សេចក្តីថ្លែងការណ៍រួម៖ ការឃាត់ខ្លួននិង​ប្រើហិង្សា​យ៉ាង​អាក្រក់លើសារព័ត៌មាន​និងសកម្មជន នៅតំបន់ភ្នំតាម៉ៅ

19
សីហា

សេចក្តីថ្លែងការណ៍រួម៖ ការឃាត់ខ្លួននិង​ប្រើហិង្សា​យ៉ាង​អាក្រក់លើសារព័ត៌មាន​និងសកម្មជន នៅតំបន់ភ្នំតាម៉ៅ

រាជធានីភ្នំពេញ, ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២

យើងខ្ញុំ ជាអង្គការលើកកម្ពស់សេរីភាពសារព័ត៌មាន សិទ្ធិមនុស្ស និង​សង្គមស៊ីវិល ដែល​មាន​រាយនាម​ដូច​ខាងក្រោម សូមសម្ដែង​ការ​សោកស្ដាយ​យ៉ាងខ្លាំង​ចំពោះ​ការប្រើប្រាស់​អំពើហិង្សា ការឃាត់ខ្លួនតាមទំនើងចិត្ត និងការបំភិតបំភ័យអ្នក​សារព័ត៌មាន​ចំនួន៥នាក់និងសកម្មជនចំនួន៤នាក់កាលពីពេលថ្មីៗនេះពី​សំណាក់​​មន្ត្រី​កង​អង្គរក្សនាយករដ្ឋមន្ត្រី​នៅតំបន់ព្រៃភ្នំតាម៉ៅ។

អ្នកសារព័ត៌មានចំនួន៥នាក់មកពីអង្គភាពសារព័ត៌មានឯករាជ្យ វីអូឌី(VOD)និងយុវជនខ្មែរថាវរៈចំនួន៤នាក់ត្រូវបានឃាត់ខ្លួនដោយអយុត្តិធម៌អស់រយៈពេល​ប្រមាណ៧ម៉ោងកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។ អ្នកទាំងនោះ​ត្រូវបានឃាត់​ខ្លួននៅក្នុងព្រៃភ្នំតាម៉ៅកាលពីព្រឹកថ្ងៃអង្គារ ដោយមន្ត្រីកងអង្គរក្សរបស់នាយករដ្ឋមន្ត្រី (BHQ) និងបញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី ខេត្តតាកែវ។

អាជ្ញាធរបានប្រាប់អ្នកកាសែត វីអូឌី ថាពួកគេមិនត្រូវបានអនុញ្ញាតឱ្យថតរូប វីដេអូ ឬបង្ហោះ​ដ្រូន​នៅភ្នំ​​តាម៉ៅទេ ដោយអះអាងថារូបថតនិងវីដេអូទាំងនោះ​អាចត្រូវបានប្រើប្រាស់ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត។ ការចោទប្រកាន់នោះមិនសមហេតុផលឡើយ ហើយយើងខ្ញុំ​មិនអាចទទួលយកការរឹតត្បិតតាមអំពើចិត្តលើអ្នកសារព័ត៌មាន​ឡើយ។

យើងខ្ញុំក៏សម្ដែង​ការ​សោកស្ដាយ​ផងដែរចំពោះការប្រើអំណាចដោយខុសច្បាប់របស់អាជ្ញាធរនិងការប្រើអំពើហិង្សា​លើរូប​រាងកាយ​លើអ្នកសារព័ត៌មាន​និងសកម្មជន ហើយយើងអំពាវនាវឱ្យមានការស៊ើបអង្កេតដោយឥតលម្អៀងលើហេតុការណ៍​នេះ ក៏ដូចជា​ផ្តន្ទាទោសចំពោះអាជ្ញាធរណាដែលប្រព្រឹត្តល្មើសនឹងច្បាប់និងផ្តល់យុត្តិធម៌សម្រាប់ជនរងគ្រោះ។

អ្នកថតវីដេអូរបស់វីអូឌីម្នាក់ត្រូវបានមន្រ្តីកងអង្គរក្សទះកំផ្លៀងនៅពេលដែលគាត់បដិសេធមិនប្រគល់ទូរសព្ទដែលគាត់ប្រើដើម្បីថតនៅពេលដែលកងអង្គរក្សសួរនាំសហការីរបស់គាត់។

