06
មីនា

សាលាក្រុង​ភ្នំពេញ​មិន​អនុញ្ញាត​ឱ្យ​ហែ​ក្បួន​ដាក់​ញត្តិ​នៅ​ថ្ងៃ​ទិវា​នារី​អន្តរជាតិ​៨​មីនា

សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឱ្យ​ក្រុម​អង្គការ​-​សមាគម​ជួបជុំ ដង្ហែ​ក្បួន​តាម​ផ្លូវ​សាធារណៈ​ឡើយ ខណៈ​ដែល​អង្គការ​-​សមាគម ១២​ស្ថាប័ន គ្រោង​ដឹកនាំ​ក្រុម​ស្ត្រី​ដែល​ធ្វើការ​តាម​វិស័យ​នានា ដង្ហែ​ក្បួន​ដាក់​ញត្តិ​ជូន​ស្ថាប័ន​រដ្ឋាភិបាល ដើម្បី​ដោះស្រាយ​បញ្ហា​អាទិភាព​របស់​ស្ត្រី​នៅ ​​៨ ខែ​មិនា​។ សកម្មជន​សិទ្ធិមនុស្ស ចាត់​ទុក​បម្រាម​របស់​សាលា​រាជធានី​ភ្នំពេញ គឺជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព និង​ជា​ការ​អនុវត្ត​ផ្ទុយ​ពី​សេចក្ដីប្រកាស​ក្រសួងមហាផ្ទៃ។

រដ្ឋបាល​រាជធានី​ភ្នំពេញ អនុញ្ញាត​ឱ្យ​ក្រុម​អង្គការ​-​សមាគម​១២​ស្ថាប័ន ជួបជុំ​នៅ​ទីតាំង​ឯកជន​ឬ​ទីស្នាក់ការ​របស់​ខ្លួន ប៉ុន្តែ​មិន​អនុញ្ញាត​ឱ្យ​ជួបជុំ និង​ដង្ហែ​ក្បួន​ចាប់ពី​ស្តាត​អូឡាំពិក ឆ្ពោះ​ទៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ឡើយ ក្រោម​ហេតុផល​ថា ខូច​សណ្ដាប់ធ្នាប់​សាធារណៈ។ ការ​បញ្ជាក់​នេះ ធ្វើ​ឡើង​ក្នុង​ជំនួប​ជាមួយ​តំណាង​អង្គការ​-​សមាគម​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​មិនា។

សាលាក្រុង​ភ្នំពេញ បញ្ជាក់​ថា ក្នុង​ករណី​នៅតែ​ធ្វើការ​ជួបជុំ និង​ហែ​ក្បួន​តាម​ផ្លូវ​សាធារណៈ ដែល​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​របៀប រៀបរយ​សាធារណៈ​នោះ អ្នក​រៀបចំ​ត្រូវ​ទទួល​ខុសត្រូវ​ទាំងស្រុង។

អភិបាល​សាលា​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ប្រាប់​អាស៊ីសេរី​បន្ថែម ថា បម្រាម​របស់​សាលាក្រុង​ភ្នំពេញ​នេះ ព្រោះ​ប្រទេស​ផ្សេងៗ​នៅ​លើ​ពិភពលោក មិនដែល​នាំគ្នា​ហែ​ក្បួន​ដាក់​ញត្តិ នៅ​ថ្ងៃ​ទី​៨ មីនា ដើម្បី​អបអរ​ទិវា​នារី​អន្តរជាតិ​នោះ​ទេ៖ «ក្នុង​ពិភពលោក ខ្ញុំ​មិនដែល​លឺ​ថា អូ​..​ថ្ងៃ​ទី​៨ មីនា គេ​នាំគ្នា​ហែ​ក្បួន​។ យើង​ដែល​លឺ​តែ​ថា គេ​នាំគ្នា​ប្រារព្ធ​ទិវា ៨ មីនា នៅ​នឹង​កន្លែង ហើយ​ធ្វើ​អញ្ចេះ​ធ្វើ​អញ្ចេះ មិទ្ទិញ​អី អា​នឹង​មាន ប៉ុន្តែ​ហែ​ក្បួន​គឺ​វា​អត់​មាន ហើយ​ខ្ញុំ​មិនដែល​លឺ​សោះ ទើបតែ​ប្លែក​ឃើញ​មួយ​នេះ អ៊ីចឹង បាន​អត់​អនុញ្ញាត​ឱ្យ​។ ទី​២​ទៀត ការ​ហែ​ក្បួន​ក្នុង​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន គឺ​យើង​មិន​ឱ្យ​អ៊ីចឹង​តែម្ដង ព្រោះ​អី​អត់​មាន​ផ្លូវ​ឱ្យ​គាត់​ហែ ហើយ​បើ​គាត់​ចេះ​រក​ផ្លូវ​ហែ​ខ្លួនឯង​បាន ហែ​ទៅ​នៅ​ក្រៅ​រាជធានី​។ នៅ​ក្នុង​រាជធានី មិន​អាច​ហែ​កើត​ព្រោះ​ស្ទះ​ចរាចរណ៍»។

