អាជ្ញាធរ​នៅ​តែ​បន្ត​ប្រើ​អំពើ​ហិង្សា​បង្ក្រាប​ក្រុម​កូដករ​ណាហ្គាវើលដ៍ បង្ខំ​ឱ្យ​ធ្វើ​ចត្តាឡីស័ក

11
មីនា

អាជ្ញាធរ​នៅ​តែ​បន្ត​ប្រើ​អំពើ​ហិង្សា​បង្ក្រាប​ក្រុម​កូដករ​ណាហ្គាវើលដ៍ បង្ខំ​ឱ្យ​ធ្វើ​ចត្តាឡីស័ក

អាជ្ញាធរ​ក្រុងភ្នំពេញ​នៅ​តែ​បន្ត​បង្ក្រាប និង​ប្រើ​អំពើ​ហិង្សា​លើ​ក្រុម​កូដករ​ណាហ្គាវើលដ៍ (Naga World) ១៥៨នាក់​បន្ថែម​ទៀត ដោយ​ចាប់​បង្ខំ​ក្រុម​កូដករ​ឱ្យ​ធ្វើ​ចត្តាឡីស័ក ខណៈ​ពួក​គេ​តស៊ូ​បន្ត​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​ស្វែងរក​ដំណោះស្រាយ​វិវាទ​ការងារ​ជា​មួយ​ថៅកែ។ អង្គការ​សង្គម​ស៊ីវិល​នៅ​តែ​បន្ត​អំពាវនាវ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដាក់​សម្ពាធ​ដល់​ក្រុម​កូដករ និង​ដោះលែង​តំណាង​ពួក​គេ​ឱ្យ​មាន​សេរីភាព ដើម្បី​ចរចា​ជាមួយ​ថៅកែ​ណាហ្គាវើលដ៍​ដោយ​ស្មើភាព។

អាជ្ញាធរ​ក្រុង​ភ្នំពេញ​បាន​ប្រើ​អំពើ​ហិង្សា​រុញច្រាន​អូស​សែង​ក្រុម​កូដករ​ណាហ្គាវើល៍​ បញ្ជូន​ទៅ​មណ្ឌល​ចត្តាឡីស័ក​ព្រែកព្នៅ​ទាំង​កម្រោល​នៅ​រសៀល​ថ្ងៃ​ទី១១ មីនា។ ចំណាត់​ការ​ចាប់​បង្ខំ​របស់​អាជ្ញាធរ​នេះ ​បណ្ដាល​ឱ្យ​កូដករ​មួយ​ចំនួន​រង​របួស ​ដោយ​មាន​ស្នាម​ជាំ​លើ​ដង​ខ្លួន ដៃ​ជើង និង​ក ជា​ដើម។

កូដករ និង​ជា​បុគ្គល​កាស៊ីណូ​ណាហ្គាវើលដ៍ (Naga World) កញ្ញា ពៅ រស្មី ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅថ្ងៃទី១១មីនា​ ថា​អាជ្ញាធរ​ក្រុង​ភ្នំពេញ​បន្ត​ពង្រាយ​កម្លាំង​សន្តិសុខ និង​បាន​បង្ក្រាប​ក្រុម​កូដករ​ទាំង​ប្រើ​អំពើ​ហិង្សា​កាន់​តែ​ខ្លាំង​ជាង​មុន​ក្នុង​ការ​បញ្ជូន​ពួកគេ​ឱ្យ​ទៅ​មណ្ឌល​ចត្តាឡីស័ក​ជាថ្មី​ម្ដង​ទៀត។ កញ្ញា​បន្ត​ថា ការ​បង្ក្រាប​របស់​អាជ្ញាធរ​បាន​ធ្វើ​ឱ្យ​កូដករ​ជា​ច្រើន​នាក់​រង​របួស ដោយសារ​តែ​កម្លាំង​សន្តិសុខ​ចាប់​ទាញ​អូស​សែង​ក្រុម​កូដករ​ញាត់​បញ្ចូល​រថយន្ត​ក្រុង​ និង​ប្រើ​ពាក្យ​សម្តី​អសីលធម៌​ស្រែក​សម្លុត​គំរាម​កំហែង​ដល់​ក្រុម​កូដករ៖ «វា​អាក្រក់​មើល​ខ្លាំង​ណាស់​ពួក​ខ្ញុំ​គ្រាន់​ជា​ក្រុម​កូដករ ប្រើ​វិធានការ​ដដែលៗ សាហាវ​ឃោរឃៅ។ សូម្បី​តែ​ខ្ញុំ​អាជ្ញាធរ​ចាប់​ខ្ញុំ​ទម្លាក់​ខ្ញុំ​បុក​នឹង​ដែក​ឡាន ហើយ​គ្នា​ខ្ញុំ​ជាំ​ដៃ​ជើង។ យក​ពួក​ខ្ញុំ​ដូច​ដាក់​ក្នុង​គុក»

