រដ្ឋាភិបាល​ថា មិន​បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ឲ្យ​ទៅ​ធ្វើការ​នេសាទ​នៅ​សមុទ្រ​ថៃ​ទេ

16
កញ្ញា

រដ្ឋាភិបាល​ថា មិន​បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ឲ្យ​ទៅ​ធ្វើការ​នេសាទ​នៅ​សមុទ្រ​ថៃ​ទេ

ប្រភព៖ វិទ្យុអាស៊ីសេរី

រដ្ឋាភិបាល​ថា កម្ពុជា​មិន​បាន​ចុះ​អនុសញ្ញា​ការងារ​ជាមួយ​ថៃ ដើម្បី​បញ្ជូន​ពលករ​ខ្មែរ ឲ្យ​ទៅ​ធ្វើ​ការងារ​នេសាទ​នៅ​ក្នុង​សមុទ្រ​ថៃ​ទេ។ ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ដែលសង្គម​ស៊ីវិល​មើល​ឃើញ​ថា នៅ​តែ​មាន​ពលករ​ខ្មែរ​ចុះ​ទូក​នេសាទ​ច្រើន។

មន្ត្រី​ក្រសួង​មហាផ្ទៃ​ថា មក​ទល់​បច្ចុប្បន្ន​នេះ កម្ពុជា​មិន​ទាន់​ចេញច្បាប់​ណា​មួយ ឲ្យ​ពលរដ្ឋ​ខ្មែរ​ទៅ​ធ្វើ​ជា​ពលករ​នេសាទ​នៅ​ក្នុង​សមុទ្រ​ថៃ​ទេ ព្រោះ​ថៃ និង​កម្ពុជា មិន​ទាន់​មាន​កិច្ច​សន្យា ដើម្បី​ទទួល​យក​ពលករ​ខ្មែរ​ឲ្យ​មក​ធ្វើការ​ក្នុង​ទូក​នេសាទ​តាម​សមុទ្រ​នៅ​ឡើយ។

រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​អ្នកស្រី ជូ ប៊ុនអេង ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៦ ខែកញ្ញា ថា ពលរដ្ឋ​ខ្មែរ​នៅ​តែ​ច្រឡំ​ថា​អាច​ទៅ​ធ្វើការ​ជា​ពលករ​នៅ​តាម​ទូក​នេសាទ ក្នុង​សមុទ្រ​ថៃ។ អ្នកស្រី​បន្ត​ថា ពលរដ្ឋ​ខ្មែរ​តែង​ចាញ់​បោក​មេខ្យល់​លួងលោម​យក​ទៅ​លក់ ដើម្បី​ប្រើ​កម្លាំង​ពលកម្ម​នៅ​លើ​ទូក​នេសាទ​ថៃ ដោយ​មេខ្យល់​ពន្យល់​ថា​ការងារ​ទាំង​នេះ​សុទ្ធតែ​ការងារ​ស្រប​ច្បាប់។ អ្នកស្រី​បន្ថែម​ទៀត​ថា កម្ពុជា​ពុំ​ទាន់​បាន​ចុះ​អនុសញ្ញា​ការងារ ឲ្យ​អនុវត្ត​ច្បាប់​ដើម្បី​យក​ពលករ​ខ្មែរ​ឲ្យ​ទៅ​ធ្វើការ​ផ្នែក​នេសាទ​ក្នុង​សមុទ្រ​ថៃ​ទេ បើ​មាន​កម្មករ​ខ្មែរ​ធ្វើការ​ក្នុង​ទូក​នេសាទ​ថៃ ពួកគាត់​អាច​ជា​មុខ​សញ្ញា​នៃ​ការ​ជួញដូរ​កម្លាំង​ពលកម្ម​ដោយ​ខុស​ច្បាប់។ អ្នកស្រី ជូ ប៊ុនអេង ថ្លែង​ថា កម្ពុជា​កំពុង​តែ​អនុវត្ត​ផែនការ​ការ​ជួញដូរ​កម្លាំង​ពលកម្ម​ពលរដ្ឋ​ខ្មែរ​ទៅ​ក្រៅ​ប្រទេស ជាពិសេស ប្រទេស​ថៃ៖ «យើង​ចង់​ឲ្យ​មាន​​គេ​ហៅ​កិច្ច​សហការ​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល ដើម្បី​ពិនិត្យ​ឡើងវិញ​នូវ​គោលការណ៍ ដែល​ប្រើប្រាស់​ពលករ​តាម​ទូក​នេសាទ​ហ្នឹង​ណា ដែល​គេ​កំពុងតែ​ជជែក​ពិភាក្សា​ពី​រឿង​ថា​តើ​ត្រូវ​ធ្វើ​គោលការណ៍​យ៉ាងម៉េច ប៉ុន្តែ​ខាង​ប្រទេស​ថៃ​គាត់​កំពុងតែ​ត្រូវការ​ពលករ​អ៊ីចឹង​គាត់​ចាប់​ផ្ដើម​ផ្ដល់​គេ​ហៅ​ថា​ការ​អនុញ្ញាត​ឲ្យ​ចុះ​ទូក​ចុះ​អី អ៊ីចឹង អា​ហ្នឹង​ហើយ ដែល​យើង​អត់​ទាន់​បាន​ឯកភាព​គ្នា​ទេ​អ៊ីចឹង​ណា​អូន»

