ថៅកែ​ថៃ​យល់​ព្រម​ផ្ដល់​សំណង​ជូន​ពលករ​ខ្មែរ​ដែល​បញ្ឈប់​ពី​ការងារ

09
កុម្ភៈ

ថៅកែ​ថៃ​យល់​ព្រម​ផ្ដល់​សំណង​ជូន​ពលករ​ខ្មែរ​ដែល​បញ្ឈប់​ពី​ការងារ

ប្រភព៖ RFA

 

ថៅកែ​ថៃ​យល់​ព្រម​ផ្ដល់​ប្រាក់​សំណង​ជំងឺចិត្ត​ ​ជូន​ពលករ​ខ្មែរ​ជាង ២០​នាក់​ដែល​ត្រូវ​បាន​ថៅកែ​បញ្ឈប់​ពួកគេ​ពី​ការងារ។ ថៅកែ​ថៃ​យល់​ព្រម​ផ្ដល់​សំណង​ដល់​ពលករ​ខ្មែរ​ដូច្នេះ ក្រោយ​ពេលមន្ត្រី​ក្រសួង​ការងារ​ប្រទេស​ថៃ និង​អ្នក​ពាក់ព័ន្ធ​​ចុះ​សម្របសម្រួល​ករណី​នេះ។

ពលករ​ខ្មែរ​ដែល​ត្រូវ​បាន​ថៅកែថៃ​បញ្ឈប់​ពី​ការងារ​ទទួល​បាន​ប្រាក់​សំណង​ទៅ​តាម​អតីត​ភាព​ការងារ​របស់​ពួកគេ។ ក្រៅពីប្រាក់​សំណង​ជំងឺ​ចិត្ត ថៅកែ​ថៃ ក៏​យល់​ព្រម​សង​ប្រាក់​ចំនួន​ ៤​ពាន់​ ៥រយ​​បាត​(៤.៥០០) ឬ​ប្រមាណ ​១៤០​ដុល្លារ ដែល​ថៅកែ​បាន​កាត់​ពី​ពលករ ​ជាប្រាក់រត់ការ​ធ្វើ​ថ្លៃ​ទិដ្ឋាការ​ការងារ (វីសា)។

មន្ត្រី​អង្គការ​សង់ត្រាល់ (CENTRAL) ប្រចាំ​នៅ​ប្រទេស​ថៃ លោក លឹង សុផុនដែល​បាន​ចុះ​អង្កេត​ករណី​នេះ ​ឱ្យ​វិទ្យុ​អាស៊ីសេរី ដឹង​​ល្ងាច​ថ្ងៃ​ទី៩ ខែ​កុម្ភៈថា ការ​ផ្ដល់​ប្រាក់​សំណងនេះ ​​សម្រាប់​ពលករ​ធ្វើ​ការងារ​ក្រោម ១​ឆ្នាំ​អាចទទួល​បាន​ប្រាក់​ជំងឺ​ចិត្ត​ស្មើ​នឹង​ប្រាក់​ខែ​មួយ​របស់​ពួកគេ ចំណែក​អ្នក​ដែល​ធ្វើ​ការងារ​ចាប់​ពី​មួយ​ឆ្នាំ​ឡើង​ទៅ ​អាច​ទទួល​ប្រាក់​សំណងជំងឺចិត្ត ​ស្មើ​ប្រាក់​ឈ្នួល​របស់​ពួកគេ​រយៈពេ២​ខែ។ អ្នក​ការពារ​សិទ្ធិ​ពលករ​រូប​នេះ យល់​ថា ការ​ដែល​ពលករ​ខ្មែរអាច​ទទួល​ប្រាក់​សំណង​ពី​ថៅកែ​ថៃ​ពេល​នេះ ព្រោះ​ពលករ​មាន​ភាព​ឆ្លាតវៃ​ក្នុង​ការ​រួមគ្នា​ទាមទារ និង​ស្វះស្វែង​រក​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ។

លោក លឹង សុផុន «អ៊ីចឹង​យើង​យក​លុយ​មួយ​ថ្ងៃ​គាត់ ​(ពលករ)​ ធ្វើ​បាន​ប៉ុន្មាន​ ឧទាហរណ៍​គាត់​បាន ៣៥៧​បាត​ហើយ​យើង​គុណ​ឱ្យ​ ៣០​ថ្ងៃ​ទៅ​ យើង​ឃើញ​លុយ​ហើយ។ នេះ​ជា​រឿង​ល្អ​សម្រាប់​បង​ប្អូន​យើង​បើ​តាម​ខ្ញុំ​យល់​ បើ​ពលករ​គាត់​បញ្ហា​អ៊ីចឹង​ហើយ​ គាត់​ទំនាក់ទំនង​អ្នក​ដោះស្រាយ​ដូច​ថា ស្ថាប័ន​ពាក់ព័ន្ធ​ គាត់​ចុះ​មក​ដោះស្រាយ​គឺ​ជា​រឿង​ល្អ​ប្រសើរ​សម្រាប់​បង​ប្អូន»

