13
មករា

ស្ត្រីជាប្រពន្ធពលករបារម្ភបញ្ហាបំណុលកាន់តែខ្លាំងក្រោយប្តីស្លាប់ពេលទៅធ្វើការងារនៅថៃ

ក្រុមគ្រួសារសពរបស់ពលករខ្មែរម្នាក់ដែលស្លាប់ដោយសារឆក់ខ្សែភ្លើងពេលទៅបំពេញការងារ និងរស់នៅក្នុង ប្រទេសថៃកាលពីចុងសប្តាហ៍មុន អំពាវនាវសុំឲ្យអាជ្ញាធរកម្ពុជា និងថៃ ជួយឧបត្ថម្ភ ព្រោះថា ទន្ទឹមនឹងការរងទុក្ខសោកបាត់បង់ប្តី បញ្ហាបំណុលកំពុងដាក់បន្ទុកថែមមួយកម្រិតទៀត។

អ្នកស្រី ឡាក់ ចាន់រី នៅភូមិព្រៃខ្លា ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ប្រាប់វីអូឌីថា កាលពីថ្ងៃទី១១ ខែមករានេះ ស្វាមីអ្នកស្រីឈ្មោះ ឌាង ព្រហ្ម ហៅ ខន បានស្លាប់ដោយសារឆក់ខ្សែភ្លើងពេលកំពុងស្នាក់នៅបន្ទប់ជួលមួយស្ថិតក្នុងស្រុកស៊ីរាឆា ខេត្តឈុនបុរី ប្រទេសថៃ។

អ្នកស្រី ឡាក់ ចាន់រី ឲ្យដឹងថា ក្រោយស្វាមីស្លាប់ភ្លាម អ្នកស្រីបានដឹកសពមកបូជានៅស្រុកកំណើតក្នុងខេត្តកំពង់ធំ ដោយពុំមានអាជ្ញាធរណាជួយមើលការខុសត្រូវ ឬឧបត្ថម្ភនោះទេ។

ស្រ្តីមេម៉ាយវ័យ២៩ឆ្នាំរូបនេះ រៀបរាប់ថា គ្រួសារអ្នកស្រីបានខ្ចីលុយពីធនាគារជាង១ម៉ឺនដុល្លារមកសង់ផ្ទះ ហើយអ្នកស្រី និងស្វាមីបានចំណាកស្រុកទៅធ្វើការងារនៅប្រទេសថៃរយៈពេល៦ឆ្នាំហើយ ដើម្បីរកលុយសងធនាគារវិញ។  អ្នកស្រីបញ្ជាក់ថា ដល់ពេលនេះប្តីស្លាប់ចោលទៀត ធ្វើឱ្យបន្ទុកកាន់តែធ្ងន់ធ្ងរ។​

អ្នកស្រីបន្ថែមថា៖ «ពេលអត់ពីគាត់ទៅ ខ្ញុំនឹងទៅសុំការងារគេធ្វើកន្លែងចាស់វិញនៅប្រទេសថៃ ដើម្បីយកមកដោះស្រាយសងបំណុសគេ។ ព្រោះខ្ញុំជំពាក់ច្រើនណាស់។ ហើយគាត់ទៅចោលខ្ញុំទៀត។ ខ្ញុំមិននឹកស្មានថា ខ្លួនខ្ញុំធ្លាក់ខ្លួនដល់ថ្នាក់នេះទេ។ ខ្ញុំសូមលើកម្រាមដៃដប់សុំឲ្យអាជ្ញាធរពាក់ព័ន្ធជួយដល់គ្រួសារខ្ញុំផង»។

អ្នកស្រី ឡាក់ ចាន់រី បញ្ជាក់ថា ក្រោយបុណ្យ៧ថ្ងៃរួចហើយ អ្នកស្រីនឹងធ្វើដំណើរទៅប្រទេសថៃវិញធ្វើការងារបន្ត ហើយទុកកូនម្នាក់ដែលរៀនដល់ថ្នាក់ទី៧ ឱ្យរស់នៅជាមួយសាច់ញាតិ។​

