02
វិច្ឆិកា

អង្គការ​សង្គម​ស៊ីវិល​សូម​អំពាវនាវឱ្យអាជ្ញាធរបង្កើន​​ការ​ប្រយុទ្ធ​ប្រឆាំងទៅនឹង ​​និទណ្ឌភាព​នៅ​កម្ពុជា

នៅ​ក្នុង​ ទិវា​អន្តរជាតិ​​បញ្ចប់​​និទណ្ឌភាព​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារព័ត៌មាន យើង​ខ្ញុំ​​ជា​អង្គការ​សង្គមស៊ីវិល និង​សហគមន៍ ដែល​មាន​រាយ​នាម​ខាង​ក្រោម សូម​សម្ដែង​នូវ​ការ​​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​​និទណ្ឌភាព​ដែល​​បន្ត​​រីករាលដាលដែល​​ធ្វើ​ឱ្យ​អ្នក​ប្រព្រឹត្តបទល្មើសទៅ​លើ​អ្នក​សារព័ត៌មាន និង​អ្នក​ការពារ​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​​កម្ពុជា ពុំសូវត្រូវ​បាន​យក​មក​ផ្តន្ទា​ទោស​ ​និងសូម​​ទទូច​​ឱ្យ​អាជ្ញាធរ​ចាត់​វិធានការ​ជា​​បន្ទាន់​ដើម្បី​ធានាឲ្យ​មាន​​ការ​ស៊ើប​អង្កេត​ប្រកប​ដោយ​​​ប្រសិទ្ធ​ភាព ឯករាជ្យភាព​ និង​​តម្លាភាពទៅលើ​គ្រប់​​ករណី​បទល្មើស​​ទាំង​អស់។

ចាប់​តាំង​ពី​ឆ្នាំ​១៩៩៤​ មក យ៉ាងតិច​ណាស់​មាន​អ្នក​សារព័ត៌មាន​ចំនួន​ ​១៣​នាក់ ​ត្រូវ​​បាន​សម្លាប់​នៅ​កម្ពុជា​ដែល​មាន​ដូចជា​ ធូ ចា មង្គល, នួន​ ច័ន្ទ​, ច័ន្ទ ដារា, ធន់ ប៊ុនលី, ចិត្រ ដួង ​ដារ៉ា​វុទ្ធ​, ពេជ្រ ឯម, ដុក សុខាន់, អ៊ូ សារឿន ជួ ជេដ្ឋារិទ្ធ, ឃឹម សំបូរ, ហង្ស សេរី​ឧត្តម​, សួន ចាន់ និង ​តាំង ទ្រី​។ ករណី​ទាំង​អស់​នេះ ជន​រង​គ្រោះ​ត្រូវ​បាន​សម្លាប់​​ដោយ​សារតែ​​ការ​ងារ​របស់​ពួក​គេ។ លើស​ពី​នេះ​ទៅ​ទៀត ការ​ស្លាប់របស់​ជន​រង​គ្រោះ​ចំនួន ១២នាក់គឺកើត​ឡើង​​ក្នុង​ខណៈ​​​ពួកគេ​ធ្វើ​​​សកម្មភាព​​រា​យការណ៍ព័ត៌មាន ​ដែល​បង្កជា​ហានិភ័យ​ដោយ​​ផ្ទាល់ដល់​​បុគ្គល​មាន​អំណាច​នៅ​កម្ពុជា។ ​ក្នុង​ចំណោម​នោះ​ មាន​អ្នកសារព័ត៌មាន​​ ៥នាក់ដែល​​ធ្វើ​ការ​ឱ្យ​កាសែត​ដែល​រិះគន់​​បក្ស​កាន់​អំណាច ​ចំណែក​ឯ​ ៧នាក់ ​ផ្សេង​ទៀតធ្វើ​ការ​ស៊ើប​អង្កេត​ និង​រាយការណ៍​​អំពើ​ពុក​រលួយ​ពាក់​ព័ន្ធ​នឹង​បុគ្គល​​​ជាន់​ខ្ពស់​ក្នុង​ជួរ​​រដ្ឋាភិបាលនិងស្ថាប័នយោធា។

