ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ត្រូវ​ថៅកែ​បង្ខំ​ឱ្យធ្វើ​ប័ណ្ណ​ការងារ​ច្រើន​ទម្រង់​ដើម្បី​ធ្វើ​ការ​ស្រប​ច្បាប់

31
សីហា

ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ត្រូវ​ថៅកែ​បង្ខំ​ឱ្យធ្វើ​ប័ណ្ណ​ការងារ​ច្រើន​ទម្រង់​ដើម្បី​ធ្វើ​ការ​ស្រប​ច្បាប់

ប្រភព៖ RFA

ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ​ក្នុង​ទីក្រុង​បាងកក អះអាង​ថា ថៅកែ​របស់​ពួកគាត់​បាន​បង្ខំ​ឲ្យ​ធ្វើ​ឯកសារ​ការងារ​ជាច្រើន​សណ្ឋាន ទើប​ថៅកែ​អនុញ្ញាត​ឲ្យ​ធ្វើការ ព្រោះ​ក្រសួង​ការងារ​ថៃ តម្រូវ​ឱ្យ​ថៅកែ​ធ្វើ​ដូច្នោះ​។ ពួកគាត់​ត្អូញត្អែរ​ថា ត្រូវ​ការ​ធ្វើ​ប័ណ្ណ​ការងារ​ពី ៣​ទៅ​៤​ដំណាក់កាល គឺ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន ដើម្បី​ទទួល​បាន​ការងារ​ធ្វើ​ស្របច្បាប់​នៅ​ប្រទេស​ថៃ។

ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​ទទួល​បានការ​ងារ ប្រសិនបើ​ពួកគាត់​មិន​ព្រម​ធ្វើ​ឯកសារ តាម​តម្រូវការ​របស់​ថៅកែ​ថៃ​ទេ​នោះ​។ ពួកគាត់​ថា​កាល​ពីមុន​ពលករ​កាន់​ត្រឹមតែ​ប័ត្រ​ស៊ី​ជម្ពូ ដែល​ចេញ​ដោយ​ក្រសួង​ការងារ​ថៃ គឺ​អាច​ធ្វើការ​ងារ​បាន​ដោយ​មិន​មាន​បញ្ហា​អ្វី​ឡើយ តែ​ឥឡូវ​ថៅកែ​បាន​បង្ខំ​ឲ្យ​ពលករ​ខ្មែរ​ទៅ​ធ្វើ​សៀវភៅ​អនុញ្ញាត​ធ្វើការ​ទៀត (Work Permits) ទើប​អាច​ធ្វើ​ការងារ​បាន​ដូច​មុន​។ ពួកគាត់​ថា ការ​ធ្វើ​ឯកសារ​ច្រើន​ដំណាក់កាល​បាន​ធ្វើ​ឲ្យ​ពលករ​មិន​មាន​លទ្ធភាព​ចំណាយ​លើ​ថ្លៃ​ឯកសារ​ទាំង​នោះ​ទេ។

