20
វិច្ឆិកា

អ្នកជំនាញ​វិស័យ​សិទ្ធិ​ការងារ​ និង​ក្រុម​មេដឹកនាំ​សហជីព​ គាំទ្រ​របាយការណ៍​វាយតម្លៃ​បឋម​ឈាន​ទៅ​សម្រេច​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ របស់​សហភាព​អឺរ៉ុប​

អ្នកជំនាញ​ខាង​វិស័យ​សិទ្ធិ​ការងារ និង​ក្រុម​មេដឹកនាំ​សហជីព​ គាំទ្រ​របាយការណ៍​វាយតម្លៃ​បឋម​ ឈាន​ទៅ​សម្រេច​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប ដែល​បាន​ដាក់ឲ្យ​របប​លោក​ ហ៊ុន​ សែន​ ឆ្លើយតប​យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃ​ទី១២ ខែ​ធ្នូ ចុង​ឆ្នាំ​នេះ។ ពួកគេ​ចង់​ឃើញ​របប​ក្រុងភ្នំពេញ​ កែប្រែ​បញ្ហា​ប្រឈម​ចម្បងៗ មួយចំនួន​ ជាពិសេស​ទាក់ទង​នឹង​ការ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​ទាំងអស់​ប្រឆាំង​នឹង​មេៗ ​សហជីព​ និង​សកម្មជន​សហជីព​មូលដ្ឋាន​ ព្រមទាំង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​សហជីព​ ដើម្បី​ធានា​និរន្ត​ភាព​នៃ​ការគោរព​ និង​ការអនុវត្ត​ដោយ​មិន​លម្អៀង​​ចំពោះ​សិទ្ធិ​ការងារ​ និង​សិទ្ធិ​កម្មករ​និយោជិត​នៅ​កម្ពុជា​ជា​លក្ខណៈ​យូរ​អង្វែង។

អ្នកជំនាញ​ខាង​សិទ្ធិ​ការងារ និង​ក្រុម​មេ​ដឹក​នាំ​សហជីព ចង់​ឃើញ​រដ្ឋា​ភិ​បា​លប្រ​ញ៉ាប់​ងាក​មក​កែ​លម្អ​ស្ថានភាព​អវិជ្ជមាន​ទាំងនេះ​ ក្នុង​បំណង​ធ្វើ​យ៉ាង​ណា​បញ្ចៀស​សហភាព​អឺរ៉ុប​ពី​ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «គ្រប់​មុខ​ទំនិញ​ទាំង​អស់​លើក​លែង​តែ​អាវុធ» ហៅ​កាត់​ថា EBA ដែល​ផ្តល់​អត្ថ​ប្រយោជន៍​យ៉ាងច្រើន​លើសលប់​ដល់​កម្មករ​និយោជិត​ក្នុង​វិស័យ​កាត់ដេរ និងស្បែកជើង​​នៅ​កម្ពុជា​ដែល​មាន​ចំនួន​​ជាង​ ៨សែន​នាក់​ និង​សេដ្ឋកិច្ច​របស់​កម្ពុជា​ទាំងមូល​នោះ។ ការ​លើក​ឡើង​នេះ កើតមានឡើង​ស្រប​ពេល​គណៈ​កម្មា​ការ​អឺរ៉ុប​ទុក​រយៈពេល១ខែ​ គិត​ចាប់ពី​ថ្ងៃទី១២​ វិច្ឆិកា​ ឲ្យ​របប​ក្រុងភ្នំពេញ​ឆ្លើយតប​ជា​ផ្លូវការ​ចំពោះ​របាយការណ៍​វាយតម្លៃ​បឋម​របស់​ខ្លួន​ មុននឹង​ឈាន​ទៅ​សម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ ពី​កម្ពុជា​ ដែល​រក​ឃើញថា​ ក្រោម​ការដឹកនាំ​របស់​លោក​ ហ៊ុន​ សែន​ មាន​ករណី​រំលោភ​ជា​ប្រព័ន្ធ​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​សិទ្ធិ​សំ​ខាន់​ៗចំនួន​ ៥ រួមមាន​សិទ្ធិ​នយោបាយ​ សិទ្ធិពល​រដ្ឋ​ សិទ្ធិ​ដីធ្លី​ សិទ្ធិ​សង្គម​ និង​វប្បធម៌​នោះ​ ខណៈ​មានការ​វិវត្តន៍​ ឬកែ​លម្អ​តិចតួច​ខាង​ផ្នែក​សិទ្ធិ​ការងារ។

