ពលករ​ខ្មែរ​ម្នាក់​ធ្វើការ​លើ​ទូក​នេសាទ​ថៃ​រៀបរាប់​ពី​ភាព​ជូរចត់ ពេល​បាន​មក​ធ្វើការ​លើ​ដី​គោក​វិញ

13
កញ្ញា

ពលករ​ខ្មែរ​ម្នាក់​ធ្វើការ​លើ​ទូក​នេសាទ​ថៃ​រៀបរាប់​ពី​ភាព​ជូរចត់ ពេល​បាន​មក​ធ្វើការ​លើ​ដី​គោក​វិញ

ប្រភព៖ វិទ្យុអាស៊ីសេរី

ពលករ​ខ្មែរ​ម្នាក់​ធ្វើការ​លើ​ទូក​នេសាទ​នៅ​កណ្ដាល​សមុទ្រ​ប្រទេស​ថៃ ដែល​បាន​រួច​ជីវិត​ពី​ការ​ធ្វើបាប​កំឡុង​ពេល​ជាប់​លើ​ទូក រៀបរាប់​ពី​ភាព​ជូរចត់​ដែល​បាន​ហែល​ឆ្លងកាត់ ពេល​បាន​មក​ធ្វើការ​លើ​ដី​គោក​វិញ។ ពលករ​ខ្មែរ​រូប​នេះ​ថា លោក​នៅតែ​ដក់​ជាប់​ក្នុង​អារម្មណ៍​ជានិច្ច​នូវ​ទង្វើ​អមនុស្សធម៌ ដែល​ថៅកែ​ថៃ​គាបសង្កត់ កេង​កម្លាំង​ពលកម្ម ប្រើ​អំពើ​ហិង្សា និង​បង្ខំ​ឲ្យ​ធ្វើការ ដោយ​មិន​បើកប្រាក់​ឲ្យ​ជាច្រើន​ឆ្នាំ​ក្នុង​ពេល​ធ្វើការ​នៅ​កណ្ដាល​សមុទ្រ។

អង្គុយ​មូរ​ថ្នាំជក់​ក្នុង​បន្ទប់​ជួល​មួយ​ជាយក្រុង​បាងកក ពលករ​ខ្មែរ​ដែល​ធ្លាប់​ចាញ់បោក​មេខ្យល់ បញ្ឆោត​យក​ទៅ​លក់​បង្ខំ​ឲ្យ​ធ្វើការ​លើ​ទូក​នេសាទ​អស់​រយៈពេល​៣​ឆ្នាំ នៅ​លើ​សមុទ្រ​ជាប់​ព្រំដែន​ប្រទេស​ម៉ាឡេស៊ី ទម្លាយ​ពី​ប្រវត្តិ​ជីវិត​ជូរចត់​នៅពេល​ធ្វើការ​លើ​ទូក​នេសាទ ដែល​ថៅកែ​ថៃ​បាន​ធ្វើ​បាប​លោក និង​ពលករ​ខ្មែរ​ដទៃទៀត​ជិត ៣០​នាក់។

ពលករ​ខ្មែរ​ធ្លាប់​ធ្វើ​ការ​លើ​ទូក​នេសាទ ក្នុង​ខេត្ត​ត្រាត (Trat) ប្រទេស​ថៃ មាន​ស្រុកកំណើត​នៅ​ខេត្ត​តាកែវ លោក ញឹក គីម ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​រសៀល​ថ្ងៃទី​១២ ខែកញ្ញា ថា ពេល​លោក​ឈាន​ជើង​ចូល​ប្រទេស​ថៃ​មុនដំបូង បាន​ទៅ​ធ្វើ​ការ​តាម​មេខ្យល់​ណែនាំ​នៅ​លើ​ទូក​នេសាទ​មួយ ដោយ​ថៅកែ​ជនជាតិ​ថៃ​ទទួល​ឱ្យធ្វើ​ការងារ​ជាមួយ​ដោយ​មិន​ចាំបាច់​មាន​ឯកសារ​ស្របច្បាប់​ទេ ។ លោក​បន្ត​ថា លោក​បាន​ធ្វើ​ការ​នៅ​ទីនោះ​ប្រមាណ ៤​ខែ ដោយ​ថៅកែ​មិនបាន​បើក​ប្រាក់ខែ​ឲ្យ​ឡើយ ទើប​លោក​ដឹងខ្លួន​ថា គេ​បោក​លោក​យក​មក​លក់​ឱ្យ​ជនជាតិ​ថៃ​។ លោក​បន្ត​ថា លើ​ទូក​នេសាទ​មាន​មេការ ៥នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​គ្រប់​ដៃ​ចាំ​មើល​ការខុសត្រូវ​លើ​កម្មករ​នេសាទ ៣០​នាក់ និង​តែងតែ​គំរាមកំហែង​បង្ខំ​ឲ្យ​ធ្វើការ​ទាំងយប់​ទាំង​ថ្ងៃ ដោយ​ឲ្យ​សម្រាក​តែ​បន្តិច​ណា​ឡើយ ។ លោក​ប្រាប់​ថា ពេល​កម្មករ​ឈឺ មេ​ការ​មិន​យកចិត្តទុកដាក់​មើលថែ​នោះ​ទេ ហើយ​បើ​កម្មករ​ធ្វើការ​លែង​បាន​មេការ​ចាប់​បោះ​ទៅ​ក្នុង​សមុទ្រ។

