29
មីនា

ក្រុម​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​ការ​ឆ្លើយតប​ជាក់លាក់​ទៅ​សហភាព​អឺរ៉ុប​ចំពោះ​ការ​ស្តា​រលទ្ធិ​ប្រជាធិបតេយ្យ

ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​អះអាង​ថា​ រដ្ឋាភិបាល​កម្ពុជា​ មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ជាក់​លាក់​ណាមួយ​ ដើម្បី​បំពេញ​ការ​ចង់​បាន​របស់​សហភាព​អឺរ៉ុប​ ដែល​បាន​ចាប់​ផ្ដើម​បញ្ជូន​ប្រតិភូ​មក​ពិនិត្យ​ស្ថានភាព​កម្ពុជា​ក្រោម​ក្រប​ខណ្ឌ​ប្រព័ន្ធ​ឋានៈ​អនុ​គ្រោះ​ពន្ធ​ EBA។​

ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ ដែល​ធ្វើ​ការ​ក្នុង​វិស័យ​សិទ្ធិ​មនុស្ស​ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ គួរ​មាន​ការ​ឆ្លើយ​តប​ជាក់​លាក់​ជា​បណ្តើរៗ​ ទៅ​នឹងសំណើ​របស់​សហភាព​អឺរ៉ុប​ ក្នុង​ការ​ស្តារលទ្ធិ​ប្រជាធិបតេយ្យ​ឡើងវិញ។

ការ​អំពាវនាវ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​យ៉ាង​ដូច្នេះ​ធ្វើឡើង​ បន្ទាប់ពី​សហភាព​អឺរ៉ុប​ បាន​ឲ្យ​ដឹង​ពី​ក្ដី​សង្ឃឹម​របស់​ខ្លួនកាលពី​ពេល​ថ្មីៗ​នេះ​ថា​ នឹង​ឃើញ​ការ​វិវត្ត​ជាក់​លាក់​ និង​ប្រកប​ដោយ​ចីរភាព​នូវ​រាល់​ក្ដី​កង្វល់​ទាំង​អស់​ដែល​មាន​នៅ​ក្រោម​ក្របខណ្ឌ​នៃ​កម្មវិធី​ «រាល់​មុខ​ទំនិញ​លើក​លែង​តែ​សព្វាវុធ​‍» ឬ​ Everything But Arms (EBA)។

លោក​ អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ (Licadho) ​ប្រាប់​ VOA ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ រដ្ឋាភិបាល​កម្ពុជា​អាច​ផ្ដើម​ការ​ឆ្លើយតប​ទៅ​នឹង​អ្វី​ដែល​សហ​ភាព​អឺរ៉ុប​ចង់​បាន​ ដែល​លោក​បាន​សំដៅ​ទៅ​ដល់​សេរីភាព​របស់​លោក​កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ត្រូវ​បាន​ដាក់​ឲ្យ​ជាប់​ឃុំ​ក្នុង​ផ្ទះ​នោះ។

«ខ្ញុំ​គ្រាន់​តែ​យល់​ឃើញ​ថា​ ​EU​ ប្រហែល​ជា​គេ​ចង់​មើល​ឃើញ​ ការ​ដោះលែង​នៃ​មេដឹកនាំ​គណ​បក្ស​ប្រឆាំង​ ហើយ​និង​ការ​ឲ្យ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​នូវ​ការ​ហាម​ឃាត់​របស់​គណបក្ស​នយោបាយ​ ទោះបី​ជា​រដ្ឋាភិបាល​បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​ ហើយ​បាន​ឲ្យ​អ្នក​ដែល​ជាប់​បម្រាម​ក្នុង​ការ​ធ្វើ​នយោបាយ​ហ្នឹង​ដាក់​ស្នើ​សុំ​ ដើម្បី​ធ្វើ​សិទ្ធិ​នយោបាយ​ឡើងវិញ​ ក៏ប៉ុន្តែ​អានេះ​ វា​មិន​មែន​ជា​ចំណុច​មួយ​ ដែល​សហគមន៍​អឺរ៉ុប​ចង់​បាន»។

លោក​ ឃុន ថារ៉ូ​ ​មន្ត្រី​សម្រប​សម្រួល​ការងារ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​ ​អង្គការ​សង់ត្រាល់​ ​(Central)​ យល់​ថា​ រដ្ឋាភិបាល​កម្ពុជា​នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ជា​ដុំកំភួន​ ជុំវិញ​ការ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញនៅ​ឡើយ​ បន្ទាប់ពី​សហភាព​អឺរ៉ុប​ប្រកាស​ផ្ដើម​ដំណើរ​ការ​ដែល​អាច​ឈាន​ដល់​ការ​ព្យួរ​កម្ពុជា​ជា​បណ្ដោះអាសន្ន​ពី​ឋានៈ​អនុ​គ្រោះ​ពន្ធ​ EBA​ នេះ។

