កម្ពុជា ​ប្រកាស​ឲ្យ​ពលករ​ប្រញាប់​ទៅ​ធ្វើ​ ឯកសារ​ស្របច្បាប់​នៅ​ថៃ

លោក មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​បាន​គាំទ្រ​វិធានការ​នេះ​ដោយ​ថ្លែង​ថា​ភាគី​កម្ពុជា និង​ថៃ ឬ​និយោជក​ថៃ​គួរ​សហការ​គ្នា​បន្ថែម​ទៀត​ដើម្បី​ជួយ​សម្រួល​ដល់​ពលករ​កម្ពុជា ដែល​ធ្វើការ​ខុស​ច្បាប់​នៅ​ទី​នោះ​។
25
កក្កដា

កម្ពុជា ​ប្រកាស​ឲ្យ​ពលករ​ប្រញាប់​ទៅ​ធ្វើ​ ឯកសារ​ស្របច្បាប់​នៅ​ថៃ

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ចេញ​សេចក្តី​ប្រកាស និង​អំពាវនាវ​ឲ្យ​ពលករ​កម្ពុជា​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ​ដែល​មិន​ទាន់​មាន​ឯកសារ​ស្របច្បាប់​ត្រូវ​ប្រញាប់​ទៅ​ចុះឈ្មោះ​នៅ​ការិយាល័យ​ស្រង់​ទិន្នន័យ​ពលករ​បរទេស​នៃ​ក្រសួង​ការងារ​ថៃ​ដែល​មាន​ចំនួន ៩៧ ការិយាល័យ​នៅ​ទូទាំង​ប្រទេស​ថៃ​។

លោក​ ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការងារ​ បាន​ថ្លែង​តាមរយៈ​វីដេអូ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ កាលពី​ម្សិលមិញ​ថា ​ប្រសិន​បងប្អូន​គឺជា​ពលករ​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ ដែល​មិន​ទាន់​មាន​ឯកសារ​ស្រប​ច្បាប់ ឬ​ធ្លាប់​ស្របច្បាប់ ប៉ុន្តែ​បាន​ផ្លាស់ប្តូរ​ថៅកែ​ខុស​នីតិវិធី​ក្លាយ​ទៅ​ជា​ពលករ​ខុស​ច្បាប់​នោះ​សូម​ប្រញាប់​ទៅ​ចុះ​ឈ្មោះ​នៅ​ការិយាល័យ​ស្រង់​ទិន្នន័យ​ពលករ​បរទេស​នៃ​ក្រសួង​ការងារ​ថៃ​ទាំង ៩៧ ​ការិយាល័យ​។

ចំពោះ​អ្នក​នៅ​ទីក្រុង​បាងកក​មាន​ចំនួន ១១ ការិយាល័យ​ខេត្ត​ឈុនបូរី​មាន​ចំនួន ៤ ការិយាល័យ និង​ខេត្ត​ផ្សេងៗ​ទៀត​របស់​ថៃ​នឹង​មាន​ចំនួន ១ ឬ​ ២ កន្លែង​។

លោក​បញ្ជាក់​ថា​៖ «​បន្ទាប់ពី​យើង​បាន​បំពេញ​បែបបទ​ឯកសារ​ស្រប​ច្បាប់​ការងារ​នៅ​ថៃ​ពលករ​កម្ពុជា​ទាំងអស់​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើន​ដូចជា​ប្រាក់​បៀវត្សរ៍​ត្រឹមត្រូវ​តាម​ច្បាប់​ការងារ​ថៃ​ទទួល​បាន​ការ​ធានា​រ៉ាប់រង​សុខភាព និង​អាយុ​ជីវិត​ក្នុង​អំឡុងពេល​ការងារ​ទទួល​បាន​របប​បេឡា​សន្ដិសុខ​សង្គម​ពី​ប្រទេស​ថៃ​»​។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មការ​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​ពលករ​កម្ពុជា​ដែល​កំពុង​ស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ​ដែល​ចេញ​កាលពី​ម្សិលមិញ​បាន​បង្ហាញ​ថា​ដើម្បី​ឲ្យ​ពលករ​កម្ពុជា​ទទួល​បាន​សិទ្ធិ​ធ្វើការ​ និង​រស់នៅ​ស្រប​ច្បាប់​នៅ​ប្រទេស​ថៃ និយោជក និង​រដ្ឋាភិបាល​ថៃ​នឹង​ជួយ​សម្រួល​ឲ្យ​មាន​យន្តការ​ស្របច្បាប់​ដល់​ពលករ​កម្ពុជា​ទាំងអស់​ទៅ​តាម​ដំណាក់កាល និង​នីតិវិធី​ដូចជា ទី​ ១ ចាប់​ពី​ថ្ងៃ​ទី​ ២៤ ខែ​កក្កដា ដល់​ថ្ងៃ​ទី​ ៧ ខែសីហា ឆ្នាំ​ ២០១៧ ជា​ដំណាក់កាល​សម្រាប់​និយោជក​ថៃ​ទៅ​ចុះ​ឈ្មោះ​ពលករ​កម្ពុជា​មិន​ស្រប​ច្បាប់​ដែល​កំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​សហគ្រាស​របស់​ខ្លួន​ជាមួយ​មន្ត្រី​ក្រសួង​ការងារ​ថៃ​នៅ​ការិយាល័យ​ស្រង់​ទិន្នន័យ​ពលករ​បរទេស​ទាំង​ ៩៧ ការិយាល័យ​។