ពលការិនី​ធ្វើការ​ផ្នែក​អនាម័យ​តាម​ផ្ទះ​ក្នុង​ទីក្រុង​បាងកក មាន​ស្រុកកំណើត​នៅ​ខេត្តបាត់ដំបង លោកស្រី សាត សឿប អាយុ​៣៧​ឆ្នាំ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​សីហា​ថា លោកស្រី​បាន​ចំណាយ​ប្រាក់​ថ្លៃ​ធ្វើ​ទិដ្ឋាការ​ការងារ ប័ណ្ណ​ធ្វើការ និង​សៀវភៅ​អនុញ្ញាត​ការងារ ដោយ​ឯកសារ​នីមួយៗ​ត្រូវ​បង់​ថវិកា​ពី​ប្រាំបី​ពាន់​(.០០០)​ទៅ​ប្រាំបួន​ពាន់​(.០០០)​បាត ឬ​ជាង ២០០​ដុល្លារ​អាមេរិក​។ លោកស្រី​បន្ត​ថាបើ​គ្មាន​ឯកសារ​ទាំងនេះ​ទេ ថៅកែ​មិន​ព្រម​ទទួល​ឲ្យ​ចូល​ធ្វើ​ការ និង​រស់នៅ​ក្នុង​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​។ លោកស្រី​ឱ្យ​ដឹង​ថា ពលករ​ក្នុង​តំបន់​ដែល​លោកស្រី ស្នាក់នៅ​ថៅកែ​ថៃ​បាន​បង្ខំ​ឲ្យ​ធ្វើ​ប័ណ្ណ​ការងារ​ច្រើន​ប្រភេទ​ដូចៗ​គ្នា ដោយ​ពលករ​ខ្លះ​ត្រូវ​ចំណាយ​ប្រាក់​ពី​មួយ​ម៉ឺន​ប្រាំ​ពាន់​(១៥.០០០) ទៅដល់​មួយ​ម៉ឺន​ប្រាំមួយ​ពាន់​(១៦.០០០)​បាត ស្មើនឹង​ជាង ៤០០​ដុល្លារ ឬ​ចំណាយ​ច្រើនជាង​នេះ​។ លោកស្រី​ស្នើ​ដល់ ក្រសួង​ការងារ​កម្ពុជា​ជួយ​អន្តរាគមន៍​រឿង​នេះ ព្រោះ​ពលករ​ខ្មែរ​កំពុង​ជួប​ការ​លំបាក​ជា​ខ្លាំង​លើ​ការ​បង់​ថ្លៃ​សេវា​ឯកសារ​ច្រើន​៖ «បើសិនជា​ក្រសួង​អត់​យកចិត្តទុកដាក់​ត្រង់​ចំណុច​នេះ​ទេ គឺ​ពលករ​យើង​ដែល​រស់នៅ​ប្រទេស​ថៃ​នេះ គឺ​គាត់​អត់​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ទេ។ គាត់​ធ្វើការ​ឲ្យ​ដូច​ដែល​លុយ គឺ​ហៅថា​ធ្វើការ​ឲ្យ​តែ​គេ ប៉ុន្តែ​អា​ចំណាយ​ទៅលើ​រឿង​ប័ត្រ រឿង​ប៉ាស្ព័រ​ហ្នឹង​ក៏​ច្រើន ហើយ​ដល់ពេល​គាត់​ទទួល​បាន​ថវិកា​មកវិញ ពេល​ដែល​គាត់​ឈឺ ពេល​ដែល​គាត់​អីហ្នឹង គឺ​គាត់​ចំណាយ​លុយ​ដោយ​ខ្លួនឯង​។ អីចឹង​តើ​គាត់​មាន​លុយ​ឯណា ពេល​ដែល​គាត់​ត្រឡប់​ទៅ​ប្រទេស​វិញ តើ​គាត់​បាន​លុយ​ពី​ណា​ទៅ​ជួយ​ប្រទេស»

វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ និង​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បានទេ នៅ​ថ្ងៃទី​៣០ ខែ​សីហា ដោយ​ទូរស័ព្ទ​ហៅ​ចូល​ជាច្រើន​ដង តែ​ពុំ​មាន​អ្នកទទួល។