មន្ត្រី​ការពារ​សិទ្ធិ​ការងារ​រូប​នេះ​ ផ្ដល់​ការ​កត់សម្គាល់​ថា​ សហភាព​អឺរ៉ុប​ ទំនង​ជា​ចង់បានការ​រស់រាន​មាន​ជីវិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ការ​ផ្ដល់​តំណែង​ដល់​ក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង​ដែល​បាន​ឈ្នះ​កៅអី​នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ​-សង្កាត់​ឆ្នាំ​២០១៧។

«ចំណុច​ដែល​សំខាន់​ ដែល​ជា​គន្លឹះ​នៅ​ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​ហ្នឹង​ គឺ​ទាក់​ទង​ទៅ​នឹង​ការ​ស្តា​រឡើង​វិញ​នូវ​លទ្ធិប្រជាធិបតេយ្យ​ហ្នឹង​ ទាក់ទង​នឹង​គណបក្ស​ប្រឆាំង​ហ្នឹង​ ដែល​ជា​ចំណុច​មួយ​ ដែល​ EU មើល​ឃើញ​ថា​ មិន​ទាន់​មាន​ការ​ រាជ​រដ្ឋាភិបាល​មិន​ទាន់​បាន​ធ្វើ​អី​មួយ​ នៅ​ក្នុង​ការ​ធានា​ថា​ លទ្ធិប្រជាធិបតេយ្យ​ គណបក្ស​ប្រឆាំង​ហ្នឹង​អាច​មាន​វត្តមាន​នៅ​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហ្នឹង។ អាហ្នឹង​ យើង​អត់​ឃើញ​មាន​ យើង​គ្រាន់តែ​ឃើញ​តែ​ការ​បើក​ផ្លូវ​ឲ្យ​គណបក្ស​ប្រឆាំង​ហ្នឹង​សុំ​សិទ្ធិ​នយោបាយឡើង​វិញ។ ចំណុច​មួយ​ហ្នឹង​ យើង​ឃើញ​ថា​ មាន​ការ​វិវត្ត​តិចតួច​ទាក់​ទង​មក​ដល់​បច្ចុប្បន្ន​ហ្នឹង»។

លោក​បាន​បន្ថែម​ថា​ ការ​ផ្ដល់​តំណែង​ដល់​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល​កាល​ពី​ឆ្នាំ​ ២០១៧ ​នោះ​ គឺជា​ចំណុច​ស្មុគស្មាញ​មួយ​សម្រាប់គណបក្ស​កាន់​អំណាច​ដែល​ត្រូវ​ដោះស្រាយ​ ខណៈ​ដែល​ចំណុច​ដដែល​នេះ​ គឺ​ជា​អ្វី​ដែល​សហគមន៍​អឺរ៉ុប​ចង់​បាន​ជាទីបំផុត​ បន្ថែម​លើ​ការ​ស្តា​រលំហ​សេរីភាព​ក្រុម​សង្គម​ស៊ីវិល​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ និង​ការ​ពង្រឹង​ការ​គោរព​សិទ្ធិ​មូលដ្ឋាន​ជាច្រើន​ទៀត។

កាលពី​សប្ដាហ៍​មុន​ ​ប្រតិភូ​សហភាព​អឺរ៉ុប​ដឹកនាំ​ដោយ​អ្នកស្រី Paola Pampaloni​ នាយក​គ្រប់​គ្រង​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​ និង​ប៉ាស៊ីហ្វិក​នៃ​អគ្គនាយកដ្ឋាន​កិច្ច​ការ​បរទេស​របស់​គណៈ​កម្មការ​អឺរ៉ុប​ បាន​មក​ដល់​ប្រទេស​កម្ពុជា​ ហើយ​បាន​ពិភាក្សា​ ក្រោម​ក្របខណ្ឌ​ EBA​ ជាមួយ​ក្រុម​រដ្ឋ​មន្ត្រី​សំខាន់ៗ​មួយ​ចំនួន​របស់​កម្ពុជា​ រួម​មាន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និង​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស។

ក្រោយ​ការ​បញ្ចប់​ទស្សនកិច្ច​នៅ​កម្ពុជា សហភាព​អឺរ៉ុប​ បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ ដោយ​បាន​បង្ហាញ​ក្ដី​សង្ឃឹម​ថា​នឹង​មាន​ការ​វិវត្ត​ទៅមុខ​ «ជាក់លាក់​និង​ប្រកប​ដោយ​ចីរភាព»​ ដោយ​រដ្ឋាភិបាល​កម្ពុជា​នឹង​ដោះស្រាយ​ជា​ «បន្ទាន់»​ រាល់​ក្តី​កង្វល់​របស់​ខ្លួន​ពាក់​ព័ន្ធ​នឹង​ការ​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា។

VOA ​ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​ក្រុម​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការបរទេស​ ក្រសួង​មហាផ្ទៃ​ និង​ក្រសួង​ពាណិជ្ជកម្ម​ តែ​នៅ​មិន​ទាន់​អាច​ទាក់ទង​បាន​នៅឡើយ​តាំង​ពី​ថ្ងៃ​ចន្ទ​ មកដល់​ថ្ងៃ​អង្គារ​នេះ។

