30
កក្កដា

បញ្ហា​ប្រឈម​ថ្មី​របស់​កម្ពុជា​កើត​ឡើង​ក្នុង​ពេល​២០ឆ្នាំ​នៃ​សមាជិកភាព​អាស៊ាន

លោក​ហ៊ុន សែន ​បន្ថែម​ថា ​កម្ពុជា​ប្តេជ្ញា​ដើរ​តួនាទី​យ៉ាង​សកម្ម​ក្នុងការ​សម្រេច​នូវ​គោលដៅ​ដែល​មាន​ចែង​នៅ​ក្នុង​ធម្មនុញ្ញ​អាស៊ាន​ ហើយ​ក៏​បាន​លើក​ទឹក​ចិត្ត​ពលរដ្ឋ​របស់​ខ្លួន​ឱ្យ​សិក្សា​ស្វែង​រក​ឱកាស​បន្ថែម​ទៀត​ពី​អង្គការ​តំបន់​នេះ​ ដែល​មាន​ពលរដ្ឋ​ជាង​ ៦៥០ លាននាក់។​

កាលពី​ថ្ងៃទី​៣០ ខែ​មេសា ​ឆ្នាំ​១៩៩៩ នៅ​ពេល​ដែល​កម្ពុជា​បាន​ក្លាយ​ជា​សមាជិក​ចុងក្រោយ​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ​ឬ​ (អាស៊ាន) វា​គឺជា​ការ​បំពេញ​នូវ​ក្តី​សុបិន​របស់​ស្ថាបនិក​នៃ​អង្គការ​តំបន់​នេះ​ក្នុង​ការ​ប្រមូល​ប្រជាជាតិ​ទាំង​ ១០ ​នៅ​ក្រោម​ដំបូល​តែមួយ​ ដោយ​ផ្តោត​លើ​កិច្ច​សហប្រតិបត្តិការ​គ្នា​ ដើម្បី​លើក​កម្ពស់​សេដ្ឋកិច្ច ​សន្តិសុខ យោធា ការអប់រំ ​និង​វប្បធម៌ ​ក្នុង​តំបន់ក៏​ដូច​ជា ជាមួយ​នឹង​ប្រទេស​ដទៃ​ទៀត​នៅ​អាស៊ី។

ដោយ​ទើបតែ​ងើបផុត​ពី​សង្គ្រាម​ស៊ីវិល​ជិត ​៣០ ឆ្នាំ​ អង្គការ​តំបន់​នេះ​គឺជា​ច្រក​ដ៏​សំខាន់​មួយ​ក្នុង​យុទ្ធសាស្រ្ត​ដ៏​ទូលាយ​របស់​កម្ពុជា​ ដើម្បី​បំពេញ​ភាព​ស្របច្បាប់​របស់​រដ្ឋាភិបាល​ បង្រួប​បង្រួម​ជាតិ​ និងការ​កសាង​សេដ្ឋកិច្ច​តាមរយៈ​ការ​ធ្វើ​សមាហរណកម្ម​ខ្លួន​ចូល​ក្នុង​តំបន់​និង​ពិភព​លោក។

នៅក្នុង​សារ​ទៅកាន់​ពលរដ្ឋ​កម្ពុជា​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​បាន​លើក​សរសើរ​ពី​ជោគ​ជ័យ​ខាង​នយោបាយ​ការទូត​ សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម ​ដោយគូស​បង្ហាញ​ពី​តួលេខ​កើន​ឡើង​នៃការ​ផ្តោះ​ប្តូរ​ពាណិជ្ជកម្ម​ជាមួយ​នឹង​បណ្តា​ប្រទេស​នៅ​អាស៊ាន​ដែល​កើន​ឡើង​ពី ​៤ ភាគរយ​នៅ​ឆ្នាំ​ ១៩៩៩​ ដល់​ ២០​ ភាគរយ​នៅឆ្នាំ​ ២០១៨។

លោក​ហ៊ុន សែន​ បាន​បន្ថែម​ថា៖

«ក្នុងនាម​ជា​សមាជិក​ចុងក្រោយ​របស់​អាស៊ាន​ កម្ពុជា​ទទួល​បាន​ផល​ប្រយោជន៍​យ៉ាង​ធំ​ធេង​ពី​យន្តការ​សមាហរណកម្មតំបន់​មួយ​នេះ ដូច​ជា​ទីផ្សារ​ដ៏ធំ​ លំហូរ​វិនិយោគ​ទុន​ផ្ទាល់ពី​បរទេស និង​សកម្មភាព​ទេសចរណ៍ ក៏​ដូច​ជា​ការផ្ទេរ​នូវ​ទំនិញ​និង​ចំណេះ​ធ្វើ‍»។​