នាយក​អង្គការ​សម្ព័ន្ធភាព​ការងារ​ និង​សិទ្ធិមនុស្ស​ ហៅ​កាត់​ថា​ សង់​ត្រា​ល់​ លោក​ មឿន​ តុលា​ ប្រាប់​អាស៊ី​សេរី​កាលពី​ថ្ងៃទី១៩​ វិច្ឆិកា​ ថា​ គិត​ចាប់ពី​ថ្ងៃ​ដែល​គណៈ​កម្មា​ការ​អឺរ៉ុប​ ដាក់​របាយការណ៍​វាយតម្លៃ​បឋម​របស់​ខ្លួន​ដល់​រដ្ឋាភិបាល​រហូត​មកទល់​ពេលនេះ​ លោក​នៅ​ពុំ​ទាន់​រដ្ឋាភិបាល​ ចាត់​វិធានការណ៍​ជាក់លាក់​ណាមួយ​ក្នុង​ការ​កែ​លម្អ​គួរឲ្យ​ទុកចិត្ត​បាន​ទៅលើ​ភាព​អវិជ្ជមាន​ និង​បញ្ហា​ប្រឈម​នានា​ ដែល​កំពុង​ប៉ះពាល់​ដល់​ការគោរព​ និង​ការអនុវត្ត​សិទ្ធិ​ការងារ​ឲ្យ​ស្របតាម​បទដ្ឋាន​អន្តរជាតិ​នៅឡើយ​ទេ៖ «បើ​យើង​មើល​ឲ្យ​មាន​ការ​កែប្រែ​ ឬកែ​លម្អ​ជា​ដំ​កំភួន​ បើ​យើង​មើល​ត្រឹម​ថ្ងៃ​ទី១១​ ខែ១១ នេះ​ វា​ខ្លី​ពេក។ ប៉ុន្តែ​បើសិនជា​យើង​មើល​តាំងពី​សហភាព​អឺរ៉ុប​ប្រកាស​តាំង​ពី​ប៉ុន្មនា​ខែមុន​នោះ​ ហើយ​បន្ទាប់មក​គេ​បញ្ជូន​គណៈប្រតិភូ​ស្វែងរក​ការ​ពិត ។ល។ គឺ​យើង​ឃើញ​ អត់​មាន​ការ​វិវត្ត​ណាមួយ​គួរឲ្យ​ជឿ​ទុក​ចិត្ត​បាន​នោះ​ទេ។ ដូច​សហភាព​អឺរ៉ុប​គេ​ប្រកាស​ចឹង​ថា អត់​ឃើញ​មាន​ការ​កែ​លម្អ​គួរឲ្យ​ទុក​ចិត្ត​បាន​នោះ​ទេ។ អ៊ីចឹង​ហើយ​បាន​ជា​គេ​ដាក់​ក្នុង​របាយការណ៍​ ហើយ​នៅពេល​គេ​បញ្ជូន​របាយការណ៍​មក​ហ្នុង​ យើង​អត់​ទាន់​ឃើញ​មាន​ជាសកម្ម​ភាព​ណាមួយ​ ជា​វិធានការ​ណា​មួយ ដើម្បី​កែ​សម្រួល​ស្រប​តាម​អ្វី ដែល​សហភាព​អឺរ៉ុប​បាន​លើក​ឡើង​នោះ​ទេ»

