សង្គម​ស៊ីវិល​បារម្ភ​ពី​សុវត្ថិភាព​ពលរដ្ឋ ខណៈ​ជន​បរទេស​កាន់​កាប់​អាវុធ​ និង​បាញ់​បោះ​ដោយ​សេរី

05
មករា

សង្គម​ស៊ីវិល​បារម្ភ​ពី​សុវត្ថិភាព​ពលរដ្ឋ ខណៈ​ជន​បរទេស​កាន់​កាប់​អាវុធ​ និង​បាញ់​បោះ​ដោយ​សេរី

ប្រភព៖ RFA

សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​ ចំពោះ​សន្តិសុខ​សុវត្ថិភាព​ពលរដ្ឋ​ ក្រោយ​មាន​ករណី​ជនជាតិ​ចិន​ និង​វៀតណាម​មួយ​ចំនួន​ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ ពាក់ព័ន្ធ​កាន់​​កាប់​អាវុធ​ខុសច្បាប់​ និង​បាញ់​បោះ​ដោយ​សេរី​ជា​បន្ត​បន្ទាប់​។ ពួកគេ​ ស្នើ​ឲ្យ​ ​ក្រសួង​ និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​រឹត​បន្តឹង និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ ដើម្បី​ទប់ស្កាត់​ភាព​អនាធិបតេយ្យ​ក្នុង​សង្គម។

ប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ​លោក​ កើត សារ៉ាយ ថា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៤ មករា ថា​ មិនមែន​តែ​អង្គការ​សង្គម​ស៊ីវិល​ និង​ពលរដ្ឋ​ ព្រួយ​បារម្ភ​ដែរ​ ចំពោះ​ជនបរទេស​កាន់​កាប់​ និង​ប្រើប្រាស់​អាវុធ​បាញ់​បោះ​ដោយ​សេរី នៅ​តាម​តំបន់​មួយ​ចំនួន​ ពិសេស​កន្លែង​សម្បូរ​ជនជាតិ​ចិន​ និង​វៀតណាម​ច្រើន។

លោក កើត សារ៉ាយ៖ «ឥឡូវ​នេះ​យើង​ឃើញ​ហាក់​ដូចជា​មាន​ញឹក​ហូរហែ​ នេះ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម។ ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​ហ្នឹង​មិនមែន​តែ​ប៉ះពាល់​សុវត្ថិភាព​ផ្លូវកាយ​អាយុ​ជីវិត​ពលរដ្ឋ​ទេ​ បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​របស់​ប្រជាពលរដ្ឋ​ហ្នឹង​ ក៏​ប៉ះពាល់​ដូចគ្នា​ ធ្វើ​អោយ​ពួកគាត់​មាន​អារម្មណ៍​ភ័យ​ខ្លាច​ តក់ស្លុត​សូម្បី​តែ​គេង​សម្រាន្ត​ ក៏​អត់​មាន​អារម្មណ៍​សុវត្ថិភាព​។ ជា​អនុសាសន៍​របស់​ខ្ញុំ​ ខ្ញុំ​គិត​ថា​យើង​ពិនិត្យ​លើ​ចំណុច​តែ​២​ហ្នឹង​ ទី​១​គឺ​ត្រូវ​រឹត​បន្តឹង​ច្បាប់​អន្តោប្រវេសន៍​ ចិន​ហើយ​ និង​វៀតណាម​​ ដែល​នៅ​ស្រុក​ខ្មែរ​ ហើយ​ទី​២​ត្រូវ​រឹត​បន្តឹង​មន្ត្រី​ថ្នាក់​មូលដ្ឋាន​ ឬ​មន្ត្រី​ថ្នាក់​តំបន់​ទាំងអស់​ហ្នឹង​ព្រោះ​យើង​ដឹង​ហើយ​អាវុធ​ពេល​ខ្លះ​គឺ ​លួច​ទិញ​ចេញ​អំពី​ទាហាន​ ឬ​ក៏​ទិញ​ចេញ​អំពី​ប៉ូលិស​ ឬ​ក៏​មាន​ការ​ជួញដូរ​អាវុធ​ខុស​ច្បាប់»។