 

កូដករ​ម្នាក់​ទៀត​ កញ្ញា ឡាយ សុភ័ក្រ្តា​ ឱ្យ​ដឹង​ថា​ ពេល​អាជ្ញាធរ​ដឹក​ក្រុម​កូដករ​ទៅ​ដល់​មណ្ឌល​ចត្តាឡីស័ក​ អាជ្ញាធរ​បាន​ចាក់សោ​បង្ខាំង​ពួកគេ​ក្នុង​រថយន្តក្រុង​ដោយ​មិន​បាន​ឱ្យ​ក្រុម​កូដករ​ចុះចេញ​ពី​រថយន្ត​ភ្លាមៗ ​នោះ​ទេ​។ កញ្ញា​ចាត់​ទុក​ទង្វើ​អាជ្ញាធរ​បែប​នេះ​ថា​មាន​ចេតនា​ធ្វើ​ទារុណកម្ម​ក្រុម​កូដករ​ ដើម្បី​មិន​ឱ្យ​ក្រុម​កូដករ​ហ៊ាន​ងើប​តស៊ូ​ធ្វើ​កូដកម្ម​ឱ្យ​ថៅកែ​បន​ល្បែង​ណាហ្គាវើលដ៍​ចេញ​មុខ​ដោះ​ស្រាយ​វិវាទ​ការងារ​មួយ​នេះ។ កញ្ញា​បញ្ជាក់​ថា ចំនួន​កូដករ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​បញ្ជូន​ឱ្យ​ទៅ​ធ្វើ​ចត្តាឡីស័ក​ទាំង​បង្ខំ​នៅ​ពេល​នេះ មាន​ចំនួន​សរុប ១៥៨ ​នាក់៖ «អាជ្ញាធរ​ចាក់សោ​មិន​ឱ្យ​ពួក​ខ្ញុំ​ចុះ​ពី​លើ​ឡាន​ទេ​ មាន​អ្នក​ខ្លះ​ក្អួត​លើ​ឡាន។ ពួក​ខ្ញុំ​ខកចិត្ត​ខ្លាំង​ណាស់​គ្រាន់​តែ​ទាមទារ​ឆ្នាំងបាយ​ តែ​ត្រូវ​បាន​អាជ្ញាធរ​រារាំង​វាយ​ដុំ​ពួក​ខ្ញុំ»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​ អ្នក​នាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខសីហា និង​អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ​ ដើម្បី​បកស្រាយ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១១ ខែមីនា។

ប៉ុន្តែ​ ប្រធាន​អង្គភាព​រដ្ឋាភិបាល​ធ្លាប់​លើក​ឡើង​ថា ការ​បង្ក្រាប​ទៅ​លើ​ក្រុម​កូដករ​នេះ​មិនមែន​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​ឡើយ​ ប៉ុន្តែ​អនុវត្ត​ទៅ​តាម​វិធាន​សុខាភិបាល។

ទោះ​ជា​យ៉ាង​ណា​ក្ដី អ្នក​ជំនាញ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ​មើល​ឃើញ​ថា នេះ​ជា​ការ​រំលោភ​ទាំង​ស្រុង​លើ​សិទ្ធិ​ប្រមូលផ្ដុំ​ដោយ​សន្តិវិធី​របស់​ក្រុម​កូដករ​ណាហ្គាវើលដ៍។

កាល​ពី​ថ្ងៃ​ទី៧ មីនា អាជ្ញាធរ​​​ធ្លាប់​បាន​ចាប់​ខ្លួន​​ក្រុម​បុគ្គលិក​ណាហ្គាវើលដ៍ (Naga World) ១៨០នាក់ ដាក់​ចូល​ក្នុង​រថ​យន្ត​ក្រុង ដឹក​យក​ទៅ​ដាក់​នៅ​កន្លែង​ធ្វើ​ចត្តាឡីស័ក​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​ម្ដង​រួច​មក​ហើយ នៅ​ពេល​ពួក​គាត់​ធ្វើ​កូដកម្ម​ទាមទារ​ដំណោះស្រាយ​ការងារ​ពី​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍។ ក្រុម​កូដករ​អះអាង​ថា ក្រោយ​អាជ្ញាធរ​បញ្ជូន​ពួក​គេ​ទៅ​កន្លែង​ចត្តាឡីស័ក អាជ្ញាធរ​បាន​ទម្លាក់​ពួក​គេ​ចោល​នៅ​កន្លែង​គ្មាន​អនាម័យ និង​បាន​បង្អត់​បាយ​បង្អត់​ទឹក​ធ្វើ​ឱ្យ​កូដករ​ខ្លះ​ដួល​សន្លប់​ផង​ដែរ។

