10
កញ្ញា

គណៈកម្មាធិការ Tom Lantos នៃ​សភា​អាមេរិកាំង​នឹង​ពិនិត្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​កម្ពុជា

សាក្សី​នឹង​ផ្តោត​ការផ្តល់​សក្ខីកម្ម​លើ​ស្ថានភាព​គ្រប់​ជ្រុងជ្រោយ​ដែល​ធ្វើ​ឱ្យ​ធ្លាក់​ចុះ​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា​នឹង​ផ្តល់​អនុសាសន៍​សម្រាប់​គណៈកម្មាធិការ​យក​ទៅ​ប្រើប្រាស់​ដើម្បី​តាក់តែង​គោល​នយោបាយ​​របស់​ស្ថាប័ន​នីតិប្បញ្ញត្តិ​ចំពោះ​ប្រទេស​កម្ពុជា។ នេះ​បើតាម​ការបញ្ជាក់​របស់​គណៈកម្មាធិការ។

គណៈកម្មាធិ​ការ​សិទ្ធិ​មនុស្ស​ Tom Lantos របស់​សភា​តំណាងរាស្រ្ត​សហរដ្ឋ​អាមេរិក​នឹង​ធ្វើ​សវនាការ​ពិនិត្យ​មើល​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​ពលកម្ម​នៅ​ប្រទេសកម្ពុជា​នៅ​ថ្ងៃ​ពុធ​នេះ​ក្នុង​ពេល​ដែល​ស្ថានភាព​លទ្ធិ​ប្រជាធិបតេយ្យ​បាន​ធ្លាក់​ចុះ​យ៉ាងខ្លាំង។

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​ Tom Lantos បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍ថា៖

«​ចាប់តាំងពី​ឆ្នាំ​២០១៥​មក​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​បង្កើន​ការ​រឹតត្បិត​លើ​សកម្មភាព​នយោបាយ​និង​សង្គម​របស់​ពលរដ្ឋ​ អង្គការ​សង្គម​ស៊ីវិល បណ្តាញ​ព័ត៌មាន​ឯករាជ្យ​និង​កម្មវិធី​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​ផ្តល់​ថវិកា​ដោយ​បរទេស‍»។

សវនាការ​នេះ​រៀបចំឡើង​ដោយ​លោកដោយ James P. McGovern ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​និង​លោក​ Christopher H. Smith ​នៃ​គណបក្ស​សាធារណរដ្ឋ​ដែល​ជា​សហប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​ Tom Lantos ​ហើយ​ក៏មាន​ការចូលរួម​របស់​លោក​ Alan Lowenthal ​និង​លោក​Steve Chabot សហ​ប្រធាន​នៃ​ក្រុម​ការងារ​សភា​តំណាងរាស្រ្ត​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ច​ការ​កម្ពុជា​ផងដែរ។​

សាក្សី​នឹង​ផ្តោត​ការផ្តល់​សក្ខីកម្ម​លើ​ស្ថានភាព​គ្រប់​ជ្រុងជ្រោយ​ដែល​ធ្វើ​ឱ្យ​ធ្លាក់​ចុះ​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា​នឹង​ផ្តល់​អនុសាសន៍​សម្រាប់​គណៈកម្មាធិការ​យក​ទៅ​ប្រើប្រាស់​ដើម្បី​តាក់តែង​គោល​នយោបាយរបស់​ស្ថាប័ន​នីតិប្បញ្ញត្តិ​ចំពោះ​ប្រទេស​កម្ពុជា។ នេះ​បើតាម​ការបញ្ជាក់​របស់​គណៈកម្មាធិការ។

សាក្សី​ដែល​នឹងចូលរួម​ផ្តល់​សក្ខីកម្មមាន​សកម្មជន​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​ពលករ​ដ៏ឆ្នើម​ជាច្រើន​ដែល​មាន​ដូច​ជា​លោក​ប៉ា ងួនទៀង ​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ លោក​មឿន តុលា ​នាយក​ប្រតិបត្តិ​អង្គការសម្ព័ន្ធភាពការងារ​ និងសិទ្ធិមនុស្ស​ ហៅកាត់​ថា ​សង់ត្រាល់​ លោកស្រី​អូលីវៀ អ៊ីណូស ​នៃមូលនិធិHeritage ​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​និង​លោក​ចន ស្ហីបតុន ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ជាដើម។​

