26
សីហា

ឪពុក​ម្តាយ​ខ្ចី​លុយ​ឲ្យ​កូន​ធ្វើ​ការ​នៅ​ជប៉ុន ​ខណៈ​​ការ​ព្រួយ​បារម្ភ​​អំពី​ការ​បំពាន​សិទ្ធិ​ការងារ​នៅ​តែ​មាន​

ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​នៅ​តែ​ជា​បញ្ហា​មួយ​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​មាន​ការ​លំបាក​ក្នុង​ការ​ស្វែង​រក​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស ​និង​មាន​បំណង​ចង់​បង្កើន​ចំណូល​ក្នុង​គ្រួសារ។ ​ជប៉ុន​ជា​ប្រទេស​មួយ​ដែល​មាន​ការ​ចាត់​ទុក​ថា ​មាន​ការ​គោរព​សិទ្ធិ​របស់​ពលករ។​

នៅ​ក្នុង​ភូមិ​បែកពាង​នៃ​ខេត្ត​កំពង់​ចាម ​ក្រុមគ្រួសារ​មួយៗ​ចង់​ឲ្យ​កូន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​ ដោយ​ឃើញកូនៗ​ក្នុង​ក្រុម​គ្រួសារ​ដែល​បាន​ទៅ ​បាន​ផ្ញើ​លុយ​មក​ឲ្យ​ឪពុក​ម្តាយ​ និង​ជីវភាព​មាន​ភាព​ល្អ​ប្រសើរ។​ ប៉ុន្តែ​ការ​ជ្រើស​រើស​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​នៅ​តែ​ជា​បញ្ហា​នៅ​ឡើយ។​

ភូមិ​បែកពាង ​ខេត្ត​កំពង់ចាម- កញ្ញា ជា សុគន្ធា ​អាយុ​២២​ឆ្នាំ ​និង​កញ្ញា​ដន ស្រីនាង ​អាយុ​១៨​ឆ្នាំ​ ដែល​ជា​បង​ប្អូន​ជីដូន​មួយ​នឹង​គ្នា​ នឹង​ចេញ​ទៅ​ប្រទេស​ជប៉ុន​នៅ​សប្តាហ៍​នេះ​ ដើម្បី​ធ្វើ​ការ​នៅ​រោង​ចក្រ​ពង​មាន់ ​និង​ចម្ការ​បន្លែ។​

រស់​នៅ​ក្នុង​ភូមិ​បែក​ពាង ​ឃុំ​ជាលា ​ស្រុក​បាធាយ​ ខេត្ត​កំពង់​ចាម ​ចម្ងាយ​ជាង​៥០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ​ សុគន្ធា​បាន​ថ្លែង​ប្រាប់​ VOA ​នៅ​ផ្ទះ​ថា ​នាងចេញ​ទៅ​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ទី​២៣​ខែ​សីហា​ដើម្បី​ទៅ​ធ្វើ​ការ​នៅ​រោងចក្រ​ដែល​នាង​ទទួល​ខុស​ត្រូវ​ផ្នែក​រើស​ពងមាន់​ដាក់​ក្នុង​ផែ។​

សុគន្ធា​ដែល​បាន​ឈប់​រៀន​នៅ​ថ្នាក់​ទី​៨ ​និង​ធ្លាប់​ជា​កម្មការិនីរោងចក្រ​កាត់​ដេរ​នៅ​ស្រុក​កំណើត​ បាន​និយាយ​ថា ​នាងសម្រេច​ចិត្ត​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​ដោយ​សារ​ឃើញ​អ្នក​ភូមិ​ផ្សេងៗ​ទៀត​បាន​ទៅ​ធ្វើ​ការ​នៅ​ទីនោះ ​ហើយ​ពួក​គេ​អាច​រក​ចំណូលផ្ញើ​មក​ក្រុម​គ្រួសារ។​

នាង​បាន​ថ្លែង​ថា៖​

«ព្រោះ​គិត​ទៅហ្នឹង​វា​អាច​រក​បាន​ច្រើន​ជាង​ខ្មែរ។ ​អ៊ីចឹង​អាច​រក​លុយ​ចិញ្ចឹម​ម៉ែ​ឪ​នៅ​ផ្ទះ​បាន»។​

