ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​មួយ​ចំនួន​មិន​បាន​ទៅ​ជួបជុំ​សាច់ញាតិ​រដូវ​ភ្ជុំ​បិណ្ឌ ព្រោះ​កត្តា​ជីវភាព

05
កញ្ញា

ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​មួយ​ចំនួន​មិន​បាន​ទៅ​ជួបជុំ​សាច់ញាតិ​រដូវ​ភ្ជុំ​បិណ្ឌ ព្រោះ​កត្តា​ជីវភាព

ប្រភព៖ វិទ្យុអាស៊ីសេរី

ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​​ប្រពៃណី​ខ្មែរ​ខិត​ជិត​មក​ដល់​នេះ ពលករ​ខ្មែរ​មួយ​ចំនួន ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ មាន​ចិត្ត​នឹករលឹក​ទៅ​ដល់​ស្រុក​កំណើត ចង់​ទៅ​ជួប​ញាតិសន្ដាន តែ​ពួកគាត់​​មិន​អាច​ត្រឡប់​ទៅ​ជួប​ជុំ​សាច់ញាតិ​បាន ព្រោះ​​ការងារ​មាន​តិចតួច ធ្វើ​ឲ្យ​ពលករ​រក​លុយ​មិនសូវ​បាន។ ពលករ ដែល​ធ្វើ​ដំណើរ​​​ពី​ថៃ​ទៅ​កម្ពុជា​ក្នុង​អំឡុង​ពេល​នេះ គឺ​ត្រូវ​ចំណាយ​លើ​ថ្លៃ​ធ្វើដំណើរ​ច្រើន ដូច្នេះ​ពួកគាត់​ថា មិន​ចង់​ចាយវាយ​ដោយ​ខ្ជះខ្ជាយ​ទេ ដោយ​សុខ​ចិត្ត​ផ្ញើ​លុយ​បន្តិចបន្តួច​ជូន​ម្ដាយ​ឪពុក​ធ្វើ​បុណ្យ​ទាន​វិញ និង​ចង់​សន្សំ​លុយ​ខ្លះ​សម្រាប់​ធ្វើ​ដើមទុន​រកស៊ី​ពេល​ត្រឡប់​ទៅ​កម្ពុជា​វិញ។

ពលករ ពល​ការិនី​ខ្មែរ កំពុង​ធ្វើការ​ក្នុង​ប្រទេស​ថៃ​មួយ​ចំនួនពួកគាត់​ថា បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ ពួកគាត់​ខកខាន​មិន​បាន​ទៅ​ចូល​រួម​ធ្វើ​បុណ្យ​ទាន​ជាមួយ​សង្គម​គ្រួសារ​ទេ មក​ពី​បញ្ហា​សេដ្ឋកិច្ច​របស់​ពួកគាត់​កំពុង​ជួប​ផល​លំបាក ព្រោះ​មាន​ការងារ​ធ្វើ​មិន​ពេញ​ថ្ងៃ គ្មាន​ប្រាក់​សន្សំ​ទុក និង​ត្រូវ​ចំណាយ​មួយ​ភាគ​ធំ​លើ​ការ​ធ្វើ​ឯកសារ​ការងារ។ ពលករ​ចង់​ទៅ​សួរ​សុខ​ទុក្ខ​ម្ដាយ​ឪពុក​នៅ​ឯ​ស្រុក​កំណើត និង​ចង់​ទៅ​ជួប​កូន​ដែល​បែក​ច្រើន​ឆ្នាំ ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​នេះ ក៏ប៉ុន្តែ​ដោយសារ​ស្ថានភាព​ជីវិត​ពលករ​ចំណាក​ស្រុក​ មាន​ជីវភាព​លំបាក និង​រក​ចំណូល​បាន​តិចតួច ពួកគាត់​សម្រេច​ចិត្ត​មិន​ទៅ​លេង​ស្រុក​ជួបជុំ​ឪពុកម្ដាយ ដោយ​ផ្ញើ​ជា​ថវិកា​តិចតួច​ជា​ការ​នឹករលឹក។

