29
សីហា

រដ្ឋាភិបាល​​​មិន​ឲ្យ​ជន​បរទេស​ប្រកប​របរ​ចំនួន​១០​ប្រភេទ​ដើម្បី​ការពារ​ទី​ផ្សារ​សម្រាប់​ខ្មែរ​

បើតាម​របាយ​ការណ៍​របស់​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចេញ​កាលពី​ខែមីនា ឆ្នាំ​២០១៩ បញ្ជាក់​ថា​ ក្នុង​​ឆ្នាំ​២០១៨​​ ក្រសួង​បាន​ផ្តល់​បណ្ណ និង​សៀវភៅ​ការងារ​ដល់​ជន​បរទេស​ចំនួន​១៣៥,២០១​នាក់។​​​​​​​​​​​​​​​​​​​​​​​

ក្រសួង​ការងារកម្ពុជា​បាន​ចេញ​ប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ ​ដោយដាក់កំហិតមិន​ឲ្យជន​បរទេស​ធ្វើ​ការ និង​ប្រកប​មុខ​របរ​ចំនួន​១០​ប្រភេទ​នៅ​កម្ពុជា។​ មន្ត្រី​ផ្លូវ​ការ​អះអាង​ថា ប្រកាស​នេះ​ធ្វើ​ឡើង​ដើម្បី​ការពារ​ទីផ្សារ​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា។

មុខរបរ​ដែល​ស្ថិត​ក្នុង​បំរាម​ទាំង​អស់​នោះ​រួម​មាន​ការ​លក់ដូរ​ដោយ​មធ្យោបាយ​ថ្មើរ​ជើង ឬ​យាន​ជំនិះ​គ្រប់​ប្រភេទ​ ម៉ាស្សា និង​ចាប់​សសៃ​តាមសាធារណៈ កាត់សក់ អ៊ុតសក់ ​ថែរក្សា​សម្ផស្ស ប៉ះកង់ ជួសជុល​យានយន្ត​ កាត់ដេរ សេវាកម្ម​ដេរ និង​សម្អាត​ស្បែក​ជើង ផលិត​វត្ថុ​អនុស្សាវរីយ៍​ខ្មែរ ផលិត​ឧបករណ៍​ភ្លេង​ខ្មែរ ផលិតបាត្រ​លោក ព្រះពុទ្ធរូប​ និង​ជាង​ទង និង​ជាង​ច្នៃត្បូង​ពេជ្រ។ នេះ​បើតាម​ប្រកាស​របស់ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ចេញនៅ​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៩​នេះ។

​សេចក្តី​ប្រកាស​ដដែល​បានសង្កត់​ធ្ងន់ថា «ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​នឹង​មិន​ផ្តល់​ឬ​មិន​បន្ត​សុពល​ភាព​បណ្ណ/​សៀវ​ភៅ​ការងារ​ដល់​ជន​បរទេស​ដែល​កំពុង​ប្រកប​មុខរបរ និង​ការងារ»ដូច​បាន​កំណត់​ខាង​លើ​នោះទេ។ ហើយ​ជនណា​ដែល​ប្រព្រឹត្ត​ផ្ទុយ​នឹង​បទ​បញ្ញត្តិ​នៃ​ប្រកាស​នេះ នឹងត្រូវ​ធ្វើ​ការពិន័យ​ជា​ប្រាក់ និង​ផ្តន្ទា​ទោស​តាម​បទ​ប្ប​បញ្ញត្តិ​នៃច្បាប់​ស្តីពី​ការងារ និង​បទ​បញ្ញត្តិ​ជា​ធរមាន។

លោក ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការងារ ប្រាប់ VOA តាម​រយៈសារ​អេឡិចត្រូនិច​តេលេក្រាម​ថា ​ប្រកាស​នេះ​នឹង​ផ្ដល់​ការការពារ​ទីផ្សារ​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា។

លោក​សរសេរ​តាមន័យ​ដើម​ថា៖ «សកម្មភាព​ស្វ័យនិយោជន៍​ (មុខរបរ ឬ​ការងារ​ដែល​រក​ចំណូល​ផ្ទាល់​ខ្លួន មិន​ពាក់ព័ន្ធ​នឹង​ប្រាក់​ឈ្នួល) ដែល​យើង​បាន​ហាម​នេះ គឺជា​មុខរបរ និង​ការងារ​សាមញ្ញដែល​នៅ​មាន​ប្រជាពលរដ្ឋ​កម្ពុជា​ចង់​ធ្វើ និង​អាច​ធ្វើ​បាន ហើយ​សកម្មភាព​មួយចំនួន​គឺ​ពាក់ព័ន្ធ​ជាមួយ​នឹង​ប្រពៃណី សាសនា និង​អត្តសញ្ញាណ​ជាតិ​ខ្មែរ​យើង»។

បើតាម​របាយ​ការណ៍​របស់​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចេញ​កាលពី​ខែមីនា ឆ្នាំ​២០១៩ បញ្ជាក់​ថា​ ក្នុងឆ្នាំ​២០១៨ ក្រសួង​បាន​ផ្តល់​បណ្ណ និង​សៀវភៅ​ការងារ​ដល់​ជន​បរទេស​ចំនួន​១៣៥,២០១​នាក់។

លោក​ ​មឿន តុលា​ ​នាយក​ប្រតិបត្តិ​សម្ព័ន្ធភាព​ការងារ​ ​និង​សិទ្ធិ​មនុស្ស​ ​ឬ​ហៅ​ថា​ Central បាន​សារទរ​ចំពោះការ​ប្រកាស​នេះ។ លោក​ប្រាប់ VOA ថា កន្លង​មក​លោក​សង្កេត​ឃើញ​ថា ​ជន​បរទេស​មួយ​ចំនួន​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​ចិន និង​វៀតណាម បាន​និង​កំពុង​ប្រកប​មុខរបរ​ និង​ធ្វើ​ការងារ​តូច​តាច​ជាច្រើន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រជា​ពលរដ្ឋ​ខ្មែរ។

«វត្តមាន​របស់​ជនជាតិ​ [ជន​បរទេស] ទាំងអស់​ហ្នឹង គឺ​វា​អត់​អាច​ជួយ​ទៅ​ដល់​ការ​អភិវឌ្ឍ​ជីវភាព​រស់នៅ​របស់​ជនជាតិ​ដើម [ខ្មែរ] ​ទេ។ ចុង​បញ្ចប់​គឺ​ជនជាតិ​ទាំង​អស់​ហ្នឹងមក​ក្នុង​ស្រុក​ខ្មែរ​យើង ហើយ​វេច​លុយ​ពី​ស្រុក​ខ្មែរ​ត្រឡប់​ទៅ​ប្រទេស​គេ​វិញ គឺ​គេ​អត់​បាន​ចាយ​ទៅ​លើ​ជនជាតិ​នៅ​ប្រទេស​ហ្នឹង​ទេ»។

ទោះ​យ៉ាង​ណា​លោក មឿន តុលា ថា លោក​នឹង​រង​ចាំមើល​ពី​ប្រសិទ្ធភាព​នៃ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​លើ​ករណី​នេះ៕

ប្រភព៖ VOA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...