មន្ត្រី​សង្គម​ស៊ីវិល​ ២នាក់​ទៀត ​ចូល​បំភ្លឺ​ស្នងការ​រាជធានី​ភ្នំពេញ​ករណី​បង្ហោះ​ចម្រៀង បទ "ឈាម​បាតុករ"

10
មករា

មន្ត្រី​សង្គម​ស៊ីវិល​ ២នាក់​ទៀត ​ចូល​បំភ្លឺ​ស្នងការ​រាជធានី​ភ្នំពេញ​ករណី​បង្ហោះ​ចម្រៀង បទ “ឈាម​បាតុករ”

ប្រភព៖ RFA

មន្ត្រី​សង្គម​ស៊ីវិល​ពីរ​រូប​ទៀត​ចូល​បំភ្លឺ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១០ ខែ​មករា​នេះ។ សមត្ថកិច្ច​បន្ត​បង្គាប់​មន្ត្រី​សង្គម​ស៊ីវិល​ឱ្យ​លុប​វីដេអូ​ចម្រៀង បទ “ឈាម​បាតុករ” ចេញ​ពី​បណ្ដាញ​សង្គម​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ ដោយ​ចោទ​ប្រកាន់​ថា វីដេអូ​នោះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សង្គម។

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ តម្រូវ​ឱ្យ​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា នៅ​ព្រឹក​ថ្ងៃទី១០ ខែ​មករា។​ ចំណែក ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លោក វន់ ពៅ ត្រូវ​ចូល​បំភ្លឺ​ពេល​រសៀល​នៅ​ថ្ងៃ​ដដែល​នេះ។

ក្រោយ​ពេល​ចេញ​ពី​បំភ្លឺ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ប្រធាន​អង្គការ​សង់ត្រាល់ លោក មឿន តុលា ឱ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា ការ​អញ្ជើញ​របស់​សមត្ថកិច្ច​ពេល​នេះ គឺ​ជា​ឱកាស​អាច​ឱ្យ​មន្ត្រី​សង្គម​ស៊ីវិល​បក​ស្រាយ​ទៅ​​សមត្ថកិច្ច ពី​គោលបំណង​របស់​ពួក​គាត់​ក្នុង​ការ​បង្ហោះ​វីដេអូ​បទ​ចម្រៀង​ឈាម​បាតុករ​ក្នុង​បណ្ដាញ​សង្គម​របស់​ខ្លួន។ លោក​បន្ត​ថា លោក​បាន​ប្រាប់​ទៅ​សមត្ថកិច្ច​ថា គោល​បំណង​របស់​អង្គការ​សង់ត្រាល់ ក្នុង​ការ​បង្ហោះ​នេះ គឺ​ដើម្បី​ប្រារព្ធ​ខួប​នៃ​ការ​បង្ក្រាប​បាតុករ ការ​ស្នើសុំ​​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ករណី​បង្ហូរ​ឈាម​ក្នុង​ការ​បង្ក្រាប​ដោយ​ហិង្សា​កាលពី​ថ្ងៃ​ទី២​ និង​ថ្ងៃ​ទី៣ ខែមករា ឆ្នាំ២០១៤ និង​​បញ្ឈប់​ការ​ដោះស្រាយ​បញ្ហា​ដោយ​អំពើ​ហិង្សា។ លោក​អះអាង​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ គ្មាន​ចេតនា​បង្ហោះ​វីដេអូ​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​សង្គម​ដូច​ការ​ចោទ​ប្រកាន់​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​នោះ​ទេ។ លោក មឿន តុលា ប្រាប់​ទៀត​ថា ទោះ​មានការ​ពន្យល់​យ៉ាងណា​ក្ដី ក៏​សមត្ថកិច្ច​ នៅតែ​ស្នើ​ទៅ​លោក​ឱ្យ​លុប​វីដេអូ​នេះ ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​របស់​អង្គការ​សង់ត្រាល់​ដដែល។

លោក មឿន តុលា៖ «ខ្ញុំ​បាន​ជួន​ទៅ​ខាង​ស្នងការ​ដែរ​ថា ខ្ញុំ​នឹង​រាយការណ៍​ទៅ​គណៈ​គ្រប់គ្រង​ស្ថាប័ន​ស្នើ​ក៏​ដូច​ជា យើង​ធ្វើ​អ្វី​ដូច​ដៃគូ​យើង​អ៊ីចឹង ដូច​លីកាដូ​គាត់​សម្រេច​អ៊ីចឹង​ ព្រោះ​បើសិនជា​អាជ្ញាធរ​លោក យល់ថា មិន​សម​យើង​គាត់​សុំ​ឱ្យ​ដក​ចេញ​ យើង​ពិចារណា​ដក​ចេញ»

