ការ​បណ្តុះ​បណ្តាល​ជំនាញ​រយៈ​ពេល​ខ្លី ជួយ​ឱ្យ​ប្រជាពលរដ្ឋ​មាន​លំនឹង​ផ្នែក​ទីផ្សារ

07
កញ្ញា

ការ​បណ្តុះ​បណ្តាល​ជំនាញ​រយៈ​ពេល​ខ្លី ជួយ​ឱ្យ​ប្រជាពលរដ្ឋ​មាន​លំនឹង​ផ្នែក​ទីផ្សារ

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

 

ភ្នំពេញៈជំងឺ​កូ​វីដ ១៩ បាន​រាត​ត្បាត​ទូទាំង​សកល​លោក​ចាប់​តាំង​ពី​ចុងឆ្នាំ​ ២០១៩ រហូត​មក​ទល់​បច្ចុប្បន្ន​ ក្នុង​នោះ​កម្ពុជាក៏​បាន​រង​គ្រោះ​ពី​វិបត្តិ​សុខ​ភាព​សកល​នេះ​ផង​ដែរដែល​នាំឱ្យ​វិស័យធំៗ​មួយ​ចំនួន​នៅក្នុង​ប្រទេស​មាន​ការ​រង្គោះ​រង្គើ។ ទន្ទឹម​នឹង​ផល​ប៉ះពាល​នេះ វិស័យ​វាយ​ន​ភណ្ឌ​កាត់​ដេរ ក៏បាន​ប្រឈម​ដែល​ធ្វើ​ឱ្យ​កម្មករ​និយោ​ជិត​រាប់​ម៉ឺន​នាក់ បាន​បាត់​បង់​ការ​ងារ​ ដោយ​សារតែ​រោង​ចក្រ​សហ​គ្រាស​ជាច្រើន បាន​បិទទ្វា​រ ព្រោះ​គ្មាន​ការ​បញ្ជា​ទិញ។

ដោយ​សារ​តែ​ទទួល​រង​ស្ថាន​ភាព​បែប​នេះ​ហើយ ទើប​រដ្ឋា​ភិបាល​តាមរយៈ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន​ដាក់​ចេញ​កម្មវិធី​នានា​ដើម្បី​ពង្រឹង​ដល់​សមត្ថ​ភាព​របស់​ពួកគេក្នុ​ងរយៈពេលខ្លី​ពាកព័ន្ធ​នឹង​ជំនាញ​បច្ចេក​ទេសឬ​ហៅ​ថា​ ជំនាញ​រឹង និង​ទំនាញ​ទ្រឹស្តី ឬ​ជំនាញ​ទន់ ក្នុង​វិស័យ​នានា​ជា​បន្ត​បន្ទាប់ ក្រោយពី​ពួក​គេ​បាន​ទទួល​រង​ផល​ប៉ះ​ពាល់​បណ្តា​យ​ឱ្យ​បាត់​បង់​ការងារ។

កាល​ពី​ឆ្នាំ ២០២១ ក្រសួង​បាន​បណ្តុះ​បណ្តាល​ជំនាញ​រឹង​ដល់ក​ម្មករ និង​ពលរដ្ឋ​ចំនួន ៦ ៥០០ នាក់ ហើយ​ក្នុង​នោះ ក៏​បាន​រៀប​ចំ​បណ្តុះ​បណ្តាល​ជំនាញ​ទន់​ដល់​កម្មករ​និយោ​ជិត​សរុប​ចំនួន ៦៨ ០០០ នាក់ (ស្រី ៥៤ ៧៩៩ នាក់) មក​ពី​រោង​ចក្រ​សហ​គ្រាស​ចំនួន​ ១០៨ ផង​ដែរ​។

សម្រាប់​ឆ្នាំ​ ២០២២​ ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន​ទទួល​គោល​ការណ៍​ថ្មី​បន្ថែម​ទៀត​ក្នុង​ការ​ផ្តល់​ការ​សិក្សា​​លើ​មុខ​ជំនាញ​បច្ចេក​ទេស និង​វិជ្ជា​ជីវៈ​សំខាន់ៗ​ចំនួន ៧ ៥០០ កន្លែង ​ដោយ​ជំនាញ​ទាំង​នោះ​កំពុង​មាន​តម្រូវ​ការ​ទី​ផ្សារ​ខ្ពស់​ទាំង​ពេល​បច្ចុប្បន្ន ​និង​អនា​គត​។

