វិភាគ៖ តើវិធានការទប់ស្កាត់បទចម្រៀង «ឈាមបាតុករ» បន្សល់ទុកបញ្ហាអ្វីខ្លះក្នុងសង្គម?
ប្រភព៖ VOD
ថ្មីៗនេះ មានការព្រមានចាត់់វិធានការច្បាប់ ដើម្បីដាក់សម្ពាធឱ្យក្រុមអង្គការសង្គមស៊ីវិលលុបបទចម្រៀង «ឈាមបាតុករ» ប៉ុន្តែជុំវិញរឿងវាយកម្ទេចកុដិបុរាណជាសម្បត្តិបេតិកភណ្ឌជាតិ ដែលមកដល់ពេលនេះ ក្រសួង និងសមត្ថកិច្ចពាក់ព័ន្ធ នៅរក្សាភាពស្ងៀមស្ងាត់ ដោយមិនទាន់ឃើញមានចាត់វិធានការច្បាប់ទៅលើអ្នកនៅពីក្រោយនោះ បានបង្កើតជាមន្ទិលជុំវិញកាតព្វកិច្ចរបស់រដ្ឋាភិបាល ក្នុងការធានាយុត្តិធម៌សង្គម ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងការអូសបន្លាយវិបត្តិសង្គម។
ជុំវិញបញ្ហានេះ អង្គការសមាគមចំនួន៤ ដែលសកម្មក្នុងការទាមទារយុត្តិធម៌សង្គម កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ បានបង្ខំចិត្តលុបបទចម្រៀង «ឈាមបាតុករ» ចេញពីបណ្តាញសង្គម។
ការលុបនេះ ក្រោយពីតំណាងអង្គការសមាគមទាំង៤ រួមមាន ប្រធានចាត់ការទូទៅអង្គការលីកាដូ លោក អំ សំអាត, ប្រធានអង្គការសង់ត្រាល់ លោក មឿន តុលា រួមទាំងប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ និងប្រធានសមាគមសម្ព័ន្ធសហគមន៍កម្ពុជា លោក ថេង សាវឿន បានទៅឆ្លើយបំភ្លឺនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោយពីមានលិខិតស្នើសុំចាត់វិធានការពីរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣។
-
លោក អំ សំអាត នាយកកិច្ចការទូទៅអង្គការលីកាដូ ក្នុងថ្ងៃចូលបំភ្លឺនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ពាក់ព័ន្ធនឹងរឿងបង្ហោះគាំទ្របទចម្រៀងរ៉េបថ្មីរបស់យុវជន គា សុគន្ធ ដែលមានចំណងជើងថា «ឈាមបាតុករ» នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣។ (ហ៊ាន រង្សី)
-
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មាន ក្នុងថ្ងៃចូលបំភ្លឺនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ពាក់ព័ន្ធនឹងរឿងបង្ហោះគាំទ្របទចម្រៀងរ៉េបថ្មីរបស់យុវជន គា សុគន្ធ ដែលមានចំណងជើងថា «ឈាមបាតុករ» នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។ (ហ៊ាន រង្សី)
-
ប្រធានអង្គការសង់ត្រាល់ លោក មឿន តុលា ក្នុងថ្ងៃចូលបំភ្លឺនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ពាក់ព័ន្ធនឹងរឿងបង្ហោះគាំទ្របទចម្រៀងរ៉េបថ្មីរបស់យុវជន គា សុគន្ធ ដែលមានចំណងជើងថា «ឈាមបាតុករ» នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣។ (ណាត សុភាព)
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ឱ្យដឹងថា ការកោះហៅប្រធានអង្គការ និងសមាគមទាំងនោះ ជាវិធានបែបរដ្ឋបាល។ ប៉ុន្តែលោកថា សមត្ថកិច្ចនឹងអនុវត្តវិធានការច្បាប់ បើប្រធានអង្គការទាំងនោះមិនព្រមអនុវត្តតាម។
