16
តុលា

អ្នក​នាំចេញ​ផលិតផល​កាត់ដេរ​មិន​ប្រាកដ​ពី​ជោគវាសនា​របស់ EBA

តំណាង​ក្រុម​ថៅ​កែ​រោង​ចក្រនៅ​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ថា​តើ​អាច​រក្សា​ការ​អនុគ្រោះ​ពន្ធ​នាំ​ទំនិញ​ពី​កម្ពុជា​ទៅ​កាន់​សហភាព​អឺរ៉ុប «អ្វីៗ​ទាំង​អស់​លើក​លែង​តែ​សព្វាវុធ​»​ ​ឬហៅថា​ EBA ក្រោយ​ពីបាន​ជួប​ចរចា​ដោយ​ផ្ទាល់​ជា​មួយ​ក្រុម​សមាជិក​សភា​អឺរ៉ុប​កាល​ពី​សប្តាហ៍​ទី​១​នៃ​ខែ​តុលា​នេះ។

កាល​ពី​ថ្ងៃទី​៥​ខែ​តុលា លោកវ៉ាន់ ស៊ូអ៊ាង ​ប្រធាន​សមាគម​រោង​ចក្រកាត់​ដេរ​នៅ​កម្ពុជា ហៅថា​ GMAC និង​លោកខេន លូ អគ្គលេខា​ធិការ​នៃ​សមាគម​នេះ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហភាព​អឺរ៉ុប​ដើម្បី​ព្យាយាម​បញ្ចុះ​បញ្ចូល​ឲ្យ​សហភាព​អឺរ៉ុប​កុំ​ឲ្យ​ដក​EBA ពីកម្ពុជា។

សហភាព​អឺរ៉ុប​ដែល​បានព្រមាន​ថា​នឹង​ដក​ការ​អនុគ្រោះ​ពន្ធនាំទំនិញ​ពី​កម្ពុជា​ទៅ​កាន់​ប្លុក​របស់​ខ្លួន​ប្រសិន​បើ​កម្ពុជា​មិន​ធ្វើ​ឲ្យ​ប្រសើ​រ​ឡើង​វិញ​ផ្នែកលទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​នយោបាយ។

កាល​ពី​ខែ​សីហា សហភាព​អឺរ៉ុប​បាន​បញ្ចប់​ការ​សិក្សា​រយៈ​ពេល​ប្រាំមូយ​ខែ ស្តីពី​លទ្ធភាព​ព្យួរ​ EBA នេះ​ដោយ​រង់​ចាំ​ធ្វើ​ការ​សម្រេច​ជាចុង​ក្រោយ​នៅថ្ងៃទី​១២ ខែ កុម្ភៈ ឆ្នាំ​២០២០​ខាង​មុខ។

ប្រសិន​បើបាត់​បង់​ EBA កម្ពុជា​អាច​នឹង​ខាត​បង់​ប្រាក់​ចំណូល​ប្រមាណ​៦០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

លោក Ken Loo​ អគ្គលេខាធិការ​(GMAC) ​ប្រាប់ VOA នៅថ្ងៃ​ចន្ទ​នេះ​ថា​ លោកមិន​ទាន់​អាច​សន្និដ្ឋាន​បាន​ថា​តើ​សហភាព​អឺរ៉ុប​នឹង​ដក​ថយ​ពី​ការ​ព្យួរ​ EBA ដល់​កម្ពុជា​ឬ​យ៉ាង​ណា ក្រោយ​ពី​ជំនួប​ជាមួយ​ក្រុម​អ្នក​ច្បាប់​នៅ​អឺរ៉ុប​និង​តំណាង​ប្រទេស​សមាជិក​អឺរ៉ុបចំនួន​១៤​ប្រទេស​ក្នុង​ចំណោម​សមាជិក​អឺរ៉ុប​សរុប​ចំនួន​២៨​ប្រទេស។

​លោក​បញ្ជាក់​ថា​ប្រតិភូ​សមាគម​រោង​ចក្រកាត់​ដេរ​មិន​ទទួល​បាន​ការ​ធានា​ណាមួយ​ជា​ផ្លូវការ​នោះទេ។

«យើង​អត់​ទាន់ដឹងបាន អត់​ទាន់​បាន​ដឹង​ ​ទាល់​តែ​ចាំ​ដល់​ខែ​២»។​

សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំកម្ពុជា​ធ្លាប់​បានទទូច​ឲ្យ​អឺរ៉ុប​រក្សា​ការអនុគ្រោះពន្ធEBA នេះ​ដល់​កម្ពុជា​ក្នុង​សប្តាហ៍​កន្លង​ទៅ។

ប៉ុន្តែ លោក Blaise Kilian ​នាយក​ប្រតិបត្តិ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា មិន​មាន​ការ​អធិប្បាយ​ណាមួយ​ទៅលើ​ ជំហរ​របស់​សហភាព​អឺរ៉ុប​ ទាក់​ទិន​ការ​រក្សា​ទុក​ ឬមិន​រក្សា​ទុក​ប្រព័ន្ធ​អនុគ្រោះ EBA ​ដល់​ប្រទេស​កម្ពុជានោះទេ​។

