ភាគីនិយោជកសម្រេចដំឡើងតួលេខរបស់ខ្លួន២ដុល្លារក្នុងការចរចាប្រាក់ឈ្នួល ខណៈតំណាងកម្មករស្នើ២១៣ដុល្លារb

01
កញ្ញា

ភាគីនិយោជកសម្រេចដំឡើងតួលេខរបស់ខ្លួន២ដុល្លារក្នុងការចរចាប្រាក់ឈ្នួល ខណៈតំណាងកម្មករស្នើ២១៣ដុល្លារ

ប្រភព៖ ខេមបូចា

ភាគីតំណាងថៅកែរោងចក្របានសម្រេចដំឡើងតួលេខរបស់ខ្លួន២ដុល្លារក្នុងការចរចារប្រាក់​ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២៣ បន្ទាប់ពួកគេមិនហ៊ានដំឡើងរយៈពេលពីរឆ្នាំកន្លងមក ខណៈ​ប្រាក់ខែគោលកម្មករបច្ចុប្បន្នត្រឹមតែ១៩៤ដុល្លារ ប៉ុន្តែភាគីតំណាងកម្មករទាមទារចំនួន​២១៣ដុល្លារ។

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា រួមមានសហជីពតំណាងកម្មករនិយោជិត តំណាង​និយោជក និងតំណាងរដ្ឋាភិបាល បានជួបជជែកគ្នាជាលើកទី៣ នៅថ្ងៃពុធ ទី៣១ ខែសីហា​នេះ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមាកម្មករ និងនិយោជិត វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងសម្ភារៈធ្វើដំណើរសម្រាប់ឆ្នាំ២០២៣។

យោងតាមលទ្ធផលនៃកិច្ចប្រជុំ ភាគីនិយោជកបានបង្ហាញសញ្ញាវិជ្ជមាន ដោយដំឡើង​ប្រាក់​ឈ្នួល​បន្ថែម២ដុល្លារពីលើប្រាក់ខែគោលបច្ចុប្បន្ន១៩៤ដុល្លារទៅជា១៩៦ដុល្លារ សម្រាប់ការ​ចរចាលើកទី៣នេះ ប៉ុន្តែភាគីសហជីពទាមទារដំឡើង២១៣ដុល្លារ ខណៈក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា បានគណនាឃើញថា តួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់​ឆ្នាំ២០២៣​គឺ១៩៧,៨៦ដុល្លារ។

តាមសេចក្តីប្រកាសរបស់ក្រសួងការងារ ភាគីតំណាងកម្មករនិយោជិត ក្រោយបញ្ចប់កិច្ចប្រជុំ​ផ្ទៃក្នុង​ភាគី​របស់ខ្លួនចំនួន៣លើក បានបន្ថយតួលេខពីចំនួន២១៥ដុល្លារអាមេរិកមកត្រឹម​តួលេខ ២១៣​ដុល្លារ ជាមូលដ្ឋានក្នុងការចរចាវិញ។

កម្មកររោងចក្រកាត់ដេរចាកចេញពីរោងចក្រ បន្ទាប់ពីចប់ម៉ោងការងារ នៅជាយក្រុងភ្នំពេញ។ រូបថតថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

នៅក្នុងកិច្ចប្រជុំត្រីភាគីកាលពីថ្ងៃ៣១ សីហា ភាគីរាជរដ្ឋាភិបាលក៏បានបន្ត សម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែមលើចំណុចនានា តាមសំណូមពររបស់ភាគីតំណាង​កម្មករ​និយោជិត និងភាគីតំណាងនិយោជក។

ទន្ទឹមនឹងនេះ តាមលក្ខណៈបច្ចេកទេស និងបម្រែបម្រួលទិន្នន័យនៃលក្ខណៈវិនិច្ឆ័យទាំង៧ ដែលជាមូលដ្ឋានកំណត់ប្រាក់ឈ្នួលអប្បបរមានោះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ​ប្រាក់​ឈ្នួលអប្បបរមា បានគណនាឃើញថាតួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៣គឺ ១៩៧,៨៦ដុល្លារ។