លោក​ហ៊ុន សែន ​បន្ថែម​ថា ​កម្ពុជា​ប្តេជ្ញា​ដើរ​តួនាទី​យ៉ាង​សកម្ម​ក្នុងការ​សម្រេច​នូវ​គោលដៅ​ដែល​មាន​ចែង​នៅ​ក្នុង​ធម្មនុញ្ញ​អាស៊ាន​ ហើយ​ក៏​បាន​លើក​ទឹក​ចិត្ត​ពលរដ្ឋ​របស់​ខ្លួន​ឱ្យ​សិក្សា​ស្វែង​រក​ឱកាស​បន្ថែម​ទៀត​ពី​អង្គការ​តំបន់​នេះ​ ដែល​មាន​ពលរដ្ឋ​ជាង​ ៦៥០ លាននាក់។​

លោក​បាន​បន្ថែម​ថា៖

«ក្នុង​ឋានៈ​ជា​ប្រទេស​តូច​ កម្ពុជា​មិន​អាច​សង្ឃឹម​ថា​រស់នៅ​ដោយ​គ្មាន​ការ​ផ្សារភ្ជាប់​ជាមួយ​ពិភព​លោក​ខាងក្រៅ​ទេ។ ការ​រីក​លូតលាស់ និង​វិបុលភាព​របស់​ប្រជាជន​កម្ពុជា​ទាំងអស់​ អាស្រ័យ​ជារួម​លើ​របៀប​ធ្វើការ​ជាមួយ​អាស៊ាន ក្នុង​ការ​ធ្វើ​ឱ្យ​សមាហរណកម្ម​តំបន់​កាន់តែ​ស៊ី​ជម្រៅ ក៏​ដូច​ជា​ការ​ពង្រឹង​សារៈសំខាន់​និង​ភាព​រឹងមាំ​របស់​ជាតិ‍»។​

លោកផៃ ស៊ីផាន​ អ្នកនាំ​ពាក្យរដ្ឋាភិបាល​ បាន​បន្ថែម​ថា ក្រៅពីនេះ​គឺ​កម្ពុជា​សម្រេច​បាន​លើ​កិច្ច​ការពារ​អធិបតេយ្យភាព​ ការពារ​ជាតិ​ និង​សន្តិសុខ​ជាតិ​ផង​ដែរ៖

«ដូច្នេះ​កម្ពុជា​ដែល​យើង​ពេញ​ចិត្ត​គឺ យើង​មិន​តែឯង​ទេ។ យើង​រស់​នៅ​ក្នុង​តំបន់​មួយដែល​ចែក​រំលែក​នូវ​ជោគ​វាសនា​តែមួយ​ និង​អនាគត​តែមួយ​ជាមួយ​គ្នា‍»។​

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថតរូបរួមគ្នាជាមួយមេដឹកនាំប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ក្នុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត នៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថតរូបរួមគ្នាជាមួយមេដឹកនាំប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ក្នុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត នៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

កម្ពុជា​ក៏នៅ​បន្ត​ជួប​នឹង​បញ្ហា​ប្រឈម​មួយ​ចំនួន​ទៀត​នៅ​លើ​ផ្នែក​វិស័យ​អប់រំ ការ​នាំ​ផលិត​ផល​កម្ពុជា​ចេញ​ស្រប​តាម​ស្តង់ដា បច្ចេក​វិទ្យា​ និង​កង្វះខាត​ថាមពល​អគ្គិសនីដែល​ទាមទារ​ឱ្យ​កម្ពុជា​ត្រូវដោះស្រាយ​ក្នុង​ពេល​ខាងមុខ។​ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក​ផៃ ស៊ីផាន។​

អ្នកជំនាញ​និង​អ្នក​នយោបាយ​ក៏​មើល​ឃើញ​ថា ​បញ្ហា​ពលករ​ចំណាកស្រុក​ ​សិទ្ធិមនុស្ស​ និង​ការ​ឈាន​ឡើង​នៃ​ឥទ្ធិពល​របស់​ចិន​ក៏​ជា​បញ្ហា​ដែល​កម្ពុជា​កំពុង​ប្រឈមមុខ​ផងដែរ។

