សកម្មជន​រំឭក​ការ​បង្រ្កាប​នៅ​ផ្លូវ​វេងស្រេង​កាលពី​៩ឆ្នាំមុន​ ​ហើយ​បន្ត​ទាមទារ​យុត្តិធម៌​ដល់​ជនរងគ្រោះ

04
មករា

សកម្មជន​រំឭក​ការ​បង្រ្កាប​នៅ​ផ្លូវ​វេងស្រេង​កាលពី​៩ឆ្នាំមុន​ ​ហើយ​បន្ត​ទាមទារ​យុត្តិធម៌​ដល់​ជនរងគ្រោះ

ប្រភព៖ VOA

រយៈពេល​៩ឆ្នាំ​កន្លង​មក​នេះ ​អំពើហិង្សា​លើ​កំណាត់​ផ្លូវវេង​ស្រេង​ និង​នៅមុខ​រោងចក្រ​យ៉ាកជីង​មិន​ទាន់​ត្រូវបាន​បំភ្លេច​ដោយ​សកម្ម​ជន​ការ​ពារ​សិទ្ធិ​មនុស្ស​ទេ​ ហើយ​ជន​រង​គ្រោះ​ដោយ​អំពើ​ហិង្សា​ដែល​កើត​ឡើង​តាម​រយៈ​ការ​បង្ក្រាប​ពី​សំណាក់​កង​កម្លាំង​ចម្រុះនោះ​ នៅ​អះអាង​ថា ​ពួក​គេ​មិន​ទាន់​បាន​ឃើញ​ពន្លឺ​យុត្តិធម៌​នៅ​ឡើយ។​

អង្គការ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ ក្នុង​នោះ​គឺ​អង្គការ​លីកាដូ ​បាន​រំឭក​អំពី​ហេតុ​ការណ៍​ហិង្សា​កាលពី​ដើម​ឆ្នាំ​២០១៤​ ដែល​កើត​ឡើង​ ​ក្រោយ​ពី​កង​កម្លាំង​ចម្រុះ​បាន​បាញ់រះ​ទៅ​លើ​កម្មករ​ដែល​កំពុង​តវ៉ា​នៅ​មហាវិថី​វេង ស្រេង ​ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់​៤​នាក់​ ​និង​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច​ណាស់​៣​៨​ ​នាក់​ផ្សេង​ទៀត​រង​របួស។​ ​អង្គការ​លីកាដូ​ឲ្យ​ដឹង​ទៀត​ថា​ ​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ​ ខឹម សាផាត​ ​ដែល​កាល​ណោះ​មាន​អាយុ​១៥​ឆ្នាំ​ ​បាន​បាត់ខ្លួន​មក​ទល់​សព្វថ្ងៃ​ ​ដោយ​កុមារា​នោះ​ត្រូវ​បាន​គេ​ឃើញ​ចុង​ក្រោយ​ ​ដោយ​មាន​អាការៈ​ហូរ​ឈាម​ដោយសារ​ត្រូវ​គ្រាប់​កាំភ្លើង។​ ​

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក​អំ សំអាត​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​ អំពើ​ហិង្សា​នៅ​តាម​ផ្លូវវេង ស្រេង​ និង​នៅមុខ​រោងចក្រ​យ៉ាកជីង​កាល​ពី​ថ្ងៃទី​២ ​និង​៣ ​ខែ​មករា​ ឆ្នាំ​២០១៤ ​បាន​កើតឡើង​អំឡុង​ពេល​មាន​ការ​តវ៉ាទាមទារ​ការ​ដំឡើង​ប្រាក់​ឈ្នួល​គោល​ឲ្យ​ដល់​១៦០​ដុល្លារ​អាមេរិក​ក្នុង​ឧស្សាហ​កម្ម​កាត់​ដេរ ​ ហើយ​ជន​រង​គ្រោះ​ដែល​រង​ការ​វាយ​ដំ​ពី​កង​កម្លាំង​ចម្រុះ​នោះ​មិន​ទាន់​ស្គាល់​នូវអ្វី​ដែល​ពួកគាត់​ហៅ​ថា​ យុត្តិធម៌នោះ​ទេ។​