ជុំវិញករណីនេះ លោកណាង សុធី អនុប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្ម​កម្ពុជា លើកឡើងថា ការពិភាក្សាលើប្រាក់ឈ្នួលអប្បបរមាវាយនភណ្ឌ គឺស្ថិតនៅក្រោម​គោលការណ៍​ច្បាប់ ដោយនៅក្នុងច្បាប់បាននិយាយយ៉ាងច្បាស់​ពីលក្ខខណ្ឌបច្ចេកទេស​ទាំង​៧ចំណុច ដូច្នេះមិនមានភាគីណាទៅរំលោភលើភាគីណាឡើយ។

លោកបញ្ជាក់ថា ខាងតំណាងនិយោជក នៅតែរក្សាតួលេខចំនួន១៩៦ដុល្លារដដែល ដោយ​យោង​ទៅតាមការសិក្សា និងវាយតម្លៃពីអ្នកជំនាញជាក់ស្ដែង ដូច្នេះមិនអាចដំឡើង​តាមការ​ទាមទាររបស់ភាគីសហជីពឡើយ។

លោកឆ្លើយថា៖ «វាមិនដែលទៅឱ្យភាគីមួយទៀតយកតួលេខរបស់យើង ខ្ញុំមានតួលេខ​របស់​ខ្ញុំ ការសិក្សាស្រាវជ្រាវរបស់ខ្ញុំមន្ត្រីជំនាញរបស់ខ្ញុំ មិនអាចឱ្យខ្ញុំទៅយកតួលេខគាត់ យោគ​យល់​គាត់​ម៉េចកើត»។ លោកសុធី បន្តថា៖«លទ្ធភាពដែលយើងអាចដំឡើងបានគឺតួលេខ​ម្សិលមិញហ្នឹ​ងហើយ១៩៦ ទៅអនាគតយើងនឹងពិចារណាលម្អិតបន្តទៀត»។

សកម្មភាពនៃកិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៣ នៅក្រសួងការងារ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។ រូបភាពពីក្រសួងការងារ

ចំណែកអ្នកស្រី យ៉ាង សុភ័ណ្ឌ យល់ឃើញថា តួលេខប្រាក់ឈ្នួលដែលខាង​និយោជក​ដំឡើង​ឱ្យកម្មករត្រឹម១៩៦ដុល្លារ បង្ហាញពីការមិនបានសិក្សាឱ្យស៊ីជម្រៅអំពីស្ថានភាពនៃការរស់នៅ​របស់កម្មករ ការចំណាយប្រចាំថ្ងៃ ស្របពេលដែលទំនិញឡើងថ្លៃសព្វបែបយ៉ាង។

អ្នកស្រីបន្តថា៖ «ខ្ញុំគិតថាមិនមានមូលដ្ឋានច្បាស់លាស់ទេ ព្រោះនិយោជកអត់បាន​ពន្យល់​ហេតុផល និងទឡ្ហីករណ៍នៃការដំឡើងទេ គ្រាន់តែលើកពីអំណះអំណាងផ្ទាល់មាត់ អត់មាន​លិខិតស្នាមត្រឹមត្រូវទេ»

អ្នកស្រីបន្ថែមថា ការស្នើដំឡើងប្រាក់ឈ្នួលត្រឹម២១៣ដុល្លារ គឺយោងទៅតាមទិដ្ឋភាពជាក់​ស្ដែង លក្ខណៈវិនិឆ្ឆ័យច្បាស់លាស់ ដូចជាអតិផរណាទីផ្សារ កត្តាសេដ្ឋកិច្ច បញ្ហាប្រឈម​ក្នុង​គ្រួសាររបស់កម្មករនិយោជិត។  អ្នកស្រីរំពឹងថា ប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២៣ នឹងកើន​ឡើងជាងឆ្នាំកន្លងទៅ ដោយសារតែឆ្នាំចាស់មិនបានដំឡើងប្រាក់ឈ្នួល និងឆ្នាំនេះជាឆ្នាំ​នៃ​ការ​បោះឆ្នោតផង។