ចំណែក​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លោក វន់ ពៅ ឱ្យ​ដឹង​ក្រោយ​ចេញ​ពី​បំភ្លឺ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ថា សមត្ថកិច្ច​ក៏​បាន​ស្នើ​ទៅ​លោក​ឱ្យ​លុប​វីដេអូ​បទ​ចម្រៀង​ឈាម​បាតុករ​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ផ្ទះ​សាមគ្គី​ដែរ។ លោក វន់ ពៅ បន្ត​ថា ភាគី​ខាង​លោក​យល់​ព្រម​លុប​វីដេអូ​នោះ​តាម​ការ​ទាមទារ​របស់​សមត្ថកិច្ច។

លោក វន់ ពៅ៖ «យើង​រស់នៅ​ក្នុង​បរិបទ​បែប​នេះ​គឺ​បែប​ហ្នឹង​ ខ្ញុំ​សូម​បញ្ជាក់​ប៉ុណ្ណឹង​ យើង​អ្នក​ធ្វើ​ការងារ​សង្គម​សេចក្ដី​សុខ ក្នុង​ការ​បញ្ចេញ​មតិ សេចក្ដី​សុខ​ក្នុង​ការ​បង្ហាញ​ឆន្ទៈ​ផ្ទាល់​ខ្លួន​ដោយសារ​យើង​មិន​​ចង់​មាន​បញ្ហា​អី​តទៅទៀត​យើង​ក៏​សម្រេច​ឱ្យ​ក្រុមការងារ​យើង​យើង​ជជែក​ជាមួយ​ក្រុម​ការងារ​ដើម្បី​ពិចារណា​លុប​ចេញ​ពី​គេហទំព័រ​របស់​យើង»

Vorn_Pao_Treetop_011023_1.jpg
លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) ក្រោយ​ចេញពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាល​ពី​ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។ រូបពីពលរដ្ឋ

នៅ​ក្រៅ​របង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក៏​មាន​ការ​ចូល​រួម​ឃ្លាំ​មើល​ពី​អង្គការ​សង្គម​ស៊ីវិល មាន​ដូច​ជា CYN សមាគម​អាដហុក មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស (CCHR) សមាគម​ធាង​ត្នោត អង្គការ​សង់ត្រាល់ និង​ក្រុម​អ្នក​សារ​ព័ត៌មាន​ប្រមាណ ៣០​នាក់។ ក្នុង​នោះ​ប៉ូលិស​ពាក់​ឯក​សណ្ឋាន​ផង ​និង​ស៊ីវិល​ផង​បាន​មក​ថត​រូប​មន្ត្រី​សង្គម​ស៊ីវិល ​ក្រុម​យុវជន និង​អ្នក​សារ​ព័ត៌មាន​រង់ចាំ​ឃ្លាំមើល​ផង​ដែរ។

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​កោះហៅ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ៤រូប ឱ្យ​ចូល​បំភ្លឺ​នៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទាក់ទង​នឹង​ការ​ផ្សព្វផ្សាយ​បទចម្រៀង ឈាម​បាតុករ ដែល​ច្រៀង​យុវជន គា សុគន្ធ។ វីដេអូ​ដែល​មាន​រយៈ​ពេល​ជាង​៤​នាទី រៀបរាប់​ពី​ការ​បង្ក្រាប​ដ៏​ហិង្សា​របស់​ក្រុម​សមត្ថកិច្ច​លើ​ក្រុម​បាតុករ​ដែល​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ​កាល​ពី​ឆ្នាំ​២០១៤។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លី​កា​ដូ លោក​ អំ ​សំអាត បាន​ចូល​បំភ្លឺ​កាល​ពី​ថ្ងៃ​ទី០៩ ខែ​មករា រួច​ហើយ។

ក្រោយ​ពី​លោក អំ សំអាត ចូល​បំភ្លឺ​រួច អង្គការ​លីកាដូ សម្រេច​លុប​វីដេអូ​ចម្រៀង ឈាមបាតុករ នេះ​ចេញ​គេហទំព័រ និង​បណ្ដាញ​សង្គម​របស់​ខ្លួន​នៅ​ថ្ងៃ​ទី១០ ខែ​មករា។ អង្គការ​លីកាដូ ឱ្យ​ដឹង​ទៀត​ថា ការ​សម្រេច​ចិត្ត​បែប​នេះ ព្រោះ​ដើម្បី​ជៀសវាង​ពី​ការ​ទទួលរង​នូវ​វិធានការ​ផ្លូវ​ច្បាប់ ។

លោក​ អំ ​សំអាត ឱ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​បន្ថែម​ថា អង្គការ​លីកាដូ​នៅតែ​ប្រកាន់​ជំហរ​ដដែល​ថា វីដេអូ​ចម្រៀង​ឈាម​បាតុករ ដែល​បាន​បង្ហោះ​នោះ​មិន​មាន​អ្វី​ជា​ការ​ញុះញង់ អុជអាល​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​ទេ។ លោក​បន្ត​ទៀត​ថា ដើម្បី​កុំ​ឱ្យ​ការ​បង្ហោះ​វីដេអូ​នេះ រង​ការ​ចោទ​ប្រកាន់​ពី​សមត្ថកិច្ច ដែល​អាច​ធ្វើ​ប៉ះពាល់​​ការ​បំពេញ​ការងារ​របស់​លីកាដូ ​ក្នុង​នាម​ជា​ស្ថាប័ន​លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស ទើប​អង្គការ​លីកាដូ សម្រេច​លុប​វីដេអូ​ចម្រៀង​នេះ។