មន្ត្រី​កម្មវិធី​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក​នៃ​អង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា មាន​ប្រសាសន៍​ថា តាមផ្លូវច្បាប់នៅពេលដែលពលករមានគ្រោះថ្នាក់ការងារ ឬជួបឧបទ្ទវហេតុរហូតដល់ស្លាប់ គឺពលករទាំងនោះត្រូវទទួលបានសំណងផ្សេងៗពីអាជ្ញាធរថៃ ដូចជា សំណងសម្រាប់ក្រុមគ្រួសារ សំណងសម្រាប់រៀបចំបុណ្យសព និងថ្លៃដឹកជញ្ជូន ជាដើម។

មន្ត្រីកម្មវិធីការពារសិទ្ធិពលករចំណាកស្រុករូបនេះបន្តថា ប្រសិនអាជ្ញាធរថៃមិនបានដោះស្រាយជូនទេ គឺតំណាងស្ថានទូត និងតំណាងកុងស៊ុលកម្ពុជា ត្រូវតែជួយសម្របសម្រួលពលករទាំងនោះទទួលបានសំណងផ្សេងៗ និងយុត្តិធម៌សម្រាប់ពួកគេ។

លោកបន្ថែម៖ «ស្ថានទូតកម្ពុជាត្រូវតែចុះទៅសម្របសម្រួលកិច្ចការងារហ្នឹង ដោយជួយដឹកសពត្រឡប់មកធ្វើពិធីបុណ្យតាមប្រពៃណីរបស់ខ្មែរយើង។ ទី២ ត្រូវសម្របសម្រួលដាក់ពាក្យបណ្តឹង ធ្វើយ៉ាងម៉េចឲ្យពលករទាំងអស់ហ្នឹង ទទួលបានយុត្តិធម៌ទាំងសំណង និងទាំងការទទួលខុសត្រូវរបស់ថៅកែចំពោះការធ្វេសប្រហែសដែលបណ្តាលឱ្យពលករស្លាប់ជាដើមហ្នឹង»

លោក ឌី ថេហូយ៉ា ឲ្យដឹងទៀតថា តាមព័ត៌មានដែលទទួលបាន គឺពលករខ្មែរប្រមាណជា១០នាក់ដែលបម្រើការងារនៅប្រទេសថៃ បានជួបគ្រោះថ្នាក់ការងារស្លាប់ ហើយលោកថា ស្ថានទូតខ្មែរប្រចាំប្រទេសថៃមិនទាន់បានដើរតួនាទីល្អក្នុងការជួយសម្របសម្រួលដោះស្រាយនៅឡើយទេ។

វីអូឌី បានទាក់ទងតាមសារអេឡិចត្រូនិច សាកសួរទៅមន្ត្រីអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ និង ស្ថានទូតខ្មែរនៅក្នុងប្រទេសថៃ ប៉ុន្តែ មិនទាន់មានការឆ្លើយតបនោះទេ។​

របាយការណ៍របស់ក្រសួងការងារបញ្ជាក់ថា ពលករខ្មែរជាង ១លាន ១​សែន​នាក់​ហើយ កំពុងធ្វើការនៅប្រទេសថៃ ដោយចំនួននេះ ​ក្រសួង​មិន​បាន​បង្ហាញ​​ពីតួលេខនៃអ្នកដែលទៅ​ធ្វើការដោយខុសច្បាប់នោះទេ។ ចំណែកមន្ត្រីកម្មវិធីការពារសិទ្ធិពលករចំណាកស្រុក នៃអង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា ប៉ាន់ប្រមាណថា ចំនួនពលករធ្វើការងារនៅប្រទេសថៃ អាចមានច្រើនជាងតួលេខរបស់ក្រសួង៕

ប្រភព៖ VOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...