ក្តី​បារម្ភ​នេះ​កើត​ឡើង​ ក្រោយ​សមត្ថកិច្ច​ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង​បាន​បញ្ជូន​ជនជាតិ​វៀតណាម​ចំនួន​ ៤​នាក់​ ពាក់ព័ន្ធ​ការ​កាន់កាប់​អាវុធ​ខុស​ច្បាប់​ និង​បាញ់​បោះ​សេរី​ នៅ​ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង​ ទៅ​តុលាការ កាល​ពី​ថ្ងៃ​ទី​៣ មករា​។ ករណី​ដាក់​ដោយ​ឡែក​មួយ​ទៀត​មាន​ជនជាតិ​វៀតណាម​២​នាក់​ និង​ខ្មែរ​ម្នាក់​ កាល​ពី​ថ្ងៃ​ទី​២៨ ធ្នូ​ ២០២២​ បាន​បាញ់​តដៃ​នឹង​សមត្ថកិច្ច​ បណ្ដាល​ឲ្យ​សមត្ថកិច្ច​ម្នាក់​ស្លាប់​។ សង្គម​ស៊ីវិល​បារម្ភ​ថា  ការ​ប្រើប្រាស់​កាំភ្លើង​(អាវុធ)​បាញ់​បោះ​របស់​ជន​បទេស​ នឹង​បង្ក​ឲ្យ​មាន​បញ្ហា​សន្តិសុខ​ សុវត្ថិភាព សង្គម​ស៊ីវិល​ទាំងនេះ​ រិះគន់​ថា​ បទល្មើស​បាញ់​បោះ​សេរី​កើត​ឡើង​ច្រើន​ ដោយសារ​ការ​អនុវត្ត​ច្បាប់​ មាន​ភាព​ធូររលុង​ និង​មាន​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ។

នាយក​ប្រតិបត្តិ​អង្គការ​សង់ត្រាល់ (Central) លោក មឿន តុលា សង្កេត​ឃើញ​ថា អំពើ​ហិង្សា​ក្នុង​សង្គម​កើន​ឡើង​ ហើយ​នៅ​ពេល​មាន​បទល្មើស​កើត​ឡើង​តែង​មាន​វប្បធម៌​អន្តរាគមន៍​ផ្សេង​ៗ​ពី​មន្ត្រី​មួយ​ចំនួន​ ដើម្បី​ដោះស្រាយ​បញ្ចប់​រឿង ដោយ​មិន​អនុវត្ត​តាម​នីតិវិធី​ច្បាប់​។ លោក​ថា​ ក្នុង​សង្គម​មួយ​ប្រសិន​បើ​មន្ត្រី​គ្មាន​ឆន្ទៈ​ជួយ​ពលរដ្ឋ​ ហើយ​ការ​អនុវត្ត​ច្បាប់​គ្មាន​សមភាព​ ធ្វើ​អោយ​មាន​និទ្ទណ្ឌភាព​ក្នុង​សង្គម​កាន់​តែ​ច្រើន​ ហើយ​​ការអភិវឌ្ឍន៍​មាន​ភាព​យឺតយ៉ាវ​។ លោក​បន្ត​ថា ការ​ប្រើ​វប្បធម៌​អន្តរាគមន៍​ និង​អំពើ​ពុករលួយ​ គឺ​ជា​ការ​លើក​ទឹកចិត្ត​អ្នក​ប្រព្រឹត្ត​បទល្មើស​ ឱ្យ​លែង​ខ្លាច​ច្បាប់​ ហើយ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​ នឹង​សុវត្ថិភាព​ពលរដ្ឋ​កាន់​តែ​ខ្លាំង។