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​សុគន្ធា​ចេញ​ទៅ​ក្រៅ​ប្រទេស។​

នាង​បាន​បញ្ជាក់​ថា៖​

«មាន​អារម្មណ៍​ថា ​រំភើប ​អត់​ដែល​នឹក​ស្មាន​ថា ​បាន​ទៅ‍!»។​

សុគន្ធា​មាន​គម្រោង​ធ្វើ​ការ​ថែម​ម៉ោង​ឲ្យ​បាន​ច្រើន​ដើម្បី​អាច​រក​ចំណូល​ឲ្យ​ក្រុម​គ្រួសារ​បន្ថែម​លើ​ប្រាក់​ខែ​ជាង​១​ពាន់​ដុល្លារ។​

នាង​បញ្ជាក់​ថា៖​

«ចង់​ថែម​ម៉ោង​ឲ្យ​ច្រើន ​មូលហេតុ​ចង់​បាន​លុយ​ច្រើន​ ព្រោះ​យើង​ទៅ​ដើម្បី​រក​លុយ។​ ពេល​អ៊ីចឹង​ត្រូវ​តស៊ូ​ថែម​ម៉ោង​ថែម​អី»។​

បើ​តាម​សុគន្ធា ​នាងសង្ឃឹម​ថា​ នឹង​អាច​ផ្ញើ​ប្រាក់​មក​ផ្ទះ​យ៉ាង​តិច​៥០០​ដុល្លារ​ក្នុង​មួយ​ខែ។​

បងប្អូន​ជីដូន​មួយ​របស់​សុគន្ធា​គឺនាង​ដន ស្រីនាង​ក៏​យល់​ស្រដៀង​គ្នា​ដែរ។​ ស្រី​នាង​ដែល​បានឈប់​រៀន​ថ្នាក់​ទី​៩​និង​ជា​អតីត​កម្មការិនី​រោងចក្រ​កាត់​ដេរ​បាន​និយាយ​ថា ​នាង​មិន​បារម្ភ​អំពី​សុវត្ថិភាព ​ឬ​គិត​ពី​ការ​រំលោភ​បំពាន​សិទ្ធិ​ការងារ​នៅ​ទីនោះ​ទេ ​ដោយសារ​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​របស់​នាង​បាន​ទៅ​ធ្វើ​ការ​នៅ​ទីនោះ​ហើយ​ពួក​គេ​មិន​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​អ្វី​ទេ។​

នៅ​ប្រទេស​ជប៉ុន ​ស្រីនាង​នឹង​ធ្វើ​ការ​ក្នុង​ចម្ការ​ដោយ​ដាំ​ដំឡូង​ឆ្វា ​និង​ឆៃថាវ។​

ស្រីនាង​បាន​ថ្លែង​ប្រាប់ ​VOA ​នៅ​ចំពោះ​មុខ​ឪពុក​ម្តាយ ​និង​យាយ​របស់​កញ្ញា​ថា៖​ «អាច​ធ្វើ​បាន បើ​សិស្ស​ច្បង​ខ្ញុំ​គាត់​ឡើង​ទៅ​ គាត់​ថា ​ស្រួល​ហ្នឹង​ ធ្វើ​ហ្នឹង​ម៉ាស៊ីន»។​

បើ​តាម​សុគន្ធា ​និង​ស្រីនាង​ មុន​ពេល​ចាក​ចេញ​ទៅ​ប្រទេស​ជប៉ុន ​ពួក​គេ​ត្រូវ​ឆ្លង​កាត់​ការ​បណ្តុះ​បណ្តាល​ប្រមាណ​៩​ខែ ​ដោយ​ក្រុមហ៊ុន​ជ្រើស​រើស​ពលករ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។ ​ពួកគេ​បាន​ចំណាយ​ប្រាក់​ក្នុង​មួយ​នាក់​ចំនួន​៣៥០០​ដុល្លារ​អាមេរិក ​បង់​ឲ្យ​ក្រុមហ៊ុន​សម្រាប់​ការ​បណ្តុះ​បណ្តាល​ រៀបចំ​ឯកសារ ​ទិញ​សំបុត្រ​យន្ត​ហោះ ​និង​ធ្វើ​លិខិត​ឆ្លងដែន​ជាដើម។​

ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​មួយ​នេះ​តែង​តែ​ចង់​ឲ្យ​កូន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​ក្រោយ​ដឹង​ថា អ្នក​ភូមិ​មួយ​ចំនួន​ដែល​ធ្វើ​ការ​នៅ​ទីនោះអាច​ផ្ញើ​ប្រាក់​មក​គ្រួសារ​របស់​ពួកគេ ​និង​ជីវភាព​គ្រួសារ​មាន​ភាព​ល្អ​ប្រសើរ។​

ឪពុក​ម្តាយ​បាន​ខ្ចី​ប្រាក់​ពី​មីក្រូហិរញ្ញវត្ថុ​រាប់​ពាន់​ដុល្លារ​ដើម្បី​ឲ្យ​កូន​បាន​ចេញ​ទៅ​ក្រៅ​ប្រទេស។​

ឪពុក​របស់​កញ្ញា​សុគន្ធា​គឺលោក​សុខ សាវន ​អាយុ​៤២​ឆ្នាំ ​ធ្វើ​ជា​ទាហាន​ ​និង​លក់​នំចំណី​បន្តិច​បន្តួច​ខាង​មុខ​ផ្ទះ។​ លោក​មាន​ប្រសាសន៍​ថា ​លោក​បាន​យក​ប្រាក់​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រមាណ​៥​ពាន់​ដុល្លារ​ដើម្បី​ចំណាយ​ឲ្យ​កូន​រៀប​ចំ​ទៅ​ប្រទេស​ជប៉ុន។ ​លោក​ត្រូវបង់​សង​ក្នុង​រយៈ​ពេល​បី​ឆ្នាំ។​

លោក​មាន​ប្រសាសន៍​ថា​ លោក​ទុក​ចិត្ត​ក្រុមហ៊ុន​ដែល​បញ្ជូន​កូន​លោក​ទៅ​ប្រទេស​ជប៉ុន។​

លោក​បាន​ថ្លែង​ថា៖​

«យើង​បញ្ជាក់​នឹង​ក្រុមហ៊ុន​ហ្នឹង ​ហើយ​សួរ​ម្តាយ​មីង​ដែល​នៅ​ហ្នឹងគាត់ថា ​អត់​អី​ដែរ។ ​យើង​ក៏​ហ៊ាន​ធានា​ទុក​ចិត្ត​នឹង​ក្រុមហ៊ុន​ដែរ»។​

ចំណែក​លោក​ធុយ ឌី ​អាយុ​៤០ ​ជា​ឪពុក​របស់ស្រីនាង ​មាន​ប្រសាសន៍​ថា ​លោក​នៅ​តែ​បារម្ភ​អំពី​សុវត្ថិភាព ​និង​សុខទុក្ខ​កូន​ពេល​ទៅ​ទីនោះ​ ព្រោះ​ជា​ដំណើរ​ចេញ​ទៅ​ក្រៅ​ប្រទេស​លើក​ដំបូង​របស់​នាង។​

លោក​បាន​ថ្លែង​ប្រាប់​ VOA ​ថា៖​

«ព្រួយ​បារម្ភ!​ ​ព្រួយ​បារម្ភ​ខ្លះ​ដែរ​ហ្នឹង។ ​ការ​ធ្វើ​ដំណើរ​ ហើយ​ទៅ​ដល់​ប្រទេស​គេ​ មិន​ដឹង​ម៉េច​ម៉ា ​ព្រោះ​យើង​មិន​ដែល​បាន​ទៅ»។​

បច្ចុប្បន្ន​មាន​ពលករ​កម្ពុជា​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ចំនួន​ជាង​៩០០០​នាក់​ក្រោម​កម្មវិធី​ធ្វើ​កម្ម​សិក្សា។ ​ប្រទេស​ជប៉ុន ​និង​កូរ៉េ​ខាង​ត្បូង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ប្រទេស​មួយ​ដែល​ពលករ​ខ្មែរ​អាច​រក​ចំណូល​ផ្ញើ​មក​គ្រួសារ​ ច្រើន​ជាង​ប្រទេស​ដទៃ។​