ក្នុង​ចំណោម​ករណី​ទាំង​១៣ មាន ១១ករណី ដែល​ពុំមាន​ជនណា​ម្នាក់​ត្រូវ​បាន​កាត់​ទោស​ពី​បទ​ឃាតកម្ម​លើ​អ្នក​សារព័ត៌​មានទាំងអស់​​នោះ​​ទេ ហើយ​ករណីចំនួន៧ ក្នុង​​ចំណោម១៣ ​ករណី​ ដែល​គ្មាន​ជន​សង្ស័យ​ណាមួយ​ត្រូវ​ចាប់ខ្លួននិង​ហៅ​​មក​​សួរ​ចម្លើយ។ ឧទាហរណ៍ ធូ ចា មង្គល និពន្ធនាយក​នៃកាសែត​​អន្តរាគមន៍ដែល​ត្រូវបាន​ឃើញ​ដួល​ស្លាប់​ដោយ​បែកលលាដ៏ក្បាល នៅ​លើ​ដង​ផ្លូវ​នៅខែមិថុនា ឆ្នាំ​១៩៩៤ បន្ទាប់​ពី​បាន​ចេញ​​ផ្សាយ​អត្ថបទ​មួយចំនួន​ចោទប្រកាន់​រដ្ឋាភិបាលនិង​មន្រ្តី​យោធាពី​អំពើ​ពុករលួយ ប៉ុន្តែ​អ្នក​សម្លាប់លោក​​មិន​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​នោះ​ទេ។ ផ្ទុយ​មក​វិញ លោកត្រូវ​បាន​គេ​លើក​ថាស្លាប់​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍​។ ស្រ​ដៀង​គ្នា​នោះ ថ្វី​បើ​លោក ដុក សុខាន់ ត្រូ​វ​បាន​ទាហាន​ពីរ​នាក់​បាញ់​សម្លាប់នៅ​ខែ​កក្កដា ឆ្នាំ​១៩៩៧ បន្ទាប់​ពី​បាន​ផ្ដិតយក​រូបភាព​ក្រុម​ទាហាន​ទាំង​នោះដែល​​កំពុង​តែ​​លួច​យក​របស់របរ​នៅ​ក្នុង​ផ្សារ​មួយ​ ក៏​ពុំ​មាន​នរណា​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួនឬ​ចោទ​ប្រកាន់​​នោះ​ទេ។ ឧទាហរណ៍​ករណីមួយទៀតគឺករណី​​របស់​លោក ឃឹម សំបូរ អ្នកសារព័ត៌មាន​​​នៃ​កាសែត​មនសិការ​ខ្មែរ ​​ជា​កាសែតចេញផ្សាយ​ប្រចាំថ្ងៃគាំទ្រ​គណបក្សជំទាស់ដែលត្រូវ​បានបុរស​ពីរនាក់ជិះម៉ូតូ​​បាញ់​សម្លាប់នៅ​​ខែ​កក្កដា ឆ្នាំ​២០០៨។ អស់​រយៈពេល ១០ឆ្នាំ​ក្រោយ​មក ការ​អំពាវនាវ​ឲ្យ​បង្កើត​គណៈកម្មាធិការ​ឯករាជ្យ​ ដើម្បី​ស៊ើប​អង្កេត​លើ​ករណី​ឃាតកម្ម​របស់​លោកត្រូវ​បាន​ព្រងើយ​កន្តើយ​ ហើយ​អ្នកដែល​ពាក់ព័ន្ធ​នឹង​ឃាត​កម្ម​នេះក៏ពុំត្រូវ​បាន​យក​មក​ផ្តន្ទា​ទោស​នោះ​ទេ។

