កម្មករ​មួយ​ចំនួន​ទាមទារ​ប្រាក់ឈ្នួល​២១៥​ដុល្លារ​នៅ​ឆ្នាំ២០២៣ ខណៈ​រដ្ឋាភិបាល​កំពុង​ពិភាក្សា​ពី​ការ​ដំឡើង​ប្រាក់ឈ្នួល​នេះ

01
កញ្ញា

កម្មករ​មួយ​ចំនួន​ទាមទារ​ប្រាក់ឈ្នួល​២១៥​ដុល្លារ​នៅ​ឆ្នាំ២០២៣ ខណៈ​រដ្ឋាភិបាល​កំពុង​ពិភាក្សា​ពី​ការ​ដំឡើង​ប្រាក់ឈ្នួល​នេះ

ប្រភព៖ វីអូឌី

 

កម្មករ-កម្មការិនីបម្រើការងារតាមបណ្ដារោងចក្រមួយចំនួនបាននាំគ្នាធ្វើយុទ្ធនាការទាមទារប្រាក់​ឈ្នួលចំនួន​ «២១៥ដុល្លារ» ខណៈរដ្ឋាភិបាលកំពុងពិភាក្សាជាមួយភាគីពាក់ព័ន្ធ អំពីការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង កាបូប និងផលិតផលធ្វើដំណើរនៅកម្ពុជា សម្រាប់ឆ្នាំ២០២៣។

យុទ្ធនាការរបស់ក្រុមកម្មករ​នោះធ្វើឡើងតាមរយៈការប្រមូលផ្ដុំជាក្រុមតូចៗនៅក្នុងរោង​ចក្រឬសហគ្រាស​មួយចំនួន​ដែលពួកគេកំពុង​បម្រើ​ការ​ងារ​ ដោយ​ពួកគេ​​បានឈរលើកបដា​ទាមទារ​ប្រាក់​ឈ្នួល​២១៥ដុល្លារសម្រាប់ឆ្នាំ២០២៣ ក្រោម​ហេតុផល​ថា ពួកគេកំពុងជួបបញ្ហាលើការចំណាយប្រចាំថ្ងៃដោយសារទំនិញ​នៅ​លើទីផ្សារ​ឡើង​ថ្លៃ​ខ្ពស់

កម្មករ​បម្រើការងារនៅរោងចក្រ​មួយ​ក្នុងខេត្តកំពង់ស្ពឺ ដែលចូលរួមធ្វើយុទ្ធនាការនេះ លោក ជេស វណ្ណា ប្រាប់វីអូឌីនៅថ្ងៃព្រហស្បតិ៍​នេះ​ថា រូបលោ​កក៏​ដូច​ជា​កម្មករ​ផ្សេង​ទៀត កំពុង​ជួប​បញ្ហា​លើ​ការ​ចំណាយ​ច្រើន ខណៈ​បច្ចុប្បន្ននេះ ទំនិញនៅលើទីផ្សារ​បានហក់ឡើងថ្លៃខ្ពស់ និងប្រេងសាំងក៏ឡើងថ្លៃផងដែរ។

កម្មករ​រូប​នេះបន្តថា ស្របពេលក្រសួងការងារ និងភាគីពាក់ព័ន្ធ កំពុងដំណើរពិភាក្សាលើការដំឡើងប្រាក់ឈ្នួលគោលកម្មករ​សម្រាប់ឆ្នាំ២០២៣នោះ គឺពួកគាត់ចង់បង្ហាញទុក្ខលំបាក និង​សុំឱ្យភាគីទាំងនោះជួយចរចាយ៉ាងណា​ឱ្យ​ប្រាក់ឈ្នួលកម្មករ​នៅឆ្នាំក្រោយនេះបានសមរម្យ។

លោកបន្ថែមថា៖ «កម្មករគាត់ត្រូវការប្រាក់ឈ្នួល២១៥ដុល្លារហ្នឹង ដោយ​សារ​បច្ចុប្បន្ន​យើង​ចំណាយ​លុយ​ខ្ពស់ ដូច​ជា​ ការចំណាយ​លើ​ថ្លៃ​សាំង​សម្រាប់ធ្វើ​​ដំណើរ ចំណាយ​លើការស្លៀកពាក់ ចំណាយលើម្ហូបអាហារ បង់​សង​ធនាគារ ព្រោះកម្មករខ្ទង់៨០ទៅ៩០ភាគរយ​ដែល​គាត់​ជាប់​ធនាគារ។ ដល់អ៊ីចឹងប្រាក់ឈ្នួលគាត់នៅតិចពេក គាត់​ចាយ​អត់​គ្រាន់​ ដល់អ៊ីចឹងទៅយើង​ចង់​បាន​ខ្ពស់​ជាង​ហ្នឹង ដើម្បីសម្រួល​ដ​ល់​គាត់​បាន​ខ្លះ»