ពល​ការិនី​ធ្វើការ​ផ្នែក​អនាម័យ​តាម​ផ្ទះ​ក្នុង​ទីក្រុង​បាងកក មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់ដំបង លោកស្រី សាត សឿប អាយុ៣៧ឆ្នាំ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ព្រឹកថ្ងៃទី៥ ខែកញ្ញា ថា ក្នុង​រដូវ​ភ្ជុំបិណ្ឌ​នេះ លោកស្រី​នឹករលឹក​ទៅ​ដល់​ស្រុក​កំណើត​ជា​ខ្លាំង ជាពិសេស​ម្ដាយ​ឪពុក​បងប្អូន ដែល​កំពុង​ទន្ទឹង​រង់ចាំ​ផ្លូវ​លោកស្រី ដើម្បី​ជួបជុំ​ធ្វើ​បុណ្យ​ទាន​រួម​គ្នា។ លោកស្រី​បន្ត​ថា លោកស្រី​សោកស្ដាយ ដែល​មិន​បាន​ទៅ​​ជួបជុំ​គ្រួសារ ព្រោះ​កន្លែង​ការងារ​របស់​លោកស្រី​ពិបាក​សុំ​ច្បាប់​សម្រាក មិន​ហ៊ាន​ទៅ​ដោយ​គ្មាន​ការ​អនុញ្ញាត​ខ្លាច​គេ​បណ្ដេញ​ចេញ។ លោកស្រី​បញ្ជាក់​ថា បើ​តាម​ចិត្ត​នឹក​ស្រុក ចង់តែ​ទៅ​មួយ​ឆ្នាំ​បួន​ប្រាំ​ដង ក៏​ប៉ុន្តែ​មកពី​បញ្ហា​ជីវភាព ទើប​ចេះតែ​ទ្រាំ​តស៊ូ​ទាំង​សោកសៅ​ធ្វើការ​​សន្សំ​ប្រាក់​យក​ទៅ​ចិញ្ចឹម​កូន និង​ឪពុកម្ដាយ​ចាស់​ជរា​នៅ​ផ្ទះ៖ «អូយ! និយាយ​ពី​នឹក​ស្រុក​ណា ចង់​ទៅ​តែ​មួយ​ឆ្នាំ​ទៅ​ពីរ​បី​ដង នឹក​ខ្លាំង​ណាស់ និយាយ​ឲ្យ​ចំ​ទៅ ហើយ​ជាពិសេស​បុណ្យ​ភ្ជុំ​ចូលឆ្នាំ​ហ្នឹង ជា​រដូវ​ដែល​យើង​ត្រូវ​ទៅ​ជួបជុំ​គ្រួសារ។ គ្រួសារ​ខ្ញុំ​គេ​ទៅ​ទាំងអស់​ហ្នឹង​អត់​តែ​ខ្ញុំ​ទេ ព្រោះ​ខ្ញុំ​មាន​ធុរៈ​ទៅ​ខែ​១១ មាន​ធុរៈ​ខែ១១ហ្នឹងផង»