បម្រាម​របស់​សាលាក្រុង​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រុម​អង្គការ​-​សមាគម​និង​សហជីព​ចំនួន ១២ ស្ថាប័ន​គ្រោង​ដឹកនាំ​មនុស្ស​ប្រមាណ ៥​រយ​នាក់ ភាគ​ច្រើន ជា​ស្ត្រី​ដែល​ធ្វើការ​ក្នុង​វិស័យ​ផ្សេងៗ​ដើម្បី​ជួបជុំ​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ​លើក ទី​១០៨ នៅ​ថ្ងៃ​ទី​៨ ខែ​មិនា នៅ​ស្តាត​អូឡាំពិក និង​បន្ទាប់​មក​នាំគ្នា ដង្ហែ​ក្បូន ទៅ​ដាក់​ញត្តិ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​។ ខ្លឹមសារ​នៃ​ញតិ្ត​នោះ គឺ​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​អាទិភាព ៧​ចំណុច​របស់​ស្ត្រី។ ទី​១៖ បង្កើត មត្តេយ្យ​សហគមន៍ និង​ទារកដ្ឋាន​នៅ​តាម​កន្លែង​ការងារ ទី​២៖ ជម្រក​សុវត្ថិភាព​សម្រាប់​ស្ត្រី​ដែល​ជួប​បញ្ហា​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​សម្រាប់​កម្មករ​ស្ត្រី ដែល​ធ្វើ​ការងារ​តាម​ផ្ទះ ទី​៣៖ បញ្ឈប់​ការ​បៀតបៀន​និង​ហិង្សា​ផ្លូវ​ភេទ លើ​ស្ត្រី​នៅ​កន្លែង​ការងារ​ដោយ​គ្មាន​ការលើកលែង ទី​៤៖ បញ្ឈប់​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​លើ​ស្ត្រី​អ្នកការពារ​សិទ្ធិមនុស្ស ទី​៥៖ កំណែទម្រង់​មធ្យោបាយ​ដឹកជញ្ជូន​កម្មករ​ក្នុង​វិស័យ​វាយនភណ្ឌ​កាត់ដេរ និង​ដេរ​ស្បែក​ជើង ទី​៦៖ កែ​លម្អ​លក្ខខណ្ឌ​ការងារ និង​ពង្រឹង​យន្តការ​ការពារ​អ្នកធ្វើ​ការ​ងារ​តាម​ផ្ទះ និង​ទី​៧៖ ពង្រឹង​យន្តការ​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក ពី​ការ​កេងប្រវ័ញ្ច​ការងារ ការ​ជួញដូរ​មនុស្ស និង​ទាសភាព​សម័យ​ទំនើប។

អនុប្រធាន​សហព័ន្ធ​សហជីព កម្មករ​ចំណីអាហារ និង​សេវាកម្ម អ្នកស្រី អ៊ូ ទេពផល្លីន ថ្លែង​ថា ទោះបីជា​សាលាក្រុង​មិន​អនុញ្ញាត​ក្ដី ក៏​ក្រុម​អ្នកស្រី​នៅតែ​រក្សា​ជំហរ​ជួបជុំ​នៅ​ស្តាត​អូឡាំពិក និង​ដង្ហែ​ក្បូន​ទៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ដដែល ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​អំពី​បញ្ហា​ប្រឈម​របស់ ស្ត្រី និង​ចូលរួម​គាំទ្រ​លុបបំបាត់​អំពើ​ហិង្សា​គ្រប់​ទម្រង់​លើ​ស្ត្រី។ អ្នកស្រី​បន្ត​ថា អាជ្ញាធរ មិន​ត្រូវ​ហាមឃាត់​ទេ គួរតែ​ជួយ​សម្របសម្រួល​ទាំង​ចរាចរ និង​សុវត្ថិភាព​ជូន​ពួកគាត់ ព្រោះ​អ្វី​ដែល​ពួកគាត់​ធ្វើ​មិនមែន​ប្រឆាំង​រដ្ឋាភិបាល​ឡើយ គឺ​ដើម្បី​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល ដោះស្រាយ​បញ្ហា​ប្រឈម​របស់ ជន​ងាយ​រងគ្រោះ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ប៉ុណ្ណោះ៖ «នៅ​ពេល​មើល​មក​ពួក​យើង​ថា ជា​អ្នកប្រឆាំង គឺ​មានន័យថា រដ្ឋាភិបាល អត់​ទទួលយក​នូវ​ក្តី​កង្វល់​របស់​ប្រជា​ពលរដ្ឋ។ ម្យ៉ាងទៀត កន្លង​មក​យើង​ព្យាយាម​ធ្វើ​ដោយ​ស្ងាត់ស្ងៀម​អី​ដែរ ដូចជា​ជជែក​ជាមួយ​រដ្ឋាភិបាល ដោយ​ការ​មិន​ដើរ​ក្បួន​ដើរ​អីចឹង​ដែរ ប៉ុន្តែ​ពេលខ្លះ​គឺ​រដ្ឋាភិបាល​មិន​ទទួលយក​និង​ព្យាយាម​កែប្រែ​នោះ​ទេ។ មួយទៀត​គឺ​នៅ​ពេល​យើង​មិន​ប្រាប់​សារព័ត៌មាន​លើ​រឿង​ទាំងអស់​នេះ​ទេ គឺ​រដ្ឋាភិបាល មិន​ឆ្លើយតប​តែម្ដង ទោះបីជា​យើង​ដាក់​លិខិត​ទៅ​ក៏ដោយ»។