លោក មឿន តុលា៖ «ការ​អនុវត្ត​ច្បាប់​ធូររលុង​ ហើយ​វា​ធ្វើ​ឱ្យ​និទ្ទណ្ឌភាព​ហ្នឹង​ខ្ពស់​ដែរ​​ ព្រោះ​ធម្មតា​មន្ត្រី​អនុវត្ត​ច្បាប់​អាច​ពាក់ព័ន្ធ​អំពើ​ពុករលួយ​ ហើយ​ជនល្មើស​អាង​ថា វាយ​គេ​ហើយ​ បង្ក​របួស​ស្នាម​ដល់​គេ​ហើយ​ ប្រើ​ហិង្សា​ទៅ​លើ​គេ​ហើយ ប៉ុន្តែ​រួច​ខ្លួន​ ឬ​ក៏​ជាប់​បាន ១​ថ្ងៃ​២​ថ្ងៃ​ ១​ខែ​ ឬ​២​ខែ​អ៊ីចឹង​ទៅ​ បាន​ចេញ​មក​វិញ​អ៊ីចឹង​។ គេ​ហៅ​ថា​វាយ​បង់លុយ​ៗ​ អ៊ីចឹង​អា​ហ្នឹង​វា​ដូចជា​លើក​ទឹកចិត្ត​ឱ្យ​ជនល្មើស​ចេះ​តែ​ប្រព្រឹត្ត​បទល្មើស​បន្ថែម​ទៀត​។ ត្រង់​ហ្នឹង​ទាល់​តែ​យើង​កាត់​ផ្ដាច់​អំពើពុករលួយ​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ហើយ​មន្ត្រី​ទាំងឡាយ​ណា​ដែល​គាត់​ពាក់ព័ន្ធ​ជាមួយ​ការ​សូកប៉ាន់​ ទទួល​សំណូក​ពី​ជនល្មើស​អី​អស់​ហ្នឹង​ សូម្បី តែ​មន្ត្រី​តុលាការ​អី​ហ្នឹង​ក៏​គួរ​តែ​ទទួល​ពិន័យ​អ្វី​ច្បាស់លាស់​ដែរ»។

ជុំវិញ​​រឿង​នេះ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ លោក ខៀវ សុភ័គ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា​ ​ជន​បរទេស​បាញ់​បោះ​ដោយ​សេរី​ លោក​ក៏​ព្រួយ​បារម្ភ​ដែរ​ ប៉ុន្តែ​​សមត្ថកិច្ច​បាន​បង្ក្រាប​ជនល្មើស​ទាន់​ពេល​វេលា​ និង​បញ្ជូន​តាម​នីតិវិធី​ទៅ​តុលាការ​អស់​ហើយ។

លោក ខៀវ សុភ័គ៖ «បាទ​ជា​ការ​ត្រឹមត្រូវ​ហើយ​ ថា​ពេល​បាញ់​បោះ​មាន​ការ​ព្រួយ​បារម្ភ​ មិន​បាច់​អាស៊ីសេរី​ទេ​ សូម្បី​តែ​ខ្ញុំ​លឺ​ការ​បាញ់​បោះ​ ក៏​ព្រួយ​ដែរ​ ដូច​តែ​គ្នា។ ប៉ុន្តែ​សំខាន់​អា​អ្នក​បាញ់​បោះ​ត្រូវ​បាន​ចាប់ខ្លួន​ទាំងអស់​ សំខាន់​ ដូច្នេះ​រាល់​ការងារ​ទាំងអស់​មាន​ការ​បាញ់​បោះ​មែន ប៉ុន្តែ​ជនល្មើស​ត្រូវ​បាន​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ»។

លោក ខៀវ សុភ័គ មិន​បាន​បញ្ជាក់​ពី​វិធានការ​ត្រួតពិនិត្យ និង​ទប់ស្កាត់​យុទ្ធសាស្ត្រ​បង្ក្រាប​ទៅ​លើ​ទីតាំង​ដែល​មាន​ជនបរទេស​រស់​នៅ​រក​ស៊ី​ច្រើន​ ដូចជា​នៅ​ខេត្ត​ព្រះសីហនុ​ រាជធានី​ភ្នំពេញ​ និង​ខេត្ត​ជាប់​ព្រំ​ដែន​មួយ​ចំនួន​នោះ​ឡើយ

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...