ស្រដៀង​គ្នា​នេះ​ដែរ ពលករ​ខ្មែរ​ម្នាក់​ទៀត ​ធ្វើការ​ក្នុង​ក្រុមហ៊ុន​លក់​រថយន្ត​មួយ នៅ​ទីក្រុង​បាងកក មាន​ស្រុក​កំណើត​នៅ​ខេត្ត​ពោធិ៍សាត់ លោក យឿម វ៉ាន់​យឿត ប្រាប់​ថា លោក​ចង់​ទៅ​លេង​ស្រុក​នៅ​រដូវ​បុណ្យ​ភ្ជុំ ក៏ប៉ុន្តែ​​ត្រូវ​ចំណាយ​អស់​ច្រើន​គឺ​ជាង​មួយ​ម៉ឺន​បាត ដោយ​លោក​មិន​សូវ​សល់​ប្រាក់​ផង មិន​ចង់​ចំណាយ​ដោយ​ខ្ជះខ្ជាយ​ផង និង​ជីវភាព​មិនទាន់​ល្អ​ប្រសើរ​ផង លោក​ក៏​សម្រេច​ចិត្ត​មិន​ទៅ​ជួបជុំ​គ្រួសារ។ លោក​បន្ត​ថា លោក​ ក៏ដូចជា​ពលករ​ខ្មែរ​ដទៃ​ទៀត​ដែរ ភាគច្រើន​​តែងតែ​និយម​​ត្រឡប់​ទៅ​ស្រុក​កំណើត​នៅ​រដូវ​ចូលឆ្នាំ​ខ្មែរ និង​បច្ចុប្បន្ន​ការ​ធ្វើ​ដំណើរ​ចុះឡើង​ឆ្លងដែន​ពី​ថៃ​ទៅ​កម្ពុជា​ពិបាក។ លោក​នឹក​ស្រុក​កំណើត​ខ្លាំង ដោយសារ​បី​ឆ្នាំ​ហើយ​លោក​ពុំ​បាន​ទៅ​សួរសុខទុក្ខ​ម្ដាយ​ឪពុក​​ឡើយ គ្រាន់តែ​បាន​ផ្ញើ​ថវិកា​ខ្លះ​ទៅ​គ្រួសារ៖ «មិន​មែន​ថា​បងប្អូន​ខ្មែរ​នៅ​ទី​នេះ​គាត់​មិន​ចង់​ត្រឡប់​ទៅ​ទេ​អា​រឿង​ភ្ជុំ​បុណ្យទាន​ហ្នឹង ក៏ប៉ុន្តែ​​ករណី​ជាទូទៅ​វា​មាន​ពីរ​បង ទាំង​ខ្ញុំ​ទាំង​គេ​ទី​១ ដោយសារ​តែ​យើង​ធ្វើការ​ចំណាកស្រុក​ឆ្ងាយ​ស្រុក​ដូច្នេះ ការ​ធ្វើដំណើរ​ផ្សេងៗ​យើង​ត្រូវ​មាន​ការ​រៀប​គម្រោង​ទុក​ជា​មុន ​ហើយ​នៅ​ពេល​ដែល​ពួកគាត់​ទាំង​ខ្ញុំ​ទាំង​គេ​ចង់​ត្រឡប់​ទៅ​ផ្ទះ​ម្ដងៗ យើង​ត្រូវការ​ចំណាយ​ច្រើន អត់​ក្រោម​មួយ​ម៉ឺន​ទៅ​ពីរ​បី​ម៉ឺន​បាត​ទេ»

ពល​ការិនី​ខ្មែរ​ម្នាក់​ទៀត ធ្វើការ​​ផ្នែក​បោសសម្អាត​នៅ​សណ្ឋាគារ​មួយ ក្នុង​ទីក្រុង​បាងកក មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ចាម រស់នៅ​ក្នុង​ប្រទេស​ថៃ​១២​ឆ្នាំ​ លោកស្រី ឆេង នៃ អាយុ៤១ឆ្នាំ ឲ្យ​ដឹង​ថា លោកស្រី​ចង់​ទៅ​លេង​បុណ្យ​ភ្ជុំបិណ្ឌ​ណាស់ តែ​ដោយសារ​​មាន​ប្រាក់​តិចតួច មក​ពី​ក្នុង​អំឡុង​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩ ការងារ​មាន​មិន​ពេញ​ថ្ងៃ ចំណូល​ក៏​មិន​បាន​ច្រើន និង​ត្រូវ​ជនជាតិ​ថៃ​​បាន​បោក​លោកស្រី​អស់​ប្រាក់​ជាង​ពីរ​ម៉ឺន​បាត ដោយ​ធានា​យក​ប៉ាស្ព័រ​ទៅ​បន្ត​សុពលភាព​ឲ្យ តែ​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​បាន​នៅឡើយ​ទេ។ លោកស្រី​បន្ត​ថា​ ក្នុង​រដូវ​បុណ្យ​ទាន​ដូច្នេះ​លោកស្រី​នឹក​ស្រុក​ភូមិ​ណាស់ ជាពិសេស​ឪពុកម្ដាយ​ចង់តែ​ទៅ​ជួប​ពួកគាត់​ជូន​លុយ​កាក់​ខ្លះ និង​ចង់​ជួបជុំ​ជជែក​លេង​ជាមួយ​បងប្អូន​នៅ​ផ្ទះ ប៉ុន្តែ​បញ្ហា​ជីវភាព​មិន​អាច​ឲ្យ​លោក​ស្រី​ទៅ​បាន៖ «តាម​ពិត​ទៅ​ពួក​ខ្ញុំ​ចង់​ទៅ​ណាស់​ដូច​ថា បុណ្យទាន​អ៊ីចឹង​មិន​ដែល ដូច​ថា​ពេល​ទៅ​អ៊ីចឹង ពេល​មក​វិញ​វា​អស់​សោហ៊ុយ​ច្រើន ហើយ​វា​ទាល់តែ​មិន​មាន​ថវិកា​ច្រើន​អ៊ីចឹង​ណា បាន​យើង​អាច​ទៅ​បាន ទៅ​វា​សម្បូរ​សប្បាយ​ហើយ ទៅ​គ្មាន​លុយ​អ៊ីចឹង​ពិបាក​ណាស់​រាល់ថ្ងៃ​នោះ ណា​មួយ​រកលុយ​អត់​បាន ដូច​ពី​មុន​អី​រក​លុយ​បាន​អ៊ីចឹង​ណា ឥឡូវ​ប្រាក់ខែ​ត្រឹម​តែ​មួយ​ម៉ឺន​ទេ គេ​កាត់​ថ្លៃ​បន្ទប់​មួយ​ពាន់ នៅ​សល់​តែ​ប្រាំ​បួន​ពាន់​ទេ»