អ្នក​ស្រី ភឿន សុខា​ល័យ ជា​បុគ្គល​ម្នាក់​ដែល​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​រយៈ​ពេល​ ៤ ខែ កាល​ពីដើមឆ្នាំ​ ២០២១ ក្នុង​ជំនាញ​ធ្វើ​នំប៉័ងហើយ​បច្ចុប្បន្ន​បាន​បើក​ហាង​នំ​ជា​លក្ខណៈ​គ្រួសារ​នៅ​ស្រុក​កំណើត​ដែល​ស្ថិត​ក្នុង​ស្រុក​ស៊ី​ន្ធ​រ​កណ្តាល​ខេត្ត​ព្រៃ​វែង​។

 

បន្ទាប់ពី​រៀន​ចេះ​ជំនាញ​ថ្មី​ពី​កម្មវិធី​ដែល​ផ្តល់ឱ្យ​ដោយ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ អ្នក​ស្រី បាន​អះអាង​ថា អ្នក​ស្រី​បាន​សម្រេច​បើក​អាជី​វកម្ម​ដោយ​ខ្លួនឯង បន្ទាប់​ពី​បាត់​បង់​ការងារ​ជា​អ្នក​បម្រើ​ការ​តាម​ផ្ទះ​នៅ​ក្រុមហ៊ុន​ឯកជន​១​កន្លែង​ ក្នុង​រាជ​ធានី​ភ្នំពេញ​។

អ្នក​ស្រីបាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា៖ ​«សព្វថ្ងៃ ខ្ញុំ​បាន​បើក​លក់​នំប៉័ង នំ​ខេ​ក នៅ​ស្រុក​ជា​លក្ខណៈ​គ្រួសារ​ខ្នាត​តូច។ ខ្ញុំ​បើក​នៅ​ខែ​ ១២ ឆ្នាំ ២០២១ ក្រោយ​រៀន​វគ្គ​ខ្លី​ចប់​បាន​មួយ​រយៈ។ ដោយ​ទទួល​បាន​ការ​បង្ហាត់​បង្រៀន និង​ការ​ណែនាំ​ពី​ការ​ប្រើ​ប្រាស់​ផលិត​ផល​ និង​ធ្វើ​នំ​ពី​គ្រូ​នៅក្នុង​វិទ្យា​ស្ថាន។​ អ្នក​នៅ​ក្នុង​ភូមិ​របស់​ខ្ញុំ គាត់​ទទួល​ស្គាល់​ថា​ នំ​ដែល​ខ្ញុំ​ធ្វើ គឺ​ប្លែក​ពី​នំប៉័ង​កញ្ឆេ ព្រោះ​ឆ្ងាញ់​ជាង និង​ល្អ​ជាង»​។

ស្ថិត​ក្នុង​ស្ថាន​ភាព​អាជីវ​កម្ម​ដំណើរ​ការល្អ​បង្គួរ អ្នក​ស្រី សុខា​ល័យ បាន​និយាយ​បន្ត​ថា​ ការទទួល​បាន​ជំនាញ​ថ្មី គឺ​បាន​ជួយ​អ្នកស្រី​ឱ្យមាន​លំ​នឹង​នៅ​ក្នុង​ទីផ្សារ បើ​ទោះ​មិន​បាន​បន្ត​ការងារ​ជា​អ្នកបម្រើ​ការ​តាម​ផ្ទះ​នៅ​ក្នុង​ក្រុមហ៊ុន​បន្ត ក៏​អ្នក​ស្រី អាច​មាន​អាជី​វកម្ម​ផ្ទាល់​ខ្លួន ដែល​ជួយ​ដល់​ជីវ​ភាព​ប្រចាំ​ថ្ងៃ​ឱ្យបាន​ល្អ​ប្រសើរ​ផង​ដែរ​។

