ពលករ​ខ្មែរ​នៅ​ថៃ​គ្រោង​នាំគ្នា​ទៅ​ជួបជុំ​សាច់ញាតិ​ក្នុង​រដូវ​ភ្ជុំ ខណៈ​ពលករ​មួយចំនួន​ខកខាន

10
កញ្ញា

ពលករ​ខ្មែរ​នៅ​ថៃ​គ្រោង​នាំគ្នា​ទៅ​ជួបជុំ​សាច់ញាតិ​ក្នុង​រដូវ​ភ្ជុំ ខណៈ​ពលករ​មួយចំនួន​ខកខាន

ប្រភព៖ វិទ្យុអាស៊ីសេរី

 

ពលករ​ខ្មែរ​មួយ​ចំនួន​ដែល​កំពុង​ធ្វើការ​នៅ​ថៃ​គ្រោង​នាំគ្នា​ទៅ​ស្រុកកំណើត​ជួបជុំ​សាច់ញាតិ​ក្នុង​រដូវ​ភ្ជុំ ដើម្បី​ធ្វើ​បុណ្យឧទ្ទិសកុសល​ជូន​អ្នកមានគុណ និង​ជួបជុំ​សាច់ញាតិ​ខាងមុខនេះ ខណៈ​ពលករ​មួយ​ចំនួន​ទៀត​ខកខាន​ដោយសារ​ពួកគេ​ជួប​បញ្ហា​ជីវភាព និង​កន្លែង​ការងារ​មិន​អនុញ្ញាត​ឲ្យ​ឈប់សម្រាក​ជាដើម។

ពលករ​ខ្មែរ​មួយចំនួន​ដែល​ធ្វើការ​ក្នុង​ប្រទេស​ថៃ​លើក​ឡើង​ថា ពួកគេ​រំភើប​លាយឡំ​ទៅ​ដោយ​ការ​នឹករលឹក ហើយ​ពួកគាត់​បាន​បបួលគ្នា​ទៅលេង​ស្រុកកំណើត​រៀងៗ​ខ្លួន​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ។

ពលករ​ខ្មែរ​ធ្វើការ​ផ្នែក​លាយ​ពណ៌​ថ្នាំ​រថយន្ត នៅ​ខេត្ត​សុរ៉ាតថានី (Surat Thani) មកពី​ស្រុក​កងមាស ខេត្ត​កំពង់ចាម លោក ស្រ៊ុន មេងលាង ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា​ថា ក្នុង​រដូវ​បុណ្យទាន​នេះ លោក​ក៏​ឆ្លៀត​ទៅ​លេង​ស្រុកកំណើត​ធ្វើបុណ្យ​រំលឹក​ខួប​ជូន​ឪពុក​ដែល​បាន​ចែក​ឋាន​តាម​ទំនៀមទម្លាប់​ខ្មែរ​។ ក៏ប៉ុន្តែ​លោក​ថា ពលករ​ខ្មែរ​ជាច្រើន​ទៀត​ដែល​កំពុងធ្វើការ​នៅ​រោងចក្រ​ផលិត​រថយន្ត កម្មករ​មើលថែ​ចម្ការ​ទុរេន និង​កម្មករ​រោងចក្រ​ផ្សេងៗ​ជាដើម ពួកគាត់​ភាគច្រើន​មិនបាន​ទៅលេង​ស្រុកកំណើត​នោះ​ទេ ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ​៖ «មាន​ច្រើន​បង​! ធ្វើការ​នៅ​នោះ ធ្វើការ​យាម​ចម្ការ​ផ្លែឈើ​ឲ្យ​គេ​ណា​បង កាប់​ទុរេន​កាប់​អីហ្នឹង​ច្រើន​នៅ​នោះ​។ គាត់​ដូចជា​អត់​បាន​ទៅ​ទេ​បង គឺ​ភាគតិច​ណាស់​គឺ​គាត់ ដែល​គម្រោង​ថា​ទៅលេង​ស្រុក​ក្នុង​ឱកាស​កាន់បិណ្ឌ ភ្ជុំបិណ្ឌ​គឺ​គាត់​អត់​បាន​ទៅ ភាគតិច​ណាស់​គឺ​មាន​តែ​ដប់​ភាគរយ»