លោក​ មឿន​ តុលា​ បន្ត​ថា បញ្ហា​សំខាន់ៗ ចំនួន​បី​ ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ​ ដែល​រដ្ឋាភិបាល​គួរ​ពិនិត្យមើល​ ហើយ​កែប្រែ​ជាបន្ទាន់​នោះ​ រួមមាន​ការលុបចោល​ ឬការ​ធ្វើ​វិសោធនកម្ម​ទៅលើ​ច្បាប់​ស្តី​ពី​សហជីព​ ត្រង់​មាត្រា​ ឬជំពូក​ទាំងឡាយ​ណា​ ដែល​មាន​លក្ខណៈ​រឹតត្បិត​សេរីភាព​សហជីព​ និង​កម្មករ​និយោជិត​ ការ​ទម្លាក់​ចោល​បទ​ចោទ​ទាំងអស់​ប្រឆាំង​នឹង​មេៗ​សហជីព​ និង​មន្ត្រី​សហជីព​​តាម​មូលដ្ឋាន​នៅ​ទូទាំង​ប្រទេស​ ព្រមទាំង​ការ​លប់​ចោលការ​អនុវត្ត​កិច្ចសន្យា​ការងារ​រយៈពេល​ខ្លី​ ដែល​ប៉ះពាល់​ដល់​សិទ្ធិ​ក្នុង​ការបង្កើត​សហជីព​ និង​សិទ្ធិ​ក្នុង​ការចរចា​សមូហភាព​ ឬការ​ចុះ​អនុសញ្ញា​រួម​ជាដើម​នោះ​។ លោក​ថា​ ប្រសិនបើ​រដ្ឋាភិបាល​ ជាពិសេស​ក្រសួងការងារ​ ពិតជា​មាន​ឆន្ទៈ​ពិតប្រាកដ​ នោះ​ការងារ​កែ​លម្អ​ស្ថានភាព​សិទ្ធិ​ការងារ​ទាំង​នេះ ពិត​ជា​អាច​ធ្វើ​ទៅ​បាន​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ៖ «កន្លង​មក​ទាំង​សហជីព​ក្នុង​ស្រុក​ សហជីព​អន្តរជាតិ​ ក៏​ដូច​ជា​អង្គការ​អន្តរជាតិ​ខាង​ការងារ​ គឺ​គេ​ក៏​បាន​ដាក់​សំណើ​រួម​គ្នា​ហើយៗ ដើម្បី​ដាក់​ទៅ​រដ្ឋាភិបាល​ ដើម្បី​ថា​ឲ្យ​លុប​មាត្រា​ណា​ មាត្រា​ណា​គួរ​កែ​យ៉ាង​ម៉េច​នោះ​ គឺ​គេ​បាន​ដាក់​រួច​អស់​ហើយ។ អ៊ីចឹង​ បើ​យក​តែ​សំណើ​ទាំង​អស់​នេះ​មក​ រួច​រុញ​ទៅ​ឲ្យ​សភា​ អនុម័ត​ទៅ​ ខ្ញុំ​គិតថា​ អាច​ធ្វើទាន់​ក្នុង​រយៈ​ពេល​មួយ​ខែ។ ទាំង​បី​ចំណុច​នេះ​ បើ​សិន​ជា​គាត់​មាន​ឆន្ទៈ​ ក្នុង​ការ​កែ​ប្រែ​ គាត់​អាច​កែ​បាន។ ក្រសួង​ការងារ​គួរតែ​មាន​លទ្ធភាព​ក្នុង​ការ​សម្រប​សម្រួល​ធ្វើឡើង​នេះ​ឲ្យបាន​លឿន»

ដោយឡែក​ចំពោះ​ប្រធាន​សហភាព​សហជីព​កម្ពុជា​ លោក​ រ៉ុង​ ឈុន​ វិញ​ លោក​គាំទ្រ​ការ​រក​ឃើញ​នៅក្នុង​របាយការណ៍​វាយតម្លៃ​បឋម​របស់​គណៈ​កម្មា​ការ​អឺរ៉ុប​ ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ​នេះ​ ដែល​​ចង់​ឃើញ​រដ្ឋាភិបាល​ទម្លាក់​ចោល​បទចោទប្រកាន់​ទាំងស្រុង​ចំ​ពោះ​មេៗ​សហជីព​ និង​មន្ត្រី​សហជីព​តាម​មូលដ្ឋាន​ទាំងអស់​ ការស៊ើបអង្កេត​ស្វែងរក​ឃាតក​ករណី​ឃាត​កម្ម​ធំៗ​លើ​មេ​សហជីព​​កាលពី​ពេល​អតីតកាល​ និង​ការ​ធ្វើ​វិសោធនកម្ម​ទៅលើ​ច្បាប់​ស្តី​ពី​សហជីព​ឆ្នាំ២០១៦ជាដើម៖ «ចំណុច​សំខាន់​ដែល​សហជីព​យើង​ចង់បាន​ គឺ​វិសោធនកម្ម​ទាក់ទង​ទៅ​នឹង​សេរីភាព​សហជីព​ ក៏ដូចជា​សកម្មភាព​សហជីព​ក្នុង​ការ​ការពារ​ សមាជិក​សមាជិកា​ររបស់​ខ្លួន​ ដូចជា​នៅ​មាត្រា​មួយចំនួន​ដែល​បាន​កំណត់​ថា​ នៅក្នុង​រោងចក្រ​មួយ​ដែល​សមាជិក​ក្រោម​ ៣០ភាគរយ​ យើង​មិន​អាច​មាន​សិទ្ធិ​ការពារ​សមាជិក​សមាជិកា​ររបស់​យើង​បានទេ​។ ករណី​ចុះបញ្ជី​ការ​ ក៏​មាន​បញ្ហា​ស្មុគ្រ​ស្មាញ​ក្នុង​ច្បាប់​ហ្នុង​ ករណី​ដែល​ធ្វើកូដកម្ម​បាតុកម្ម​ត្រូវ​ដើររក​សំឡេង​ឲ្យបាន៥០ភាគរយ​បូក​មួយ​។ នេះ​ជា​ចំណុច​ជាច្រើន​ ដែល​យើង​មើលឃើញ​វា​ប៉ះពាល់​ទៅ​នឹង​សេរីភាព​ របស់​សហជីព​ដែល​ត្រូវ​ធ្វើការងារ​ការពារ​កម្មករ​កម្មការិនី»