មក​ដល់​ពេល​នោះ មាន​ថ្នាក់​ដឹកនាំ និង​សមាជិក​សហជីព​ចំនួន ១១នាក់​ហើយ ដែល​ចូលរួម​ការ​តវ៉ា​រក​ដំណោះស្រាយ​ពី​ថៅកែ​ក្រុមហ៊ុន ប៉ុន្តែ​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ក្រោម​បទ​ចោទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ល្មើស​វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩។

ជុំវិញ​រឿង​នេះ អ្នក​គ្រប់គ្រង​កម្មវិធី​សិទ្ធិ​ការងារ នៃ​អង្គការ​សង់ត្រាល់ (Central) លោក ឃុន ថារ៉ូ មាន​ប្រសាសន៍​ថា​ការ​បង្ក្រាប​របស់​អាជ្ញាធរ​មក​លើ​កូដករ​ក្នុង​រូបភាព​ដដែល​នេះ គឺ​ជា​ទម្រង់​គាប​សង្កត់​រារាំង​មិន​ឱ្យ​ក្រុម​កូដករ​ចេញ​តវ៉ា​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី។ លោក​បន្ត​ថា បើ​ក្រសួង​ការងារ​មាន​ឆន្ទៈ​គួរ​តែ​ជំរុញ​ឱ្យ​មាន​ការ​ដោះ​លែង​តំណាង​ពួកគេ​ឱ្យ​មាន​សេរីភាព​ ដើម្បី​ចរចា​ជា​មួយ​ថៅកែ​ប្រកប​ដោយ​តម្លាភាព និង​យុត្តិធម៌៖ «ករណី​ឱ្យ​មាន​ការ​ដោះ​លែង​ថ្នាក់ដឹកនាំ​សហជីព​ឱ្យ​នៅ​ក្រៅ​ឃុំ​ ដើម្បី​អាច​ឱ្យ​ពួកគាត់​មាន​លទ្ធភាព​ចូល​តុ​ចរចា​។ អ្វី​ដែល​សំខាន់​នោះ​អាជ្ញាធរ និង​និយោជក​ត្រូវ​តែ​ចូល​រួម​មាន​ដំណោះស្រាយ​ បើ​បន្ត​ប្រើ​ទម្រង់​ហិង្សា​ កាន់​តែ​បង្កើន​ភាព​រ៉ាំរ៉ៃ»

ក្រុម​អ្នក​ជំនាញ​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ​អង្គការ​សង្គម​ស៊ីវិល និង​ក្រុម​សហជីព​រិះគន់ថា​ អាជ្ញាធរ​ក្រុង​ភ្នំពេញ​កំពុង​អនុវត្ត​វិធានការ​សុខាភិបាល​ដែល​មាន​ស្តង់ដារ​២ផ្សេងគ្នា​ រវាង​ក្រុម​កូដករ និង​សាធារណជន​ទូទៅ​ដែល​បង្ហាញ​ថា ​អាជ្ញាធរ​ប្រឹងប្រែង​រារាំង​សកម្មភាព​ស្របច្បាប់​របស់​កូដករ។ ម្យ៉ាង​វិញ​ទៀត​ទង្វើ​បង្ក្រាប​របស់​អាជ្ញាធរ​ម្ដង​ហើយ​ម្ដង​ទៀត​នេះ​ ត្រូវ​បាន​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​ចាត់​ទុក​ថា ជា​ការ​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ។
ពួកគេ​អំពាវនាវ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ក្រុម​កូដករ និង​ស្នើ​ឱ្យ​ក្រសួង​ការងារ​ជួយ​រក​យុត្តិធម៌​ដល់​ក្រុម​កូដករ និង​ជំរុញ​ឱ្យ​ភាគី​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ចេញ​មុខ​ដោះស្រាយ​បញ្ហា​វិវាទ​ការងារ​នេះ ព្រម​ទាំង​ដោះ​លែង​តំណាង​សហជីព​ទាំង ១១នាក់​ឱ្យ​មាន​សេរីភាព​វិញ​ដោយ​គ្មាន​លក្ខខណ្ឌ៕

ប្រភព៖ RFA

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...