ប្រជា​ពលរដ្ឋ​ផ្សេង​ទៀត​នៅ​ក្នុង​ភូមិ​បែក​ពាង​នេះ​ក៏​បាន​សម្រេច​ចិត្ត​ឲ្យ​កូន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​ផង​ដែរ ​ហើយ​ពួកគេ​បាន​សល់​លុយ​មួយ​ចំនួន​ដែល​កូន​ផ្ញើ​ឲ្យ។​

អ្នក​ភូមិ​ម្នាក់​លោក​សួន ភឿន ​អាយុ​៦៩​ឆ្នាំ ​មាន​ប្រសាសន៍​ថា ​ជីវភាព​របស់​គ្រួសារ​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន ​ក្រោយ​កូនស្រី​ពីរ​នាក់​របស់​លោក​បាន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន។​

លោក​បាន​ថ្លែង​ប្រាប់​ VOA​ នៅ​ផ្ទះ​របស់​លោក​ថា៖​

«វា​មិន​ធូរ​ណាស់​ណា​ទេ។ ​វា​គ្រាន់​ដោះ​បំណុល​គេ​ចាស់​បាន​រួច​ខ្លះ​ ​ហើយ​ការ​ហូប​ចុក​ខ្លួន​យើង។ ​ឈឺ​ស្កាត់​យប់​ព្រលប់​អី ​វា​មាន​នៅ​ក្នុង​ខ្លួន​ខ្លះ។​ វា​មិន​ពិបាក​ដូច​មុន។ ​មុន​យើង​មាន​ការ​អី​ យប់​ព្រលប់ ​ឈឺ​ស្កាត់​យប់​ព្រលប់​អី ​យើង​ពិបាក​រត់​រក​លុយ​គេ​ក្រៅ​ភ្លាមៗ ​រត់​មិន​ទាន់​ចិត្ត»។​

ភរិយា​របស់​លោក​សួន ភឿន​គឺអ្នកស្រី​ឡុង វឿន ​មាន​ប្រសាសន៍​ថា ​ពី​ដំបូង​ឡើយ​អ្នកស្រី​ព្រួយ​បារម្ភ​ខ្លាច​កូន​ត្រូវ​គេ​បោក​យក​ទៅ​លក់​ ដោយ​សារ​ធ្លាប់​ឮ​គេ​និយាយ​ពី​ការ​ធ្វើ​បាប​កម្មករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖​

«ពីមុន​ ខ្ញុំ​ឃាត់​អត់​ឲ្យ​ទៅ​មែន!​ អត់​ឲ្យ​ទៅ​ខ្លាច!​ ដូច​ថា​ ខ្លាច​គេ​យក​ទៅ​លក់​ ទៅ​ដូរ​អី​ចឹង​ណា៎។ ​ដល់​ពេល​ឃើញ​គេ​ទៅ​លាន់ៗ ​អត់​អី»។​

ចំណែក​អ្នក​ភូមិ​ម្នាក់​ទៀត​គឺអ្នកស្រី​សេង ណយ ​អាយុ​៥៨​ឆ្នាំ ​មាន​កូន​ស្រី​ចំនួន​ពីរ​នាក់​ទៅ​ប្រទេស​ជប៉ុន។ ​អ្នកស្រី​ដែល​មាន​កូន​៦នាក់​ក៏​មាន​បំណង​បញ្ជូន​កូន​២​នាក់​ទៀត​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​នៅ​ពេល​ខាង​មុខ ​ខណៈ​ពួកគេ​ទើប​រៀន​ថ្នាក់​ទី​១០ ​និង​ថ្នាក់​ទី​៤។​

អ្នកស្រី​បាន​ថ្លែង​ថា៖​

«ខ្ញុំ​អត់​បង្ខំ​កូន​ទេ ​ប៉ុន្តែ​កូន​វា​ចង់​ទៅ​ខ្លួន​វា។ ​បើ​មួយៗ​វា​ថា​ ឲ្យ​តែ​រៀន​ចប់ ​ វា​ទៅ​ហើយ»។​

