18
ធ្នូ

បុគ្គលិក​ក្រុមហ៊ុន ណាហ្គា វើលដ៍ កំណត់​ថ្ងៃ​ធ្វើ​បាតុកម្ម​នៅ​ដើម​ខែ​មករា

បុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៍ (Naga World) គ្រោងធ្វើបាតុកម្មនៅដើមខែមករា ឆ្នាំ២០២០ ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​កាស៊ីណូ​ដ៏​ធំ​មួយ​នេះ ទទួលយកប្រធាន​សហជីព​ម្នាក់ ឱ្យ​ចូល​ធ្វើ​ការ​វិញ និង​ដំឡើង​ប្រាក់​ឈ្នួលសមរម្យ​ដល់​បុគ្គលិក។ មន្ត្រីសង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិមនុស្ស និង សិទ្ធិ​ការងារ លើក​ឡើង​ថា ក្រុមហ៊ុន គួរ​តែ​បន្ទន់​ឥរិយាបថ​ដោះ​ស្រាយជាមួយបុគ្គលិក ដើម្បី បញ្ចៀស​​ផល​ប៉ះពាល់ទាំងសងខាង។

សហជីព និងបុគ្គលិកប្រចាំកាស៊ីណូ ណាហ្គា វើលដ៍ ប្រកាសរួមគ្នាថា ពួកគេ​នឹងចេញធ្វើបាតុកម្ម តវ៉ា​នៅ​មុខ​កាស៊ីណូ​មួយ​នេះ ចាប់​ពី​ថ្ងៃ​ទី៩ ខែមករា ឆ្នាំ២០២០ រហូត​ទាល់​តែ​មាន​ដំណោះ​ស្រាយ​​សមរម្យ។ ការសម្រេចជ្រើសរើសមធ្យោបាយ​ធ្វើ​បាតុកម្ម​នេះ គឺ​​បន្ទាប់​​ពី​​ពួក​​គេ បាន​​បោះ​​ឆ្នោត​​ស្ទង់​មតិ​​ស្រប​​តាម​​ច្បាប់​​រួចរាល់ និង​​​ក្រោយ​​ពី​​បាន​​ព្យាយាម​​ស្វែង​រក​ដំណោះ​​ស្រាយ​តាម​នីតិវិធី​ច្បាប់​​​គ្រប់​​​បែប​​​យ៉ាង​​ហើយ ប៉ុន្តែ​​នៅ​​តែ​​គ្មាន​ដំណោះ​ស្រាយ។

អនុប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន ណាហ្គា វើលដ៍ អ្នកស្រី ឈុន សុខា ប្រាប់អាស៊ីសេរីថា សហជីព​បានធ្វើលិខិតជូនដំណឹងទៅក្រុមហ៊ុន ក្រសួងការងារ និងអង្គការ ស៊ីវិល ព្រមទាំងភាគីពាក់ព័ន្ធផ្សេងទៀតរួចហើយ អំពីគម្រោងធ្វើបាតុកម្មនៅថ្ងៃទី៩ ខែមករា ខាង​មុខ​នោះ។ អ្នកស្រី​បញ្ជាក់ថា គិតចាប់ពីថ្ងៃជូនដំណឹងនេះ​ទៅ ក្រុមហ៊ុន​​មាន​ពេល ៣សប្តាហ៍ សម្រាប់​​ពិចារណា វិលមកចរចារដោះស្រាយគ្នាដោយសន្តិវិធី។ អនុប្រធានសហជីពរូបនេះ អះអាង​ថា បើក្រុមហ៊ុន​នៅតែព្រងើយកន្តើយ​ក្នុងការដោះស្រាយក្នុងរយៈនេះ គឺសហជីព និងបុគ្គលិក នឹង​អនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ខ្លួន​ក្នុង​ការ​តវ៉ា ទាល់​តែ​មាន​ដំណោះស្រាយ៖ «ប្រសិន​បើ​អំឡុង​ពេល​ដែល​យើង​រង់ចាំ​នេះ អត់​មាន​ដំណោះ​ស្រាយ​សមរម្យ​ណា​មួយ ដែល​អាច​ទទួល​យក​បាន​ទេ គឺ​នៅ​ថ្ងៃ​ទី៩ ខែ​មករា យើង​ចេញ​ធ្វើ​បាតុកម្ម​តែ​ម្តង»