ចំណែក​ពលការិនី ធ្វើការ​សំណង់​នៅ​ទីក្រុង​បាងកក មាន​ស្រុក​កំណើត​នៅ​ខេត្ត​សៀមរាប លោកស្រី ស៊ុង អួន វិញ លោកស្រី​ប្រាប់​ថា លោកស្រី​និង​ប្ដី​ខកខាន​ទៅ​ជួប​ឪពុកម្ដាយ និង​កូន​អាយុ​៨​ឆ្នាំ អស់​ពេល​៣​ឆ្នាំ​មក​ហើយ ដោយ​គ្រាន់តែ​ផ្ញើ​លុយ​ទៅ​ជូន​ឪពុកម្ដាយ និង​ចិញ្ចឹម​កូន​រៀនសូត្រ​។ លោកស្រី​ឱ្យ​ដឹង​ថា ឆ្នាំនេះ​លោកស្រី​និង​ប្ដី មិន​បាន​ទៅ​លេង​ស្រុកកំណើត​ទេ ដោយសារ​កន្លែង​ការងារ​គេ​មិន​ទាន់​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក ម្យ៉ាងទៀត​លោកស្រី​ចង់​សន្សំ​លុយកាក់​ខ្លះ ដើម្បី​យក​ទៅ​ប្រកប​មុខរបរ​នៅ​ស្រុកកំណើត បន្ទាប់​ពី​លោកស្រី​ឈប់​ធ្វើការ​ក្នុង​ប្រទេស​ថៃ​៖ «យើង​ចង់ទៅ​តែ​ធ្វើ​ម៉េច​បើ​វា​មិន​ទាន់​មាន​លុយ ព្រោះ​យើង​នៅ​ប្រទេស​គេ​មិនមែន​ទៅមក​ស្រួល​ដូច​យើង​នៅ​ស្រុក នៅ​ស្រែ​យើង ព្រោះ​យើង​គ្មាន​លុយកាក់​មិនអាច​ទៅ​បាន​គឺ​មានតែ​ទ្រាំ មាន​អារម្មណ៍​ថា ចង់​ជួប​ពុក​ម៉ែ កូន​ដែល​យើង​ឃ្លាតឆ្ងាយ​មក​ច្រើន​ឆ្នាំ តែ​ធ្វើ​ម៉េច​បើ​យើង​មិន​ទាន់​មាន​លុយកាក់​នឹង​អាច​ត្រឡប់​ទៅ​បាន​។ មាន​អារម្មណ៍​នឹករលឹក​តែ​ទ្រាំ ពីព្រោះ​វា​មិនទាន់​ដល់ពេល នឹករលឹក​កាល​រដូវ​បុណ្យ​ភ្ជុំ​តែងតែ​ជួបជុំ​ម៉ែឪ បងប្អូន»

របាយការណ៍​អង្គការ​សង់ត្រាល់​ (Central) ឱ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ពលករ​ខ្មែរ​ធ្វើ​ការងារ​ស្របច្បាប់ និង​មិន​ស្របច្បាប់​ជិត ២​លាន​នាក់​នៅ​ប្រទេស​ថៃ។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​មន្ត្រី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ដើម្បី​សាកសួរ​អំពី​ការ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​របស់​ក្រុម​ពលករ​ខ្មែរ​បានទេ នៅ​រសៀល​ថ្ងៃទី​១០ ខែ​កញ្ញា។

ជុំវិញ​រឿង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នេះ​ដែរ មន្ត្រី​គម្រោង​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្សអង្គការ​​​​សង់ត្រាល់​ប្រចាំ​ប្រទេស​ថៃ លោក លឹង សុផុន លើកឡើង​ថា ពលករ​ខ្មែរ​ភាគ​ច្រើន​មិន​អាច​ទាន់​ឈប់​សម្រាក​ពី​ការងារ​ទេ ព្រោះ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​មិនមែន​ជា​បុណ្យជាតិ​របស់​ថៃ ប៉ុន្តែ​ពលករ​ខ្មែរ​មួយចំនួន​អាច​ឆ្លៀត​សុំ​ច្បាប់​សម្រាក​ពី​ថៅកែ ដើម្បី​ទៅ​ស្រុក​កំណើត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បាន។ លោក​បន្ត​ថា ស្ថានភាព​ពលករ​សព្វថ្ងៃ មិន​ទាន់​មាន​ជីវភាព​រស់នៅ​សមរម្យ នៅឡើយ​ទេ ដោយសារ​ពួកគាត់​មិន​សូវ​មាន​ការងារ​ធ្វើ​។ លោក​ស្នើ​ដល់​រដ្ឋាភិបាល គួរតែ​យកចិត្តទុកដាក់​បង្កើន​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ឲ្យ​បាន​ច្រើន ដើម្បី​ងាយស្រួល​ឲ្យ​ពលរដ្ឋ​ប្រកប​ការងារ​ក្នុងស្រុក​វិញ​៖ «តែ​សម្រាប់​បងប្អូន​ពលករ​នៅ​ថៃ គាត់​មិន​អាច​ទៅ​ចូលរួម​បានទេ ពីព្រោះ​នៅ​ខាង​ថៃ​នេះ​ទាក់ទង​ទៅ​រឿង​ការ​ធ្វើ​ការ​គឺ​ថ្ងៃ​ឈប់​សម្រាក​ហ្នឹង វា​ខុស​គ្នា​អ៊ីចឹង នៅ​ខាង​ថៃ​អត់​ទាន់​មាន​ច្បាប់​ឈប់​សម្រាក​ថ្ងៃ​ភ្ជុំបិណ្ឌ​ហ្នឹង​ទេ ពីព្រោះ​នៅ​ខាង​ថៃ គេ​អត់​ដែល​ធ្វើបុណ្យ​ភ្ជុំ​ដូច​នៅ​ខាង​ខ្មែរ​អ៊ីចឹង​ណា។ មួយ​ចំនួន​គេ​ធ្វើ​ដែរ តែ​គេ​ធ្វើតាម​តំបន់​ផ្សេងៗ»

ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រារព្ធ​ឡើង​រៀងរាល់​ឆ្នាំ ចាប់ពី​ថ្ងៃ ១​រោច ដល់​ថ្ងៃ ១៥​រោច ខែភទ្របទ ហើយ​ឆ្នាំនេះ គឺ​ត្រូវ​នឹង​ថ្ងៃទី​១០ ដល់​ថ្ងៃទី​២៥ ខែ​កញ្ញា៕

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...