ក្រុមសកម្មជន​សិទ្ធិ​មនុស្ស​បាន​កត់សម្គាល់​ថា ​សកម្មជន​អតីតបក្ស​ប្រឆាំង​ត្រូវបាន​ចាប់​ឃុំឃាំង​ជា​បន្ត​បន្ទាប់​ ហើយ​រដ្ឋាភិបាល​បាន​បិទ​ស្ថានីយ៍វិទ្យុ​ចំនួន​៣២​មិន​ឱ្យ​ផ្សាយ​កម្មវិធី​របស់​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) ​វិទ្យុ​អាស៊ីសេរី ​និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ជាដើម។ សារព័ត៌មាន​មួយ​ចំនួន​ត្រូវ​បាន​បិទ​ទ្វារ​ឬ​ត្រូវ​ទិញ​ឡើង​ដោយ​អ្នក​វិនិយោគ​ដែល​ស្និទ្ធ​នឹង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​មាន​ពលរដ្ឋ​ខ្មែរ​ជាង​១លាន​នាក់​បាន​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជិត​ខាង​ក្នុង​តំបន់​ដោយ​សារតែ​ហេតុផល​សេដ្ឋកិច្ច។

ក្នុងរយៈពេល​១០ឆ្នាំ​ចុងក្រោយ​នេះ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​ Tom Lantos បាន​ធ្វើ​សវនាការ​ចំនួន​៣ដង​ផ្តោតលើ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

កាលពី​ខែ​កញ្ញាឆ្នាំ​២០០៩​ អង្គ​សវនាការបានផ្តោត​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​នីតិរដ្ឋ​ក្នុង​ប្រទេស​កម្ពុជា​។ រយៈ​ពេល​១០ឆ្នាំក្រោយ​ស្ថានភាព​សិទ្ធិ​មនុស្ស​កាន់តែដុនដាប។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី​មូរ សុខហួរ ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​និង​ជា​សាក្សី​ម្នាក់​ដែល​បាន​ផ្តល់​សក្ខីកម្ម​ដល់​គណៈកម្មាធិការ​នេះ​កាលពី​១០ឆ្នាំមុន។​

លោក​ស្រី​មូរ សុខហួរ​បាន​បន្ថែម​ថា៖

«ស្ថានភាព​សិទ្ធិ​មនុស្ស​១០ឆ្នាំ​មុន​ដល់​១០​ឆ្នាំ​ក្រោយ​នេះ​អត់​មាន​អី​កែប្រែ​ទេ​មានតែ​រឹតតែ​ធ្ងន់ធ្ងរ​ទៅៗ។ គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​មាន​សកម្មភាព​។ គណបក្ស​ប្រឆាំង​មាន​សកម្មភាព​។ ដូច្នេះ​ឃើញ​ថា​នៅ​ពេល​នេះ​អត់មាន​គណបក្ស​ប្រឆាំង​ទៅជា​គណបក្ស​តែមួយ​នៅ​ក្នុង​សភា​ជាតិ។ លើស​ពី​នេះ​ទៅទៀតការចាប់ចង​សកម្មជន​ ចាប់​ចង​ប្រជាពលរដ្ឋ​ដែល​ហ៊ាន​ប្រឆាំង​តវ៉ា​បញ្ចេញ​មតិ​លើ​កិច្ច​ការ​អ្វី​ក៏ដោយ​ក៏ត្រូវ​គេ​ចាប់​ចង​ដែរ​‍»។