លោក​ថ្លែង​ថា៖​ «អ៊ីចឹង​ រយៈ​ពេល​៩​ឆ្នាំ​ហើយ​ដែល​យើង​ឃើញ​ថា​ យុត្តិធម៌​សម្រាប់​ជន​រង​គ្រោះ​ដែល​បាន​បាត់​បង់​ជីវិត​ ដែល​រង​របួស​ ហើយ​នឹង​ការ​ចាប់​ខ្លួន​ ​និង​ជាប់​ពន្ធនាគារ​ ដោយ​អយុត្តិធម៌​ មិន​ទាន់​ទទួល​បាន​នូវ​យុត្តិធម៌​នៅ​ឡើយ​ទេ»។​

បើ​តាម​លោក ​អំ សំអាត​ មនុស្ស​២៣​នាក់​ដែល​សង្គម​ស៊ីវិល​អះអាង​ថា​ជាជន​រងគ្រោះ​នៅ​ក្នុង​ការ​បង្ក្រាប​ហិង្សា​របស់​កង​កម្លាំង​ចម្រុះ​កាល​ពី​ដើម​ឆ្នាំ​២០១៤​នោះ​ ត្រូវបាន​ចាប់​ឃុំ​ខ្លួន​ និង​ចោទ​ប្រកាន់​ដាក់​ក្នុង​ពន្ធនាគារ ខណៈបុគ្គល​ដែល​បញ្ជា​ឲ្យ​មាន​អំពើ​ហិង្សា​មិន​ត្រូវបាន​នាំ​ខ្លួន​យក​មក​កាត់​ទោស។​

លោក​ថ្លែង​ថា៖​«នេះ​ជា​ការ​សោក​ស្តាយ​ ដែល​យើង​មើល​ទៅ​ថា​ ប្រជា​ពលរដ្ឋ​ ដែល​ជា​ម្ចាស់​ឆ្នោត​ បែរ​ជា​ត្រូវ​រង​ដោយ​ការ​អំពើ​ហិង្សា​ បណ្តាល​ឲ្យ​មាន​ការ​ស្លាប់​ ការ​រង​របួស​ និង​ការ​ចាប់​ខ្លួន​ទាំង​អយុត្តិធម៌​ទៅ​ដាក់​ពន្ធនាគារ​ ប៉ុន្តែ​អ្នក​នយោបាយ​បែរ​ជា​ចោទ​ប្រកាន់​គ្នា​ទៅវិញ​ទៅ​មក​ដើម្បី​គេច​ពី​ការ​ទទួល​ខុស​ត្រូវ​ទៅ​វិញ​ ដែល​នេះ​យើង​មើល​ទៅ​ថា​ វា​ជា​វប្បធម៌​និទណ្ឌ​ភាព​មួយ​ដ៏​អាក្រក់»។​

លោក​បន្ថែម​ថា៖ ​«ហើយ​ក៏​វា​ជា​គំរូ​អាក្រក់​ដែរ​ បើសិន​ជា​ករណី​ទាំង​អស់​នេះ​មិន​បាន​រក​ឲ្យ​ឃើញ​អ្នក​ដែល​ទទួល​ខុស​ត្រូវ​ នៅ​ក្នុង​រឿង​ដែល​កើត​អំពើ​ហិង្សា​ហ្នឹង​ទេ។​ វា​ជា​វប្បធម៌​បន្ត​ទៅទៀត ​នាំ​ឲ្យ​មាន​ការ​កើត​ឡើង​ទៅ​ថ្ងៃ​ក្រោយ​ទៀត​ ពីព្រោះ​បើ​សិន​ជា​គ្មាន​អ្នក​ណា​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​នេះ​ទេ»។​