ផ្ទុយ​ពី​ការ​លើកឡើង​ខាង​លើ មន្ត្រី​គម្រោង​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស អង្គការ​សង់ត្រាល់ ប្រចាំ​ប្រទេស​ថៃ លោក លឹង សុផុន អះអាង​ថា នៅ​មាន​ពលករ​ខ្មែរ​ធ្វើការ​នៅ​តាម​ទូក​នេសាទ​នៅ​សមុទ្រ​ថៃ​ច្រើន ហើយ​ភាគច្រើន​នៃ​ពលករ​ទាំង​នោះ គឺ​ថៅកែ​តម្រូវ​ឲ្យ​ធ្វើ​ឯកសារ​សម្គាល់​ខ្លួន ដើម្បី​បាន​ធ្វើ​ការងារ​ក្នុង​ទូក​នេសាទ។ លោក​បន្ត​ទៀត​ថា ពលករ​នេសាទ​បច្ចុប្បន្ន​ត្រូវ​បាន​រដ្ឋាភិបាល​ថៃ កំណត់​ច្បាប់​ការងារ​នេសាទ​របស់​ពួក​គេ ដោយ​ត្រូវ​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​ចំនួន​កម្មករ​ពេល​ដែល​ចុះ​ទូក​នេសាទ និង​ពេល​ត្រឡប់​មក​ពី​នេសាទ​វិញ៖ «នៅ​ខាង​ពាណិជ្ជកម្ម​នេសាទ​ចុះ​ទូក​ហ្នឹង​គឺ​ត្រូវ​ឲ្យ​កូន​ឈ្នួល ដែល​យើង​ជួល​យក​មក​ធ្វើការ​នៅ​លើ​ទូក​ហ្នឹង​គឺ​ឲ្យ​ត្រូវ​តាម​ច្បាប់​មិន​ថា​គាត់​ជា​ជន​ជាតិ​សាស្ត្រ​ណា​ទេ។ ថ្មីៗ នេះ ឃើញ​បងប្អូន​ពលករ​មួយ​ចំនួន ដែល​គាត់​ចុះ​នេសាទ​ហ្នឹង ដែល​ខ្ញុំ​បាន​ជួប​គាត់​ផ្ទាល់​គាត់​ថា ឥឡូវ​ហ្នឹង​គេ​មាន​ផ្នែក​គេ​ហៅ ភីប៉ូ ភីប៉ូ ហ្នឹង គឺ​អ្នក​ត្រួត​ពិនិត្យ​ចុះ​ទូក​ឡើង​ទូក​អ៊ីចឹង​ណា​បង»

របាយការណ៍​អង្គការ ILO បាន​ឲ្យដឹង​ថា កាលពី​ឆ្នាំ២០១៧ ពលករ​ធ្វើ​ការ​ក្នុង​វិស័យ​ផលិតកម្ម​គ្រឿង​សមុទ្រ និង​ពលករ​នេសាទ​នៅ​ថៃ​មាន​ជាង ៦សែន​នាក់​ក្នុង​នោះ ៣សែន ២ពាន់​នាក់ គឺ​ជា​ពលករ​ជន​អន្តោ​ប្រវេសន៍ ហើយ​បើ​គិត​តែ​ជន​អន្តោ​ប្រវេសន៍​ចុះ​ទូក​នេសាទ​មាន​សរុប ៥ម៉ឺន ៧ពាន់​នាក់ ដែល​បម្រើ​ការងារ​លើ​ទូក​ចំនួន ១.០៥៥ទូក។

