10
មេសា

ពលករ​​ថា​ សមត្ថកិច្ច​ច្រក​អន្តរជាតិ​ដូង​យក​ប្រាក់​​ពី​ពួកគាត់​ ​ជា​ថ្នូរ​បាន​ឆ្លង​ដែន​​ត្រឡប់​ទៅ​លេង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ

ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​រាប់​ពាន់​នាក់​នាំ​គ្នា​សម្រុក​ឆ្លង​ដែន​ត្រឡប់​មក​លង​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​នៅ​ស្រុក​កំណើត​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ដូង ក្នុង​ស្រុក​កំរៀង ខេត្ត​បាត់ដំបង។ ប៉ុន្តែ​ពលករ​ត្អូញត្អែរ​ថា សមត្ថកិច្ច​ខ្មែរ និង​ថៃ​ប្រចាំ​ច្រក​នេះ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដោយ​បង្ខំ​ឱ្យ​ពួក​គាត់​បង់​ប្រាក់​ក្រៅ​ផ្លូវ​ការ​ម្នាក់​ប្រមាណ ១០ដុល្លារ ដើម្បី​ជា​ថ្នូរ​អនុញ្ញាត​ឱ្យ​ឆ្លងដែន​។ មន្ត្រី​សង្គម​ស៊ីវិល​ ចាត់​ទុក​ទង្វើ​នេះ​ថា ជា​អំពើ​ពុក​រលួយ​កេង​ចំណេញ​ពី​ពលករ​ដោយ​ខុស​ច្បាប់។

ពលករ​ពី​ស្រុក​ថ្មគោល​ខេត្ត​បាត់ដំបង លោក ហេង ចាន់ហ៊ាញ ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៩ មេសា​ថា លោក និង​ភរិយា​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ប្រមាណ ១០ឆ្នាំ គឺ​មាន​ទាំង​ការងារ​សំណង់​ និង​ក្នុង​ការងារ​រោងចក្រ។ លោក​បន្ត​ថា សព្វ​លោក​ធ្វើ​ការ​ក្នុង​រោងចក្រ​ផលិត​ទូទឹកកក​នៅ​ខេត្ត​ឈុនបូរី (Chonburi) ប្រទេស​ថៃ ដោយ​បាន​ប្រាក់​ឈ្នួល​ប្រមាណ ១ពាន់​បាត ឬ​ស្មើ​ប្រមាណ ៤៥០ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ។ ពលករ​រូប​នេះ​ថា លោក​សប្បាយ​ចិត្ត​ណាស់​នៅ​ពេល​បាន​ត្រឡប់​ទៅ​លេង​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​នៅ​ស្រុក​កំណើត ក៏​ប៉ុន្តែ​ការ​សប្បាយ​របស់​លោក​បាន​រសាត់​ទៅ​វិញ​មួយរំពេច​នៅ​ពេល​ត្រឡប់​មក​ដល់​ច្រក​ព្រំដែន​អន្តរជាតិ​ដូង ដោយ​សមត្ថកិច្ច​ថៃ​បាន​បង្ខំ​ឱ្យ​ពួក​គាត់​បង់​ប្រាក់​ម្នាក់ ២០០បាត ឬ​ស្មើ​ប្រហែល ៦ដុល្លារ​អាមេរិក និង​ខាង​ប៉ូលិស​ខ្មែរ​យក​ប្រាក់ ១០០បាត ស្មើ​ជាង ៣ដុល្លារ​ក្នុង​ម្នាក់៖ «បើ​ឱ្យ​លុយ​មាន​បញ្ហា​ហើយ​ ព្រោះ​អី​ពេល​នោះ​គេ​ឱ្យ​ពលករ​ផ្ដុំ​គ្នា​មួយ​កន្លែង បើ​គ្នា​មាន ១ពាន់ គេ​មាន​រោង ៤ជួរ ដោយ​ឱ្យ​ពលករ​ចូល​ទៅ​អង្គុយ​ទីនោះ​ទាំង ៤ជួរ រួច​ហើយ​គេ​ដើរ​ឆ្លង​ដែន​ម្ដង​មួយ​ជួរ។ ដូច្នេះ​ពេល​នោះ​ទាំង​និយាយ និង​កាយវិការ​ធ្វើ​ឱ្យ​ពលករ​ខ្លាច​ ដោយ​ខ្លាច​មាន​បញ្ហា​ពេល​ត្រឡប់​មក​វិញ ព្រោះ​អ្នក​ខ្លះ​ខ្វះ​ចំណេះ​ដឹង និង​ខ្លះ​គិត​ថា មិន​ចង់​មាន​រឿង​ឱ្យ​លុយ​គេ​ទៅ។ ខ្ញុំ​គិត​បើ​សិន​ជា​ទាំង​គ្នា​រាប់​ពាន់​ហ្នឹង​តវ៉ា​ប្រហែល​ជា​បាន​ជោគជ័យ»