និយាយ​ដោយ​ការពេញ​ចិត្ត​បន្ទាប់ពី​រៀន​ចេះ​នូវ​ជំនាញ​ថ្មី​ដែល​បាន​ជួយ​ឱ្យ​អ្នក​ស្រី​មាន​ពេល​វេលា​គ្រប់គ្រាន់​បាន​នៅ​ជិត​គ្រួសារ និង​កូនៗ ស្ត្រី​មាន​វ័យ​ជិត ៤០ ឆ្នាំ រូបនេះ បាន​រៀ​បរាប់​ទៀត​ថា នៅពេល​ចេះ​ជំនាញ​បន្ថែ​ម គឺ​មិន​ត្រឹម​មើល​ឃើញ​ឱកាស​ទីផ្សារ​ការងារ​កាន់​តែ​ទូលាយ​នោះ​ទេ​ គឺ​វា​បាន​បង្ក​លក្ខណៈ​ងាយ​ស្រួល​ឱ្យ​អ្នកស្រី​កាន់​តែ​ច្រើន​ក្នុង​ការ​ចាប់​យក​ឱកាស​បើក​អាជីវ​កម្ម​ដោយ​ខ្លួន​ឯង​។

អ្នកស្រីបាន​បន្ថែម​ថា៖ «សំខាន់​ជាង​គេ គឺមាន​មោទន​ភាព​លើ​ខ្លួន​ឯង ហើយ​ចំណេះ​នេះ គឺអាច​ទុកត​កូន​តចៅ​ទៅ​ជំនាន់​ក្រោយ​បាន​ទៀត។ ខ្ញុំ​កំពុង​ពង្រឹង​ខ្លួន​ឯង និង​ចង់​ឱ្យ​ប្រជា​ពលរដ្ឋ​ក្នុង​ភូមិ​របស់ខ្ញុំ​គាត់​ហូប​របស់​ល្អ​ឆ្ងាញ់​ បើទោះ​ជា​នំ​របស់​ខ្ញុំ មាន​តម្លៃ​ថ្លៃ​ជាង​របស់​ទូទៅ​បន្តិច​មែន តែ​គុណ​ភាព​របស់​យើង​មាន​ស្តង់​ដា»​។

លោក ​ម៉ៅ លីម ដែលជា​កម្មករ​រោង​ចក្រ​ផ្នែក​តុ​កាត់​ក្នុង​រោង​ចក្រ​ ១ កន្លែង​នៅ​រាជ​ធានី​ភ្នំពេញ​បាន​និយាយ​ថា ​កាលពី​អំឡុង​ឆ្នាំ ២០២១​ កន្លង​ទៅ លោកបាន​ផ្អាក​ការងារ​មួយរ​យៈ​ ព្រោះតែ​វិបត្តិ​ជំងឺ​រាត​ត្បាត​កូ​វីដ ១៩។ លោក ម៉ៅ លឹម បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ក្នុង​អំឡុង​ពេល​ព្យួរ​កា​រងារ ក្រៅ​តែពី​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិ​បាល​ លោក ក៏​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ជំនាញ​ទ្រឹស្តី ឬ​ហៅ​ថា ​ជំនាញ​ទន់​ពី​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ផង​ដែរ​។

លោក ម៉ៅ លឹម ដែល​ធ្លាប់​បាន​ចូលរួម​វគ្គ​បណ្តុះ​បណ្តាល​នេះ​ជា​មួយ​កម្មករ​ដទៃ​ទៀត​នៅ​ក្នុង​រោង​ចក្រ បាន​និយាយ​បន្ត​ថា៖​ «នៅ​ពេល​ស្បើយ​ពី​កូ​វីដ​បន្តិច យើង​ក៏​ទទួល​បាន​ការ​បង្ហាត់​បង្រៀន មក​កាន់​ក្រុម​កម្មករ​នៅ​រោង​ចក្រ​ខ្ញុំ​ផ្ទាល់​តែ​ម្តង​។ គាត់ (មន្ត្រី) បាន​បង្ហាញ និង​ពន្យល់​យើង​ទាំង​អស់​គ្នា អំពី​ការងារ​រកស៊ី និង​របៀប​របប​នៃ​ការ​រកស៊ី ហើយ​ក៏បាន​ពន្យល់​យើង​ពី​ក្បួន​ខ្នាត​នៃ​ការ​ដេរ​ប៉ាក់​អ៊ីចឹង​ទៅ។ គេ​បង្រៀន​យើង​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ និង​មាន​គោល​ជំហរ​ច្បាស់​លាស់​ ហើយ​យើង​ត្រូវ​មាន​គោល​ដៅ​របស់​យើង​ឱ្យ​បាន​ច្បាស់​លាស់ មិន​ត្រូវ​ធ្វើ​អ្វី​ដោយ​ប្រថុយ​ប្រថាន​ទេ»​។