មន្ត្រី​ក្រសួង​ការងារ​ប្រទេស​ថៃ នៅ​ថ្ងៃ​ទី៩ ខែ​កុម្ភៈ​ បាន​ចុះ​ទៅ​ដោះស្រាយ​ជម្លោះ​នេះ​ដោយ​អនុញ្ញាត​ឱ្យ​​តំណាង​ពលករ​ខ្មែរ តំណាង​ថៅកែ​រោងចក្រ​ថៃ មន្ត្រី​សង្គមស៊ីវិល​ការពារ​សិទ្ធិ​ពលករ​ និង​​មន្ត្រី​ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ថៃ​​​ចូលរួម​ដោះស្រាយ។

ជុំវិញ​បញ្ហា​នេះ​វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការបញ្ជាក់បន្ថែមពី​មន្ត្រី​ស្ថាន​ទូត​កម្ពុជា​ធ្វើ​ការងារ​ផ្នែកពលករ ​បាន​ទេ ​នៅ​ថ្ងៃ​ទី៩ ខែ​កុម្ភៈ។

តំណាង​ពលករ​ខ្មែរ​ ដែល​ថៅកែ​បញ្ឈប់​ពី​ការងារ​លោកស្រី ព្រំ សំណាង ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា មន្ត្រី​ក្រសួង​ការងារ​ថៃ បាន​ឱ្យ​ក្រុម​ពលករ​​រៀបរាប់​ពី​ដំណើរ​រឿង​ដែល​​ថៅកែថៃ​បញ្ឈប់ពួកគេ​ពី​ការងារ និង​ការ​ទាមទារ​សំណងរបស់ក្រុមពលករ។ លោក​ស្រី​ឱ្យ​ដឹង​ទៀត​ថា ជំហរ​របស់​ក្រុម​ពលករ គឺ​ទាមទារ​ឱ្យ​ផ្ដល់​សំណង​ជំងឺ​ចិត្ត​ដែល​ថៅកែ​បញ្ឈប់​ពួកគេ​ពី​ការងារ និង​ប្រាក់​ចំនួន ​៤​ពាន់ ​៥​រយ​បាត ​(៤.៥០០) ឬ​ប្រមាណ​១៤០​ដុល្លារ ដែល​ថៅកែ​បាន​កាត់​ពី​ពួកគេ​ដើម្បី​រត់ការ​ធ្វើ​ថ្លៃ​ទិដ្ឋាការ​ការងារ (វីសា) តំណាង​ពលករ​រូប​នេះ ឱ្យ​ដឹង​ទៀត​ថា មុន​ដំបូង ភាគី​ថៅកែ​រោងចក្រ ប្រកាន់​ជំហរ​មិន​ផ្ដល់​សំណង​ជំងឺ​ចិត្ត​ឱ្យ​ក្រុម​ពលករ​ទេ ដោយ​លើកឡើង​ថា ក្រុម​ពលករ​បាន​យល់ព្រម​ចុះ​ហត្ថលេខា​លិខិត​លា​ឈប់​ពី​ការងារ។

លោកស្រី ព្រំ សំណាង៖ «ខ្ញុំ​ចង់​បាន​ថ្លៃ​គេ​ដក​យើង​ចេញ​ យើង​អត់​ដឹង​ខ្លួន​ថា គេ​ដក​យើង​ទេ​បង»

កាល​ពី​ថ្ងៃ​ទី៣ ខែ​កុម្ភៈ ​ថៅកែ​ថៃ​បាន​បញ្ឈប់​ក្រុម​ពលករ​ខ្មែរ​ជាង ២០​នាក់​ ដែល​ធ្វើ​ការងារ​​រោងចក្រ​មួយ​​ឈ្មោះ ធី ភី ប៊ី អាយ ភុបប្លីក (TPBI PUBLIC CO,LTD.)មាន​ទីតាំង​នៅ​ខេត្ត​រ៉ាក់យ៉ង (Rayong) តំបន់​ឧស្សាហកម្ម​ ផាត់តាណា ​ប្រទេស​ថៃ។ ក្រុម​ពលរដ្ឋ​ឱ្យ​ដឹង​ថា ថៅកែ​ថៃបាន​ប្រើ​ល្បិច​ឱ្យ​ពួក​គេ​ចុះ​ហត្ថលេខា​លើ​ពាក្យ​សុំ​ឈប់​ពី​ការងារ​ ដោយ​មិនឱ្យ​ដឹង​ថា លិខិត​នោះ​ជា​ពាក្យ​សុំ​ឈប់​ពី​ការងារ​ទេ។

ក្រោយ​មាន​បញ្ហា​នេះ ក្រុម​ពលករខ្មែរបាន​ស្វែង​ការ​អន្តរាគមន៍​ពី​មន្ត្រី​ក្រសួង​ការងារ​ថៃ មន្ត្រី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ មន្ត្រី​សង្គមស៊ីវិល​ការពារ​សិទ្ធិ​ពលករ​ផង​ដែរ ទើប​ពួកគាត់​ទទួល​បាន​ដំណោះស្រាយ​នេះ៕

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...