ដូច​គ្នា​ដែរ ពល​ការិនី​ខ្មែរ​ម្នាក់​ទៀត ធ្វើការ​ដូច​លោកស្រី ឆេង នៃ ដែរ និង​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ចាម​ដែរ លោកស្រី ហាក់ រស់ អាយុ ៣៨ឆ្នាំ ប្រាប់​ថា ឆ្នាំនេះ​លោកស្រី និង​ប្ដី​មិន​បាន​ទៅ​សួរសុខទុក្ខ​ឪពុកម្ដាយ និង​កូន​ទេ ព្រោះ​គ្មាន​ប្រាក់​សេសសល់ ដោយសារ​ការងារ​មាន​មិន​ច្រើន​ដូច​ពី​មុន និង​ចំណាយ​លើ​ការ​ចាយវាយ​ប្រចាំ​ថ្ងៃ​ច្រើន ព្រោះ​ទំនិញ​ឡើង​ថ្លៃ​គ្រប់​មុខ។ លោកស្រី​នឹក​រលឹក​ដល់​ស្រុក​កំណើត​ណាស់ នៅ​ពេល​បុណ្យទាន​ម្ដងៗ​ដូច្នេះ ចង់​តែ​ទៅ​ជួប​បងប្អូន​ តែ​លោកស្រី​គ្មាន​សោហ៊ុយ​ធ្វើ​ដំណើរ។ លោកស្រី​ចង់​ឃើញ កម្ពុជា​មាន​ការ​អភិវឌ្ឍ សម្បូរ​ការងារ សម្រាប់​ពលរដ្ឋ​ខ្មែរ ប្រកប​របរ​ចិញ្ចឹម​ជីវិត និង​រស់​នៅ​សុខដុមរមនា​ជួបជុំ​គ្រួសារ ដើម្បី​កុំ​ឲ្យ​ចំណាក​ស្រុក​ទៅ​ស្រុក​គេ​ដូច​សព្វថ្ងៃ៖ «ហ៊ឺ! ហ៊ឺ! រឿង​អារម្មណ៍​ហ្នឹង​ហូយ! ថ្នាក់​ដេក​ៗ​នឹក​ឃើញ​ម៉ែ នឹក​ឃើញ​កូន នឹកឃើញ​គ្រួសារ​នៅ​ផ្ទះ យំ​ក៏​មាន​តែ​មិន​ដឹង​ធ្វើ​ម៉េច​ដូច​ថា ​ជីវភាព​យើង​វា​ក្រ បើ​យើង​ទៅ​ហើយ​អ៊ីចឹង យើង​អត់​មាន​លុយ​ឲ្យ​កូន​រៀន​អ៊ីចឹង ក៏​ចេះតែ​ទ្រាំ​អ៊ីចឹង​ណា។ នៅ​ប្រឈម​មុខ​រក​តិក​តក់​ៗ ផ្ដល់​លុយ​ឲ្យ​កូន​រៀន ព្រោះ​ខ្ញុំ​អាយុ​ក៏​ច្រើន​ដែរ បើ​ធ្វើការ​នៅ​ខ្មែរ ធ្វើការ​រោងចក្រ​គេ​មិន​យក គេ​មិន​យក​យើង​ទេ​អាយុ​ច្រើន​ហើយ​នោះ»។​​