លោក រ៉ុង ឈុន សង្កត់​ធ្ងន់ៗ ថា ការ​ធ្លាក់​ចុះ​ករណី​ធ្វើ​កូដកម្ម ឬ​បាតុកម្ម​នា​រយៈ​ពេល​កន្លង​មក​នេះ​ មិន​មែន​មាន​ន័យ​ថា លក្ខខណ្ឌ​ការងារ​របស់​កម្មករ​កម្មការិនី​មាន​ភាពល្អ​ប្រសើរ​នោះ​ទេ។ តែ​ផ្ទុយ​ទៅ​វិញ លោក​ថា គឺ​ដោយ​សារ​តែ​មាន​ការ​រឹត​បណ្តឹង និង​ការ​ភ័យ​ខ្លាច ដែល​ធ្វើ​ឲ្យ​កម្មករ​និយោជិត​មិន​ហ៊ាន​ប្រើប្រាស់​សិទ្ធិ​របស់​ពួក​គេ ព្រោះ​ពួក​គេ​តែងតែ​រង​នូវ​ការ​បង្ក្រាប និង​ការ​រារាំង​ជា​បន្ត​បន្ទាប់​។

ក្រៅពី​បញ្ហា​នានា​ដែល​លោក​ មឿន​ តុលា​ និង​លោក​ រ៉ុង​ ឈុន​ លើក​ឡើង​នេះ​ សម្រាប់​លោក​ អាត់​ ធន់​ វិញ ដែល​ជា​ប្រធាន​សហភាព​ការងារ​កម្ពុជា​​ លោក​ចង់​ឃើញ​ឲ្យ​អាជ្ញាធរ​របប​លោក​ ហ៊ុន​ សែន​ អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹម​ត្រូវ​ ស្មើភាព​គ្នា​ និង​មិន​លម្អៀង​ ទៅលើ​សហជីព​ និយោជក​ និង​កម្មករ​និយោជិត​ដោយ​មិន​ប្រកាន់​និន្នាការ​របស់​ពួក​គេ​នោះ​ឡើយ៖ «វា​ជា​ការ​ពិត​ កន្លង​មក​យើង​តែង​តែ​ឃើញ​និយោជក​ ក៏​ដូច​ជា​មន្ត្រី​រដ្ឋាភិបាល​ប្តឹង​ថ្នាក់​ដឹក​នាំ​សហជីព​ ប៉ុន្តែ​យើង​មិន​ដែល​ឃើញ​ថៅកែ​ជាប់​គុក​ ឬក៏​សហជីព​ដែល​គាំទ្រ​ក្រុមហ៊ុន​អី​ជា​ដើម​ មាន​បញ្ហា​ទេ។ អ៊ីចឹង​ យើង​ក៏​ចង់​ឃើញ​ខាង​រដ្ឋាភិបាល​ត្រូវ​ធានា​ថា​ សេរីភាព​ និង​សិទ្ធិ​ ឲ្យ​ស្មើភាព​គ្នា​ កុំ​ឲ្យ​មាន​ភាព​អយុត្តិធម៌​នៅក្នុង​វិស័យ​ការងារ​ ក៏​ដូច​ជា​រឿង​ការ​កាត់​ក្តី​ផ្សេងៗ តាម​រយៈ​ប្រព័ន្ធ​យុត្តិធម៌​ហ្នុង។ ជាពិសេស កង​កម្លាំង​ប្រដាប់​អាវុធ​ និង​កង​កម្លាំង ដែល​មាន​សមត្ថកិច្ច​ រួម​ទាំង​មន្ត្រី​តុលាការ​ ត្រូវ​តែ​មាន​តម្លាភាព​ និង​ធ្វើ​ការ​កាត់​ក្តី​ឲ្យ​ស្រប​តាម​សុភនិច្ឆ័យ​ កុំ​ឲ្យ​លម្អៀង​ដោយសារ​ស្រឡញ់​ ដោយសារ​លុយ​ ដោយ​សារ​ខ្លាច​ និង​ដោយសារ​ផល​ប្រយោជន៍​នោះ»