ពាក់ព័ន្ធ​រឿង​នេះ​ដែរ មន្ត្រី​គម្រោង​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​អង្គការ​សង់ត្រាល់ លោក លឹង សុផុន លើកឡើង​ថា ច្បាប់​ការងារ​បច្ចុប្បន្ន​នៅ​ប្រទេស​ថៃ​តម្រូវ​ឲ្យ​ពលករ​ធ្វើ​ឯកសារ​ច្រើន​ដំណាក់កាល ព្រោះ​ប្រព័ន្ធ​លក្ខខណ្ឌ​ការងារ​ត្រូវ​បាន​ផ្លាស់ប្ដូរ​។ លោក​បន្ត​ថា កន្លងមក​ពលករ​ខ្មែរ​អាច​ធ្វើ​ប័ណ្ណ​ការងារ​ម្ដង​ប្រើ​បាន​ពីរ​ឆ្នាំ ប៉ុន្តែ​បច្ចុប្បន្ន​ប័ណ្ណ​នេះ​មាន​សុពលភាព​បានតែ​មួយឆ្នាំ​ទេ ដែល​ធ្វើ​ឱ្យ​កម្មករ​ត្រូវ​ចំណាយ​ប្រាក់​ច្រើនជាង​មុន​។ លោក​យល់ថា​បញ្ហា​នេះ ពួកគាត់​នឹង​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំថ្ងៃ និង​ធ្វើ​ឲ្យ​ពលករ​កាន់តែ​លំបាក​លើស​ដើម ព្រោះ​ឥឡូវ​ការងារ​របស់​ពួកគាត់​មិន​សូវ​មាន​ការងារ ខណៈ​តម្លៃ​ពលកម្ម​ទទួល​បាន​ប្រាក់ចំណូល​តិចតួច ដែល​ធ្វើ​ឲ្យ​ពួកគាត់​ចំណាយ​ដោយ​ត្បិតត្បៀត និង​គ្មាន​ប្រាក់​សម្រាប់​ផ្ញើ​ទៅផ្ទះ​ចិញ្ចឹម​កូន​នៅ​ស្រុកកំណើត​។ លោក​ស្នើ​ដល់​ក្រសួង​ការងារ​កម្ពុជា ជួយ​អន្តរាគមន៍​ទៅ​ក្រសួង​ការងារ​ថៃ ឲ្យ​ជួយ​សម្រួល​ថ្លៃ​ធ្វើ​ឯកសារ​ការងារ​ក្នុង​តម្លៃ​សមរម្យ​ដល់​ពលករ​ខ្មែរ ដើម្បី​ឲ្យ​ពួកគាត់​មាន​សេដ្ឋកិច្ច​គ្រាន់បើ​ជាង​សព្វថ្ងៃ​៖ «ព្រោះ​អី​កន្លងមក​ឃើញថា ដំណាក់កាល​ឲ្យ​ត​ក៏​វា​ឆាប់​ផុតកំណត់​ពេក​ទៅ ជួនកាល​ទៅ​គាត់​ចំណាយ​លុយ​បង់​ឲ្យ​គេ​មិនទាន់​អស់​ផង​ដល់​ដំណាក់កាល​ធ្វើ​ត​ទៀត​អីចឹង​ណា​។ មួយឆ្នាំ​ម្ដង​អីចឹង​ទៅ ហើយ​បងប្អូន​ពលករ​ខ្លះ​គាត់​លក្ខណៈ​ធ្វើការ​មិន​ពេញ​ម៉ោង​អីចឹង​ទៅ អ្នក​ខ្លះទៅ​ធ្វើការ​លក្ខណៈ​នៅ​ថៃ​គេ​ថា​រ៉ាប់​ចប​ណា ការងារ​បណ្ដោះអាសន្ន​អីចឹង​ទៅ នៅ​ពេល​ដែល​ធ្វើ​ប័ណ្ណ​ធ្វើ​អី ធ្វើ​ឯកសារ​ដើម្បី​ឲ្យ​រស់នៅ​ស្របច្បាប់»

របាយការណ៍​របស់​ក្រសួង​ការងារ​កម្ពុជា ឱ្យដឹង​ថា បច្ចុប្បន្ន មាន​ពលករ​ខ្មែរ​ជាង ១​លាន ២​សែន​នាក់​កំពុង ធ្វើការ​នៅ​ប្រទេស​ថៃ​។ ប៉ុន្តែ​របាយការណ៍​របស់​អង្គការ (Central) បង្ហាញថា មាន​ពលករ​ខ្មែរ​កំពុង ធ្វើការ​ដោយ​ស្របច្បាប់ និង​មិន​ស្របច្បាប់​នៅ​ប្រទេស​ថៃ​ប្រមាណ ២​លាន​នាក់ ដោយ​ភាគច្រើន​ពួកគាត់​កំពុង​ជួប​បញ្ហា​ផ្នែក​សេដ្ឋកិច្ច៕

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...