រីឯ​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ បញ្ជាក់​ថា ការ​លើកឡើង​របស់​សាលាក្រុង​ភ្នំពេញ​ថា ខូច​សណ្ដាប់ធ្នាប់​សាធារណៈ​នោះ គឺជា​ការ​លើកឡើង​ដដែលៗ នៅ​ពេល​សង្គម​ស៊ីវិល សហជីព និង​សមាគម​ឯករាជ្យ​រៀបចំ​ធ្វើ​អ្វីមួយ​នៅ​រាជធានី​ភ្នំពេញ៖ «ខ្ញុំ​គិត​ថា បម្រាម​របស់​សាលា​រាជធានី​ភ្នំពេញ វា​ហាក់​ដូចជា​រឹតត្បិត​សិទ្ធិ​សេរីភាព​នៃ​ការ​ជួប​ប្រជុំ​របស់​អង្គការ សង្គម​ស៊ីវិល ក៏ដូចជា​រឹតត្បិត​ចំពោះ​សិទ្ធិ​សេរីភាព​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​កតិកា​សញ្ញា និង​អនុសញ្ញា​របស់​អង្គការ​សហ​ប្រជាជាតិ ដែល​រដ្ឋាភិបាល បាន​ផ្ដល់​សច្ចាប័ន។ចំណុច​មួយទៀត ខ្ញុំ​ឃើញ​ថា ថ្មីៗ​នេះ ក្រសួងមហាផ្ទៃ ក៏​បាន​ចេញ​លិខិតអនុញ្ញាត​ឱ្យ​សង្គម​ស៊ីវិល ធ្វើ​សកម្មភាព​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​គ្មាន​ការ​រំខាន ប៉ុន្តែ​យើង​ឃើញ​ថា លិខិត​ក្រសួង​មហាផ្ទៃ​ផ្សេង ហើយ​បម្រាម​សាលាក្រុង​ផ្សេង។ យើង​មើល​ទៅ​ហាក់ដូចជា​មិន​អនុវត្ត​ឱ្យ​ស៊ីគ្នា​សោះ»។

លោក វន់ ពៅ បន្ត​ថា ការ​ដាក់​បម្រាម​នេះ បង្ហាញ​ពី​ការអនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ ព្រោះ​កន្លងមក​ខាង​គណបក្ស​កាន់អំណាច និង​អ្នក​ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​កាន់អំណាច អាច​មាន​សេរីភាព​ធ្វើ​ពិធី​ដង្ហែ​ក្បួន​តាម​ផ្លូវ​ដោយ​សេរី ហើយ​អាជ្ញាធរ​តែងតែ​ជួយ​សម្របសម្រួល​គ្រប់​ពេល​។ ម្យ៉ាង ទៀត នៅ​ពេល​ដែល​មាន​ពិធី​ដង្ហែ​អ្នក​តា​ចិន​ម្តងៗ​ឡើង​ផ្អើល​ក្រុងភ្នំពេញ ក៏​អាជ្ញាធរ​មិនដែល​លើកឡើង​ពី​ការ​ខូច​សណ្ដាប់ធ្នាប់​ដែរ។ លោក វន់ ពៅ ស្នើសុំ​ឱ្យ​អាជ្ញាធរ ត្រូវតែ​មាន​កាតព្វកិច្ច​ការពារ​សន្តិសុខ​និង​សណ្ដាប់ធ្នាប់ ដោយ​គ្មាន​រើសអើង នៅ​ពេល​ពលរដ្ឋ​ស្នើសុំ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន ព្រោះ​អាជ្ញាធរ​ទទួល​បាន​ប្រាក់ខែ​ពី​រាស្ត្រ​បង់ពន្ធ​គ្រប់គ្នា៕

 

ប្រភព៖ វិទ្យុអាស៊ីសេរី

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...