លោក​និយាយ​ទាំង​ឈឺចាប់​ទៀត​ថា មេការ​ប្រើ​កម្មករ​នេសាទ​ឲ្យ​ធ្វើការ​ដូច​សត្វ​ធាតុ ពួកគេ​មិន​បាន​ចាត់ទុក​ពលករ​ខ្មែរ​នៅ​លើ​ទូក​នេសាទ​ទាំងនោះ​ជា​មនុស្ស​ទេ ពេល​ដែល​គេ​ខឹង​ម្ដងៗ គេ​គប់​ដប​អំបែង​ខ្ទាត​មក​ត្រូវ​កម្មករ​ជា​ញឹកញយ រហូត​បែកក្បាល​ចេញឈាម​ក៏​មាន​។ លោក​បន្ត​ថា កន្លែង​ដេក​របស់​កម្មករ​នេសាទ គឺ​មិនបាន​ត្រឹមត្រូវ​ទេ គ្រាន់តែ​ចង​អង្រឹង​ដេក​ជា​ជួរ ខ្លះ​ក៏​ដេក​លើ​ក្ដារ​បាត​ទូក​តែម្ដង ពេល​ភ្លៀង​ធំ​ទឹក​សាច​ទទឹក​អស់ ហើយ​រងា​ខ្លាំង​ដោយ​ពុំបាន​ដេក​ពួន​ទេ។ លោក​អះអាង​ថា មាន​កម្មករ​នេសាទ​ជាច្រើន​នាក់ ដែល​ត្រូវ​មេខ្យល់​បោក​យក​ទៅ​លក់ ឲ្យ​ធ្វើជា​ទាសករ​លើ​ទូក​នេសាទ​ថៃ កម្មករ​ទាំងនោះ​មាន លាវ (Lao) ភូមា (Myanmar) និង​ខ្មែរ​។ លោក​ឲ្យ​ដឹង​ទៀត​ថា លោក​បាន​ជាប់​លើ​ទូក​នេសាទ​អស់​៣​ឆ្នាំ ក្រោយមក​គេ​បាន​នាំ​ទូក​ចូល​ចត គេ​ក៏​បាន​ផ្ដល់​លុយ​ថ្លៃ​ពលកម្ម​មួយ​ចំនួន ប៉ុន្តែ​ពេល​ឡើង​មក​លើ​ច្រាំង​ក៏​ត្រូវ​ប៉ូលិស​មក​ចាប់​ភ្លាមៗ យក​ទៅ​សាកសួរ​ហើយ​ពិន័យ​ប្រាក់​ចំនួន​បី​ម៉ឺន​(៣០.០០០)​បាត។ «»

ចំណែក​ប្រពន្ធ​លោក ញឹក គីម គឺ​លោកស្រី ភា រុន ធ្វើការ​ជា​អ្នកលក់​បាយ​ឲ្យ​ថៅកែ​ជនជាតិ​ថៃ ប្រាប់​ថា ពេល​បាត់​ប្ដី​មិនដឹង​ដំណឹង លោកស្រី​បារម្ភ​ពី​ប្ដី​ជា​ខ្លាំង​និង​បាន​ដើរ​សួររក​ប្ដី តែ​គ្មាន​នរណា​ស្គាល់​។ លោកស្រី​ថា លោកស្រី​ចង់ទៅ​ប្ដឹង​ប៉ូលិស​ឲ្យ​ជួយ​តាម​រក​ប្ដី តែ​មិន​ហ៊ាន​ទៅ ព្រោះ​លោកស្រី​មក​ធ្វើ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ ម្យ៉ាងទៀត​ពេលនោះ​លោកស្រី​មិនទាន់​ចេះ​ភាសា​ថៃ មិនដឹង​ទៅ​ពឹង​នរណា​ឱ្យ​ជួយ​នោះ​ទេ​។ លោកស្រី​ឲ្យ​ដឹង​ទៀត​ថា ពេល​ប្ដី​មិន​នៅ​លោកស្រី​ខំធ្វើ​ការ​រកលុយ​មក​ចិញ្ចឹម​កូន​ទាំងពីរ​ប្រុស​១ ស្រី​១ ដោយ​លំបាក ទើប​ក្រោយមក​បានដឹង​ដំណឹង​ប្ដី​ថា នៅ​រស់ និង​បាន​មក​ជួប​លោកស្រី​និង​កូន។ «»