ឆ្លង​កាត់​បទ​ពិសោធ​ពី​កម្មករ​ធម្មតា​រហូត​ក្លាយ​ជា​កម្មករ​ជំនាញនិង​ប្រឡូក​ការងារ​ក្នុង​រោង​ចក្រ​អស់​ជាច្រើន​ឆ្នាំ លោក ម៉ៅ លឹម ​បន្តថា ការ​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ជំនាញ​ទន់​នេះ គឺ​បាន​ចូល​រួម​ចំណែក​ផ្តល់​នូវ​ចំណេះ​ដឹង និង​ជួយ​តម្រង់​ទិស​ដល់​លោក​ក្នុង​ការ​ចាប់​យក​ឱកាស​ផ្សេងៗដូច​ជាជំរុញ​ឱ្យគិត​គូរ​ពីឱកាស​ក្នុង​ការ​បង្កើត​អាជី​វកម្ម​ផ្ទាល់​ខ្លួន នៅ​ពេល​ឈប់​សម្រាក​ពី​ការងារ​រោង​ចក្រ​។

លោកមាន​ក្តី​សង្ឃឹម​ថា៖ «នៅ​ពេល​ខាង​មុខ បើ​មាន​ធនធាន និង​មាន​សមត្ថ​ភាព ខ្ញុំនឹង​ចាប់​ឱកាស​ក្នុង​ការ​បើក​ក្រុម​ហ៊ុន​តូច​មួយ​ពាក់​ព័ន្ធ​ជំនាញ​ដែល​ខ្ញុំ​ចេះ ហើយ​ខ្ញុំ​នឹង​បន្ត​ស្វែង​យល់​បន្ថែម​ទៀត​នូវ​ជំនាញ​ដែល​ផ្តល់ឱ្យ​ដោយ​ក្រសួង​ដើម្បី​មើល​ថា​ ការ​បណ្តុះ​បណ្តាល​ណា​ដែល​ជួយ​ពង្រឹង​ដល់​ជំនាញ និង​សមត្ថ​ភាព​របស់​ខ្ញុំ»​។

កាលពី​ថ្ងៃទី ៤​ សីហា ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល ​បាន​បង្ហាញ​ការ​ស្ទង់​មតិ​មួយ ដោយ​រក​ឃើញ​ថា អ្នក​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេក​ទេស និង​វិជ្ជា​ជីវៈ ឬ TVET ពី​កម្រិត ១ ដល់​កម្រិត ៤ ទទួល​បាន​តួនាទី​ជា​អ្នក​បច្ចេក​ទេស​រហូត​ដល់​ទៅ​ជាង ​៤៥​ ភាគ​រយ និង​កម្រិត​អ្នក​គ្រប់​គ្រង​រហូត​ដល់​ឯក​ទេស​មាន​ជាង​ ១៧ ​ភាគ​រយ ​ខណៈ​មុខ​របរ​មួយ​ចំនួន​ដែល​ប្រហែល​ជា​មិន​ទាក់​ទង​នឹង​ជំនាញ​មាន ​១៩ ​ភាគ​រយ។

ជា​មួយ​នឹង​ការ​សិក្សា​នេះ ក្រសួង ​ក៏បាន​បង្ហាញ​ដែរ​ថា ចំពោះ​កា​រងារ​លើ​វិស័យ​មេកា​និច​រថយន្ត ​គឺមាន​ជាង ​១៣ ​ភាគ​រយ ហើយ​អ្នក​ដែល​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ពី​ក្រសួង​រួច បាន​ក្លាយ​ជា​សហ​គ្រិន ឬ​ម្ចាស់​អាជី​វកម្ម​ផ្ទាល់ខ្លួ​នមានជាង​ ៥​ ភាគ​រយ។

