មេ​ដឹកនាំ​សង្គម​ស៊ីវិល​ទាំង៤ ​ព្រម​ដកបទចម្រៀង​«ឈាមបាតុករ»​ ចេញ​ពី​បណ្តាញ​សង្គម​ក្រោយ​រងការព្រមាន​ពីអាជ្ញាធរ

11
មករា

មេ​ដឹកនាំ​សង្គម​ស៊ីវិល​ទាំង៤ ​ព្រម​ដកបទចម្រៀង​«ឈាមបាតុករ»​ ចេញ​ពី​បណ្តាញ​សង្គម​ក្រោយ​រងការព្រមាន​ពីអាជ្ញាធរ

ប្រភព៖ RFI

មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៤រូប​ បាន​សុខចិត្ត​ដកបទ​ចម្រៀង​ដែល​មាន​ចំណងជើង​ថា​«ឈាមបាតុករ»​ ចេញ​ពី​បណ្តាញ​សង្គម​របស់​ខ្លួន​ ក្រោយ​ពួកគេ​ត្រូវ​បាន​កោះហៅ​ជា​បន្ត​បន្ទាប់​គ្នា​ចាប់​តំាំង​ពីថ្ងៃ​ចន្ទទី០៩​ ខែ​មករា​មក​ឲ្យ​ចូល​បំភ្លឺ​នៅ​ស្នងការដ្ឋាន​ប៉ូលីស​ក្រុងភ្នំពេញ។​ ការ​សម្រេច​លុបចោល​ឃ្លីប​ចម្រៀង​ដែល​រៀបរាប់​ពី​អំពើ​ហឹង្សា​នៅ​ផ្លូវវេង​ស្រេង​កាលពី៩ឆ្នាំ​មុន​នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​ព្រមាន​ថា​នឹង​ចាត់វិធានការ​ផ្លូវ​ច្បាប់​បន្ត​ប្រសិន​បើមិន​លុបចេញ​ពីគេហទំព័រ​ និង​បណ្តាញ​សង្គម​របស់​ពួកគេ។ ​

ផ្សាយពាណិជ្ជកម្ម

ទាំងលោក អំ សំអាត នាយកប្រតិបត្តិអង្គការសិទ្ធិមនុស្សលីកាដូ ទាំងលោក មឿន តុលា នាយកអង្គការសង់ត្រាល់ ទាំងលោក វន់ ពៅ ប្រធានអង្គការសហភាពផ្ទះសាមគី្គ និងលោក ថេង សាវឿន ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា ត្រូវអាជ្ញាធរស្នើឲ្យលុបវីដេអូចម្រៀងដែលមានចំណងជើងថា«ឈាមបាតុករ» ចេញពីបណ្តាញសង្គម និងគេហទំព័ររបស់ពួកគេ។ បើពុំនោះទេពួកគេនឹងរងនូវវិធានការផ្លូវច្បាប់បន្ត។ ចំណុចនេះធ្វើឲ្យមេដឹកនាំអង្គការសង្គមស៊ីវិលទាំង៤រូបយល់ថាពួកគេបង្ខំចិត្តលុបបទចម្រៀងដ៏រសើបនេះចេញ ដោយលោក ថេង សាវឿន បានទទួលការស្នើសុំពីអាជ្ញាធរតាមរយៈសារទូរស័ព្ទឲ្យដកចេញ បើទោះណាជាលោកសុំលើកការចូលទៅបំភ្លឺនៅថ្ងៃទី១៧ ខែមករាខាងមុខក៏ដោយ។