ក្នុង​ករណី​ចំនួនពីរ ដែល​មានការ​បើក​​​សវនាការ ប៉ុន្តែ​ក៏​នៅ​មាន​​ក្ដីព្រួយ​បារម្ភ​​ជា​ច្រើនផងដែរ​។ លោក សួន ចាន់ ដែល​បាន​រាយការណ៍​ពី​បទល្មើស​នេសាទ​ខុសច្បាប់ ត្រូវ​បាន​អ្នក​នេសាទមួយ​ក្រុម​​វាយសម្លាប់​ ក្នុង​ខែ​មករា ឆ្នាំ​២០១៤។ ​ក្នុង​​​ករណី​នេះ ​មាន​ជន​ល្មើសតែ​​ម្នាក់​ប៉ុណ្ណោះ​ត្រូវ​បាន​ចាប់​ខ្លួន ​និង​កាត់​ទោស រីឯ​​ជន​សង្ស័យ​ប្រាំ​នាក់​​ផ្សេង​​ទៀត ​ត្រូវ​បានកាត់​ទោស​​កំបាំង​មុខ និង​ផ្តន្ទា​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន ១៣ ឆ្នាំ។ ប៉ុន្តែ ពួកគេ​​មិន​ដែល​ត្រូវចាប់​ខ្លួនឡើយ​។ រី​ឯករណីមួយទៀតគឺ​ករណី​លោក​ តាំង ទ្រី​ ដែលត្រូវ​បាន​គេរក​ឃើញ​ថា​ស្លាប់​ដោយ​មាន​គ្រាប់​កាំភ្លើង​នៅ​ចំថ្ងាស​កាលពី​ខែ​តុលា ឆ្នាំ២០១៤ ពេលនោះ ជន​ល្មើស​ពីរនាក់​ក្នុង​ចំណោម​បីនាក់​ ​ដែល​​បាន​សារភាព​ថាបាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​​នេះ​ត្រូ​វ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ បន្ទាប់​​ពី​​ជន​​ទី​បី​សារភាព​ថា​​ខ្លួន​ជា​អ្នក​ប្រព្រឹត្ត​ទង្វើ​នេះ​​តែ​ម្នាក់​ឯង។

ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារព័ត៌មាននាំ​មក​​​​ជាមួយ​នូវ​ការ​គំរាម​​កំហែង​​ពិតប្រាកដ​​។ អ្នក​សារព័ត៌មាន​​​អនុវត្ត​នូវ​​​ភារកិច្ច​ដ៏សំខាន់​នៅ​ក្នុង​សង្គម​ដែល​ពួក​គេ​ធ្វើ​ការ​ ​​ពួក​គេ​​គឺ​​ជាភ្នែក ត្រចៀក និង​ជា​សំឡេង​របស់​ពលរដ្ឋ។ អ្នក​សារព័ត៌មាន​ទទួល​ខុសត្រូវ​ក្នុង​ការ​រាយការណ៍​ហេតុការណ៍​ដែល​បាន​កើត​ឡើង សរសេរបទ​វិភាគ និង​អត្ថបទ​អត្ថាធិប្បាយ ដើម្បី​គាំទ្រ​ឱ្យ​មាន​ការ​​បញ្ចេញ​មតិ និង​ជជែក​ពិភាក្សា​យ៉ាង​រស់​រវើក​។ អ្នកសារព័ត៌មាន​ឯករាជ្យ​ ​ដើរ​តួ​យ៉ាង​សំខាន់​​ក្នុង​ការ​ទាមទារ​ឲ្យ​អ្នក​មាន​អំណាច​មានទំនួល​ខុស​ត្រូវ និង​រួមចំណែក​យ៉ាង​សំខាន់​ទៅ​ក្នុង​សង្គម​​ដែលមាន​​​យុត្តិធម៌។​ នៅ​ពេល​ដែល​អ្នក​សារព័ត៌មាន​​គឺ​ជា​​មុខ​សញ្ញា​នៃ​អំពើ​ហិង្សា ដោយ​សារ​តែអ្វី​ដែល​គេបានសរសេរ​​ ឬបាន​រាយការណ៍​ នោះ​សេរីភាព​​បញ្ចេញ​មតិ​ត្រូវ​បាន​រារាំង ហើយ​ជំនួស​ដោយ​ការ​រឹ​ត​ត្បិត​សេរីភាព​​​ខ្លួន​ឯងនិង​ការ​ភ័យ​ខ្លាច សាធារណជន​នឹង​ពុំមាន​ព័ត៌មាន ហើយ​អ្នក​មានអំណាច​នឹង​មិន​ត្រូវ​បាន​ដាក់​ឱ្យ​ទទួលខុស​ត្រូវ​ចំពោះ​​ទង្វើ​របស់​ខ្លួន​នោះទេ។ នៅ​ពេល​​រដ្ឋ​ខកខាន​ក្នុង​ការ​ស៊ើប​អង្កេត និង​ដាក់​ទណ្ឌកម្ម​​ចំពោះ​អំពើ​ហិង្សា​លើ​អ្នកសារព័ត៌មាន​ នេះ​​ជា​​សារបង្ហាញ​ថាឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារព័ត៌​មាន​គឺ​​ត្រូវ​បាន​អនុញ្ញាតិ។