លោកស្រីបន្ថែម​ថា​នៅពេល​នេះ​គឺ​ស្ថានការណ៍​ពន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ដែល​មាន​ឈ្មោះ​ថា​«គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វាវុធ (​EBA)‍»​ ដែល​សហភាព​អឺរ៉ុប​គ្រោង​នឹង​ដាក់​ទណ្ឌកម្ម​ដោយ​សារតែ​ស្ថានភាព​អាក្រក់​នេះ​នឹង​ធ្វើ​ឱ្យ​បាត់​ប្រយោជន៍​ប្រជាពលរដ្ឋ កម្មករ​និង​ កសិករ​កម្ពុជា​ផងដែរ។​ កម្ពុជា​បាន​នាំ​ទំនិញ​ជិត​៦ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​ដោយ​រួចពន្ធ​ស្ទើរតែ​ទាំងអស់​ចូល​ក្នុង​សហភាព​អឺរ៉ុប​ក្រោម​កម្មវិធី​ EBA នេះ។

សហភាព​អឺរ៉ុប​បាន​ចាប់​ផ្តើមដំណើរ​ការ​នីតិវិធី​ព្យួរ​ឋានៈ​អនុគ្រោះពន្ធ​EBAពី​កម្ពុជា​តាំងពី​ដើម​ខែកុម្ភៈ​ ដោយសារតែ​ការរំលោភ​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​កម្មករ។

កាលពី​ចុង​សប្តាហ៍​មុន ​សមាជិក​រដ្ឋសភា​អាល្លឺម៉ង់​គឺ​លោក​ Mark Hauptman ​បាន​ប្រាប់​ដល់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​កម្ពុជា​ឱ្យ​ស្វែងរក​ដំណោះស្រាយ​រួម​លើ​បញ្ហា ​EBA​ ឱ្យ​បាន​ឆាប់​ ដើម្បី​ទំនាក់​ទំនង​សេដ្ឋកិច្ច​ជិតស្និទ្ធ​ និង​ការវិនិយោគទុន ​ថែមទៀត​ពី​ក្រុមហ៊ុន​អាល្លឺម៉ង់​នៅ​កម្ពុជា។ នេះ​បើតាមការ​បញ្ជាក់​របស់​ស្ថានទូត​អាល្លឺម៉ង់​នៅ​កម្ពុជា។

ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ថា​ការព្យួរ​ឬ​បន្ត​ឋានៈ​អនុគ្រោះពន្ធ ​EBA គឺជា​រឿង​នយោបាយ​ប៉ុណ្ណោះ​ហើយ​បាន​លើក​សរសើរ​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ថា​កំពុង​តែ​ដំណើរ​ការ​ល្អ​ទៅ​មុខ​ស្រាប់​ហើយ។

លោក ​ងី ចន្ទ្រផល​ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​ប្រាប់​អង្គសន្និសីទ​សារព័ត៌មាន​មួយ​កាលពី​សប្តាហ៍​មុន​ថាការវាយតម្លៃ​ណាមួយ​ពី​ខាងក្រៅ​ប្រទេស​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​គឺ​ជា​«ការច្នៃប្រឌិត‍»ទេ។

លោក​បាន​បន្ថែម​ទៀតថា៖

«ប៉ុន្តែ​យើង​ជាខ្មែរ​នៅ​ទីនេះ​ដែល​យើង​ធ្វើការ​រាល់ថ្ងៃ​រាល់ពេល​វេលា​ដែល​យើង​ទៅ​ធ្វើការ​គឺ​យើង​ខិតខំ​ប្រឹង​ប្រែង​បម្រើ​ប្រយោជន៍​ប្រជាជន​ជាស្នូល​គឺ​ថា​ហ្នឹង​ហើយ​ជា​ដំណើរការ​នៃ​ការ​ធ្វើ​ប្រជា​ធិប​តេយ្យ​ភាវូបនីយកម្ម​នៅ​កម្ពុជា‍»។​

លោក​ ងី ចន្ទ្រផល​បាន​ចោទ​បស្ចិម​ប្រទេសថា​មាន​ចេតនា​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ហើយ​បណ្តុះ​ជាថ្មីក្នុង​ខណៈពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែនខិតខំ​ប្រឹង​ថែ​រក្សា​ស្ថានភាព​ដែល​មាន​ស្រាប់ហើយ៕

ប្រភព៖ VOA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...