កម្មករម្នាក់ទៀត​បម្រើ​ការ​ងារ​នៅ​រោង​ចក្រ​មួយ​នៅរាជធានីភ្នំពេញ លោក ឈឹម សារិទ្ធ ឱ្យដឹងថា រូបលោកម្នាក់ឯងរស់​នៅភ្នំពេញ ត្រូវ​ចំណាយ​ប្រហែល​២០០ដុល្លារ​ក្នុង១ខែ​ ទៅលើថ្លៃបន្ទប់ជួល ទឹក​ភ្លើង ម្ហូប​អាហារ និង​ត្រូវចំណាយលុយមួយផ្នែកទៀតទៅឱ្យកូនរៀន ខណៈមួយផ្នែកទៀតត្រូវផ្ញើជូន​ឪពុកម្ដាយចាស់ជរានៅស្រុកកំណើត។

កម្មកររូបនេះបន្តថា ប្រសិនជាលោកមិនខិតខំធ្វើការងារថែមម៉ោងទេ គឺលោកនឹងជួបបញ្ហាលើការចំណាយប្រចាំខែជាមិនខាន​ឡើយ ខណៈ​ទំនិញនៅ​លើទីផ្សារ​ឡើង​ថ្លៃ​ស្ទើរ​គ្រប់​យ៉ាង និង​ត្រូវ​ចំណាយលើ​ថ្លៃព្យាបាលជំងឺសមាជិកគ្រួសារទៀតនោះ។

លោក ឈឹម សារិទ្ធ បានអំពាវនាវដល់ប្រមុខរដ្ឋាភិបាលជួយដំឡើងប្រាក់ឈ្នួលជូនកម្មករឱ្យបាន​សមរម្យ និង​ជួយ​ទប់ស្កាត់​កុំឱ្យទំនិញនៅលើទីផ្សារឡើងថ្លៃខ្ពស់ពេក ដើម្បីជួយសម្រួលដល់ជីវភាពរបស់កម្មករ។

លោកបន្ថែមថា៖ «បើសិនខ្ញុំខ្ចីលុយធនាគារទៀត គឺខ្ញុំអត់មានលទ្ធភាពបង់សងទៅធនាគារវិញទេ ដោយសារអីប្រាក់ខែធ្វើការថែមម៉ោងផង បើកមកបានតែជាង២០០ដុល្លារទេ គឺវាអត់ស្មើគ្នាជាមួយតម្រូវការចំណាយរបស់យើង។ ហើយខែខ្លះ ខ្ញុំត្រូវខ្ចី​លុយគេចាយថែម ហើយបើកលុយមកបង់រម្លស់គេខ្លះ។ និយាយទៅ ធ្វើការមួយខែទល់មួយខែ អត់មានសល់អីទេ សល់តែ​បំណុលគេទេ។ អ៊ីចឹងខ្ញុំអំពាវនាវដល់សម្តេច [ហ៊ុន សែន] ដែលគាត់តែងតែជួយដល់កម្មករ សុំឱ្យគាត់ជួយដំឡើងប្រាក់ដល់កម្មករឱ្យបានសមរម្យ និងរស់នៅមានជីវភាពល្អប្រសើរ»

បើតាមសេចក្ដីប្រកាសព័ត៌មាន​​របស់ក្រសួងការងារ នៅ​ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ ក្រុម​ប្រឹក្សាជាតិ​ប្រាក់ឈ្នួល​អប្បបរមា បាន​បន្ត​ពិភាក្សា​កំណត់​ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៣ទៀត។

សេចក្តីប្រកាសព័ត៌មាន​នេះបញ្ជាក់​ថា ក្រោយការប្រជុំផ្ទៃក្នុង​ភាគីរបស់ខ្លួនចំនួន៣លើក គឺភាគីតំណាងកម្មករ​បាន​បន្ថយ​តួលេខ​ពី​ចំនួន​២១៥ដុល្លារ មកតួលេខ២១៣ដុល្លារវិញ។ ចំណែកតំណាងនិយោជកបានដំឡើងតួលេខពីចំនួន១៩៤ដុល្លារ​ ទៅតួលេខ១៩៦​ដុល្លារ​វិញ។