លោក ហ៊ី ឆាយ ជាអ្នកថតវីដេអូរបស់ វីអូឌីនិងជនរងគ្រោះដោយកងអង្គរក្សទះកំផ្លៀងបាននិយាយថា «ខ្ញុំកំពុងដើរទៅវត្ត [ក្នុងព្រៃភ្នំតាម៉ៅ] និងឮថាសហការីត្រូវឃាត់ខ្លួន។ ខ្ញុំក៏​ត្រលប់​ទៅរកពួក​គាត់​វិញនិងដក​ទូរសព្ទដើម្បីថតទុកជាឯកសារ ស្រាប់តែមានអង្គរក្សម្នាក់ដើរមករកខ្ញុំ និងប្រាប់ខ្ញុំកុំឱ្យថតហើយគាត់ចង់យកទូរសព្ទពីខ្ញុំប៉ុន្តែខ្ញុំមិនឱ្យ។ គាត់​ក៏​ទះ​កំផ្លៀង​ខ្ញុំនិង​ឆក់​យកទូរសព្ទ​ពី​ដៃ​ខ្ញុំ»

លោក ហ៊ុន វណ្ណៈ សកម្មជនខ្មែរថាវរៈក៏ត្រូវបានមន្រ្តីអង្គរក្សវាយម្តងហើយម្តងទៀតខណៈពួកគេរុញគាត់ឡើងរថយន្តក្នុងអំឡុងពេលឃាត់ខ្លួន។

លោក ហ៊ុន វណ្ណៈ បាន​និយាយក្រោយពេល​លោក​ត្រូវ​ដោះលែង​​​ថា​៖ «​ខ្ញុំ​បដិសេធ​មិនឡើងរថយន្តហើយ​គាត់​បាន​ដាល់​មុខ​ខ្ញុំ​បីដៃ​និងលោត​ទាត់​ក្បាល​ខ្ញុំ​»

 

រូបថតចេញ​ពី​វីឌីអូ​បង្ហោះ​ដោយ​ខ្មែរ​ថាវរៈ​កាល​ពី​ថ្ងៃទី១៦ ខែ​សីហា ឆ្នាំ​២០២២ បង្ហាញ​សកម្មភាព​មន្ត្រី​កងអង្គរក្ស​ក្នុង​សម្លៀកបំពាក់​ស៊ីវិល​ឃាត់​ក្រុមអ្នកសារព័ត៌មាន​វីអូឌីនិង​សកម្មជន​ដែល​រួមមាន​លោក ហ៊ុន វណ្ណៈ ផងដែរ

 អាជ្ញាធរបានអះអាងកាលពីថ្ងៃទី១៦ ខែសីហា ថា អ្នកទាំង៩នាក់បានចូលទៅក្នុងតំបន់ហាមឃាត់ក្នុងព្រៃភ្នំតាម៉ៅ (ជាទីតាំង​ដែល​មាន​ការ​ឈូសឆាយ​និង​កាប់​បំផ្លាញ​ព្រៃ​ឈើ​ប្រមាណ​១ភាគ​៤​នៃ​ទំហំ​ដី​សរុប​កាល​ពី​ដើម​ខែ)។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ អ្នកសារព័ត៌មាន​និងអ្នកផ្សេងទៀតអាចរាយការណ៍ ថតរូប និងថតវីដេអូដោយសេរីអំពីការកាប់បំផ្លាញព្រៃឈើ ការដាំដើមឈើឡើងវិញ និងការអភិវឌ្ឍផ្សេងៗទៀតនៅក្នុងតំបន់នេះ។ ការរឹតត្បិតទាំងនេះកើតឡើងភ្លាមៗតាមទំនើងចិត្តនិងរំលោភលើសេរីភាពសារព័ត៌មាន។