ក្នុង​រយៈពេល ២ឆ្នាំ​ ចុងក្រោយ​ ខណៈ​ដែល​ពុំមាន​អ្នកសារព័ត៌មានណាម្នាក់ត្រូវ​បាន​សម្លាប់ ពួក​គេ​នៅ​តែ​ជា​មុខ​សញ្ញា​នៃ​ការយាយី​ផ្នែក​ច្បាប់ រួម​ទាំង​ការ​ចោទ​ប្រកាន់លើ​បទល្មើស​មួយចំនួន​​ ខណៈដែល​​ភ្នាក់ងារ​សារព័ត៌មានសំខាន់ៗ​មួយ​ចំនួនត្រូវបាន​បង្ខំចិត្ត​​បិទ​ទ្វារ។

និទណ្ឌភាព​នៅ​កម្ពុជាមិន​មែន​មាន​តែ​ត្រឹមតែ​​ការ​វាយ​ប្រហារទៅ​​លើ​អ្នក​សារព័ត៌មាន​នោះទេ។ ការ​ខ្វះខាត​នូវការស៊ើប​អង្កេត​ហ្មត់​ចត់ ​តម្លាភាព ឯករាជ្យ​ និង​​មិន​លម្អៀង​​​ទៅ​ក្នុង​​ការ​ស្លាប់​របស់​សកម្មជន​បរិស្ថាន​លោក ឈុត វុទ្ធី សកម្មជន​សហជីព​លោក ជា វិជ្ជា និងលោក រស់ សុវណ្ណារ៉េត និង​អ្នក​វិភាគ​នយោបាយ​លោក កែម ឡី បង្ហាញ​ពីការ​ដក់​ជាប់​នូវ​​វប្បធម៌និទណ្ឌភាព​ដែលកំពុងតែ​​កើត​មាន​នៅ​​កម្ពុជា។ ករណី​ដែល​បាន​រៀបរាប់ខាង​លើ​ គ្រាន់តែ​ជា​ឧទាហរណ៍មួយចំនួន​នៃ​​ការ​រំលោភបំពាន​ជាច្រើន​ផ្សេងទៀតដែលបាន​ប្រព្រឹត្តទៅលើ​អ្នក​សារព័ត៌មាន អ្នក​ការពារ​សិទ្ធិមនុស្ស អ្នក​នយោបាយ​ជំទាស់ សហជីព សកម្មជន និង​បុគ្គល​ជា​ច្រើន​ទៀត​ ដែល​​​មិន​បាន​ដោះស្រាយ​​ដោយ​ស្ថាប័ន​​មាន​កាតព្វកិច្ច​ការពារ​សិទ្ធិ​របស់​ពលរដ្ឋ​នៅ​​កម្ពុជា។

យើង​ខ្ញុំសូម​ថ្កោល​ទោស​​​​ចំពោះ​និទណ្ឌភាពដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​​ និង​សង្គម​កម្ពុជា និង​​ទាមទារ​យុត្តិធម៌​ដល់​​ពលរដ្ឋ​ដែលសិទ្ធិ​របស់​ពួក​គេ​មិន​ត្រូវ​បានអើពើ។ យើង​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​ឱ្យ​​ផ្តន្ទាទោស​ជន​ល្មើសនៃ​ឧក្រិដ្ឋកម្ម​ប្រព្រឹត្ត​មក​លើ​អ្នក​សារព័ត៌មាន និង​អ្នក​ការពារ​សិទ្ធិមនុស្ស ដោយ​ការ​ស៊ើប​អង្កេត និង​កាត់​ទោស​ដោយ​មានអត្ថន័យ ​ឯករាជ្យ និង​តម្លាភាព​​ស្រប​ទៅ​នឹងបទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ រួម​ទាំង កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ ផែនការសកម្មភាព​នៃអង្គការ​សហប្រជាជាតិ ស្ដីពីសុវត្ថិភាព​របស់​អ្នកសារព័ត៌មាន និង​បញ្ហា​នៃ​និទណ្ឌភាព និង​​គោលការណ៍​​សម្រាប់​ការការ​ពារ ​និង​លើក​កម្ពស់​សិទ្ធិមនុស្ស​​តាម​រយៈ​​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​និទណ្ឌភាពដែលត្រូវ​បានធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយ​ របស់ក្រុមប្រឹក្សា​សិទ្ធិ​សង្គម និង​សេដ្ឋកិច្ច​ របស់​អង្គការ​សហប្រជាជាតិ និង​ដើម្បីស្ដារ​ឡើង​វិញ​នូវ​សុចរិតភាព​នៃ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា។