ក្រសួងការងារបញ្ជាក់ថា តាមលក្ខខណ្ឌបច្ចេកទេស និង​បម្រែបម្រួល​ទិន្នន័យនៃលក្ខណៈវិនិច្ឆយ​ទាំង​៧​ ដែល​ជា​មូល​ដ្ឋានកំណត់​ប្រាក់​ឈ្នួល​អប្បបរ​មា​សម្រាប់​២០២៣ គឺ «១៩៧,៨៦ដុល្លារ»។

យ៉ាងណា​ ក្រុម​ប្រឹក្សា​​ជាតិប្រាក់ឈ្នួលអប្បបរមា នឹងបើកកិច្ចប្រជុំត្រីភាគីបន្តទៀត នៅថ្ងៃទី១៣ ខែកញ្ញានេះ និងប្រជុំបញ្ចប់នៅម៉ោង២កន្លះរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។

កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ សង្គមស៊ីវិលផ្នែកសិទ្ធិការងារ និងសហជីព លើកឡើងថា កម្មករនឹងបន្តប្រឈមបញ្ហាជីវភាព និង​សុខភាព ប្រសិន​បើ​ការ​ដំឡើង​ប្រាក់​ឈ្នួល​មិនឆ្លើយតបទៅនឹងការឡើងថ្លៃទំនិញទីផ្សារ ខណៈ​ផលប្រយោជន៍​មួយ​ចំនួ​ន​របស់​កម្មករ​ត្រូវ​បាន​បាត់​បង់ ក្រោយរដ្ឋាភិបាលកាត់បន្ថយថ្ងៃឈប់សម្រាក ឬឈប់សម្រាកចំថ្ងៃអាទិត្យ​មិនត្រូវបានលើកពេលនោះ។

អ្នកគ្រប់គ្រងកម្មវិធីការងារ​ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក ឃុន ថារ៉ូ មានប្រសាសន៍ថា ការកាត់បន្ថយថ្ងៃឈប់នេះបានផ្តល់ផលចំណេញទៅថៅកែ ហើយ​​កម្មករបានខាតបង់ប្រាក់ជាមធ្យមប្រមាណ​៩៧ដុល្លារ​ក្នុង​១ឆ្នាំ បើ​គិត​ក្នុង​ក្របខណ្ឌច្បាប់ពីមុន។

លោកបន្ថែមថា៖ «ការកែតម្រូវប្រតិទិន​នៃការឈប់សម្រាកដែលយកហេតុផលនៃការប្រកួតប្រជែងជាមួយបណ្តាប្រទេសមួយ​ចំនួន​នោះ ខ្ញុំមើលឃើញថា វាបានកាត់បន្ថយនូវអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចរបស់កម្មករហ្នឹងធំធេងណាស់ ប៉ុន្តែការដំឡើងប្រាក់ឈ្នួលហ្នឹង វាមានតិចតួចបំផុត។ ដូច​កាលនៅឆ្នាំ២០២១ មានការដំឡើងត្រឹម ២ដុល្លារ​ សម្រាប់​ការ​អនុវត្ត​នៅឆ្នាំ២០២២។ អ៊ីចឹង​បើ​យើង​ប្រៀបធៀប​ទំហំ​នៃ​ការ​ខាត​បង់​របស់​កម្មករ​ដោយ​យកការប្រកួត​ប្រជែង គឺកម្មករខាតបង់ច្រើនណាស់»

គួរបញ្ជាក់​​ថា ប្រាក់​​ឈ្នួល​អប្បបរមា​​សម្រាប់​កម្មករ​វិស័យ​វាយនភណ្ឌ​កាត់​ដេរ ផលិត​ស្បែក​ជើង និង​​សម្ភារ​ធ្វើ​ដំណើរ នៅ​ឆ្នាំ២០២២​នេះ​ ពុំមាន​​ការ​ដំឡើង​​ពី​ភាគី​និយោជក​នោះទេ គឺ​រក្សា​ទុកត្រឹម​ ១៩២ដុល្លារ ដូចឆ្នាំ២០២១ដដែល ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ថែម២​ដុល្លារ ដែល​ធ្វើ​ឱ្យ​ប្រាក់ឈ្នួល​គោលកម្មករ​ឆ្នាំ២០២២ កើន​ដល់១៩៤ដុល្លារ៕

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...