លើសពីនេះ អ្នកកាសែតទាំង៥នាក់និងសកម្មជនខ្មែរថាវរៈ៤នាក់រួម​មានលោក ហ៊ុន វណ្ណៈ អ្នកស្រី ឈឿន ដារ៉ាវី កញ្ញា ឆែម ស្រីគា និងកញ្ញា សុគន្ធ តុលា ត្រូវបានដោះលែងកាលពីល្ងាចថ្ងៃអង្គារបន្ទាប់ពីអាជ្ញាធរតម្រូវឱ្យពួកគេផ្ដិម​មេដៃ​លើ «កិច្ចសន្យា»។ កិច្ចសន្យានោះបានសរសេរ​ថា អ្នកសារព័ត៌មាន​បានបង្ហោះដ្រូនដោយគ្មានការអនុញ្ញាតពីអាជ្ញាធរបើទោះបីជាមិនមានច្បាប់ណាចែងពីការ​ហាមមិនឱ្យបង្ហោះដ្រូននៅតំបន់នោះក៏ដោយ។ យើងចាត់ទុកទង្វើនេះថាជាការបង្ខិតបង្ខំ ការយាយី និងការបំភិតបំភ័យ។

សិទ្ធិរបស់អ្នកកាសែតឯករាជ្យក្នុងការរាយការណ៍ព័ត៌មានដោយសេរីនៅក្នុងប្រទេសកម្ពុជាត្រូវតែមានការការពារជាពិសេសនៅពេលរាយការណ៍អំពីបញ្ហាផលប្រយោជន៍សាធារណៈដូចជាការកាប់បំផ្លាញព្រៃឈើនៅភ្នំតាម៉ៅអស់ជាច្រើនហិកតានាពេលថ្មីៗនេះ។ ច្បាប់ស្តីពីសារព័ត៌មានឆ្នាំ១៩៩៥ របស់កម្ពុជាដែល​នៅ​ធរមាន​នៅឡើយ បានហាមប្រាមចំពោះការត្រួតពិនិត្យមុនបោះពុម្ពផ្សាយ ដូចហេតុការណ៍ដែលបានកើតឡើងនៅថ្ងៃទី១៦ខែសីហានៅពេលដែលអាជ្ញាធរបានប្រាប់អ្នកកាសែតថាពួកគេមិនត្រូវបានអនុញ្ញាតឱ្យថតរូបឬថតវីដេអូនៅក្នុងតំបន់នោះឡើយដោយគ្មានការអនុម័តជាមុនឡើយ និងនៅពេលដែលមន្រ្តីអង្គរក្សរឹបអូសយកឧបករណ៍របស់ពួកគេរួមមានទូរសព្ទ កាមេរ៉ា និងដ្រូនជាដើម​។

ដូចគ្នានេះដែរ អ្នកសារព័ត៌មាន​និងសកម្មជន មានសិទ្ធិក្នុងការចងក្រងឯកសារនិងត្រួតពិនិត្យដោយសេរីអំពីការបំផ្លិចបំផ្លាញបរិស្ថាននិង​ការរំលោភសិទ្ធិ និងបញ្ចេញមតិជាសាធារណៈដែលជាសិទ្ធិត្រូវបានការពារដោយរដ្ឋធម្មនុញ្ញរបស់កម្ពុជានិងច្បាប់ស្តីពីសិទ្ធិមនុស្សអន្តរជាតិ។

យើងឈរដោយសាមគ្គីភាពជាមួយសហការីរបស់យើងដែលធ្វើការនៅក្នុងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនិងជាអ្នកការពារសិទ្ធិមនុស្សប្រឆាំងនឹងអំពើហិង្សាដែលប្រព្រឹត្តដោយអាជ្ញាធរ ការឃាត់ខ្លួនតាមទំនើងចិត្ត ការយាយី និងការបំភិតបំភ័យ។ យើងខ្ញុំសូមស្នើ​សុំ​ដោយទទូច​ដល់អាជ្ញាធរជាតិ​ឱ្យគោរពច្បាប់ស្តីពីរបបសារព័ត៌មាន រដ្ឋធម្មនុញ្ញ ព្រមទាំងច្បាប់ជាតិ និងអន្តរជាតិទាំងអស់ដែលធានាសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិ​របស់​អ្នក​សារព័ត៌មាន​និងអ្នកការពារសិទ្ធិមនុស្សទាំងអស់ក្នុង​ការ​ចងក្រងឯកសារនិងផ្សព្វផ្សាយជាសាធារណៈនូវសកម្មភាពរបស់រដ្ឋនិងបម្រើសង្គម។