ទាក់ទង​បញ្ហា​នេះ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ករណី​ប្រើ​កម្លាំង​ពលករ​ខ្មែរ​លើ​ទូក​នេសាទ​ថៃ គឺ​មាន​ច្រើន​ដូច​ការ​រាយការណ៍​មែន ហើយ​អ្នកស្រី​ថា ខាង​រដ្ឋាភិបាល​បាន​ចាត់វិធានការ​លើ​រឿង​នេះ​ហើយ ចំណែក​ពលករ​ដែល​រង​គ្រោះ​ពី​ការប្រើ​កម្លាំង​ទាំង​បង្ខំ ពួកគេ​អាច​ដាក់​ពាក្យបណ្ដឹង​មក​អាជ្ញាធរ ដើម្បី​ងាយស្រួល​សមត្ថកិច្ច​ចុះ​ស៊ើបអង្កេត និង​បង្ក្រាប​ទាន់ពេល។ «»

ជុំវិញ​រឿង​នេះ​ដែរ ប្រធាន​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសន៍ អង្គការ​សង់ត្រាល់​លោក ឌី ថេហូយ៉ា យល់​ថា ដើម្បី​រារាំង​ការ​ជួញដូរ​មនុស្ស និង​ការ​ជួញដូរ​កម្លាំង​ពលករ​ឆ្លងដែន​ខុសច្បាប់ រដ្ឋាភិបាល​ត្រូវ​ផ្សព្វផ្សាយ​ចំណេះដឹង​ដល់​ពលរដ្ឋ​ខ្មែរ​ឲ្យ​បាន​ទូលំទូលាយ​ជាង​នេះ ចៀសវាង​ពលរដ្ឋ​ខ្មែរ​ធ្វើ​ចំណាកស្រុក​ដោយ​ខុសច្បាប់ ទៅតាម​ការ​បញ្ចុះ​បញ្ចូល​ពី​មេខ្យល់​។ លោក​បន្ត​ថា កត្តា​ដែល​បណ្ដាល​ឲ្យ​ពលរដ្ឋ​ធ្វើ​ចំណាកស្រុក ហើយ​ចាញ់បោក​មេខ្យល់ គឺ​ភាគច្រើន​ពលរដ្ឋ​នៅ​តាម​ទី​ជនបទ ដែល​ខ្វះ​ព័ត៌មាន ហើយ​មិន​យល់ដឹង​អំពី​ហានិភ័យ​នៃ​ការ​ធ្វើ​ចំណាកស្រុក​ដោយ​ខុសច្បាប់។ «»

ការស្ទង់មតិ​បង្ហាញថា ២០​ភាគរយ​នៃ​កម្មករ និង​ប្រហែល ៥០​ភាគរយ​នៃ​ជនរងគ្រោះ​ដោយ​ការ​ជួញដូរ​ក្នុង​វិស័យ​នេសាទ​របស់​ថៃ ទទួលរង​គ្រោះថ្នាក់​ការងារ ក៏ប៉ុន្តែ​ពួកគេ​មិន​ទទួល​បាន​សំណង​អ្វី​ឡើយ។

ធនាគារពិភពលោក​រាយការណ៍​ថា ប្រទេស​ថៃ​មាន​ចំនួន​កម្មករ​ចំណាកស្រុក​ខ្ពស់​ជាងគេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ គឺ​ជិត ៤ លាន​នាក់ (.៧៦) នៅក្នុង​ឆ្នាំ​២០១៥ ក្នុង​នោះ ៥៣ ភាគរយ​មកពី​ប្រទេស​ភូមា ២៦ ភាគរយ​មកពី​ប្រទេស​ឡាវ និង ២១ ភាគរយ​មកពី​កម្ពុជា​។ ចំណែក​ទិន្នន័យ​របស់​រដ្ឋាភិបាល​ថៃ​វិញ បង្ហាញថា កម្មករ​ចំណាកស្រុក​កម្ពុជា ឡាវ និង​ភូមា​ដែល​បាន​ចុះឈ្មោះ​រួចរាល់​គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០១៧ មាន​ចំនួន​ជិត ២​លាន​នាក់ (,៧២៦,៤១៥) ក្នុង​នោះ​ជិត ៥​ម៉ឺន​នាក់ ចុះឈ្មោះ​ធ្វើការ​ក្នុង​ឧស្សាហកម្ម​នេសាទ។

របាយការណ៍​របស់​ក្រសួង​ការងារ​កម្ពុជា ឱ្យ​ដឹង​ថា បច្ចុប្បន្ន មាន​ពលករ​ខ្មែរ​ជាង ១​លាន ២​សែន​នាក់​កំពុង ធ្វើ​ការ​នៅ​ប្រទេស​ថៃ​។ ប៉ុន្តែ​របាយការណ៍​របស់​អង្គការ (Central) បង្ហាញ​ថា មាន​ពលករ​ខ្មែរ​កំពុង ធ្វើការ​ដោយ​ស្របច្បាប់ និង​មិន​ស្របច្បាប់​នៅ​ប្រទេស​ថៃ​ប្រមាណ ២​លាន​នាក់​ធ្វើការ នៅក្នុង​ប្រទេស​ថៃ និង​ភាគច្រើន​ពួកគាត់​កំពុង​ជួប​បញ្ហា​ផ្នែក​សេដ្ឋកិច្ច៕

 

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...