លោកថា៖ «យើងអនុវត្តវិធានការរដ្ឋបាល ដើម្បីអប់រំ ហើយធ្វើកិច្ចសន្យាឈប់បង្ហោះអ៊ីចឹងទៅ ព្រោះខ្លឹមសារ វាមានឥទ្ធិពលជះទៅលើបរិយាកាសសង្គម។ តែបើសិនអនុវត្តវិធានការរដ្ឋបាលនៅតែគ្មានប្រសិទ្ធភាព អាហ្នឹងយើងនឹងពិចារណានីតិវិធីតាមផ្លូវច្បាប់»។
បើតាមលិខិតនោះ រដ្ឋមន្ត្រីក្រសួងវប្បធម៌បានប្រាប់អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន ថាបទចម្រៀង «ឈាមបាតុករ» ដែលអមដោយរូបភាពពាក់ព័ន្ធនឹងព្រឹត្តិការណ៍ផ្លូវវេងស្រេង ជាការ «អុចអាល ញុះញង់ អាចនឹងបង្កអសន្តិសុខ សណ្ដាប់ធ្នាប់សង្គម »។
ប៉ុន្តែជាការកត់សម្គាល់ ជាង១ខែមកនេះ ករណីវាយកម្ទេចកុដិបុរាណចំនួន៣ មានអាយុកាលជិត១០០ឆ្នាំ ក្នុងវត្តឧណ្ណាលោម និងករណីវាយបំបែកចេតិយបុរាណនៅវត្តបទុមវតី ក្នុងរាជធានីភ្នំពេញ ដែលចេតិយនោះមានអាយុកាល១២៣ឆ្នាំនោះ សមត្ថកិច្ចមិនទាន់ទម្លាយពីវិធានការច្បាប់ចំពោះអ្នកដែលនៅពីក្រោយការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌជាតិនេះនៅឡើយទេ បើទោះបីកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់ទុកករណីនេះថាជា «ទង្វើផ្ទុយពីច្បាប់» ក៏ដោយ។
-
គ្រឿងចក្រឈូសកាយសំណល់បែកបាក់នៃកុដិបុរាណដែលមានអាយុកាលជិតមួយសតវត្សរ៍ ក្រោយត្រូវបានកម្ទេចចោលកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ ដោយអះអាងថាទុកសម្រាប់សាងសង់ចេតិយ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។ (ហ៊ាន រង្សី)
-
ចេតិយបុរាណ ក្នុងស្ថានភាពក្រោយរងការវាយបំផ្លិចបំផ្លាញនូវផ្នែកខ្លះ ជាចេតិយបុរាណមានអាយុកាល១២៣ឆ្នាំ និងមានក្បាច់រចនាល្អប្រណិត ដោយមានបិទផ្កាចន្ទន៍ ដែលជាប្រភេទកុលាលភាជន៍ សេរ៉ាមិច និងមានទីតាំងស្ថិតនៅទិសខាងត្បូងជាប់នឹងព្រះវិហារវត្តបទុមវតី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣។ (ហ៊ាន រង្សី)
បញ្ហានេះបង្កើតជាចម្ងល់ថា តើវិធានទប់ស្កាត់បទចម្រៀងរ៉េប «ឈាមបាតុករ» បន្សល់ទុកបញ្ហាអ្វីខ្លះក្នុងសង្គម?
នាយកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាអ្នកស្រាវជ្រាវផ្នែកវប្បធម៌ លោកបណ្ឌិត ប៉ា ចន្ទរឿន យល់ថា វិធានការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហាក់ដូចជាយកចិត្តទុកដាក់ខ្ពស់ក្នុងការស្នើនគរបាលជាតិចាត់វិធានការទៅលើក្រុមអង្គការសង្គមស៊ីវិលដែលបង្ហោះបទចម្រៀង «ឈាមបាតុករ» ប៉ុន្តែមិនបានបង្ហាញពីការស្នើសុំចាត់វិធានការអ្នកដែលបំផ្លិចបំផ្លាញបេតិកភណ្ឌជាតិ ដែលបញ្ហានេះបានបន្សល់ទុកនូវបញ្ហាសង្គមធំៗចំនួន៤។