សាវតារ

អំពើហិង្សានិងការឃាត់ខ្លួនអ្នកកាសែតវីអូឌី៥នាក់និងសកម្មជនខ្មែរថាវរៈចំនួន៤នាក់កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីព្រៃភ្នំតាម៉ៅរងការកាប់បំផ្លាញអស់ជាច្រើនហិកតាដោយបានបាត់បង់ព្រៃឈើប្រមាណ​៥០០ហិកតាលើផ្ទៃដីប្រមាណ២០០០ហិកតាក្នុងរយៈពេលប្រហែលមួយសប្តាហ៍។ ​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឱ្យ​ដាំ​ដើម​ឈើ​វិញ​នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ដោយ​លុប​ចោល​សម្បទាន​ដែលរដ្ឋាភិបាល​​របស់លោក​ផ្តល់​ឱ្យ​ពាណិជ្ជករ​មួយ​ចំនួន​រួម​មានឧកញ៉ា ឡេង ណាវ៉ាត្រានិង​ឧកញ៉ា ឃុន សៀ។ ការលុបចោលនេះបានធ្វើឡើងបន្ទាប់ពីអត្ថបទរបស់ វីអូឌី រួមជាមួយនឹងរូបថតនិងវីដេអូថតដោយដ្រូនអំពីការកាប់បំផ្លាញព្រៃឈើយ៉ាងឆាប់រហ័ស។ អត្ថបទព័ត៌មានផ្សេងទៀតនិងរូបភាពថតដោយដ្រូននៃការឈូសឆាយបានធ្វើឱ្យសាធារណជនផ្ទុះកំហឹងនៅលើបណ្តាញសង្គមជុំវិញការកាប់បំផ្លាញព្រៃឈើនោះ។

អ្នកសារព័ត៌មាន​វីអូឌី៥នាក់ដែលត្រូវបានឃាត់ខ្លួនកាលពីថ្ងៃអង្គារ ពេលនោះ​កំពុងតាមដានបន្តអំពីស្ថានការណ៍នៅ​ទីនោះ ដែល​ក្នុង​នោះ​រួមមាន​ទាំងការ​សម្ភាស ថតរូប និងថតវីដេអូដោយប្រើដ្រូនជាដើម។

សកម្មជនខ្មែរថាវរៈត្រូវបានឃាត់ខ្លួន បន្ទាប់ពីសមាជិកម្នាក់របស់ខ្លួនកំពុងផ្សាយផ្ទាល់តាមហ្វេសប៊ុកពីភ្នំ​តាម៉ៅ ហើយក្រុម​សកម្មជននេះ​ក៏បានដាក់ញត្តិអំពីព្រៃភ្នំតាម៉ៅទៅមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តតាកែវផងដែរ។ មានការបាយការណ៍​ថា អាជ្ញាធរ​បាន​ចាប់​ផ្តើម​បោះ​បង្គោល​នៅតំបន់ដីព្រៃ​ននោះ ដោយធ្វើឱ្យអ្នកភូមិមានការងឿងឆ្ងល់និងជំរុញឱ្យក្រុមសកម្មជនខ្មែរថាវរៈចុះទៅមើល។

 

សម្ដេច​ ហ៊ុន សែន បានប្រកាសកាលពីល្ងាចថ្ងៃអង្គារថា ឥលូវនេះ កងអង្គរក្សរបស់គាត់ទទួលខុសត្រូវក្នុងការយកឈើដែលបានកាប់រួចចេញ រៀបចំដី និងដាំដើមឈើឡើងវិញនៅភ្នំតាម៉ៅ បន្ទាប់ពីរដ្ឋាភិបាលរបស់លោកកាលពីមុនបានអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនអភិវឌ្ឍនិងឈូសឆាយផ្នែកខ្លះនៃព្រៃឈើភ្នំតាម៉ៅ។ នាយករដ្ឋមន្ត្រី​ក៏​បាន​ណែនាំ​ឱ្យ​ក្រសួង​កសិកម្ម​រៀបចំ​ភ្នំ​តាម៉ៅ​ឡើង​វិញ​ជា​តំបន់​ព្រៃ​ការពារ។

 