ក្រោយ​ការ​បង្ក្រាប​យ៉ាង​ហិង្សា​ទៅ​លើ​ហ្វូង​កម្មករ​កាល​ពី​ដើម​ឆ្នាំ​២០១៤​នោះ​ ការ​ស៊ើប​អង្កេត​ហ្មត់​ចត់​ដើម្បី​រក​មុខ​អ្នក​ដែល​ចេញ​បញ្ជា​ឲ្យ​កងកម្លាំង​ចម្រុះ​វាយ​ដំ​លើ​បាតុករ​ដែល​ជា​កម្មករ​រោងចក្រ​កាត់ដេរ​ និង​សកម្មជន​មួយ​ចំនួន​ទៀត​នោះ​ ហាក់​មិន​ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថ​កិច្ចធ្វើ​នោះ​ឡើយ។ ​នេះ​ជា​ការ​កត់​សម្គាល់​របស់​លោក​ឃុន ថារ៉ូ​ ប្រធាន​គ្រប់​គ្រង​កម្មវិធី​ការ​ងារ​របស់​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​ សង់ត្រាល់។​

លោក​ប្រាប់​វីអូអេ​នៅថ្ងៃ​ពុធ​នេះ​ថា៖ ​«យើង​មាន​ការ​សោក​ស្តាយ​ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​មិន​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​ប្រកប​ដោយ​តម្លាភាព​ទៅ​លើ​ករណី​នៃ​ព្រឹត្តិ​ការណ៍​នៅ​ផ្លូវ​វេង ស្រេង​នេះ​ ខណៈ​ពេល​ដែល​ក្រុម​គ្រួសារ​សមាជិក​ពី​ជន​រង​គ្រោះ​នៅ​តែ​បន្ត​អំពាវនាវ​ទាមទារ​រក​យុត្តិធម៌​ទៅ​ដល់​សមាជិក​ក្រុម​គ្រួសារ​ និង​សាច់​ញាតិ​របស់​ពួក​គាត់​ ហើយ​មក​ដល់​ពេល​នេះ​ ក៏​យើង​មិន​ទាន់​ឃើញ​មាន​ចំណាត់​ការ​ ឬ​ក៏​វិធានការ​ផ្នែក​ច្បាប់​ទៅ​លើ​ជន​ល្មើស​ដែល​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​នៅ​ផ្លូវ​វេង ស្រេង​នៅ​ឡើយ»។​

បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​លីកាដូ​ និង​អង្គការ​សង់​ត្រាល់​ ​រហូត​មក​ដល់​ពេល​នេះ​ នៅ​មិនទាន់​មាន​ការ​ចាត់​វិធាន​ការ​លើ​ជន​ល្មើស​ ដែល​បាន​បាញ់​សម្លាប់​ ​លោក​ ​គឹម ផាលាប​ ​លោក​ ​សាម​ ​រ៉ាវី​ ​លោក​ ​យាន រឹទ្ធី ​និង​លោក​ផេង កុសល​ ​និង​ការ​ធ្វើ​ឱ្យ​កុមារា​ ខឹម សាផាត​បាត់ខ្លួន​នោះ​ទេ។​ ​ផ្ទុយ​ទៅ​វិញ​ ​កម្មករ​ ​និង​អ្នក​ការពារ​សិទិ្ធ​មនុស្ស​ចំនួន​២​៣​នាក់​បែរ​ជា​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ ​ចោទ​ប្រកាន់​ ​និង​ផ្តន្ទាទោស​ដោយ​មិន​ត្រឹម​ត្រូវ​ពី​បទ​ល្មើស​មួយ​ចំនួន​ទាក់​ទង​នឹង​ការ​ធ្វើ​បាតុកម្ម​ទៅ​វិញ។

អង្គការ​លីកាដូ​រៀប​រាប់​បន្ត​ថា ​ក្រោយ​មក​កម្ទេច​ឆ្អឹង​ ​និង​សំណល់​សាកសព​មួយ​ចំនួន​ដែល​នៅ​សេស​សល់​ក្រោយ​ពី​ការ​ដុត​ដោយ​កៅស៊ូ​កង់ឡាន​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​មូលដ្ឋាន​កង​ពល​តូច​លេខ​៧០​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ​កាល​ពី​ខែ​ឧសភា​ ​ឆ្នាំ​២០១៤ ​ ប៉ុន្តែ​អាជ្ញាធរ​រដ្ឋ​បាន​បដិសេធ ​ដោយ​បាន​លើក​ឡើង​ថា​ សំណល់​សាកសព​នោះ​មិន​មែន​ជា​របស់​ខឹម សាផាត​នោះ​ទេ។ ​អង្គការ​បញ្ជាក់​ថា​ គួរ​ឲ្យសោក​ស្តាយ​ ​អាជ្ញាធរ​មិន​បាន​ស៊ើប​អង្កេត​ឲ្យ​បាន​ហ្មត់​ចត់​ ​និង​ប្រកប​ដោយ​តម្លា​ភាព​ ​ទៅ​លើ​ករណី​នេះ​ទេ។​