លោកមឿន តុលា នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស បាន​បញ្ជាក់​ថា តាំងពី​ដំបូង​ទីមក​គឺ​កម្ពុជា​មិន​បាន​រៀបចំ​ខ្លួន​ត្រឹមត្រូវ​ទេ​ ក្នុងពេល​ចូល​ក្នុង​អាស៊ាន ​ដូច​ជា​ត្រូវ​មាន​ផលិត​ផល​ជាក់​លាក់​ដែល​ត្រូវនាំចេញ​ ដូច្នេះ​ហើយ​កម្ពុជា​ទទួល​នាំចូល​ផលិតផល​ផ្សេងៗ​រួម​ទាំង​កសិកម្ម​ផងដែរ​ ជាជាង​នាំចេញ។

លោក​មឿន តុលា​ បាន​បន្ថែម​ថា៖

«ចំណុច​ហ្នឹង​ហើយ​ដែល​ធ្វើ​ឱ្យ​កម្ពុជា​ហ្នឹង​ក្លាយ​ទៅ​ជា​ប្រទេស​មួយ​បញ្ជូន​ពលករ​ទៅវិញ​ មិន​មែន​ជា​ប្រទេស​ទទួល​ពលករ​ទេ។ ប៉ុន្តែ​ពលករ​ដែល​យើង​បញ្ជូន​ហ្នឹង​ភាគច្រើន​ជា​ពលករ​មិន​មាន​ជំនាញ។ វា​ខុស​ពី​ប្រទេស​ហ្វីលីពីន​ ឥណ្ឌូនេស៊ី​ ក៏​គេ​មាន​បញ្ជូន​ពលករ​ដែរ ​ប៉ុន្តែ​ពលករ​គេ​គឺ​ភាគច្រើន​ជា​ពលករ​ដែល​មាន​ជំនាញ ​ឬ​មាន​ជំនាញ​ខ្ពស់»។​

មាន​ពលករខ្មែរ​ជិត ​២ លាននាក់​បានធ្វើ​ចំណាកស្រុក​ទៅធ្វើការ​នៅក្រៅ​ប្រទេស​ ដែល​ភាគ​ច្រើន​គឺ​ប្រទេស​ថៃ។ ពួកគេ​បាន​ផ្ញើ​ប្រាក់​មក​ក្រុមគ្រួសារ​វិញ​ចំនួន​ជាង​ ៤០០ លានដុល្លារ​ក្នុង​ឆ្នាំ​ ២០១៨​ ដែល​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ផងដែរ។ នេះ​បើតាម​តួលេខ​របស់​ធនាគារ​ពិភពលោក។

អតីត​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​យល់​ថា​ រយៈពេល​ ២០ ឆ្នាំ​នេះ​គឺ​មុខ​មាត់​បាន​ច្រើន​ទៅលើ​គណបក្ស​កាន់អំណាច​ គឺ​មិន​មែន​ទៅលើ​ប្រទេស​ទាំងមូល​ទេ។​

លោកអេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ​បាន​បញ្ចាក់ថា៖

«និយាយ​ដោយ​ខ្លី​ទៅ វេទិកាអន្តរជាតិ​នានា​ដែល​កម្ពុជា​ជា​សមាជិក​ហ្នឹង​គឺ​មិន​បាន​អ្វី​ដែល​ចំណេញ​ដល់​ប្រទេស​កម្ពុជា​ និង​ប្រជាជាតិ​ខ្មែរ​ទេ​ គឺ​បាន​ផល​ចំណេញ​ទៅលើ​ពួក​មេដឹកនាំ​ផ្តាច់​ការ​លើ​ឆាក​អន្តរជាតិ​តែ​ប៉ុណ្ណឹង។ ប៉ុន្តែ​បើ​យើង​មើល​ឃើញ​លទ្ធផល​ជាក់​ស្តែង​សម្រាប់​ប្រជាជាតិ​ខ្មែរ​ហ្នឹង​ យើង​ឃើញ​ថា​បាន​ធ្វើ​ឱ្យ​ប្រជាជាតិ​ខ្មែរ​រាប់​លាន​នាក់​បាន​ធ្វើ​ចំណាកស្រុក​ទៅ ធ្វើការ​ស៊ីឈ្នួល​គេ​ដោយ​កម្លាំង​។ ដូច​យើង​ដឹង​ហើយ​ថា​នៅពេល​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​ ១ លាននាក់​ដែល​ទៅ​ធ្វើការ​ស៊ីឈ្នួល​ដោយ​កម្លាំង​នៅ​ប្រទេស​ថៃ​នៅ​ប្រទេស​ម៉ាឡេស៊ី​ជាដើម‍»។