គោល​បំណង​នៃការធ្វើបាតុកម្មខាង​មុខនេះ គឺ​បុគ្គលិក និង​សហជីព​ទាមទារ​ចំនួន ៦ចំណុច រួមមាន៖ ឱ្យ​​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ ទទួល​យក​ប្រធាន​សហជីព ​កញ្ញា ឈឹម ស៊ីថរ ចូល​ធ្វើ​​ការ​​វិញ​​ដោយ​​ឥត​លក្ខខណ្ឌ ​និង​​ទូទាត់ប្រាប់សំណង​ចាប់​តាំង​ពី​ថ្ងៃ​ក្រុមហ៊ុន​ព្យូរ​ការងារ, អនុញ្ញាត​​ឲ្យ​​កម្មករ​​ឈប់​​សម្រាក​​តាម​​គោល​ការណ៍​​ស្ម័គ្រ​​ចិត្ត និង​​ធ្វើការ​តាម​ការ​ស្ម័គ្រចិត្ត​នៅ​ថ្ងៃ​បុណ្យ​ជាតិ បញ្ឈប់​ប្រធានប្រតិបត្តិ​ការ​ផ្នែក​កាស៊ីណូ​ជា​ជនបរទេស​ម្នាក់​ ដែល​មាន​ចរិត​មិន​ល្អ។ ក្រុមហ៊ុន ត្រូវ​ដំឡើង​ប្រាក់ឈ្នួល​ឱ្យ​បាន ៣០០ ដុល្លារ​សម្រាប់​បុគ្គលិក​ផ្នែក​សណ្ឋាគារ​ និង ៥០០ដុល្លារ​ សម្រាប់​បុគ្គលិក​ផ្នែក​កាស៊ីណូ​ និង​ក្រុមហ៊ុន ត្រូវ​បង្កើត​បទ​បញ្ញត្តិ​កុំ​ឲ្យមានអំពើ​ហិង្សា និងការបៀតបៀន​ផ្លូវ​ភេទ​លើ​បុគ្គលិក​ស្ត្រី​នៅ​​កន្លែង​ការងារ ព្រម​ទាំង​​លក្ខខណ្ឌ​​មួយ​​ចំនួន​​ទៀត។

អាស៊ី​សេរី​ មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ លោក​ ហេង​ សួរ​ បាន​ទេ​ ដោយ​សារ​ទូរស័ព្ទចូល តែ​គ្មានអ្នក​ទទួល។

អ្នក​សម្របសម្រួល​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ​ និង​សិទ្ធិមនុស្ស​ហៅ​កាត់​ថា​ សង់ត្រាល់​ (CENTRAL) លោក​ ឃុន​ ថា​រ៉ូ​ សង្កេត​ឃើញ​ថា សហជីព និង​បុគ្គលិក បាន​ព្យាយាម​ធ្វើ​ត្រឹមត្រូវ តាម​ច្បាប់ល្អបំផុតក្នុងការស្វែងរកដំណោះស្រាយ។ លោក​បន្ត​ថា ប្រសិន​បើ​ក្រុមហ៊ុន​មាន​ឆន្ទៈ ដោះ​ស្រាយ​ប្រកប​ដោយ​ភាព​ស្មោះ​ត្រង់ នៅ​មុនថ្ងៃធ្វើបាតុកម្មមកដល់ គឺ​ជា​រឿង​ល្អ​ប្រសើរ ដើម្បី បញ្ចៀស​​ផល​ប៉ះពាល់​ទាំង​សង​ខាង៖ «ក្រុមហ៊ុន​ គួរ​តែ​ជួប​ជាមួយសហជីព តំណាងកម្មករនោះទេ ដើម្បី ស្វែងរក​ដំណោះស្រាយ និងការសម្បទានទៅវិញទៅមកក្នុងក្របខណ្ឌណាមួយ ទើប​ជា​ដំណោះ​ស្រាយដោយ​សន្តិវិធី។ ការ​បណ្តោយ​ឲ្យ​មាន​កូដកម្មបាតុកម្ម គឺនឹងជះឥទ្ធិពលខ្លាំងដល់សង្វាក់ ផលិតកម្មនិងសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ហើយក៏​កម្មករ​ក៏​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​របស់​គាត់​ដែរ។ ៣សប្តាហ៍ មុនថ្ងៃធ្វើបាតុកម្មនេះ​ ក្រុមហ៊ុនគួរតែពិចារណា​ចរចារ​ដោះ​ស្រាយ​បញ្ចៀស​បាតុកម្ម»