ប្រធាន​សមាគម​ប្រជា​ធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (IDEA)​លោក​វន់ ពៅ​ ដែល​អះ​អាង​ថា ជា​ជន​រងគ្រោះ​ពី​ការ​វាយ​ដំ​ដោយ​ទាហាន​ឆ័ត្រ​យោង​៩១១​ លើក​ឡើង​ថា​ យុត្តិធម៌​មិន​ទាន់​មាន​សម្រាប់​លោក​នោះ​ឡើយ ក្រោយ​ហេតុ​ការណ៍​ហិង្សា​នៅ​មុខ​រោង​ចក្រ​យ៉ាកជីង​កាល​ពី​៩​ឆ្នាំ​មុន។​

លោក​ថ្លែង​ថា៖​ «​ក្នុង​ចំណុច​នេះ​ រហូត​មក​ដល់​ពេល​នេះ​រយៈ​ពេល​៩​ឆ្នាំ​ហើយ​ ដែល​ពួក​យើង​ទន្ទឹង​រង់​ចាំ​យុត្តិធម៌​សម្រាប់​ផ្តល់​ឲ្យ​ពួក​យើង​ ក្នុង​នាម​យើង​ជា​អ្នក​ធ្វើ​ការ​ ជា​ថ្នាក់​ដឹកនាំ​សហជីព​ ជា​សកម្មជន​ដែល​រង​គ្រោះ​ដោយ​ការ​វាយ​ដំ​ពី​ទាហាន​ឆ័ត្រយោង​ រង​របួស​ធ្ងន់​ ហើយ​គេ​ដាក់​ ចាប់​ដាក់​ពន្ធនាគារ​មួយ​ជាន់​ទៀត។​ វា​មាន​ន័យ​ថា​ អយុត្តិធម៌​ត្រួត​លើ​អយុត្តិធម៌​ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ចេញ​មក​វិញ​ គេ​លាប​ពណ៌​ថា​ ​ពួក​ក្រុម​បដិវត្តន៍​ពណ៌​ជា​ដើម»។

លោក​បន្ថែម​ថា៖​ «ហើយ​យើង​គិត​ថា​ បើ​សិន​ជា​តុលាការ​ដូច​សព្វ​ថ្ងៃ​នេះ​ គឺ​មិន​អាច​ផ្តល់​យុត្តិ​ធម៌​ឲ្យ​ពួក​យើង​បាន​ទេ​ ព្រោះ​យើង​ដឹង​ហើយ​ថា​ សកម្មជន​សិទ្ធិ​មនុស្ស​ សកម្មជន​ដីធ្លី​ ​សកម្ម​ជន​សហជីព​ សកម្មជន​គណបក្ស​នយោបាយ​អី​ជា​ដើម​ អ្នក​ធ្វើ​ការ​សង្គម​ទាំង​អស់​ហ្នឹង​ តែង​តែ​រង​នូវ​ការ​ចោទ​ប្រកាន់​ពី​តុលាការ​ ហើយ​តុលាការ​មិន​ដែល​ផ្តល់​យុត្តិធម៌​ឲ្យ​ពួក​គាត់​ទេ​… តុលាការ​បច្ចុប្បន្ននេះ​។ ​អ៊ីចឹង​ យើង​គិត​ថា​ តុលាការ​ដូច​សព្វថ្ងៃ​នេះ​មិន​អាចផ្តល់​យុត្តិធម៌​ឲ្យ​យើង​បាន​ទេ​ ប្រសិន​បើ​មិន​មាន​ការ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ ប្រព័ន្ធ​តុលាការ​នោះ»។​