លោក​យល់​ថា​ ផល​ចំណេញ​សម្រាប់​ពលករ​ទាំង​នោះ​គឺ​អាច​ដោះស្រាយ​ជីវភាព​តែ​ពេល​បច្ចុប្បន្ននេះ ហើយ​ក្នុង​ពេល​អនាគត​ នៅ​ពេល​ដែល​ពួកគាត់​អស់​កម្លាំង​និង​ចាស់​ទៅ​ គឺ​ប្រទេស​ជាតិ​ទាំងមូល​ត្រូវ​តែ​ទទួល​ខុស​ត្រូវ។

អតីត​គណបក្ស​ប្រឆាំង​នេះ​ក៏​បាន​លើក​ពី​អតុល្យភាព​នៃ​ជញ្ជីង​ពាណិជ្ជកម្ម​ដែល​កម្ពុជា​មាន​ជាមួយ​នឹង​ប្រទេស​នានា​ក្នុ​ង​អាស៊ាន។​

ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​រវាងកម្ពុជានិង​វៀតណាមឡើង​ដល់​ជាង​ ៣ ពាន់លានដុល្លារ​ដោយ​ក្នុង​នោះ​វៀតណាម​នាំចូល​កម្ពុជា​ជាង​ ២,២៥​ ពាន់លាន​ដុល្លារក្នុង​ឆ្នាំ​ ២០១៨។ នេះ​បើតាម​តួលេខ​របស់​រដ្ឋាភិបាល​វៀតណាម។ ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​ថៃមាន​ចំនួន​ ៨,៤ ​ពាន់​លាន​ដុល្លារ ​ក្នុង​នោះកម្ពុជានាំចូល​ ៧,៦ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៨។ នេះ​បើតាម​តួលេខ​របស់​រដ្ឋាភិបាល​កម្ពុជា។

លោក​អេង ឆៃអ៊ាង​ បាន​បន្ថែម​ថា៖

«អីចឹង​គឺថា​ផល​ចំណេញ​រយៈពេល​ ២០ ឆ្នាំ​នៃ​ការ​ចូល​អាស៊ាន​របស់​កម្ពុជា​នេះ​គឺ​សម្រាប់​ប្រទេស​ជាតិ​និង​សម្រាប់​ប្រជាជាតិ​ខ្មែរ ​គឺ​បាន​តិចតួច ​ហើយ​បើ​សិន​ជាយើង​មើល​ធនធាន​ខ្មែរ​វិញ​ គឺ​ឃើញ​អ្នក​វិនិយោគ​ដែល​ចូល​មក​វិនិយោគ ស្រុក​ខ្មែរ​ហ្នឹង​គឺ​ភាគច្រើន​មក​បំផ្លាញ​តែម្តង។ មក​កាប់​បំផ្លាញ ព្រៃឈើ មក​រុករក​រ៉ែ​ មក​ជីក​គាស់​រ៉ែ​ខ្មែរ​តែ​ប៉ុណ្ណឹង​ទេ។ ប៉ុន្តែ​មក​ធ្វើ​អ្វី ដែល​ជា​ដុំ​កំភួន​ឱ្យ​ប្រទេស​កម្ពុជា​គឺ​យើង​អត់​ឃើញ​មាន​ទាល់តែ​សោះ‍»។​

កម្ពុជា​មាន​អត្រា​កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់​ ៧ ភាគរយ​ក្នុង​រយៈពេល​ជាងមួយទសវត្សរ៍​នេះ ប៉ុន្តែ​មិន​មាន​សមភាព​នឹង​សិទ្ធិ​មនុស្ស​ទេ។ សហគមន៍​អន្តរជាតិ​បាន​វាយ​តម្លៃ​ថា​ស្ថានភាព​សិទ្ធិ​មនុស្សនៅកម្ពុជា​កាន់តែ​អាក្រក់​ជាងមុន​ចាប់​តំាងពី​អតីត​គណបក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយក្នុង​ឆ្នាំ​ ២០១៧ និង​មិន​អាច​ធ្វើ​សកម្មភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន។