ពលករ​ខ្មែរ​ជា​ច្រើន​នាក់​បាន​ត្អូញត្អែរ​អំពី​ប៉ូលិស​ច្រក​ព្រំដែន​អន្តរជាតិ​ ដូង​ ស្រុក​កំរៀង ​បង្ខំ​ឱ្យ​ពួក​គាត់​បង់​ប្រាក់​ក្រៅ​ផ្លូវ​ការ​នេះ​ស្ទើរ​គ្រប់​គ្នា ហើយ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សតិអារម្មណ៍​របស់​ពលករ​ទៀត​ផង។

ពលករ​ខ្មែរ​ម្នាក់​ទៀត​លោក លន់ សំណាង ថ្លែង​ថា លោក​ធ្វើ​ការ​នៅ​ថៃ​ជាង ១០ឆ្នាំ​ហើយ គឺ​មិន​ដែល​ជួប​ប្រទះ​ដូច​ឆ្នាំ​នេះ​ទេ ដែល​ប៉ូលិស​ខ្មែរ​ និង​ថៃ​ប្រចាំ​ច្រក​អន្តរជាតិ​ ដូង ហាក់​ដូច​ជា​សហការ​គ្នា​យក​លុយ​ពី​ពលករ​ឆ្លង​ដែន​ត្រឡប់​មក​លេង​បុណ្យ​ចូលឆ្នាំ​ខ្មែរ។ លោក​បន្ត​ថា​ ប៉ូលិស​ហាម​មិន​ឱ្យ​ពួក​គាត់​កាន់​ទូរស័ព្ទ​ជាប់​ដៃ​នោះ​ទេ ដោយ​ខ្លាច​ពួក​គាត់​ថត​រូប​ភាព​សមត្ថកិច្ច​យក​ប្រាក់​ពី​ពលករ៖ «គេ​ថា​ បើ​សិន​យើង​មិន​ឱ្យ​លុយ​គេ​ទេ​ គឺ​គេ​មិន​ឱ្យ​ចេញ ឬ​មួយ​គេ​ដក​លិខិត​ឆ្លង​ដែន​ទុក​ ឬ​មួយ​គេ​ហែក​ចោល​តែ​ម្ដង គឺ​ខ្ញុំ​ជួប​បញ្ហា​នេះ​ផ្ទាល់​ហើយ។ ខ្ញុំ​នៅ​រង់ចាំ ៥ម៉ោង​ទម្រាំ​បាន​ចេញ ហើយ​ពេល​ចេញ គឺ​ចង្អៀត​ណែន​ខ្លាំង​ណាស់ ហើយ​អ្នក​ខ្លះ​សុខ​ភាព​មិន​ល្អ អាច​ដួល​សន្លប់​ក៏​មាន​ដែរ។ ប៉ុន្តែ​គេ​មិន​ឱ្យ​យើង​ថត​រូប​ឬ​ថត​វីដេអូ​ទេ»