លោក ឃុន ថា​រ៉ូ អ្នក​គ្រប់​គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា សង់​ត្រា​ល់ បាន​លើក​ឡើង​ថា ការដែល​ពលរដ្ឋ​ម្នាក់ៗ ជាពិសេស ​គឺ​កម្មករ​ កម្ម​ការិនី មាន​ជំនាញ​លើស​ពី ​១ ​នោះ​នឹង​ធ្វើឱ្យ​ពួក​គាត់ មាន​សមត្ថ​ភាព​អាច​ឆ្លើយ​តប​ទៅ​តម្រូវការ​ទី​ផ្សារ ជា​ពិសេស​គឺ​ធ្វើឱ្យ​ពួក​គាត់​ងាយ​ស្រួល​ក្នុង​ការ​ចាប់​យក​ឱកាស​ការងារ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​។

បន្ថែម​ពីនេះ លោក​ថ្លែង​ថា ការ​ផ្តល់នូវ​ការ​បណ្តុះ​បណ្តាល​ជំនាញ​បន្ថែម​ដល់​កម្មករ​ គឺជា​រឿង​មួយ​ដែល​ត្រឹម​ត្រូវ​ដើម្បី​កែប្រែ​នូវ​អ្វី​ដែល​កម្ពុជា​កំពុង​ជួប​ប្រទះ ខណៈ​កម្មករ​កម្ពុជា​ភាគ​ច្រើន មិន​មាន​ពហុ​ជំនាញ​ដែល​ធ្វើឱ្យ​ពួក​គាត់​ងាយ​រង​គ្រោះ​នៅ​កន្លែង​ការ​ងារ​បច្ចុប្បន្ន​។

លោក​បាន​បញ្ជាក់​ថា៖ «ការ​បង្កើត​ការងារ​ឱ្យចំ​គោល​ដៅ​ហ្នឹង ខ្ញុំគិត​ថា គួរតែ​ត្រូវ​នឹង​បរិបទ​នៅ​ក្នុង​សហ​គមន៍​ និង​ទីផ្សារ​ការងារ​នៅ​ជិត​ពួក​គាត់។ កន្លង​មក យើង​រកឃើញ​បញ្ហា​ដែរ​ថា បើ​ពួក​គាត់​ មិនមាន​ព័ត៌មាន​ទីផ្សារ​ការងារ​នៅ​ជិត​មូល​ដ្ឋាន​របស់​គាត់ ហើយ​ជំនាញ​របស់​គាត់​មិន​ត្រូវ​នឹង​អ្វី​ដែល​គេ​ចង់​បាន ច្រើន​តែមាន​ការ​ធ្វើ​ចំណាក​ស្រុក»។

បន្ថែម​ពីនេះ លោក ឃុន ថា​រ៉ូ ក៏​ចង់​ឃើញ​រដ្ឋាភិ​បាល​បន្ត​ការ​គាំទ្រ​នៅក្នុង​អំឡុង​ពេល​កម្មក​រទទួល​ការ​បណ្តុះ​បណ្តាល និង​ក្រោយ​ពេល​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ផង​ដែរ ​ដើម្បីឱ្យ​ពួក​គាត់​មាន​លទ្ធ​ភាព​ពេល​លេញ​ក្នុងការ​ចាប់​យក​ជំនាញ​ប្រកប​​ដោយ​ប្រសិទ្ធ​ភាព​។

លោក​បាន​បញ្ជាក់​ថា៖ «យើង​ក៏​មិន​គួរតែ​ផ្តោត​ទៅលើ​កម្មករ​ដែល​បាត់​បង់​ការងារ​ដែរគឺ​យើង​គួរតែ​ផ្តោត​ទៅ​លើ​និយោ​ជិត ដែល​កំពុង​បំពេញ​ការងារ​ផង ប្រសិន​បើ​គាត់ចង់​បង្កើន​នូវ​សមត្ថ​ភាព​ជំនាញ​ផ្សេង​បន្ថែម​ទៀត ដែល​នេះ គឺជា​រឿង​មួយ​ដ៏​ល្អ។ ទាំង​នេះ​ទើប​ស្រប​នឹង​បរិបទ​ទីផ្សា​រការ​ងារ​នៅ​ក្នុង​ស្រុក​ខ្មែរ​យើង»​។