លោក​អេង ឆៃអ៊ាង​ បាន​បន្ថែម​ថា៖

«សិទ្ធិមនុស្ស​គឺ​វា​អត់​មានន័យ​អ្វី​ទាំងអស់​ ពីព្រោះ​តាំងពី​កម្ពុជា​ចូល​អាស៊ាន​មក​គឺ​បញ្ហា​ធ្ងន់ធ្ងរ ដូច​បច្ចុប្បន្ននេះ​គឺ​និយាយ​ពីសិទ្ធិ​មនុស្ស​និង​សេរីភាព​បញ្ចេញ​មតិ សិទ្ធិ​សេរីភាព​នយោបាយ​ហ្នឹង​ គឺ​ត្រូវ​ការ​រឹតបន្តឹង​កាន់តែ​ខ្លាំង​ឡើងៗ​ ជាង​ពេល​មិន​ទាន់​ចូល​សមាជិក​អាស៊ាន​ទៅទៀត‍»។​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង មុន​កិច្ចប្រជុំនៅវិមានរដ្ឋាភិបាលចិនប្រចាំទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង មុន​កិច្ចប្រជុំនៅវិមានរដ្ឋាភិបាលចិនប្រចាំទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។

 

បញ្ហា​ដែល​អាច​មិន​រំពឹង​ទុកកាលពី​ ២០ ឆ្នាំមុនគឺ​ឥទ្ធិពល​របស់​ប្រទេស​ចិន​កាន់តែ​ធំឡើង​នៅ ក្នុង​តំបន់​អាស៊ាន​ និង​ជាពិសេស​នៅ​ប្រទេស​កម្ពុជា​ដែល​អាច​នឹង​គំរាម​ដល់​ឯកភាព​របស់​អាស៊ាន​ផងដែរ។

ប្រទេស​ចិន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​បាន​ប្រើប្រាស់​ប្រទេស​កម្ពុជា​ជា​ច្រក​ចូល​មួយ​ដើម្បី​បញ្ចេញ​ឥទ្ធិពល​នៅ ក្នុង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍។ ការណ៍​នេះ​ត្រូវ​បាន​គេ​មើលឃើញ​កាន់តែ​ច្បាស់​នៅ​ក្នុង​ឆ្នាំ​ ២០១២ ​នៅពេល​ដែល​ប្រទេស​កម្ពុជា​ធ្វើ​ជា​ប្រធាន​ប្តូរវេន​របស់​អាស៊ាន​ ហើយ​ដឹកនាំ​ការប្រជុំ​នៅ​រាជធានី​ភ្នំពេញ​ ដោយ​មិន​បាន​ចេញ​សេចក្តី​ប្រកាស​រួម​ក្រោយ​ពី​ប្រជុំ​នោះភ្លាមៗ​ទេ ដោយ​សារ​មាន​ការ​ខ្វែង​យោបល់​គ្នា​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ ដែល​ចិន​មាន​ជម្លោះ​ជាមួយ​នឹង​បណ្តា​ប្រទេស​អាស៊ាន​ខ្លះ។

ប្រទេស​ចិន​បាន​ធ្វើ​ការ​វិនិយោគ​យ៉ាង​ច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​ តាម​រយៈ​គម្រោង​វិនិយោគ​ក្រវាត់ផ្លូវ​ពាណិជ្ជកម្ម។ ចិន​នាំចូល​កម្ពុជា​មាន​ចំនួន​ជាង​ ៥,៨ ពាន់លាន​ដុល្លារ​ ក្នុង​ខណៈពេលដែល​កម្ពុជា​នាំ​ទៅចិន​មាន​តែ​ជាង ​៧៥០ លានដុល្លារ​ប៉ុណ្ណោះ​ក្នុងឆ្នាំ​ ២០១៧។ ក្នុងពេល​ជាមួយ​គ្នានេះ​ដែរ​ កម្ពុជា​ជំពាក់​បំណុល​ចិន​ចំនួន​ ៣០០០ លានដុល្លារ។

លោក​ផៃ ស៊ីផាន អ្នកនាំ​ពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​បញ្ជាក់​ថា៖