ទី​ ២ ចាប់ពី​ថ្ងៃ​ទី ៨ ខែ​សីហា​ដល់​ថ្ងៃ​ទី​ ៩ ​ខែ​កញ្ញា​ឆ្នាំ​ ២០១៧ គឺជា​ដំណាក់កាល​សម្រាប់​ពលករ​កម្ពុជា​ទៅ​បង្ហាញ​ខ្លួន​នៅ​ការិយាល័យ​ទាំង ៩៧ កន្លែង និង​ទី​ ៣ ​ចាប់ពី​ថ្ងៃ​ទី​ ៩ ​ខែ​កញ្ញា​ដល់​ថ្ងៃ​ទី​ ៣១ ខែ​ធ្នូ​ឆ្នាំ​ ២០១៧ គឺជា​ដំណាក់កាល​ដែល​ពលករ​កម្ពុជា​ត្រូវ​ធ្វើការ​បញ្ជាក់​អត្តសញ្ញាណ​ស្នើសុំ Stay Permit និង Work Permit ពី​គណៈកម្មការ​ផ្ដល់​ភាព​ស្របច្បាប់ មន្ដ្រី​អន្តោប្រវេសន៍​ថៃ និង​មន្ដ្រី​ក្រសួង​ការងារ​ថៃ​។ ក្នុង​ដំណាក់កាល​នេះ​ពលករ​មិន​ត្រូវ​ផ្លាស់ប្ដូរ​និយោជក ឬ​ទីកន្លែង​ធ្វើការ​ ឬ​ឈប់​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​និយោជក និង​ក្រសួង​ការងារ​ថៃ​នោះ​ឡើយ​។

លោក មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​បាន​គាំទ្រ​វិធានការ​នេះ​ដោយ​ថ្លែង​ថា​ភាគី​កម្ពុជា និង​ថៃ ឬ​និយោជក​ថៃ​គួរ​សហការ​គ្នា​បន្ថែម​ទៀត​ដើម្បី​ជួយ​សម្រួល​ដល់​ពលករ​កម្ពុជា ដែល​ធ្វើការ​ខុស​ច្បាប់​នៅ​ទី​នោះ​។

លោក​បន្ត​ថា​តាម​នីតិវិធី​នៅ​ប្រទេស​ថៃ ពលករ​បរទេស​ត្រូវ​បាន​ថៅកែ​ជា​អ្នក​នាំ​ទៅ​បំពេញ​បែបបទ​ផ្សេងៗ​តាម​ច្បាប់ ប៉ុន្ដែ​ថៅកែ​ភាគច្រើន​មិន​បាន​ជូន​ពលករ​របស់​ខ្លួន​ទៅ​ធ្វើ​ដោយ​ផ្ទាល់​នោះ​ទេ​គឺ​ត្រូវ​ជួល​អ្នក​ផ្សេង​មក​ជំនួស​ធ្វើ​ជា​ថៅកែ​ដើម្បី​អាច​ចុះ​បញ្ជី​នេះ​។ ដូច្នេះ​ពលករ​បរទេស​ត្រូវ​ចំណាយ​ទៅ​លើ​ភ្នាក់ងារ​ជូន​ពលករ​ទៅ​ចុះ​បញ្ជី​នេះ​ផង​ដែរ​។

លោក​បញ្ជាក់​ថា​៖ «​ការ​ជំរុញ​ឲ្យ​ពលករ​ខ្មែរ​ទៅ​ពន្យល់​ថៅកែ​ថៃ​នេះ ខ្ញុំ​ថា​វា​ក៏​មិន​ទាន់​មាន​ប្រសិទ្ធភាព​ដែរ ព្រោះ​ថៅកែ​ថៃ​មួយ​ចំនួន​គេ​ចង់​ជួល​ពលករ​ខុស​ច្បាប់​ច្រើន​ជាង​ពីព្រោះ​បើ​គេ​ជួល​ពលករ​ស្រប​ច្បាប់​គេ​ត្រូវ​ឲ្យ​ថ្លៃ​ឈ្នួល​ចាប់ពី ៣០០ បាត​ឡើង​ទៅ ប៉ុន្ដែ​បើ​ជួល​ពលករ​ខុស​ច្បាប់​គឺ​គេ​ឲ្យ​តែ​ ២០០ ​បាត​ទេ​។ ម្យ៉ាង​វិញ​ទៀត​ថៅកែ​ហ្នឹង​គេ​ខ្ជិល​រញ៉េរញ៉ៃ​ជាមួយ​ពលករ និង​គេ​ស្រួល​គំរាម ពេល​ពួកគេ​ធ្វើ​បាតុកម្ម​តវ៉ា​ផ្សេងៗ​»​។

លោក​ ឃាង តារា មន្ត្រី​ទទួល​បន្ទុក​ព័ត៌មាន​នៃ​អគ្គកុងស៊ុល​កម្ពុជា​ ប្រចាំ​នៅ​ប្រទេស​ថៃ​ បាន​ឲ្យ​ដឹង​ថា​អាជ្ញាធរ​ថៃ​កំពុង​មមាញឹក​ក្នុង​ការ​បង្កើត​ការិយាល័យ​ស្រង់​ទិន្នន័យ​ពលករ​បរទេស​នេះ ប៉ុន្ដែ​ព័ត៌មាន​អ្វី​ផ្សេង​ទៀត​លោក​មិន​អាច​ប្រាប់​បាន​ទេ​៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...