ក្រសួង​ការងារ ​ជ្រើសរើស​កម្មករ​ជាង ​៧ ​ពាន់​នាក់​ទៀត​ ឱ្យចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ថ្នាក់​សញ្ញាបត្រ​បច្ចេកទេស​

15
សីហា

ក្រសួង​ការងារ ​ជ្រើសរើស​កម្មករ​ជាង ​៧ ​ពាន់​នាក់​ទៀត​ ឱ្យចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ថ្នាក់​សញ្ញាបត្រ​បច្ចេកទេស​

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​ក្នុងឆ្នាំនេះ ​ទទួលបាន​គោលការណ៍​ឱ្យ​ជ្រើសរើស​កម្មករ​ និយោជិត​ ប្រមាណ​ ៧ ៥០០ ​នាក់​បន្ថែម​ទៀត ​ឱ្យចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ពិសេស​ថ្នាក់​សញ្ញាបត្រ​បច្ចេកទេស​និង​វិជ្ជាជីវៈ ​ដោយ​ឥតគិតថ្លៃ ​ហើយ​បើ​ធៀប​នឹង​ឆ្នាំមុន ​មានការកើនឡើង​ ១ ០០០​ នាក់។ នេះ​បើតាម​លោក​ ថង សាម៉ុន ​អគ្គនាយករង​អប់រំ ​បណ្តុះបណ្តាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ។​

លោក​ ថង ​សាម៉ុន ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា​៖«ឆ្នាំនេះ​ យើង​ទទួលបាន​គោលការណ៍​ឯកភាព​ពី​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ហើយ​ឱ្យ​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ធ្វើការ​បណ្តុះបណ្តាល​ចំនួន​ ៧ ៥០០​ នាក់។ អ៊ីចឹង​ចំនួន​នេះ​ យើង​មាន​ការកើនឡើង​ ១ ០០០​ នាក់ ​បើ​ធៀប​នឹង​ឆ្នាំ ​២០២១»។​

លោក ​ថង សាម៉ុន ​បន្តថា​ វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នេះ​ គឺមាន​ការសិក្សា​រយៈពេល ​៤​ ខែ ​សម្រាប់​កម្មករ ​និយោជិត​ ដែល​បាត់បង់​ការងារ​ដោយសារ​ផលប៉ះពាល់ ​នៃ​ជំងឺ​កូវីដ ១៩​ ទៅលើ​មុខជំនាញ​បច្ចេកទេស ​និង​វិជ្ជាជីវៈ​សំខាន់ៗ​ ដែល​ទីផ្សារ​ការងារ​កំពុងមាន​តម្រូវការ​ខ្ពស់​នាពេល​បច្ចុប្បន្ន ​និង​ទៅ​អនាគត​ ឬ​អាច​ប្រកប​មុខរបរ​ដោយ​ខ្លួនឯង​បាន។​

កាលពី​ឆ្នាំ​ ២០២១ ​ក្រសួង​ការងារ ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ពិសេស​ថ្នាក់​សញ្ញាបត្រ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ១​ ម្តង​រួចមក​ហើយ​ដោយ​ឥត​គិតថ្លៃ​ និង​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​ចំនួន​ ២០​ ម៉ឺន​រៀល ​ក្នុង​ ១ ​ខែ​ សម្រាប់​រយៈពេល​ ៤​ ខែ ​ដល់​កម្មករ​និយោជិត​ ដែល​បាត់បង់​ការងារ ​ដោយសារ​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​ ១៩ ​ចំនួន ​៦ ៥០០​ នាក់​។ ក្នុង​ឆ្នាំ​ ២០២១ ​ក្រុមការងារ​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ទន់​ជូន​រោងចក្រ​សហគ្រាស​ចំនួន​ ១០៨ ​ដែលមាន​កម្មករ​ចូលរួម​សរុប ​៦៨ ០០០​ នាក់ ​(ស្រី​ ៥៤ ៧៩៩ ​នាក់)។ នេះ​បើតាម​លោក​ ថង ​សាម៉ុន។​

លោក​ សាម៉ុន ​ឱ្យដឹងថា​ សម្រាប់​ឆ្នាំ​ ២០២២​ នេះ ​គឺមាន​ការផ្លាស់ប្តូរ​លក្ខខណ្ឌ​មួយចំនួន ​ដោយ​ការផ្តល់​ប្រាក់​ឧបត្ថម្ភ​ជូន​កម្មករ​ចំនួន ​២០ ​ម៉ឺន​រៀល ​អាស្រ័យ​លើ​ស្ថានភាព​របស់​កម្មករ​ ដែល​ពួកគេ​ត្រូវមាន​បណ្ណ​ក្រីក្រ​។ ក្នុងករណី​កម្មករ​មិនមាន​បណ្ណ​ក្រីក្រ ​នឹងមិន​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​នេះ​ទេ។​