«កម្ពុជា​ត្រូវ​ការ​ក្នុងការ​អភិវឌ្ឍ​ប្រទេស​របស់ខ្លួន​ឆ្លើយតប​នឹងការ​តភ្ជាប់។ យើង​ត្រូវការ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ យើង​ត្រូវការ​អាង​ទឹក​ យើង​ត្រូវការ​ប្រឡាយ​ទឹក។ ដូច្នេះ​ការដែល​យើង​ចូលរួម​ការ​ផ្តួចផ្តើម​គំនិត​នៃ​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​ គឺ​យើង​យក​ផល​ប្រយោជន៍​សេដ្ឋកិច្ច​កម្ពុជា​ជាធំ​»។

លោកផៃ ស៊ីផាន​ បាន​អះអាង​បន្ថែម​ថា​ កម្ពុជា​ខិតខំ​ប្រឹង​ទប់​ទល់នឹងការ​ចូល​ជ្រៀតជ្រែក​ពី​ខាងក្រៅ ជាពិសេស​រវាង​មហាអំណាច​ចិន​និង​សហរដ្ឋ​អាមេរិក​នៅក្នុង​តំបន់៖

«ការ​ប្រជែង​បន្ថែម​ទៀត​ យើង​កំពុងតែ​ពង្រឹង​នូវអ្វី​ដែល​ជា​ការ​មិន​លូកលាន់​ផ្ទៃក្នុង​នូវ​អ្វី​ដែល​ជា​គោល​ការណ៍របស់អាស៊ាន​ ក៏ដូច​ជាការ​ទប់​ស្កាត់​ពី​មជ្ឈដ្ឋាន​ខាងក្រៅ»។​

ប៉ុន្តែ​លោក​អេង​ ឆៃអ៊ាង​ យល់​ថា​ ទំនាក់​ទំនង​ជាមួយ​នឹង​ចិន​គឺ​កាន់តែ​ធ្វើ​ឱ្យ​កម្ពុជា​ឃ្លាតឆ្ងាយពី​អាស៊ាន។​

លោក​បាន​បន្ថែម​ថា៖

«ដោយសារ​របប​លោក​ហ៊ុន សែន​ អាង​ទៅលើ​ក្រុង​ប៉េកាំង​គឺ​របប​លោក​ហ៊ុន សែន បាន​ធ្វើ​អ្វីៗ​បំពេញ​ចិត្ត​ក្រុង​ប៉េកាំង​ ដោយ​ដើរ​ផ្ទុយ​ពី​គោលការណ៍​អាស៊ាន​ជាដើម។ នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​អាច​ក្លាយ​ទៅជា​ប្រទេស​ដែល​មាន​ជម្លោះ​ជាមួយ​នឹង​ប្រទេសក្នុង​តំបន់​ជាដើម។ អីចឹង​វា​អត់​មានអ្វី​ចំណេញ​សម្រាប់​ខ្មែរ​ទេ។ បើ​យើង​មើលឃើញ​ថា​ហ៊ុន សែន​ ចាប់​អាស៊ាន​មួយ​ចំណែក​ ប៉ុន្តែ​ចាប់​ចិន​ធំជាង​ គឺ​វាធ្វើ​ឱ្យ​ប៉ះពាល់​ ហើយ​នយោបាយ​ការបរទេស​គឺ​ថា​មាន​ការ​មិន​សប្បាយ​ចិត្ត​ពី​បណ្តា​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​មួយ​ចំនួន‍»។​

តាំងពីចូល​ជា​សមាជិក​អាស៊ាន​មក​ កម្ពុជា​បាន​ធ្វើ​ជា​ប្រធាន​ប្តូរវេន​នៅក្នុង​ឆ្នាំ​២០០២ និង​២០១២ ​ហើយ​គ្រោង​នឹង​ធ្វើ​ប្រធាន​ជាថ្មី​នៅ​ឆ្នាំ​២០២២។ បើ​តាម​សេចក្តី​រាយការណ៍​នានា​ កម្ពុជា​គ្រោង​នឹង​រៀបចំ​កិច្ច​ប្រជុំ​ថ្នាក់​កំពូល​នៅ​ទីក្រុង​ព្រះសីហនុ ជាទី​ដែល​មហាអំណាច​ចិន​បាន​បោះទុន​វិនិយោគ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់៕

ប្រភព៖ VOA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...