នៅ​ក្នុង​ភូមិ​ពាង​បែក ​ឃុំ​ជាលា​ ខេត្ត​កំពង់​ចាម ​ប្រជា​ពលរដ្ឋ​ពេញ​កម្លាំង​តែង​តែ​ធ្វើ​ជា​កម្មករ​កាត់ដេរ ​និង​កម្មករ​សំណង់។ ​ចំពោះ​ចាស់ៗ ​ពួកគេ​តែង​តែ​ធ្វើ​ស្រែ​ចម្ការ​សម្រាប់​ជីវភាព​របស់​ពួក​គេ។ ​ប៉ុន្តែ​ពួកគេ​ត្អូញត្អែរ​ថា ​ឆ្នាំ​នេះ​មិន​អាច​ធ្វើ​ស្រែ​បាន​ផល​ល្អ​នោះ​ទេ ​ដោយសារ​កង្វះ​ទឹក។ ​ចំណាកស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ជា​ជម្រើស​សំខាន់​មួយ​សម្រាប់​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​មួយ​នេះ។​

លោក​ជិន លី ​មេភូមិ​បែកពាង ​មាន​ប្រសាសន៍​ថា ​ប្រជា​ពលរដ្ឋ​មួយ​ចំនួនបាន​ចំណាក​ស្រុក​ទៅ​ប្រទេស​ផ្សេងៗ ​ដូច​ជា​ប្រទេស​កូរ៉េ ​និង​ជប៉ុន ​ហើយ​ពួកគេ​បាន​ខ្ចី​លុយ​ពី​មីក្រូ​ហិរញ្ញវត្ថុ​ដើម្បី​ឲ្យ​កូន​បាន​ទៅ​ប្រទេស​ជប៉ុន។ ​លោក​បន្ត​ថា​ ​ជីវភាព​គ្រួសារ​របស់​ពួកគេ​មាន​ភាព​ល្អ​ប្រសើរ​ឡើង ​ក្រោយ​មាន​កូន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន។​

លោក​ឌី ថេហូយ៉ា ​មន្រ្តី​កម្មវិធី​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិ​មនុស្ស​(Central)​មាន​ប្រសាសន៍​ថា​ ការ​ជ្រើស​រើស​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​នៅ​តែ​ជា​បញ្ហា​នៅ​ឡើយ ​ដោយសារ​មាន​ករណី​ខ្លះ​ សាលា​បណ្តុះ​បណ្តាល​ភាសា​ជប៉ុន​បាន​ដើរ​តួនាទី​ក្នុង​ការ​ជ្រើសរើស​ពលករ ​ហើយ​មាន​ករណី​ខ្លះ​ពលករ​បាន​ចំណាយ​លុយ ​ហើយ​មិន​បាន​ចេញ​ទៅ​ប្រទេស​ជប៉ុន។​

លោក​បាន​ថ្លែង​ថា៖

«ក្នុង​កាលៈ​ទេសៈ​នេះ​ មាន​ក្រុម​ហ៊ុន​មួយ​ចំនួន​ក៏​ដូច​ជា​សាលា​មួយ​ចំនួន ​បន្លំ​ខ្លួន​បើក​សាលា​ បន្លំ​ជ្រើស​រើស​[ពលករ]​អី​ចឹង​ទៅ។​ អ្នក​ខ្លះ​យក​លុយ​គេ​១​ពាន់​២​ពាន់​ដុល្លារ​ គ្នា​មិន​បាន​ទៅ​អី​ជា​ដើម»។​

លោក​បន្ត​ថា​ នៅ​ឆ្នាំ​នេះ​ អង្គការ​របស់​លោក​ក៏ទទួល​បាន​ករណី​ដែល​ពលរដ្ឋ​ខ្មែរ​ជាង​១០០​បាន​រង​គ្រោះ​ដោយ​សារ​ក្រុមហ៊ុន​មិន​បាន​បញ្ជូន​ទៅ​ប្រទេស​ជប៉ុន​តាម​ការ​សន្យា។​

កាល​ពី​ចុង​ឆ្នាំ​២០១៧ ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​ចេញផ្សាយ​អត្ថបទ​មួយ​ថា​ ប្រជាជន​១១​នាក់​បាន​ចេញ​មុខ​តវ៉ា​ ដោយ​ពួកគេ​អះអាង​ថា​ ត្រូវ​បាន​ក្រុមហ៊ុន​យក​លុយ​រាប់​ពាន់​ដុល្លារ​ ហើយ​ពួកគេ​មិន​បាន​ចេញ​ទៅ​ប្រទេស​ជប៉ុន​តាម​ការ​សន្យា។​