លោក​ ថង សាម៉ុន អគ្គ​នាយក​រង​អប់រំ បណ្តុះ​បណ្តាល​បច្ចេក​ទេស​និង​វិជ្ជាជីវៈ​បាន​និយាយ​ថា​ ការផ្តល់​វគ្គ​បណ្តុះ​បណ្តាល​រយៈ​ពេល​ខ្លី​ដែល​ក្រសួង​បាន​ផ្តល់​ជូន​នេះ គឺ​មិន​ត្រឹម​មិន​គិតថ្លៃ​នោះ​ទេ តែក្រសួងក៏​បានផ្ត​ល់​ប្រាក់​ឧបត្ថម្ភ​ដល់ក​ម្មករ ឬ​សិក្ខា​កាម​ រួម​ទាំង​កន្លែង​ខ្លះ ក៏បាន​ផ្តល់​កន្លែង​ស្នាក់​នៅ​ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ​។

ជា​មួយ​នឹង​ការអះ​អាង​បែប​នេះ លោក សាម៉ុន បា​ន​ថ្លែង​​បន្តថា ការ​ទទួល​បាន​ជំនាញ​រយៈ​ពេល​ខ្លី មិន​ថា សិក្ខា​កាម ទទួល​បាន​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​ថ្មី​បន្ថែម ឬ​វគ្គ​បណ្តុះ​បណ្តាល​អភិវឌ្ឍ​ន៍​ជំនាញ​របស់​ខ្លួន​នោះ​ទេ គឺ​សុទ្ធតែ​ជា​ឱកាស​សម្រាប់​សិក្ខា​កាម​ក្នុង​ការ​ចាប់​យក​ឱកាស​ការងារ​នៅ​ក្នុង​ទីផ្សារ​បច្ចុប្បន្ន និង​អនា​គត​។

លោក​បាន​បញ្ជាក់​ថា៖ «​ខ្ញុំចង់​ឱ្យ​យុវជន ​កម្មករ​ កម្ម​ការិ​នី មក​ចាប់​អារ​ម្មណ៍ឬក៏​ងាក​មក​សិក្សា​ជំនាញ​បច្ចេក​ទេស​នេះ ព្រោះ​យើង​មាន​ការ​ផ្តល់​អាហា​រូបក​រណ៍ ហើយ​កន្លែង​ខ្លះ​ មាន​ផ្តល់​កន្លែង​ស្នាក់​នៅ​ជាដើម។ ជា​ពិសេស​នោះ ​យើង ​ក៏​បាន​ជួយ​តម្រង់​ទិស​ឱ្យ​ពួក​គាត់ទទួល​បាន​ឱ​កាស​ការងារ​ផ្សេងៗ​ និង​ការ​ប្រឹក្សា​យោ​បល់​ផង​ដែរ»​។

បើតាម​លោក ថង សា​ប៉ុន ក្នុង​រយៈ​ពេល ​៥ ឆ្នាំ​ចុង​ក្រោយ​នេះ ក្រសួង​បាន​បណ្តុះ​បណ្តាល​ជំនាញ​រយៈ​ពេល​ខ្លី​ដល់​សិក្ខា​កាម​ជា​មធ្យមក្នុង​រង្វ​ង់ប្រមាណ ៣ ម៉ឺន​នាក់ ​ក្នុង ១ ឆ្នាំ ហើយ​សរុប​រយៈ​ពេល ​៥ ឆ្នាំនេះ មាន​សិក្ខា​កាម​​សរុប​យ៉ាង​តិច ១៥​ ម៉ឺន​នាក់ បាន​ទទួល​នូវ​ការ​បណ្តុះ​បណ្តាល​ជំនាញ​ខ្លីពី​ក្រសួង​៕

This post is also available in: អង់គ្លេស

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...