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ ពី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បាន​ទេ ដោយ​ទូរស័ព្ទ​ហៅ​ចូល​តែ​ពុំ​មាន​អ្នក​ទទួល។

ជុំវិញ​បញ្ហា​នេះ​ដែរ មន្ត្រី​គម្រោង​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​អង្គការ​សង់​ត្រាល់ លោក លឹង សុផុន មើល​ឃើញ​ថា ពលករ​ខ្មែរ​បច្ចុប្បន្ន ដែល​ធ្វើការ​ក្នុង​ប្រទេស​ថៃ ភាគច្រើន​ពួកគាត់​មិន​បាន​វិល​ត្រឡប់​ទៅ​លេង​ស្រុក​កំណើត​ក្នុង​រដូវ​ភ្ជុំ​នេះ​ទេ ព្រោះ​ពលករ​ខ្មែរ​កំពុង​ប្រឈម​នឹង​ជីវភាព​ ដោយ​ការងារ​តិច និង​ខ្លះ​គ្មាន​ការងារ​ធ្វើ​តែ​ម្ដង។ លោក​បន្ត​ថា ពលករ​ក្នុង​ប្រទេស​ថៃ​នេះ ពួកគាត់​ជួប​ទុក្ខ​លំបាក​ច្រើន ជា​ពិសេស​ក្នុង​រដូវ​បុណ្យ​ទាន ពលករ​តែង​សញ្ជឹង​នឹក​ដល់​ស្រុក​កំណើត និង​ម្យ៉ាង​ទៀត​ការងារ ក៏​មិន​សម្បូរ​ដូច​មុន៖ «អឺ! ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​អ៊ីចឹង​ បើសិនជា​មិន​មាន​ការ​ថែម​ម៉ោង​ទេ គឺ​ពួកគាត់​អឺ! ពិបាក​ក្នុង​ការ​ចំណាយ ដូច​ថា​ ចំណាយ​លំបាក​ណាស់។ ​ខ្ញុំ​ឃើញ​បងប្អូន​ខ្លះ​ទទួល​ខុស​ត្រូវ​រឿង​ចំណាយ​ថ្លៃ​បន្ទប់ ចំណាយ​ថ្លៃ​ភ្លើង​ថ្លៃ​យក​លុយ​ទៅ ជួយ​គ្រួសារ​នៅ​ស្រុក​ខ្មែរ​ផង​អ៊ីចឹង»

ពិធី​បុណ្យភ្ជុំបិណ្ឌ ជា​ប្រពៃណី​របស់​ដូន​តា​ខ្មែរ មាន​មក​តាំង​ពី​សម័យ​មុន​អង្គរ ដែល​ប្រារព្ធ​ឡើង​រៀងរាល់​ថ្ងៃ១រោច ដល់​ថ្ងៃ១៥រោច ខែភទ្របទ ចន្លោះ ខែកញ្ញា និង ខែតុលា ដែល​ជា​ពិធីបុណ្យ​ដែល​មាន​រយៈពេល​វែង​ជាង​គេ​រហូត​ដល់ ១៥ថ្ងៃ ជា​រៀងរាល់​ឆ្នាំ ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប និង​ត្រូវ​បាន​ឈប់​សម្រាក​ពី​ការងារ​រយៈពេល ៣ថ្ងៃ ដើម្បី​ចូល​រួម​ពិធី​បុណ្យភ្ជុំបិណ្ឌ​នេះ នា​ថ្ងៃ​ចុងក្រោយ ដើម្បី​ឱ្យ​ពួកគេ​អាច​រៀបចំ​ម្ហូបអាហារ ដើម្បី​សែន​ដូនតា ជូន​សាច់ញាតិ​របស់​ពួកគេ​ដោយ​សេចក្ដី​នឹករលឹក រៀងរាល់​មួយ​ឆ្នាំ​ម្ដង៕

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...