ជុំវិញ​បញ្ហា​នេះ​ដែរ ពល​ការិនី​ធ្វើការ​ជា​អ្នក​ត្បាញ​មង​នេសាទ នៅ​ខេត្ត​សមុទ្រ​សាខន (Samut Sakhon) មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង លោកស្រី ជិន សុខា ប្រាប់​ថា ប្ដី​លោកស្រី​ជា​កម្មករ​នេសាទ ពេល​ដែល​ចុះ​ទូក​ទៅ​នេសាទ​ម្ដងៗ គឺ​ប្រើ​ពេល​ពីរ​ទៅ​បី​ថ្ងៃ​ទើប​ត្រឡប់​មក​វិញ។ ការ​ចុះ​ទូក​នេះ ដោយ​ការ​ស្ម័គ្រ​ចិត្ត​មិន​មាន​ការ​បង្ខំ​ពី​ថៅកែ​ទេ ហើយ​មាន​កម្មករ​ខ្មែរ​ធ្វើការ​លើ​ទូក​នោះ​ជាង​ដប់​នាក់។ លោក​ស្រី​បន្ត​ថា នៅ​តំបន់​ដែល​លោកស្រី​រស់នៅ មាន​កម្មករ​នេសាទ​ខ្មែរ​ប្រមាណ ៧០នាក់ និង​នៅ​មាន​កម្មករ​នេសាទ​ខ្មែរ​ជាច្រើន​នាក់​ទៀត​ក្នុង​ខេត្ត​សមុទ្រ​សាខន (Samut Sakhon) ខេត្ត​ត្រាត (Trat) និង​ខេត្ត​រ៉ាក់យ៉ង (Rayong) ដែល​នៅ​តែ​បន្ត​ធ្វើការ​តាម​ទូក​នេសាទ ក្នុង​សមុទ្រ​ថៃ៖ «ចាស​នេសាទ​តើ​បង អត់​អី​ផង​បង​សុខ​ស្រួល​សុខ​សប្បាយ​ល្អ ចាស​អត់​អី​ទេ ហ្នឹង​យើង​ស្ម័គ្រ​ចិត្ត​នៅ​ខ្លួនឯង​ស្រួល​មិន​ពិបាក មិន​មាន​អ្នក​បង្ខិតបង្ខំ​អី​ផង អត់​មាន​អ្នក​ប្រើ​អំពើ​ហិង្សា​អី​ទេ អូ! ពីរ​ថ្ងៃ​មក ពីរ​ថ្ងៃ​មក​ចាស ចេញ​ជិត​មិន​ជ្រៅ​ពេក ទឹក​មិន​ជ្រៅ​ទេ​ម៉ា​ល្មម​ម៉ា​គេ​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​នេសាទ​បាន​ណា​អូន»

ធនាគារ​ពិភព​លោក​រាយការណ៍​ថា ប្រទេស​ថៃ​មាន​ចំនួន​កម្មករ​ចំណាក​ស្រុក​ខ្ពស់​ជាង​គេ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ គឺ​ជិត ៤លាន​នាក់ (.៧៦នាក់) នៅ​ក្នុង​ឆ្នាំ២០១៥ ក្នុង​នោះ ៥៣ភាគ​រយ​មក​ពី​ប្រទេស​ភូមា ២៦ភាគរយ​មក​ពី​ប្រទេស​ឡាវ និង ២១ភាគ​រយ​មក​ពី​កម្ពុជា។ ចំណែក​ទិន្នន័យ​របស់​រដ្ឋាភិបាល​ថៃ​វិញ បង្ហាញ​ថា កម្មករ​ចំណាក​ស្រុក​កម្ពុជា ឡាវ និង​ភូមា ដែល​បាន​ចុះ​ឈ្មោះ​រួចរាល់​គិត​ត្រឹម​ខែ​វិច្ឆិកា ឆ្នាំ២០១៧ មាន​ចំនួន​ជិត ២លាន​នាក់ (.៧២៦.៤១៥) ក្នុង​នោះ​ជិត ៥ម៉ឺន​នាក់ ចុះ​ឈ្មោះ​ធ្វើការ​ក្នុង​ឧស្សាហកម្ម​នេសាទ៕

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...