យ៉ាងណាក៏ដោយ​ លោក Blaise Kilian គិត​ថា​ EBA មាន​សារៈ​សំខាន់​សម្រាប់​កម្ពុជា។​«យើងចង់​ឃើញ​ EBA ត្រូវបាន​គេរក្សា​ទុក​ ដែល​ជាលទ្ធផល​ អ្នកគាំទ្រ​អាច​ រួមចំណែក​បន្ថែម​ទៀត​ ទៅលើ​ការជឿនលឿន​ដ៏សម្បើមខាង​ផ្នែក​សង្គម​ និង​សេដ្ឋកិច្ច​ ដែល​បាន​នាំមក​ជូន​ប្រជាជនកម្ពុជា​ក្នុង​ទសវត្សរិ៍​ជាច្រើន​កន្លងមកនោះ»។

លោក​អាត់​ ធន់​ ប្រធាន​សហភាពការ​ងារ​កម្ពុជា​ មានប្រសាសន៍ថា​ រដ្ឋាភិបាល​កម្ពុជាបាន​ខិតខំ​ កែលម្អ​ស្ថានភាព​សិទ្ធិការងារ​បាន​ច្រើន​មកហើយដើម្បី​បំពេញ​ទៅតាម​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប​ ពាក់​ព័ន្ធទៅ​នឹង​ការ​ទទួលបាន​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ EBA នេះ។ តែលោកថា​ រដ្ឋាភិបាល​នៅ​មិន​ទាន់​អាច​រកច្រក​ដោះស្រាយបាន​ ចំពោះ​ការបំពេញទៅតាម​ការ​ចង់​បាន​របស់​សហភាព​អឺរ៉ុប​ ទាក់​ទិន​នឹង​សិទ្ធិ​នយោបាយ​ គ្រា​ការ​ដែលបង្ក្រាប​លើ​ក្រុម​អតីតសមាជិក​ និង​មន្ត្រីគណបក្ស​សង្គ្រោះ​ជាតិ​ ដែលត្រូវរំលាយ​ចោល​បន្ត​កើនឡើងខ្លាំង​។

ចំណែក​លោក​ឃុន​ ថារ៉ូ​ មន្ត្រី​សម្រប​សម្រួល​ការងារ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​ ​អង្គការ​សង់ត្រាល់​ ​(Central)​ យល់​ថា​ ពេល​វេលា​របស់​កម្ពុជា​ក្នុងការ​ឆ្លើយ​តប​ទៅ​កាន់អ្វីដែល​ជា​ចង់​បាន​របស់​សហភាព​អឺរ៉ុប​ កំពុង​តែ​ខើយ​ខ្លី​ទៅហើយ។

លោកមើល​ឃើញ​ថា​ ការ​បង្ក្រាប​ខាង​នយោបាយ​ដែលមិន​ចេះ​ចប់​ទៅលើ​ ក្រុម​គណបក្ស​ប្រឆាំង​ដែលត្រូវបាន​គេផាត់​ចេញពីការបោះឆ្នោត​នៅឆ្នាំ​២០១៨នោះ​ នឹង​មិន​ជា​រឿង​ល្អទេ​ សម្រាប់ការ​រក្សា​ទុក​ប្រព័ន្ធ​អនុគ្រោះ EBA នោះ​។​

VOA​ មិន​ទាន់​អាច​សុំការ​អធិប្បាយ​ពី​លោក​កេត​ សោផាន់​ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា​បាន​ទេ​នៅថ្ងៃចន្ទនេះ។​

ទោះជាយ៉ាងណា លោក​ផៃ​ ស៊ីផាន​ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ មាន​ប្រសាសន៍ថា​ ​រដ្ឋា​ភិបាល​បន្តពិភាក្សា​ជាមួយ​ភាគី​សហភាព​អឺរ៉ុប​អំពី EBA ​នេះនៅឡើយ​ តែ​លោក​មិនដឹងថា​តើលទ្ធផលនឹង​ទៅ​ជាយ៉ាង​ណានោះ​ទេ។

នៅថ្ងៃ​ចន្ទនេះ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ផ្តើម​ទស្សនកិច្ច​នៅសាធារណរដ្ឋ​ឆែក ហើយ​លោក​នឹង​បន្តទស្សនកិច្ច​នៅ​ប្រទេស​ហុងគ្រី និង​ប៊ុលហ្គារី ទៀត​ក្នុង​ក្រប​ខណ្ឌ័នៃ​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ប្រាំថ្ងៃ​នៅ​ទ្វីបអឺរ៉ុបនេះ។ មាន​ការ​វាយតម្លៃមួយ​ចំនួន​ថា​លោក​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​អាច​នឹង​ព្យាយាម​បញ្ចុះ​បញ្ចូល​ប្រទេស​សមាជិក​អឺរ៉ុប​មួយ​ចំនួន​ដើម្បី​ផល​ប្រយោជន៍ EBA ផងដែរ៕

 

ប្រភព៖ VOA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...