​លោក​បញ្ជាក់ថា​៖ «ផែនការ​ ២០២២​ គឺ​នៅពេល​យើង​ឱ្យ​លុយ​ពួកគាត់ ​លុះត្រាតែ​គាត់​ [មាន]​ បណ្ណ​សមធម៌​ប្រភេទ ​១ ​និង​ប្រភេទ​ ២ ​ទើប​ទទួល​ប្រាក់​ឧបត្ថម្ភ​ ២០​ ម៉ឺន​រៀល ​តែ​នេះ ​យើង​មិនទាន់​សម្រេច​ជា​ផ្លូវការ​ទេ​។ ចំណុច​នេះ​[យើង]​កំពុង​រង់ចាំ​ការដំណើរការ ​ពី​ឯកឧត្តម​រដ្ឋមន្ត្រី​ [អុិត សំហេង] ព្រោះ​យើង​រង់ចាំ​ការផ្តល់​យោបល់​ពី​គាត់»។​

 

លោក ​ឃុន ថារ៉ូ ​អ្នកគ្រប់គ្រង​កម្មវិធី​ការងារ ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ ​និង​សិទ្ធិមនុស្ស​របស់​អង្គការ​សង់​ត្រាល់​ លើកឡើង​ពី​ការអនុវត្ត​កម្មវិធី​ជាច្រើន​ក្នុងការ​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ខ្លី​ទៅកាន់​កម្មករ ​កម្មការិនី​។ លោក​ថា ​ការផ្តល់​វគ្គ​បណ្តុះបណ្តាល​នេះ ​គឺជា​រឿង​វិជ្ជមាន​ ១ ​ក្នុង​ការផ្តល់​ជំនាញ​វិជ្ជាជីវៈ​ផ្សេងទៀត​ទៅកាន់​កម្មករ ​ព្រោះ​កម្មករ ​មិនត្រូវ​មាន​ជំនាញ​តែ​ ១​ មុខៗ​នោះ​ទេ។​

លោក​បញ្ជាក់ថា​៖ «កម្មករគាត់​ត្រូវតែ​មាន​ពហុជំនាញ​មួយ​ដើម្បី​ឆ្លើយតប​ទីផ្សារ ​និង​មុខរបរ​នៅក្នុង​ស្រុក​ខ្មែរ​យើង​។ បើ​យើង​គិតពី​ទំហំ​នៃ​កម្មករ ​ពលកម្ម​របស់​យើង​ក្នុងស្រុក​នេះ ភាគច្រើន ​គឺ​កម្មករ ​គាត់​ទទួល​បានតែ​ជំនាញ ​ដែល​មិនមែន​ជា​ពហុ​ជំនាញ​។ ដូច​គាត់ ​ជា​កម្មករដេរ ​គាត់​ចេះតែ​ដេរ ​ហើយ​រាប់​ឆ្នាំ»។​

ទន្ទឹមនឹង​ការផ្តល់​វគ្គ​បណ្តុះបណ្តាល​នេះ ​លោក​ឃុន ​ថារ៉ូ ​ក៏​ចង់ឃើញ​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បង្កើន ​និង​ជំរុញ​ឱកាស​ការងារ​ក្នុងស្រុក ​ឱ្យ​កាន់តែច្រើន​បន្ថែមទៀត ​ដើម្បីឱ្យ​ពលរដ្ឋ ​ជាពិសេស​កម្មករ ​អាច​ចាប់យក​ជំនាញ​ការងារ​ទាំងនោះ ​ក្រោយ​ទទួលបាន​វគ្គ​បណ្តុះបណ្តាល​ទាំង​នេះ។​

កាលពី​ថ្ងៃទី​ ៤ ​សីហា ​ក្រសួង​ការងារ ​បានបង្ហាញ​ការស្ទង់មតិ​មួយ ​ដោយ​រកឃើញថា ​អ្នកទទួល​បាន​ការបណ្តុះ​បណ្តាល​ពី​ជំនាញ​បច្ចេកទេស ​និង​វិជ្ជាជីវៈ ​ឬ​ TVET ​ពី​កម្រិត​ ១ ​ដល់​កម្រិត​ ៤ ​ទទួលបាន​តួនាទី ​ជា​អ្នកបច្ចេកទេស​ខ្ពស់ ​ដល់​ទៅ​ជាង ៤៥​ ភាគរយ ​និង​កម្រិត​អ្នកគ្រប់គ្រង​មាន​ជាង​ ១៧ ​ភាគរយ​ ខណៈ​មុខរបរ​មួយចំនួន ​​ប្រហែលជា​មិន​ទាក់ទង​នឹង​ជំនាញ​មាន ​១៩ ​ភាគរយ៕

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...