ចំណែក​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ម្នាក់​ទៀត លោក នេត ភិរម្យ អះអាង​ថា លោក​ធ្វើ​ដំណើរ​ពី​កន្លែង​ធ្វើ​ការ​នៅ​ខេត្ត​ឈុនបូរី (Chonburi) មក​ដល់​ព្រំដែន​ម៉ោង ១០ព្រឹក​ថ្ងៃ​ទី៨ មេសា ហើយ​បាន​ឆ្លង​ដែន​មក​ដល់​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ។ លោក​ថា ប៉ូលិស​ខ្មែរ ​និង​ថៃ​យក​ពី​លោក​ម្នាក់ ៣០០បាត ឬ​ប្រមាណ ១០ដុល្លារ​អាមេរិក៖ «គឺ​គេ​ឱ្យ​យើង​ដើរ​តម្រង់​ជា​ជួរ​ដើរ​ទៅ​ហើយ​គេ​យក​លុយ​យើង​តែ​ម្ដង។ គេ​និយាយ​ប្រាប់​ថា បង់​ម្នាក់​ ២០០បាត​នៅ​ទឹក​ដី​ថៃ​ ហើយ​មក​ដល់​ខ្មែរ​ប៉ូលិស​យើង​ពលករ​ដើរ​ទៅ​បង់​លុយ​នៅ​កន្លែង​គេ​ដាក់​ចាំ​នៅ​ច្រក​នោះ។ រឿង​នេះ​វា​មិន​សម​ទេ ព្រោះ​ខ្ញុំ​ធ្វើ​ការ​មួយ​ថ្ងៃ​បាន​តែ ៣០០បាត ហើយ​គាត់​អង្គុយ​ចាំ តែ​យក​លុយ​ពី​ពលករ​ យើង​មិន​ដឹង​ថា ​លុយ​នោះ​គាត់​យក​ទៅ​ណា​ទេ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ​មន្ត្រី​ប៉ូលិស​អន្តោប្រវេសន្ត​ប្រចាំ​ការ​នៅ​ច្រក​អន្តរជាតិ​ដូង ស្រុក​កំរៀង លោក សុខ គុណ មាន​ប្រសាសន៍​ប្រាប់​អាស៊ី​សេរី​ថា សមត្ថកិច្ច​នៃ​ប្រទេស​ទាំង២ បាន​សម្រួល​ឱ្យ​ពលករ​ឆ្លង​ដែន​បាន​ឆាប់រហ័ស ដោយ​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ។ ចំណែក​ការ​យក​លុយ​យក​កាក់​ពី​ពលករ​វិញ​លោក​អះអាង​ថា រឿង​នេះ​ជា​ទឹក​ចិត្ត​អាណិត​ស្រលាញ់​របស់​ពលករ​ទេ គឺ​មិន​មែន​ប៉ូលិស​បង្ខំ​ពួក​គេ​ឱ្យ​បង់​ប្រាក់​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ៖ «នឹង​ថ្លៃ​ទឹក​តែ​សម្រួល​រឿង​មិន​យក​ថ្លៃ​វីសា និយាយ​ឱ្យ​ចំ​ គឺ​មិន​ដែល​មាន​បញ្ហា​អី​ផង​ គឺ​វា​រលូន ​គឺ​មិន​មាន​ការងារ​អី​ឱ្យ​រាំង​ស្ទះ​ទេ​ គឺ​ងាយស្រួល​ជាង​ឆ្នាំ​មុនៗ នោះ​ទេ។ អ្នក​ប្រថាប់​ត្រា​លើ​លិខិត​ឆ្លង​ដែន​តិច​តួច​ទេ អ្នក​ប្រថាប់​ត្រា​ភាគ​ច្រើន​ខាង​ក្រុមហ៊ុន​គេ​បញ្ជា​ឱ្យ​ប្រថាប់​ត្រា​ ដើម្បី​ងាយ​ស្រួល​គេ​ត្រួត​​ពិនិត្យ​មើល​ពលករ​ណា​ ដែល​ចេញ​មក​លេង​ខ្មែរ ប៉ុន្តែ​ពួកគាត់​នៅ​តែ​ទទួល​បាន​ទិដ្ឋាការ​រយៈ​ពេល ២ឆ្នាំ​ដដែល​ទេ»