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ លោក​ កុយ​ គួង​ ដើម្បី​សុំ​ការ​ពន្យល់​បន្ថែម​ជុំវិញ​ការ​លើក​ឡើង​ពី​ខាង​លើ​នេះ និង​របាយការណ៍​វាយ​តម្លៃ​បឋម​របស់​គណៈកម្មការ​អឺរ៉ុប​នេះ​ ក៏​ប៉ុន្តែ​ លោក​មិន​លើក​ទូរស័ព្ទ។ ក្រសួង​ការ​បរទេស​ធ្លាប់​​ចោទ​ថា​ របាយការណ៍​វាយ​តម្លៃ​បឋម​របស់​គណៈកម្មការ​អឺរ៉ុប ដែល​អាស៊ី​សេរី​យក​មក​ចុះផ្សាយ​នេះ​ ជា​ព័ត៌មាន​មិន​ពិត​ និង​មិន​ត្រឹម​ត្រូវ​​តាម​ខ្លឹមសារ​ដើម​ឡើយ​ ដែល​បង្កើត​នូវ​ក្តី​បារម្ភ​មិន​គួរ​មាន​ដល់​កម្មករ​រាប់​ម៉ឺន​នាក់​ និង​ធ្វើឲ្យ​មាន​ការ​ភាន់​ច្រឡំ។ ក៏​ប៉ុន្តែ​ ក្រោយពី​អាស៊ី​សេរី​បាន​ផ្សព្វផ្សាយ​ខ្លឹមសារ​មួយ​ចំនួន​នៃ​របាយការណ៍​​នេះ​ ក្រសួង​ការ​បរទេស​នៅ​មិន​ទាន់​មាន​ប្រតិកម្ម​តប​នៅ​ឡើយ​ទេ។ យ៉ាង​ណា​ក៏​ដោយ​ ប្រភព​ពី​មន្ត្រី​គណៈ​កម្មា​ការ​អឺរ៉ុប​ សុំ​មិន​បញ្ចេញ​ឈ្មោះ​ ធ្លាប់​ប្រាប់​អាស៊ី​សេរី​ ថា​ សហភាព​អឺរ៉ុប​នឹង​ផ្សព្វផ្សាយ​របាយការណ៍​ស្ថាពរ​របស់​ខ្លួន​ជា​ផ្លូវការ​នៅពេល​ឈាន​ទៅ​សម្រេច​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃ​ទី១២ ខែ​កុម្ភៈ ឆ្នាំ២០២០ ខាង​មុខ​នេះ។