ឃ្លីបបទចម្រៀង«ឈាមបាតុករ» គឺជាចម្រៀងប្រភេទរ៉េប ដែលនិពន្ធ និងច្រៀងដោយលោក គា សុគន្ធ រៀបរាប់ពីការប៉ះទង្គិចគ្នាដោយហឹង្សា និងបង្ហូរឈាមរវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមបាតុករនៅផ្លូវវេងស្រេង និងរោងចក្រកាត់ដេរយ៉ាកជិងក្នុងការទាមទារតម្លើងប្រាក់ឈ្នួលកាលពី៩ឆ្នាំមុន។ ព្រឹត្តិការណ៍ដ៏រសើបនេះ ត្រូវសង្គមស៊ីវិលបញ្ជាក់ថាធ្វើឲ្យមនុស្សស្លាប់៤នាក់ និងជិត៤០នាក់រងរបួស។

ទោះយ៉ាងណាអង្គការលីកាដូ ​នៅតែ​ជឿជាក់​យ៉ាង​មុតមាំ​ថា​ វីដេអូ​ចម្រៀង​នេះ​ ​មិនមែន​ជា​បទល្មើស​ញុះញង់​នោះ​ទេ​ ​ហើយ​ផ្ទុយទៅវិញ​ការ​ចេញផ្សាយ​វីដេអូ​ ​គឺជា​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ ​ដែល​ត្រូវ​បានការ​ពារ​ដោយ​រដ្ឋធម្មនុញ្ញ ព្រមទាំងសម្តែងការ​សោកស្តាយ​យ៉ាង​ខ្លាំង ​ចំពោះ​ការ​រឹតត្បិត​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​នេះ​។​ នេះបើតាមការចុះផ្សាយរបស់អង្គការលីកាដូនៅលើគេហទំព័រ និងបណ្តាញសង្គម។

ជាមួយគ្នានេះ អង្គការលីកាដូ ក៏បានអះអាងថានឹងបន្តស្ថិតនៅជាមួយអ្នករងគ្រោះ ហើយជម្រុញឲ្យមានការស៊ើបអង្កេតដោយឯករាជ្យចំពោះការស្លាប់ រងរបួស និងបាត់ខ្លួនកាលពីឆ្នាំ២០១៤កន្លងទៅ។

សូមរំលឹកថា កាលពីចុងសប្តាហ៍មុន ក្រសួងវប្បធម៌បានចេញលិខិតមួយច្បាប់ទៅកាន់លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ស្នើសុំអន្តរាគមន៍ចាត់វិធានការទប់ស្កាត់បណ្តាញប្រព័ន្ធព័ត៌មានសង្គម ដែលបានយកបទចម្រៀងអមដោយរូបភាពក្រោមចំណងជើងថា«ឈាមបាតុករ» ទៅបង្ហោះផ្សព្វផ្សាយ។

ការស្នើឲ្យប៉ូលីសចាត់វិធានការនេះ ក្រោយអង្គការលីកាដូ អង្គការសង់ត្រាល់ អង្គការសហភាពផ្ទះសាមគ្គី និងអង្គការសម្ព័ន្ធសហគមន៍កសិករកម្ពុជា ព្រមទាំងមានការចែករំលែកជាលក្ខណៈបុគ្គលជាច្រើនទៀតផង បាននាំគ្នាបង្ហោះបទចម្រៀងនេះចាប់តាំងពីដើមខែមករាមក​ ដើម្បីរំលឹកខួបលើកទី៩ នៃការប៉ះទង្គិចគ្នាដោយហឹង្សា។

ក្រសួងវប្បធម៌បានចាត់ទុកថាខ្លឹមសារនៃបទចម្រៀង«ឈាមបាតុករ»នេះ បង្ហាញពីការអុជអាល ញុះញង់ អាចនឹងបង្កអសន្តិសុខសណ្តាប់ធ្នាប់ដល់សង្គម។ ក៏ប៉ុន្តែក្រុមអង្គការសង្គមស៊ីវិលយល់ថាបទចម្រៀងនេះ បានឆ្លុះបញ្ចាំងពីការពិត ដែលជាសេរីភាពនៃការសម្តែងមតិ និងជាមធ្យោបាយដើម្បីទាមទាររកយុត្តិធម៌៕

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...