហើយមានការបញ្ឈ​ប់ប្រតិភូបុគ្គលិកទាំងអស់។ ហើយត្រូវពិនិត្យមើលទៀតថា អាការកាត់បន្ថយហ្នឹងមានការរើសអើង[សហជីព] ឬក៏អត់? បើរើសអើង វាបំពានទៅនឹងច្បាប់ការងារ មាត្រា១២ ហើយនិង​២៧៩ ដែ​ល​​មិនអនុញ្ញាតឱ្យបញ្ឈប់ថ្នាក់ដឹកនាំ​សហជីពទេ ទោះជាបានគិត[ផ្ដល់សំណង]ជំងឺ​ចិត្តក៏ដោ​យ»។

ប៉ុន្តែលោកថា វិវាទនេះអាចដោះស្រាយបាន បើស្ថាប័នរដ្ឋអាចជំរុញឱ្យភាគីក្រុមហ៊ុនអនុវត្តតាមច្បាប់ដែលកំពុងមានជាធរមានទាំងនេះ។

លោកថា៖ «បើសិនជាអនុវត្តឱ្យបាន​ត្រឹម​ត្រូវ​តាម​ច្បាប់​ ​វាមិ​ន​មាន​ជម្លោះទេ​ ហើយ​សុំកុំឱ្យ​លើ​​ក​យក​​បញ្ហា​នេះ​បញ្ហា​នោះ​នៅ​ពីក្រោយ។ បុគ្គលិកណាហ្គាវើលដ៍មានការទាមទារ​ច្បា​​ស់​លា​​ស់ គឺ​គ្រាន់​តែ​អ្នក​ដែល​ព្រម​ឈប់ គិត​លុយ​ឱ្យ​ត្រូវ!​ អ្នក​ដែល​សុំចូល​វិញ ឱ្យគេចូលវិញ​ទៅ! ច​​ប់ហើយ! បើមិន​មាន​ការ​ងារ​ធ្វើ​គ្រប់​គ្រាន់ អាចព្យួរ​សិន​ទៅ​ក៏​បាន ហើយកាត់អ្នកដែ​លមានអតីតភាព​ការ​ងារតិចហ្នឹងមុនទៅ ឬឱ្យអ្នកដែលស្ម័គ្រចិត្តឈប់ទៅ។ តែសុំចែកឱ្យ​ដា​​ច់​រឿងថា ហៅទៅ​គិត​លុយ តាមច្បាប់ទាំងអស់ឱ្យឈប់ ហើយថាអនុវត្តត្រឹមត្រូវតាមច្បា​ប់ គឺមិ​នត្រឹ​មត្រូវទេ»។

នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៅអង្គការលីកាដូ លោក អំ សំអាត មើលឃើញថា ចំណាត់ការចាប់ខ្លួនបុគ្គលិកណាហ្គាវើលដ៍ ជារឿងបង្វែរ​ការចាប់អារម្មណ៍ពីវិវាទការងារទៅជារឿងព្រហ្មទណ្ឌវិញ ដូចចំណាត់ការលើអ្នកមានជម្លោះដីធ្លីកន្លងទៅដែរ។ ប៉ុន្តែលោក​យល់​ថា បើគ្មាន​អ្វី​ប្រែប្រួល​ទេ ចំណាត់ការបែបនេះ ក្រុមហ៊ុននឹងចំណេញ ដោ​យ​សារ​ក្រុម​ហ៊ុន​អាចរួច​ខ្លួន​​ពី​​ការ​​ទទួល​ខុស​ត្រូវទូទាត់សំណងតាម​ច្បាប់​ រីឯរដ្ឋាភិបាលនឹងរងការរិះគន់រឿង​សិទ្ធិ​មនុស្ស​។

កូដករតវ៉ានៅម្ដុំណាហ្គាវើលដ៍២ ជិតរដ្ឋសភា ទាមទាររកដំណោះស្រាយការងារ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។
                កូដករតវ៉ានៅម្ដុំណាហ្គាវើលដ៍២ ជិតរដ្ឋសភា ទាមទាររកដំណោះស្រាយការងារ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

លោក​ថា៖ «ផលជះ វាអាចមកលើអាជ្ញាធរនិងរដ្ឋាភិបាលទៅវិញ ដែលនាំឱ្យគេភ្លេចពីរឿងក្រុ​​ម​ហ៊ុនណាហ្គាវើលដ៍ និងបុគ្គលិកដែលមានទំនាស់វិវាទការងារ​នឹងគ្នា ហើយគេបែរជាមកចាប់អារម្មណ៍រឿងប៉ះទង្គិចរវាងអាជ្ញាធរនិងកូដករទៅវិញ។ អ៊ីចឹងហើយវាមិនខុសពីមុនៗទេ ប៉ះពាល់ទៅដល់សិទ្ធិមនុស្សហ្នឹង»។

យ៉ាងណា អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស លោ​ក ឃុន ថារ៉ូ បារម្ភថា បើរដ្ឋាភិបាលមិនអាចដោះស្រាយវិវាទការងារនៅណាហ្គាវើលដ៍នេះឱ្យ​មា​នតម្លាភាពដូចមានចែងក្នុងច្បាប់ទេ បញ្ហានេះ វានឹងជះឥទ្ធិពលទៅដល់ក្រុមហ៊ុននិ​ង​ស​ហគ្រាសផ្សេងៗទៀត ហើយវានឹងមានការចោទសួរថា «តើរដ្ឋាភិបាលបង្កើតច្បាប់មកដើម្បីអ្វី?»

លោកថា៖ «យើងអាចនិយាយបានថា ចុះច្បាប់នៅក្នុងប្រទេសកម្ពុជា ច្បាប់ស្ដីពីការងារដែលអនុម័តដោយសភា ឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ កាលពីឆ្នាំ១៩៩៧មក ច្បា​​​ប់​ស្ដីពីសហជីពយើងហ្នឹងប្រើប្រាស់ដើម្បីអី? អ៊ីចឹងវាធ្វើឱ្យការរំលោភសិទ្ធិការងារហ្នឹងកា​ន់​តែ​ច្រើនទៅៗ ហើយវាអាចនឹងបង្កើតនូវអំពើអយុត្តិធម៌ ការកេងប្រវ័ញ្ច ការ​រំលោភសិ​ទ្ធិកា​​រងារទៅទីតាំងនិងកន្លែងការងារផ្សេងៗទៀត»៕

ប្រភព៖ VOD

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...