08
មករា

ម្ចាស់​សំណង់​អគារ​បាក់​រលំ​សម្លាប់​មនុស្ស​ត្រូវ​បាន​តុលាការ​ខេត្ត​កំពត​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ

មន្ត្រី​តុលាការ​ខេត្ត​កំពត ឱ្យ​ដឹង​ថា ម្ចាស់​សំណង​អគារ​ដែល​បាន​បាក់​រលំ​សម្លាប់​មនុស្ស​ជាច្រើន​នាក់​នៅ​ខេត្ត​​កែប​នោះ ត្រូវ​បាន​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​បណ្ដោះ​អាសន្ន ក្រោយ​ពី​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​មនុស្ស​ឃាត​​ដោយ​អចេតនា។

យ៉ាង​ហោច​ណាស់​មនុស្ស ៣៦​នាក់ បាន​ស្លាប់​ក្នុង​នោះ​មាន​កុមារ ៦​នាក់​ផង​ដែរ ហើយ​មនុស្ស ២៣​នាក់​ផ្សេង​ទៀត បាន​រង​របួស​ធ្ងន់​ស្រាល ក្រោយ​ពី​សំណង់​អគារ​កម្ពស់ ៧​ជាន់​ស្ថិត​នៅ​ក្រុង​កែប បាន​បាក់​រលំ​កាល​ពី​រសៀល​ថ្ងៃ​ទី​០៣ ខែ​មករា។

ម្ចាស់​សំណង់​អគារ​នេះ គឺ​លោក ឯក សារុន និងប្រពន្ធ​របស់​គាត់ អ្នកស្រី ឈីវ សុធី ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន ហើយ​បន្ទាប់​មក​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ខេត្ត​កំពត​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​មុន ដើម្បី​ចាត់ការ​តាម​នីតិវីធី​ច្បាប់។

អ្នកនាំពាក្យសាលាដំបូងខេត្តកំពត លោក ម៉ាន់ បូរេត ឱ្យវីអូឌីដឹងនៅថ្ងៃនេះថា ម្ចាស់​សំណង់​អគារ​ទាំង​ ២នាក់ប្តីប្រពន្ធ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​មនុស្ស​ឃាត និង​បង្ក​របួស​ស្នាម​ដោយ​អចេតនា ប៉ុន្តែ លោក​ថា ត្រូវ​បាន​សម្រេច​ឱ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន។

លោក ម៉ាន់ បូរេត មានប្រសាសន៍ថា៖ «មនុស្សហ្នឹងជាប់ចោទពីបទមនុស្សឃាតដោយអចេតនា និងបង្ករបួសដោយអចេតនា។ មនុស្សហ្នឹងជាប់ចោទអ៊ីចឹង​ហើយ​ទាំងពីរនាក់ប្តីប្រពន្ធហ្នឹង ហើយតុលាការគ្រាន់តែសម្រេចមិនឃុំខ្លួនតែប៉ុណ្ណឹងទេ។ មិនមែនរួចខ្លួនទេ»

លោក ម៉ាន់ បូរេត មិនអាចបញ្ជាក់ពីមូលហេតុនៃការសម្រេចដោះលែងឱ្យនៅក្រៅឃុំលើជនជាប់ចោទទាំង ២បាននោះទេ ដោ​យលោកថា ជាសេចក្តីសម្រេចរបស់ចៅក្រម។ យ៉ាងណា លោកថា ពួកគេមិនត្រូវបានអនុញ្ញាតឱ្យចាកចេញទៅក្រៅប្រទេស ហើ​​យត្រូវមកបង្ហាញខ្លួនតាមការកោះហៅរបស់តុលាការ។

នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា​ មើលឃើញថា ការអនុវត្តនីតិវិធីទៅលើម្ចាស់សំ​ណង់ដែលបានបាក់រលំនៅខេត្តកែប និងនៅក្រុងព្រះសីហនុ មានភាពខុសគ្នា។

លោក មឿន តុលា មានប្រសាសន៍ថា៖ «ការដែលមិនឃុំខ្លួនម្ចាស់សំណង់ហ្នឹង វាជារឿងមួយគួរឱ្យប្លែក។ ហាក់បីដូចជាមានភាពមិនប្រក្រតីនៅផ្នែកហ្នឹង។ បើសិនជាយើងមើលសំណង់នៅខេត្តព្រះសីហនុ ៧ជាន់ដូចគ្នា ស្លាប់មនុស្សដូចគ្នា តាមពិតចំនួនមនុស្ស[ស្លាប់]នៅកែបនេះច្រើនជាងផង។ ម្ចាស់សំណង់នៅនោះជាប់ពន្ធធនាគារ ដោយឡែកម្ចាស់សំណង់នៅនេះអត់ជាប់។ អាហ្នឹងវាធ្វើឱ្យមហាជនមានការងឿងឆ្ងល់»

លោក មឿន តុលា ស្នើឱ្យមានការស៊ើបអង្កេតដោ​យ​តម្លាភាព ដើម្បីរកអ្នកជាប់ពាក់ព័ន្ធយកទៅផ្តន្ទាទោសតាមច្បាប់ ដើម្បីរកយុត្តិធម៌ដល់ជនរងគ្រោះ ជាជាងទម្លាក់ការទទួលខុសត្រូវតែលើមេការសំណង់ដែលបានស្លាប់ក្នុងចំណោមជនរងគ្រោះដែលបានស្លាប់។

កាលពីខែមិថុនា​ឆ្នាំ​មុន អគារកម្ពស់ ៧​ជាន់​នៅក្រុងព្រះសីហនុ បានបាក់រលំសង្កត់មនុស្សស្លាប់ ២៨នាក់ និងរបួស ២៦​នាក់។ បន្ទាប់ពីនោះ រដ្ឋាភិបាលបានបង្កើតឱ្យមានគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់នៅទូទាំងប្រទេស ហើយសំណង់ខុសច្បាប់ មិនគោរពស្តង់ដាសុវត្ថិភាព ត្រូវបានរកឃើញ និងតម្រូវឱ្យរុះរើចេញជាបន្ទាន់។

នាយករងផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធអនុវត្តនីតិវិធីច្បាប់ដោយគ្មានការលើកលែងចំពោះជនជាប់ពាក់ព័ន្ធ និងអ្នកទទួលខុសត្រូវផ្សេងៗ ដើម្បីទុកជាគំរូល្អដល់អ្នកដទៃ និងកុំឱ្យហេតុការអាក្រក់បន្តកើតមានឡើងទៀត។

លោក អំ សំអាត និយាយ​ថា៖ «កាលណាបើសិនជាយើងគ្មានចំណាត់ការផ្លូវច្បាប់ គ្មានវិធានការដើម្បីទប់ស្កាត់ទេ​ ចឹងអ្នកដែលពាក់ព័ន្ធដទៃទៀតហ្នឹងគឺគាត់មិនសូវយកចិត្តទុកដាក់ទេ។ គាត់មិនសូវខ្វល់ពីរឿងសោដនាដកម្មអីទេ។ ចឹងវាអាចអាការដែលបាក់ ការរលំអគារហ្នឹង វានឹងមានតទៅទៀត ពីព្រោះយើងមិនបានអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់តាមស្តង់ដា​នៃអគារនីមួយៗ។ ចឹងប្រជាពលរដ្ឋអាចនឹងរងគ្រោះបន្តទៅទៀត»

ប្រភព៖ វីអូឌី

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...