លោក អំ សំអាត៖ «សោកស្ដាយ​ដែរ​ថា ៣០ឆ្នាំ ដែល​លីកាដូ​យើង​ធ្វើ​ការ ហើយ​នេះ​ជា​លើក​ទី១​ដែល​អាជ្ញាធរ​លោក​បាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ទៅ​តាម​ការ​ស្នើសុំ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ទៅ​លើ​បទ​ចម្រៀង​អម​ដោយ​រូប​ភាព​មាន​ចំណង​ជើង​ថា ឈាម​បាតុករ​មក​លើ​អង្គការ​លីកាដូ និង​អង្គការ​សង្គម​ស៊ីវិល​ផ្សេង​ទៀត»

ទាក់ទង​បញ្ហា​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ណាមួយ​ពី​អ្នកនាំពាក្យ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខសីហា បាន​ទេ​នៅ​ថ្ងៃ​ទី១០ ខែ​មករា។

ការ​កោះហៅ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ពេល​នេះ​ ក្រោយ​ពេល​ រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ អ្នកស្រី​ ភឿង​ សកុណា​ បាន​ចេញ​លិខិត​កាល​ពី​ថ្ងៃ​ទី​៦​ ខែ​មករា ស្នើ​សុំ​ទៅ​អគ្គ​ស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន ចាត់​វិធានការ​ចំពោះ​ការ​ផ្សព្វផ្សាយ​បទចម្រៀង​ ដែល​មាន​ចំណង​ជើង​ថា ឈាម​បាតុករ។ អ្នកស្រី ចោទ​ប្រកាន់​ថា បទចម្រៀង​នេះ មាន​ខ្លឹមសារ​ញុះញង់ អាច​បង្ក​ជា​អសន្តិសុខ និង​សណ្ដាប់ធ្នាប់​សង្គម។​

ដោយឡែក ប្រធាន​សហភាព​​សហជីព​កម្ពុជា និង​ជា​ទីប្រឹក្សា​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន យល់​ថា វិធានការ​របស់​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​ជា​ការ​គំរាមកំហែង​ បំភិតបំភ័យ​ លើ​អង្គការ​សង្គម​ស៊ីវិល។ អ្នក​តស៊ូ​មតិ​រួប​នេះ​យល់ថា ការ​សម្រេច​ចិត្ត​របស់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការ​លុប​បទ​ចម្រៀង​នេះ ជា​ការ​បង្ខំ​ចិត្ត​ ព្រោះ​រង​ការ​ដាក់​សម្ពាធ​របស់​សមត្ថកិច្ច។ លោក​ រ៉ុង ឈុន យល់ថា រដ្ឋាភិបាល​មិន​គួរ​បារម្ភ​លើ​បញ្ហា​នេះ​ពេក​ទេ។

លោក រ៉ុង ឈុន៖ «អ៊ីចឹង​គាត់​ (អង្គការ​សង្គម​ស៊ីវិល)​ អត់​មាន​ជម្រើស​ត្រូវ​លុប​ដោយ​បង្ខំ​ចិត្ត​អ៊ីចឹង​ហើយ​ដើម្បី​សុវត្ថិភាព​ជៀសវាង​ប្រឈម​ទៅ​នឹង​ផ្លូវ​ច្បាប់​ហើយ​យើង​កត់សម្គាល់​ឃើញ​ថា គ្រាន់តែ​បទចម្រៀង​មួយ​បទ​មាន​បញ្ហា​កើតឡើង​អ៊ីចឹង អនាគត​កម្ពុជា​គឺ​លំហ​សេរីភាព​បញ្ចេញ​មតិ​តាម​បទ​ចម្រៀង​តាម​អី​ណឹង​ត្រូវ​បាន​បិទ​ជិត​ឈឹង​ហើយ»។

ប្រសិន​បើ​គ្មាន​ការ​ប្រែប្រួល​ទេ ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា លោក ថេង សាវឿន គឺ​ជា​មន្ត្រី​សិទ្ធិមនុស្ស​ទី៤ ដែល​នឹង​ចូល​បំភ្លឺ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី១១ ខែ​មករា​ខាងមុខ។ អង្គការ​លីកាដូ អំពាវនាវ​ដល់​អាជ្ញាធរ ​គួរ​គោរព​​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ សកម្មជន សិល្បករ សិល្ប​ការិនី និង​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល និង​​បើក​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ​ទៅលើ​ករណី​អំពើ​ហិង្សា ការ​ស្លាប់ និង​ការ​បាត់​ខ្លួន​បាតុករ​កាលពី​ថ្ងៃ​ទី៣ ខែ​មករា ឆ្នាំ២០១៤៕

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...