បើតាមលោក ចន្ទរឿន បញ្ហាទាំងនោះបានឆ្លុះបញ្ចាំងថា ក្រសួង និងសមត្ថកិច្ច កំពុងរួមដៃគ្នាជំរុញការអនុវត្តច្បាប់បែបស្តង់ដារពីរ ដែលករណីនេះនឹងបន្សល់ទុកនូវវប្បធម៌និទណ្ឌភាពក្នុងសង្គម ការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិ និងបង្រួមលំហការងាររបស់ក្រុមអង្គការសង្គមស៊ីវិលដែលសកម្មជំរុញយុត្តិធម៌សង្គម។
លោកសំអាងថា ខ្លឹមសារនៃបទចម្រៀង «ឈាមបាតុករ» គ្រាន់តែបង្ហាញអំពីសោកនាដកម្មនៃការបង្ក្រាបបាតុករ កាលពី៩ឆ្នាំមុន និងឆ្លុះបញ្ចាំងអំពីនិទណ្ឌភាព ឬកង្វះនៃការផ្តល់យុត្តិធម៌ដល់អ្នករងគ្រោះនិងអំពាវនាវកុំឱ្យមានការបង្ក្រាបដែលមានលក្ខណៈឃោរឃៅរហូតមានអ្នកស្លាប់ ដូចករណីបង្ក្រាបនៅលើផ្លូវវេងស្រេងប៉ុណ្ណោះ។
លោកថា៖ « ចំណាត់ការបែបនេះឆ្លុះបញ្ចាំងឱ្យឃើញអំពីស្តង់ដារពីរនៃការអនុវត្តការងាររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរពាក់ព័ន្ធ ដែលនៅបណ្តោយឱ្យមាននិទណ្ឌភាពចំពោះបទល្មើសបំផ្លិចបំផ្លាញទ្រព្យសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ»។
ជ្រុងមួយនៃបញ្ហានេះ កាលពីថ្ងៃទី១០ ខែមករា អង្គការលីកាដូ បានបង្ហោះសារបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះចំណាត់ការរបស់នគរបាលជាតិ ដែលបានអនុវត្តវិធានការតាមការស្នើសុំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយសំអាងថា វីដេអូចម្រៀងដែលខ្លួនបង្ហោះមិនមែនជាបទល្មើសញុះញង់ដូចការចោទប្រកាន់ តែផ្ទុយទៅវិញ ការចេញផ្សាយវីដេអូបទចម្រៀងនេះ គឺជាសេរីភាពក្នុងការបញ្ចេញមតិដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ។
បន្ថែមពីនេះ លីកាដូ បញ្ជាក់ថា ខ្លួននៅតែបន្តឈរជាមួយជនរងគ្រោះក្នុងពិធីប្រារព្ធខួប និងបន្តអំពាវនាវដល់អាជ្ញាធរឱ្យស៊ើបអង្កេតដោយឯករាជ្យទៅលើអំពើហិង្សា ការស្លាប់ និងការបាត់ខ្លួន ដែលបានកើតឡើងកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ ដើម្បីទប់ស្កាត់កុំឱ្យកើតមាននូវអំពើហិង្សាដ៏អាក្រក់ដូច្នេះបន្តទៀត។
អំពើហិង្សានៅលើផ្លូវវេងស្រេង ដែលបានកើតឡើងកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ បណ្តាលឱ្យមនុស្សចំនួន៤នាក់ស្លាប់ រងរបួស៣៨នាក់ ក្នុងនោះ ២៥នាក់រងរបួសដោយគ្រាប់កាំភ្លើង និងកុមារាម្នាក់អាយុ១៥ឆ្នាំនៅពេលនោះបានបាត់ខ្លួន។
សម្រាប់អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី លើកឡើងថា វិធានការលើក្រុមអង្គការសង្គម ពាក់ព័ន្ធបទចម្រៀងដែលភ្ជាប់ព្រឹត្តិការណ៍ផ្លូវវេងស្រេង តែមិនចាត់វិធានការលើអ្នកពាក់ព័ន្ធដែលបំផ្លាញសម្បត្តិបេតិកភណ្ឌជាតិ នឹងបន្តបន្សល់ទុកនូវជំងឺអយុត្តិធម៌សង្គមផង និងទប់ស្កាត់ការធ្លាក់ចុះប្រជាប្រិយភាពនៅពេលខាងមុខផង។