បើ​តាម​លោកឌី ថេហូយ៉ា​ តម្លៃ​ក្នុង​ការ​ជ្រើស​រើស​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុនក៏​នៅ​ថ្លៃ​នៅ​ឡើយ​គឺ​រហូត​ដល់​៦​ពាន់​ដុល្លារ ​ដែល​លោក​ថា ​ពលរដ្ឋ​ខ្មែរ​បាន​បង្ខំ​ចិត្ត​ខ្ចី​ប្រាក់​គេ​ដើម្បី​រៀបចំ​ឲ្យ​កូន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន។​

VOA​ មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក​ហេង សួរ ​អ្នក​នាំពាក្យ​ក្រសួង​ការងារបាន​នៅ​ឡើយ​ទេ។​

បើ​តាម​ទិន្នន័យ​របស់​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ចុះ​ខែ​សីហា​ឆ្នាំ​២០១៩​ ទីភ្នាក់ងារឯកជន​ដែល​មាន​សិទ្ធិ​ជ្រើស​រើស​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​មាន​ចំនួន​១០២​ក្រុមហ៊ុន។​

កន្លងទៅ ​រដ្ឋាភិបាល​ជប៉ុន​ក៏បាន​រក​ឃើញ​ក្រុមហ៊ុន​ដែល​យក​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​នានា​ បានរំលោភ​សិទ្ធិ​ការងារ ​ក្នុង​នោះ​មាន​បង្ខំ​ឲ្យ​ធ្វើការ​ជាច្រើន​ម៉ោង ​ការ​ផ្តល់​ប្រាក់​កម្រៃ​តិចជាង​កម្រិត​អប្បបរមា​ដែល​ច្បាប់​តម្រូវ​ ​បង្ខំ​ឲ្យ​ធ្វើការ​លើស​ម៉ោង ​និង​កន្លែង​ធ្វើ​ការ​មិន​ត្រូវ​តាម​និយាម​សុវត្ថិភាព។​

កាល​ពី​ខែ​មីនា​ឆ្នាំ​២០១៩​ ប្រទេស​កម្ពុជា​និង​ជប៉ុន​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់​គ្នា​លើ​កិច្ច​សហ​ប្រតិបត្តិការ​បញ្ជូន​ពលករ​ជំនាញ​ទៅ​ធ្វើ​ការ​ដោយ​ស្រប​ច្បាប់​ និង​ជា​ការ​បង្កើន​ទីផ្សារ​ការងារ​ និង​ឱកាស​ដល់​ពលករ​កម្ពុជា។ ​ពលករ​ជំនាញ​ទាំង​នោះ​នឹងធ្វើ​ការ​នៅ​ផ្នែក​ថែ​ទាំ​មនុស្ស​ចាស់ ​សម្អាត​អគារ ​ផលិត​គ្រឿង​បន្លាស់ ​គ្រឿង​រថយន្ត ​គ្រឿង​អគ្គិសនី​ និង​សំណង់​ជាដើម។​

កញ្ញា​សុគន្ធា ​ដែល​សម្រេច​ចិត្ត​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​ និយាយ​ថា​ កញ្ញា​មិន​ព្រួយ​បារម្ភ​អ្វី​នោះ​ទេ ​បើ​ទោះ​ជា​មិន​ធ្លាប់​ទៅ​ក្រៅ​ប្រទេស ​ហើយ​ចាត់​ទុក​ថា​ ​ នេះ​ជា​ការ​ចេញ​ដំណើរ​ទៅ​ធ្វើការងាររក​លុយដើម្បី​ដោះ​បំណុល​គ្រួសារ។​

កញ្ញា​បាន​បញ្ជាក់​ថា៖​

«មើល​ទៅ​អត់​ផង!​ មាន​សិស្ស​ច្បង​នៅ​ហ្នឹង!​ ​គាត់​អត់​មាន​អី​ផង! គាត់​ថា​[ធ្វើ​ការ​នៅ​ហ្នឹង​]ស្រួល ​ហើយ​ថៅកែ​ក៏​ស្រួល​ដែរ។ ​ពេល​អ៊ីចឹង ​អត់​មាន​អារម្មណ៍​ថា ​ភ័យ​ផង»៕

ប្រភព៖ VOA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...