លោកឃុន ថារ៉ូ អ្នក​គ្រប់​គ្រង​កម្ម​វិធី​ការ​ងារ​ នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស របស់អង្គការសង់ត្រាល់ យល់ឃើញថា តួលេខនៃការដំឡើង មិនមានការខុសប្លែកគ្នាឡើយ​ពីឆ្នាំកន្លងទៅ តែអ្វីដែលសំខាន់ការដំឡើងប្រាក់ឈ្នួលនោះ ពិតជាបានឆ្លុះបញ្ចាំងពីតថភាព​សង្គម សេដ្ឋកិច្ច និងឆ្លើយតបទៅនឹងសេចក្ដីត្រូវការជាមូលដ្ឋានរបស់កម្មករ និយោជិតឬ​យ៉ាង​ណា។

លោកថ្លែងថា៖ «នៅក្នុងច្បាប់ស្ដីពីការងារ មាត្រា១០៤និយាយច្បាស់អំពីប្រាក់ឈ្នួល​អប្បបរមា ដែលធានាទៅដល់ជីវភាពរស់នៅ និងសេចក្ដីថ្លៃថ្នូររបស់និយោជិត ដូច្នេះប្រាក់​ឈ្នួល​អប្បបរមានៅក្នុងវិស័យវាយនភណ្ឌកាត់ដេរស្បែកជើងនេះ មិនទាន់ជា​ប្រាក់ឈ្នួល​ដែលធានាទៅដល់ប្រាក់ឈ្នួលរស់នៅសមរម្យសម្រាប់កម្មករនៅឡើយទេ»។

សកម្មភាពនៃកិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៣ នៅក្រសួងការងារ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។ រូបភាពពីក្រសួងការងារ

លោក ថារ៉ូ បន្ថែមថា ក្រៅតែពីទទួលបានប្រាក់ខែគោលមិនទាន់សមរម្យ កម្មករនិយោជិត បាត់បង់អត្ថប្រយោជន៍មួយចំនួន ដោយសារតែថ្ងៃឈប់សម្រាកប្រចាំឆ្នាំ២០២៣ ភាគច្រើន​ចំថ្ងៃអាទិត្យ ដោយមិនមានការលើកថ្ងៃ ដូច្នេះពួកគេខាតប្រមាណ៩៨ដុល្លារក្នុងមួយឆ្នាំ។

លោក ថារ៉ូ អះអាងថា ការទាមទារប្រាក់ឈ្នួលអប្បបរមានៅឆ្នាំនេះនៅមានកម្រិត ដោយសារ​តែសម្លេងសហជីពឯករាជ្យចូលតុចរចាជាមួយនិយោជក មានសម្លេងតិចបំផុត ដែលធ្វើឱ្យ​ឥទ្ធិពលនៃការចរចាមិនសូវមានប្រសិទ្ធភាព។

លោកបន្ថែមថា៖ «ចង់មិនចង់នៅពេលដែលការបោះឆ្នោតជាសម្ងាត់ ចឹងសហជីពឯករាជ្យ​គាត់មានតែ២ ទៅ៣សំឡេងក្នុងហ្នឹង ចឹងសំឡេងដ៏លើសលប់នៃតំណាងឱ្យសហជីព​មាន​និន្នាការទៅរាជរដ្ឋាភិបាល និងតំណាងភាគីនិយោជក វាលើសលប់ទៅហើយ»

សូមរំលឹកដែរថា ​ប្រាក់ឈ្នួល​អប្បបរមា​របស់កម្មករ​ វិស័យ​វាយនភណ្ឌ កា​ត់ដេរ​ ផលិត​ស្បែកជើង​ និងសម្ភារៈ​ធ្វើដំណើរសម្រាប់​​ឆ្នាំ២០២២​ គឺមានតួលេខ១៩៤ដុល្លារក្នុងមួយខែ ដោយសារតែភាគីថៅកែមិនបានដំឡើងប្រាក់ឈ្នួល ក៏ប៉ុន្តែលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​បានបន្ថែម​២ដុល្លារ​ទៅលើប្រាក់ខែគោលដែលបានកំណត់ធ្វើឱ្យប្រាក់ឈ្នួល​កម្មករ ​ឆ្នាំ២០២២ ​កើនដល់​១៩៤ដុល្លារ៕

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...