ទោះ​យ៉ាង​ណា​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ផ្នែក​ការពារ​សិទ្ធិ​ពលករ​លើក​ឡើង​ថា បញ្ហា​នេះ​ជា​អំពើ​ពុករលួយ​ឱកាស​និយម​គាប​សង្កត់​ធ្វើ​បាប​ពលករ​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់ ព្រោះ​ក្រសួង​ការងារ​ថៃ​អនុញ្ញាត​ឱ្យ​ពលករ​ខ្មែរ​ ថៃ និង​ភូមា ឈប់​សម្រាក​បាន​ទៅ​លេង​បុណ្យ​ចូល​ឆ្នាំ​នៅ​ស្រុក​កំណើត​ ចាប់​ពី​ថ្ងៃ​ទី៥ ដល់​ថ្ងៃ​ទី៣០ មេសា ដោយ​មិន​ចំណាយ​ប្រាក់​ថ្លៃ​ធ្វើ​ទិដ្ឋាការ​នៅ​ច្រក​ព្រំដែន​ឡើយ។

មន្ត្រី​កម្មវិធី​ការពារ​សិទ្ធិ​ពលករ​ចំណាក​ស្រុក​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស (CENTRAL) លោក ឌី ថេហូយ៉ា ថ្លែង​ថា នៅ​តាម​ច្រក​ព្រំដែន​ ជា​ពិសេស ​ច្រក​ធំៗ ដូច​ជា ច្រក​ដូង ប៉ោយប៉ែត​ ច្រក​ភ្នំដី​ ក្នុង​ស្រុក​សំពៅលូន និង​ច្រក​អន្តរជាតិ​ព្រំ​ខេត្ត​ប៉ៃលិន​ជា​ដើម ជា​កន្លែង​ដែល​ពលករ​ខ្មែរ​ឆ្លង​ដែន​មក​លេង​ស្រុក​កំណើត​រាប់​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ។ លោក​បន្ត​ថា សមត្ថកិច្ច​ច្រក​ទាំង​អស់​នេះ​ បាន​អនុវត្ត​ផ្ទុយ​ពី​សេចក្ដី​ប្រកាស​របស់​រដ្ឋាភិបាល​ថៃ​ ដែល​បាន​ណែនាំ​មន្ត្រី​របស់​ខ្លួន​ មិន​ឱ្យ​ទារ​លុយ​ពី​ពលករ​ នៅ​ពេល​ពួក​គេ​ឆ្លង​ដែន​ទៅ​លេង​ស្រុក​កំណើត​វិញ​នោះ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ចាត់​វិធានការ​លើ​រឿង​នេះ​ជា​បន្ទាន់ ព្រោះ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សតិអារម្មណ៍​របស់​ពលករ​ ហើយ​ក៏​ជា​ការ​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ពលករ​ត្រឡប់​មក​លេង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឱ្យ​បាន​ឆាប់៖ «បើ​ខាង​ថៃ វិញ​ជា​គោលការណ៍​ពលរដ្ឋ​គេ​ គឺ​គេ​ត្រៀម​បញ្ចុះ​តម្លៃ​ឡាន​ឈ្នួល​ ហើយ​ថែម​ចំនួន​ឡាន​ដឹក​អ្នក​ដំណើរ​ដើម្បី​ជួយ​សម្រួល​ឱ្យ​ពលរដ្ឋ​គេ​បាន​ទៅ​ជួប​ជុំ​បងប្អូន​នៅ​ស្រុក​កំណើត។ ប៉ុន្តែ​ដោយឡែក​បើ​ខាង​ខ្មែរ​វិញ​ យើង​មើល​ទៅ​ហាក់​ដូច​ជា​មិន​សូវ​អើពើ​ ព្រោះ​យើង​ដឹង​ហើយ​ថា​ ពលករ​ធ្វើ​ការ​នៅ​ស្រុក​ថៃ​រាប់​លាន​នាក់​ឯ​ណោះ ហើយ​វា​គួរ​តែ​មាន​គោល​នយោបាយ​សម្រាប់​ជួយ​សម្រួល​ឱ្យ​ពលករ​យើង​បាន​ធ្វើ​ដំណើរ​ស្រួល​ដោយ​មិន​បាច់​បង់​លុយ​នៅ​ព្រំ​ដែន និង​សម្រួល​នៅ​ច្រក​ព្រំដែន​ឱ្យ​ឆាប់​បាន​ចេញ​ទៅ​ដល់​ស្រុក​កំណើត​ ព្រោះ​អ្នក​ខ្លះ​រង់​ចាំ​ពេល​មួយ​ថ្ងៃ​មិន​បាន​ចេញ​មក​ក៏​មាន​ដែរ»