វិវាទ​ការងារក្នុងក្រុមហ៊ុន​កា​ស៊ី​ណូ ​ណា​ហ្គា វើលដ៍​ នេះ កើតឡើង​ចាប់​តាំង​ពី​យប់​ថ្ងៃ​ទី២០ ខែ​កញ្ញា បន្ទាប់​ពី​ក្រុមហ៊ុន​ព្យួរ​កា​រងា​រ ប្រធាន​សហជីព​ម្នាក់ គឺ​ក​ញ្ញា​ ឈឹម​ ស៊ីថរ ។ ការ​ព្យួរ​ការងារ​នេះ​ ដោយ សារ​តែ​ស្ត្រី​សហជីព​វ័យ​ក្មេង​រូប​នេះ​ បាន​តាម​សួរនាំ​ហេតុផល​រឿង​សន្តិសុខ​ក្រុមហ៊ុន​ ឆែក​កាបូប​បុគ្គលិក​ម្នាក់​ ហើយ​បាន​ឃើញ​ និង​បាន​ដកហូត​អាវយឺត​ដែល​មាន​សរសេរ​ថា​ «ក្រុមហ៊ុន​រីកចម្រើន​ បុគ្គលិក​ត្រូវការ​ប្រាក់ខែ​រស់នៅ​សមរម្យ​»។ ក្រុមហ៊ុន​ចោទ​កញ្ញា​ថា ជា​មេ​ក្លោង​នាំ​បុគ្គលិក​ពាក់អាវ​យឺត​ធ្វើ​យុទ្ធនាការ​ទាមទារ​ប្រាក់ឈ្នួល​។

ទោះយ៉ាងណាក្តី ក្រុមអង្គការ សមាគម និងសហព័ន្ធសហជីពជាង២០ ដែលធ្វើការងារលើកកម្ពស់ សិទ្ធិមនុស្ស និងសិទ្ធិការងារ បានចេញសេចក្តីថ្លែងការណ៍ថា ការ​សម្រេច​ចិត្ត​របស់​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ ក្នុងការព្យួរការងារមេដឹកដាំសហជីពដ៏សកម្មម្នាក់នេះ ជារឿង​គ្មាន​មូលដ្ឋាន​ច្បាប់ និង​មិន​យុត្តិធម៌នោះទេ ។ សង្គម​​ស៊ីវិល​​ថា កញ្ញា ឈឹម ស៊ីថរ គ្រាន់​តែ​ប្រើប្រាស់​សិទ្ធិ​ជា​​មូលដ្ឋាន និង​ប្រកប ដោយវិជ្ជាជីវៈឯករាជ្យតំណាងឲ្យកម្មករជាង ៤ពាន់នាក់ ទាមទារ​ឱ្យ​មាន​លក្ខខណ្ឌការងារ​ល្អ​ប្រសើរ និង​ដំឡើង​ប្រាក់​ឈ្នួលសមរម្យសម្រាប់បុគ្គលិកណាហ្គាវើលដ៍។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ គាំទ្រ​ចំពោះ​ការ​បន្ត​សកម្មភាពទាមទាររបស់កម្មករ​នយោជិត ប្រកប​ដោយ​អហិង្សា និង​ប្រើប្រាស់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួកគេ ដែលធានាដោយច្បាប់ ដើម្បី​ធានា​ថា ក្រុមហ៊ុន ណាហ្គា វើលដ៍ ទទួល​យក​ប្រធានសហជីពចូលធ្វើការវិញ និងធានាលុបបំបាត់​ការ​រើសអើង​រាល់​ទម្រង់​ប្រឆាំង​សហជីព៕

ប្រភព៖ វិទ្យុអាស៊ីសេរី

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...