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង៖

  • លោក អ៊ិត សូធឿត នាយកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លេខមានបណ្តាញ Signal លេខ (+៨៥៥) ១២៨១៩៥៤៥ (ភាសាខ្មែរនិង​អង់គ្លេស)
  • អ្នកស្រី ឈឿន ដារ៉ាវី សមាជិកខ្មែរថាវៈ Signal លេខ(+៨៥៥) ១២ ២០៩ ៣១១ (ភាសាខ្មែរ)
  • លោក ណុប វី នាយកប្រតិបត្តិសមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (CamboJa) លេខមានបណ្តាញSignal លេខ(+៨៥៥) ១២៥១៩២៦១ (ភាសាខ្មែរនិងអង់គ្លេស)
  • លោក អំ សំអាត នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លី​កា​ដូ លេខមានបណ្តាញSignal (+៨៥៥) ១០៣២៧៧៧០ (ភាសាខ្មែរ)
  • អ្នកនាង​ ​ណា​លី​ ​ពី​ឡូ​ក​ ​នាយិកា​ទទួលបន្ទុក​កិច្ចការ​ក្រៅ​តំបន់​នៃ​អង្គការ​លី​កា​ដូ ​ លេខមានបណ្តាញSignal (+៨៥៥) ១២២១៤៤៥៤ (ភាសាអង់គ្លេស)
  • លោក ដានីញែល បាស្តាត នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃ​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន តាមអ៊ីមែល [email protected](ភាសាអង់គ្លេស)


​សេចក្ដី​ថ្លែងការណ៍​នេះ ចូលរួម​គាំទ្រដោយ៖

  1. អង្គការ​អាក់សិនអេដកម្ពុជា
  2. វិទ្យាស្ថាន​​តស៊ូមតិ​និង​គោលនយោបាយ
  3. អង្គការ​ក្រុមការងារ​ដើម្បី​ដោះស្រាយ​ទំនាស់ (ក.ដ.ទ.)
  4. អង្គការ​អភិវឌ្ឍន៍​សំលេងសហគមន៍
  5. សមាគមកម្ពុជាការពារអ្នកកាសែត
  6. មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា
  7. មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ
  8. សមាគមសម្ព័ន្ធ​សហគមន៍កសិករ​កម្ពុជា
  9. សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា(CHRAC)
  10. សមាគម​ការពារ​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍​នៅកម្ពុជា (អាដហុក)
  11. វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា
  12. សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (ខេមបូចា)
  13. សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិមនុស្ស​ (លីកាដូ)
  14. សមាគមបណ្តាញយុវជនកម្ពុជា
  15. មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស (សង់ត្រាល់)
  16. គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោតដោយសេរី​និង​យុត្តិធម៌នៅ​កម្ពុជា (ខុមហ្វ្រែល)
  17. មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន (ម.អ.ច.ស.)
  18. អង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា(GADC)
  19. សម្ព័ន្ធ​អ្នក​សារព័ត៌មាន​អន្តរជាតិ (IFJ)
  20. ក្លិប​អ្នកសារព័ត៌មាន​បរទេស​នៃ​កម្ពុជា (OPCC)
  21. អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន
  22. សមាគម​ធាងត្នោត
  23. អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា
  24. អង្គការ​ទ្រទ្រង់​ភូមិ
  25. កម្មវិធីអភិវឌ្ឍន៍​ធនធាន​យុវជន
  26. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
  27. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
  28. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
  29. សហគមន៍ជនជាតិភាគតិចគួយ (ព្រះវិហារ)
  30. សហគមន៍ជនជាតិដើមភាគតិចឃុំប្រមេរុខេត្តព្រះវិហារ
  31. សហគមន៍មានជ័យ (ស្វាយរៀង)
  32. សហគមន៍ភ្នំក្រោម (សៀមរាប)
  33. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
  34. សហគមន៍ដីធ្លីព្រៃពាយ (កំពត)
  35. សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)
  36. សហគមន៍សាមគ្គីរមាសហែក (ស្វាយរៀង)
  37. សហគមន៍សាមគ្គីសង្កែពីរមានរិទ្ធិ (ព្រះវិហារ)
  38. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
  39. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
  40. សហគមន៍ត្រពាំងជោ (កំពង់ស្ពឺ)

ទាញយកសេចក្តីថ្លែងការណ៍រួម(ខ្មែរ)

ទាញយកសេចក្តីថ្លែងការណ៍រួម(អង់គ្លេស)

This post is also available in: អង់គ្លេស

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...