លោកគិតថា ព្រឹត្តិការណ៍បង្ក្រាបដោយហិង្សារបស់អាជ្ញាធររដ្ឋនៅលើផ្លូវវេងស្រេង កាលពី៩ឆ្នាំមុន ប្រៀបបានវិនាសកម្មដ៏ធំមួយដែលរដ្ឋាភិបាលចង់កាយកប់ ដើម្បីកុំឱ្យប៉ះពាល់ដល់ប្រជាប្រិយភាពនៅពេលខាងមុខ ប៉ុន្តែលោកថា វិធាននេះអាចជាអាវុធមុខពីរសម្រាប់រដ្ឋាភិបាល។
លោកថា៖ «ចំណាត់ការនេះ ខ្ញុំគ្រាន់តែមានការព្រួយបារម្ភនៅត្រង់ថា តើការបំបិទហ្នឹង វាអាចនឹងផ្តល់នូវផលល្អសម្រាប់រដ្ឋាភិបាល មិនចង់ឱ្យកម្មកររំឭករឿងចាស់ឡើងវិញ ឬអាចជាកត្តាមួយធ្វើឱ្យអាការខឹងសម្បាហ្នឹង ឬការខកចិត្តហ្នឹង វាកើនឡើងកាន់តែច្រើន»។
ដោយឡែក អ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយ លោក វណ្ណ ប៊ុនណា មើលឃើញថា វិធានការនេះ ជាសញ្ញាភ័យខ្លាចរបស់បក្សកាន់អំណាច ក្នុងការបាត់បង់ប្រជាប្រិយភាពអំឡុងនៃការបោះឆ្នោតខាងមុខ។ ក្នុងន័យនេះ លោកយល់ថា ព្រឹត្តិការណ៍ផ្លូវវេងស្រេង ជារូបភាពអាក្រក់មួយប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល ដែលការណ៍នេះ បក្សកាន់អំណាចមិនចង់ឱ្យព្រឹត្តិការណ៍នេះកក្រើកឡើងក្នុងក្រសែភ្នែកមហាជន មុនការបោះឆ្នោតមកដល់ទេ ព្រោះជាគ្រោះថ្នាក់ដល់យន្តការបន្តគ្រប់គ្រងអំណាច។
លោកថា៖ «កាលណារដ្ឋាភិបាលមិនព្រមទទួលយកការពិត ហើយមិនខំស្វែងរកយុត្តិធម៌ចំពោះជនរងគ្រោះ និងអ្នកប្រើអំពើហិង្សា តែបែរជាបំបិទនូវអ្វីដែលបានកើតឡើង ជាការដើរផ្ទុយអំពីតួនាទីរបស់រដ្ឋាភិបាល ក៏ដូចជាស្ថាប័នដែលបម្រើប្រជាពលរដ្ឋផងដែរ។ អ៊ីចឹងជារូបភាពធំ ខ្ញុំមើលឃើញអំពីការខ្លាចចំពោះ រដ្ឋាភិបាលនៅពេលការបោះឆ្នោតខាងមុខ ដែលវាអាចនឹងប៉ះពាល់ដល់ប្រជាប្រិយភាពរបស់បក្សកាន់អំណាច»។
លោកគិតថា យុទ្ធសាស្ត្រនេះនឹងបន្តអូសបន្លាយវិបត្តិសង្គមច្រើនឆ្នាំទៅមុខទៀត ក្នុងនោះមានទាំងការរឹតត្បិតលំហការងារអង្គការសង្គមស៊ីវិល សេរីភាពបញ្ចេញមតិរបស់រដ្ឋ សេរីភាពសារព័ត៌មាន រួមទាំងវិស័យសិល្បៈដែលជាផ្នែកសំខាន់មួយចូលរួមកែលម្អសង្គម។
លោកបារម្ភផងដែរថា ការបន្តធ្វើឱ្យចរន្តនយោបាយដើរផ្ទុយទៅនឹងចរន្តអន្តរជាតិ ដែលទាមទារឱ្យមេដឹកនាំកម្ពុជាបើកលំហប្រជាធិបតេយ្យឡើងវិញមុនការបោះឆ្នោត អាចនឹងធ្វើឱ្យកម្ពុជាដើរដល់ចំណុចវិបត្តិសង្គម និងការដាក់ទណ្ឌកម្មអន្តរជាតិ។
លោកថា៖ «កាលណារដ្ឋាភិបាលមិនបានទទួលសំឡេងគ្រប់ជ្រុងជ្រោយពីមជ្ឈដ្ឋានទូទៅទេ ធ្វើឱ្យគោលនយោបាយក្នុងការដាក់ចេញហ្នឹង វាមិនបានឆ្លើយតបគ្រប់គ្រាន់ទៅនឹងបញ្ហាសង្គម ហើយវាជាហេតុបង្កឱ្យបញ្ហាសង្គមកាន់តែកើតមានខ្លាំងឡើងៗ ហើយអ្នកដែលប៉ះពាល់ខ្លាំងហ្នឹងគឺប្រជាពលរដ្ឋសាមញ្ញធម្មតាដែលពួកគាត់ត្រូវការយុត្តិធម៌សង្គម ត្រូវការជីវភាពរស់នៅសមរម្យ ដូច្នេះវាជាការបំពេញតួនាទីរបស់រដ្ឋាភិបាលក្នុងការបំពេញឱ្យគាត់»៕