ផ្អែក​តាម​របាយការណ៍​វាយតម្លៃ​បឋម​ របស់​គណៈ​កម្មា​ការ​អឺរ៉ុប​ដាក់​ឲ្យ​រដ្ឋាភិបាល​ជា​ផ្លូវ​ការ ​កាល​ពី​ថ្ងៃ​ទី១២​ វិច្ឆិកា​ ដើម្បី​បក​ស្រាយ​ មុន​នឹង​សហភាព​អឺរ៉ុប​សម្រេច​ឈាន​ទៅ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដ៏​មាន​ឥទ្ធិពល​របស់​ខ្លួន​ ដែល​អាស៊ី​សេរី​ទទួល​បាន​ផ្តាច់​មុខ​នោះ​ គណៈ​កម្មា​ការ​អឺរ៉ុប​ រក​ឃើញ​ថា​ ពាក់ព័ន្ធ​នឹង​វិស័យ​សិទ្ធិ​ការងារ​ ចំណាត់​ការ​នានា ​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​ឡើង​ចាប់​តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ២០១៩ មក​នោះ បើ​ទោះ​ជា​មាន​ករណី​កែ​លម្អ​មួយ​ចំនួន​ក៏​ដោយ​ ក៏​ប៉ុន្តែ​នៅ​តែ​មាន​ករណី​រំលោភ​បំពាន​ធ្ងន់ធ្ងរ​ ពិសេស​គឺ​ការ​មិនទាន់​បិទ​បញ្ចប់​សំណុំ​រឿង​រដ្ឋប្បវេណី​ និង​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​មេ​ដឹក​នាំ​សហជីព​ និង​ការ​បរាជ័យ​ក្នុង​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ ទៅ​លើ​ករណី​ឃាតកម្ម​លើ​មេ​ដឹក​នាំ​សហជីព​ ដូច​ដែល​បាន​ផ្តល់​អនុសាសន៍​ដោយ​អង្គការ​អន្តរជាតិ​ខាង​ការងារ ឬ ILO។ របាយការណ៍​សរសេរ​ថា មេ​ដឹក​នាំ​សហជីព​ សកម្មជន​ និង​កម្មករ​និយោជិត​នៅ​កម្ពុជា​មួយចំនួន​ បច្ចុប្បន្ន​កំពុងតែ​ប្រឈម​នឹង​បទ​ចោទ​ព្រហ​ទណ្ឌ​ធ្ងន់ធ្ងរ​ និង​បទ​ចោទ​រដ្ឋប្បវេណី​ ពាក់ព័ន្ធ​នឹង​ការ​ចូល​រួម​ធ្វើ​កូដកម្ម​កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ២០១៣ និង​បាតុកម្ម​កាល​ពី​ខែ​មករា ឆ្នាំ២០១៤ កន្លង​ទៅ។ របាយការណ៍​សរសេរ​បន្ត​ថា សំណុំ​រឿង​ទាំង​នេះ​ មិនមែន​ពាក់ព័ន្ធ​តែ​នឹង​មេ​ដឹក​នាំ​សហជីព​ថ្នាក់​ជាតិ ៦នាក់​ ដែល​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រើប្រាស់​អំពើ​ហិង្សា​ជុំវិញ​ការ​ធ្វើ​កូដកម្ម​កាល​ពី​ឆ្នាំ២០១៤ នោះ​ប៉ុណ្ណោះ​ទេ​ ក៏​ប៉ុន្តែ​ កម្មករ​និយោជិត​សហជីព​បាន​ឲ្យ​ដឹង​ថា​ មាន​សំណុំរឿង​សរុប​ ១៤០​ សំណុំ​រឿង​ក្នុង​វិវាទ​ការងារ​ ទាំង​បទ​ព្រហ្មទណ្ឌ​ រដ្ឋប្បវេណី​ និង​សំណុំរឿង​មិន​ទាន់​ដោះ​ស្រាយ​រួច​នៅ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។ ចំពោះ​ករណី​ឃាត​កម្ម​ធំៗ វិញ​ រួមមាន​ ករណី​លោក​ ជា​ វិជ្ជា​ លោក​ រស់​ សុវណ្ណា​រ៉េ​ត កាលពី​ឆ្នាំ២០០៤​ និង​លោក​ ហ៊ី​ វុទ្ធី​ កាលពី​ឆ្នាំ២០០៧​ របាយការណ៍​សរសេរ​ថា​ ការ​ស៊ើប​អង្កេត​បាន​ចាប់​ផ្តើម​ ១៥ឆ្នាំ​ក្រោយ​មក​ ក៏ប៉ុន្តែ​គ្មាន​សញ្ញាណ​បញ្ជាក់​ថា​សំណុំ​រឿង​ទាំង​នេះ​ត្រូវ​បាន​អាជ្ញាធរ​ដោះ​ស្រាយ​បញ្ចប់​នា​ពេល​ឆាប់​រហ័ស​ខាង​មុខ​នេះ​ទេ។