លោក ​ផៃ ស៊ីផាន​ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល មិន​មាន​ព័ត៌មាន​លម្អិត​ទាក់ទិនការ​ពិភាក្សា​អំពីប្រព័ន្ធ​ឋានៈ​អនុ​គ្រោះ​ពន្ធ​ EBA​ ដោយ​លោក​ថា​ ​ក្រសួង​ការបរទេស​ជា​អ្នក​ទទួលបន្ទុក​សម្រប​សម្រួល​បញ្ហា​ EBA​ នេះ។

«បញ្ហា​ EBA គឺ​ក្រសួង​ការ​បរទេស​អ្នកទទួល​បន្ទុក​នៅ​ក្នុង​សាច់​រឿង​ហ្នឹង​នោះ​ណ៎ា!​ ហើយ​គេ​បាន​រៀប​ចំ​អន្តរក្រសួង​ ក្នុង​ការ​ជជែក​គ្នា​ពីចំណុច​នីមួយៗ​ទាំងអស់។ ពូ​អត់​ទាន់​បាន​ដឹងមិន​ទាន់​ទទួល​បាន​ អ្វី​ទៅ​ដែល​ជា​របាយ​ការណ៍​ពី​ក្រសួង​ការបរទេស​នៅឡើយ​ទេ»។

ពាក់​ព័ន្ធ​ទៅ​នឹង​បញ្ហា​ EBA ​ដដែល​នេះ​ សភា​ពាណិជ្ជ​កម្ម​កម្ពុជា​ និង​តំណាង​ខាង​វិស័យ​ឯកជន​ផ្សេង​ទៀត​ មាន​ទាំង​ខាង​សភា​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប ​អ្នក​ផលិត​សំលៀកបំពាក់​នៅ​កម្ពុជា​ ​ឬ​ ​GMAC​ ​និង​សហជីព​ បាន​លើក​ឡើង​ពី​ក្ដី​កង្វល់​ចំពោះ​ផល​ប៉ះពាល់​ ដែល​អាច​កើត​មាន​មក​លើ​សេដ្ឋកិច្ច​នៃ​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ។

ពួក​គេ​បាន​លើកឡើង​នៅ​ក្នុង​លិខិត​មួយ​ផ្ញើ​ជូន​អ្នកស្រី Cecilia Malmstrom​ ​រដ្ឋ​មន្ត្រី​ពាណិជ្ជ​កម្ម​របស់​សហ​ភាព​អឺរ៉ុប​ កាល​ពី​ខែ​មករា​ ឆ្នាំ​ ២០១៩​ ថា​ ទោះបី​សហភាព​អឺរ៉ុប​មិន​ទាន់​ផ្ដល់​សេចក្ដី​សន្និដ្ឋាន​ចុង​ក្រោយ​ថា​ ​នឹង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​EBA​ ​ពី​កម្ពុជា​ក៏​ដោយ​ ​ ក៏​«ផលវិបាក​ជា​ច្រើន​នៃ​ការ​សម្រេច​ចិត្ត​នេះ​នឹង​បង្ក​ការ​ខូច​ខាត​ខាង​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​មក​លើ​ប្រទេស​កម្ពុជា»។​

​ក៏ប៉ុន្តែ​មេដឹកនាំ​កម្ពុជា​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ បាន​ថ្លែង​ក្នុង​ពេល​មាន​វត្តមាន​ប្រតិភូ​សហភាព​អឺរ៉ុប​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាលពី​សប្ដាហ៍​មុន​ថា​ កម្ពុជា​មិន​ស្លាប់​នោះ​ទេ ​បើ​អត់​ EBA​ ហើយ​កម្ពុជា​ក៏​មិន​អាច​ក្លាយ​ជា​ប្រទេស​អ្នកមាន​នោះ​ដែរ បើ​កម្ពុជា​នៅ​បន្ត​បាន​ EBA​ នោះ។

លោក​ ហ៊ុន សែន​ លើកឡើង​ថា​ កម្ពុជា​ត្រូវ​រស់​ដោយ​ខ្លួនឯង​ ដើម្បី​ការ​ពារ​ឯករាជ្យ​ភាព​របស់​ខ្លួន។

កាល​ពី​ថ្ងៃ​ចន្ទ​លោក​ ហ៊ុន សែន​ ក៏បាន​ប្រកាស​ជា​សាធារណៈ​ជា​ថ្មី​ទៀត​ថា​ លោកនឹង​មិន​ដោះ​លែង​លោក​ កឹម សុខា​ មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ពី​ការ​ឃុំ​ឃាំង​ក្នុង​ផ្ទះ​នោះ​ទេ​ ដោយ​ចោទ​ថា​ លោក​ កឹម សុខា​ ​បាន​ហាម​ឃាត់​មិន​ឱ្យ​មន្ត្រី​បក្ស​ប្រឆាំង​ផ្សេង​ទៀត​ សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ៕

ប្រភាព៖ VOA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...