សេចក្ដី​​ថ្លែង​ការណ៍​រួម​​​នេះ​ចូលរួម​ដោយ៖

  1. អង្គការ​លើក​លែង​ទោស​អន្តរជាតិ (AI)
  2. អង្គការ​មាត្រា ១៩
  3. សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (APHR)
  4. បណ្ដាញ​លទ្ធិប្រជាធិបតេយ្យ​អាស៊ី (ADN)
  5. វេទិកា​អាស៊ីដើម្បី​សិទ្ធិ​មនុស្ស និង​ការ​អភិវឌ្ឍន៍ (Forum Asia)
  6. សហគមន៍បឹងឈូក
  7. សហគមន៍​បឹងកក់
  8. សហគមន៍​បឹងត្របែក
  9. អនាគតយុវជនកម្ពុជាអាស៊ាន
  10. មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​​កម្ពុជា​
  11. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ
  12. សមាគមអាដហុក ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា
  13. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ
  14. សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការ​ពារ​សិទ្ធិមនុស្ស​ លីកាដូ
  15. មជ្ឈមណ្ឌល​សម្ព័ន្ធភាពការងារ និង សិទ្ធិមនុស្ស​
  16. សហគមន៍​ជ្រោយ​ចង្វា​
  17. សម្ព័ន្ធ​ពិភព​លោក​ដើម្បីការ​ចូលរួម​របស់​ប្រជាពលរដ្ឋ (CIVICUS)
  18. អ្នក​ការពារ​សិទ្ធិពលរដ្ឋ
  19. សម្ព័ន្ធដើម្បីសុចរិតភាព និង គណនេយ្យភាពសង្គម
  20. សម្ព័ន្ធសហគមន៍កសិករកម្ពុជា
  21. គណៈកម្មាធិការ ដើម្បីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌នៅកម្ពុជា
  22. អង្គការសមធម៌កម្ពុជា
  23. អង្គការយេនឌ័រ និងអភិវឌ្ឍន៍នៅកម្ពុជា
  24. អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​
  25. សមាគមឥន្ទ្រទេវី
  26. សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិមនុស្ស (FIDH) ក្នុង​ក្របខ័ណ្ឌ​អង្កេត​ដើម្បី​កិច្ចការពារ​ដល់​អ្នកការពារ​សិទ្ធិមនុស្ស
  27. IFEX
  28. សហគមន៍​ជនជាតិ​ដើមភាគតិច​គួយ ភូមិ​ប្រមេរ ខេត្ត​ព្រះវិហារ
  29. សហគមន៍​ដីធ្លី ភូមិមួយ​ ខេត្ត​ព្រះសីហនុ
  30. សហគមន៍​ឡពាង ខេត្ត​កំពង់​ឆ្នាំង
  31. អង្គការការពារសិទ្ធិជនជាតិភាគតិច
  32. សហគមន៍​លេខ ៩២
  33. សហគមន៍​ភ្នំបាត
  34. អង្គការពន្លកខ្មែរ
  35. សហគមន៍​ផ្លូវ​រថភ្លើង​ ទួលសង្កែ A
  36. សមាគមធាងធ្នោត
  37. សីលការ
  38. សហគមន៍ SOS ព្រលាន​យន្តហោះអន្តរជាតិ
  39. សម្ពន្ធ​សារព័ត៌មានអាស៊ីអាគ្នេយ៍ (SEAPA)
  40. អង្គការ​ស្តារ​កម្ពុជា​
  41. សហគមន៍​ស្រ្តី​ឃ្លាំងសាំង​
  42. ក្រុមការងារដើម្បីដោះស្រាយទំនាស់

អង្គការ​ពិភព​លោក​ប្រឆាំង​នឹង​ទារុណកម្ម (OMCT) ក្នុង​ក្របខ័ណ្ឌ​អង្កេត​ដើម្បី​កិច្ចការពារ​ដល់​អ្នកការពារ​សិទ្ធិមនុស្ស។

This post is also available in: អង់គ្លេស

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...