បន្ថែម​ពីលើ​នេះ​ របាយការណ៍​ ក៏​លើកឡើង​ដែរ​ថា​ ចំណាត់​ការ​នានា ចាំបាច់​ត្រូវ​ធ្វើ​ឡើង ដើម្បី​បន្ត​សើរើ​មើល​ឡើង​វិញ​នូវ​ច្បាប់​ស្តី​ពី​សហជីព​ ក្នុង​គោលដៅ​ដើម្បី​ធានា​ថា ច្បាប់​នេះ​អនុលោម​តាម​អនុសញ្ញា​លេខ៨៧​ និង​អនុសញ្ញា​លេខ៩៨​ របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ ILO។ របាយការណ៍​ចង់​ឃើញ​រដ្ឋាភិបាល​ កែ​សម្រួល​មាត្រា​ទាំង​ឡាយ​ណា​នៃ​ច្បាប់​នេះ​ ដើម្បី​ធានា​គោលដៅ​នៃ​ការ​ពង្រីក​លំហ​សិទ្ធិ​សេរីភាព​នៃ​ការ​ជួបជុំ​ ឬ​ប្រមូល​ផ្តុំ​ សម្រាប់​កម្មករ​និយោជិត​ ការ​ជួយ​សម្រួល​ដល់​ការ​ចុះ​បញ្ជី​សហជីព​ និង​លក្ខខណ្ឌ​តម្រូវ​ដើម្បី​ទទួល​បាន​ស្ថានភាព​ជា​អ្នក​តំណាង​លើសលុប​ និង​លើកកម្ពស់​សិទ្ធិ​ និង​តួនាទី​សហជីព​ភាគ​តិច។ របាយការណ៍​គូស​បញ្ជាក់​ថា​ គិត​ត្រឹម​ការ​ដាក់ចេញ​នូវ​ដំណើរការ​នីតិវិធី​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​បណ្តោះអាសន្ន​ រដ្ឋាភិបាល​បាន​បង្កើត​បន្ទុក​ និង​ភាព​ស្មុគស្មាញ​ ចំពោះ​ការ​ចុះ​បញ្ជី​សហជីព​ ដែល​ការ​អនុវត្ត​នេះ​មិន​ស្របតាម​អនុសញ្ញា​លេខ៨៧​ របស់​អង្គការ ILO។ របាយការណ៍​ក៏​កត់​សម្គាល់​ដែល​ថា មាន​កង្វះ​ខាត​ក្នុង​ការ​គាំពារ​ដល់​សិទ្ធិ​បង្កើត​សហជីព​របស់​គ្រូបង្រៀន​ និង​ការ​លំបាក​ជួបប្រទះ​ដោយ​អ្នកបម្រើ​​ការងារ​តាម​គ្រួសារ​ និង​កម្មករ​និយោជិត​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ​ក្នុង​ការបង្កើត​ ឬចូលរួមក្នុង​សហជីព​ ដែល​ធ្វើឲ្យ​ទន់ខ្សោយ​ដល់​សមត្ថភាព​ក្នុង​ការអនុវត្ត​សិទ្ធិ​របស់​ពួកគេ​។ របាយការណ៍​ថា​ ច្បាប់​ស្តី​ពី​សហជីព​នេះ​ មិនបាន​បើក​ចំហរ​ដល់​កម្មករ​និយោជិត​ទាំងអស់​ និង​មន្ត្រី​ឬរាជការ​ ចំពោះ​លទ្ធភាព​​ក្នុង​ការបង្កើត​ និង​ចូលរួម​ក្នុងកិច្ចការ​សហជីព​នោះ​ទេ​។ ក្រៅពី​បញ្ហា​ទាំងអស់​នេះ​ របាយការណ៍​ក៏បាន​លើ​ឡើង​ពី​ការអនុវត្ត​កិច្ចសន្យា​ការងារ​រយៈ​ពេល​ខ្លី​ ដែល​មិន​លើក​ទឹក​ចិត្ត​ឲ្យ​កម្មករ​និយោជិត អាច​ចូលរួម​បង្កើត​សហជីព​ និង​ចូល​រួម​ក្នុង​សកម្មភាព​សហជីព​ ព្រម​ទាំង​​ធ្វើ​ទន់​ខ្សោយ​ដល់​ដំណើរ​ការ​​ការងារ​ចរចា ឬ​ចុះ​អនុសញ្ញា​រួម​ ព្រម​ទាំង​ការ​មិន​លើក​ទឹក​ចិត្ត​ឲ្យ​មាន​សកម្មភាព​ធ្វើ​កូដកម្ម​ជា​ដើម៕

ប្រភព៖ វិទ្យុអាស៊ីសេរី

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...