ការងារ​ដែល​ពលករ​ខ្មែរ​ធ្វើ ភាគ​ច្រើន​ជា​ប្រភេទ​ការងារ​បែប​កខ្វក់ លំបាក និង​គ្រោះថ្នាក់ (3D Job-Dirty, Dangerous, Demeaning) ហើយ​ប្រាក់​ឈ្នួល​ជា​មធ្យម ដែល​ពួក​គាត់​ទទួល​បាន គឺ​ប្រមាណ ៣០០ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ។

អង្គការ​សង្គម​ស៊ីវិល​អះអាង​ថា ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ជា​ពិសេស​នៅ​ប្រទេស​ថៃ នៅ​តែ​ប្រឈម​​បញ្ហា​ជា​ច្រើន ជា​ពិសេស គឺ​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ។ ករណី​ទាំង​នោះ​មាន​ជា​អាទិ ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម ការ​ធ្វើ​ការ​ក្នុង​បរិយាកាស​​មិន​ល្អ និង​មាន​គ្រោះថ្នាក់ ការ​ហូត​ឯកសារ​ពី​សំណាក់​និយោជក ឬ​ថៅកែ និង​ការ​ទូទាត់​ប្រាក់​ឈ្នួល​មិន​សម​ស្រប​ទៅ​នឹង​ចំនួន​ ដែល​ពួក​គាត់​ត្រូវ​ទទួល​បាន​ជា​ដើម។ ពលករ​ទាំង​ ៣នាក់​អះអាង​ថា​ ពួក​គេ​ខំប្រឹង​ធ្វើ​ការងារ​​សន្សំ​ប្រាក់​មិន​ហ៊ាន​ឈប់​សម្រាក​នោះ​ទេ​ ហើយ​ជា​ទូទៅ​ក្នុង​មួយ​ឆ្នាំ ពួកគេ​មាន​ឱកាស​បាន​មក​លេង​ស្រុក​កំណើត​ម្ដង​ក្នុង​ពេល​បុណ្យ​ចូលឆ្នាំ​ខ្មែរ។

មន្ត្រី​ប៉ូលិស​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ដូង​ឱ្យ​ដឹង​ថា ពលករ​សម្រុក​ឆ្លងដែន​ខ្លាំង​តាម​ច្រក​មួយ​នេះ​ចាប់​ពី​ថ្ងៃ​ទី៧ មេសា​មក មាន​បន្លោះ​ពី ៥ ទៅ ៦ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ។

ក្រសួង​ការងារ​អះអាង​ថា ពលករ​ចំណាក​ស្រុក​ខ្មែរ ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ មាន​ចំនួន​ជាង ១លាន ១សែន​នាក់។ ក៏​ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល​វិញ អះអាង​ថា ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើ​ការ​នៅ​ថៃ អាច​មាន​រហូតដល់ ២លាន​នាក់ ដោយ​រាប់​បញ្ចូល​ទាំង​ពលករ​ធ្វើ​ការ​ក្នុង​លក្ខខណ្ឌ​មិន​ស្រប​ច្បាប់៕

 

ប្រភព៖ វិទ្យុអាស៊ីសេរី

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...