រដ្ឋ​លេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក​ ជិន ម៉ាលីន​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ វិធាន​ការ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ទៅ​លើ​ការ​តវ៉ា​កាល​ពី​៩​ឆ្នាំមុន​នោះ​គឺ​ជា​ការ​ទប់​ស្កាត់​ចលនា​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល។​

លោក​ថ្លែងថា៖ ​«ព្រឹត្តិ​ការណ៍​នៅ​ពេល​នោះ​គឺ​ជា​ការ​អនុវត្ត​ច្បាប់​ ក្នុង​ការ​ទប់​ស្កាត់​បង្ក្រាប​នូវ​ចលនា​ និង​ការ​បះបោរ​ហិង្សា​ ក្នុង​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល។ ​អ៊ីចឹង​បើ​សិន​បើ​គាត់​មាន​សាច់​ញាតិ​ គាត់​បាត់​ខ្លួន​ ឬ​ក៏​របួស​ស្នាម​អី​នៅ​ពេល​នោះ​ អាហ្នឹង​គាត់​ត្រូវ​ទៅ​ទាម​ទារ​ឲ្យ​មាន​ការ​សង​កា​រខូច​ខាត​ ឬក៏​ការ​ទទួល​ខុស​ត្រូវ​ពី​មេ​កើយ មេ​ក្រុម​ មេ​ចលនា​ ដែល​ដឹកនាំ​ធ្វើ​សកម្ម​ភាព​ទាំង​អស់​នោះ​ ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ និង​ជួស​ជុល​ការ​ខូច​ខាត​ ប្រសិន​បើ​គាត់​មាន​សាច់​ញាតិ​ ដែល​រង​គ្រោះ​ ឬក៏​បាត់​បង់​ជីវិត ឬ​ក៏​មាន​របួស​ស្នាម​អី​នៅ​ពេល​នោះ»។​

វីអូអេ​បាន​ព្យាយាម​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​មេ​បញ្ជាការ​កង​ពល​តូច​ទ័ព​ឆ័ត្រ​យោង​ពិសេស​លេខ​៩១១​លោក​ចាប ភក្តី​ និង​មេ​បញ្ជាការ​កងពល​តូច​ថ្មើរ​ជើង​លេខ​៧០លោក​ម៉ៅ សុផាន់​តាម​ទូរស័ព្ទ​ ប៉ុន្តែ​មិន​ទាន់​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​ពុធ​នេះ។​

ក្នុង​ការ​រំឭក​ខួប​ព្រឹត្តិ​ការណ៍​បាញ់​ប្រហារ​នៅ​ផ្លូវ​វេង ស្រេង​នោះ​ អង្គការ​លីកាដូ ​និង​អង្គការ​សង់ត្រាល់បានរួមគ្នា​ចេញ​ផ្សាយ​ចម្រៀង​រ៉េប​របស់​លោក​ ​គា សុគន្ធ​ ​ដែល​មាន​ចំណង​ជើង​ថា​ «ឈាម​បាតុករ»។​ បទ​ចម្រៀង​ក៏​មាន​រំលេច​វីដេអូ​បង្ហាញ​ឲ្យ​ឃើញ​ការ​បង្ក្រាប​យ៉ាង​ហិង្សា​របស់​កង​កម្លាំង​ចម្រុះ​លើ​ក្រុម​កម្មករ​ នៅ​កំណាត់​ផ្លូវ​វេង ស្រេង។​ អង្គការ​ទាំង​ពីរ​បន្ថែម​ថា ​បន្ទាប់ពី​ទទួលរង​ភាព​ឈឺចាប់​ ​និង​ស្រពេច​ស្រពិល​អំពី​ស្ថានភាព​កូន​របស់​ខ្លួន​៩​ឆ្នាំ​មក​នេះ ​ក្រុម​គ្រួសារ​កុមារា​ ខឹម សាផាត​ត្រូវតែ​ទទួល​បាន​នូវ​ចម្លើយ​ ​សន្តិភាព​ផ្លូវ​ចិត្ត​ ​និង​យុត្តិធម៌​ ​ពី​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ ​និង​ឆាប់​រហ័ស​ទៅ​លើ​ការ​បាត់ខ្លួន​របស់​សាផាត៕

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...