30
មីនា

កម្មករ​ជួសជុល​ប្រាសាទ​​នៅ​សៀមរាប​កាន់​តែ​ធ្លាក់​ខ្លួន​ក្រ​ ពេល​មន្ត្រី​កម្ពុជា​និង​បារាំង​បរាជ័យ​ដោះ​ស្រាយ​ជម្លោះ​ការងារ

ក្រុង​សៀមរាប — លោក ​ទុយ ក្តុង​ អាយុ​៣៩​ឆ្នាំ ​បាន​ដឹក​ប្រពន្ធ​របស់​គាត់​គឺ​អ្នកស្រី​ យន់​ ពី​ និង​កូន​ស្រី​ពៅ​របស់​លោក​តាម​ម៉ូតូ​កង់បី​ដែល​ផលិត​ដោយ​ជន​ជាតិ​ឥណ្ឌា ​ទៅ​កាន់​ទីរួម​ខេត្ត​សៀមរាប​ កាល​ពី​សប្តាហ៍​មុន។​ លោក​បាន​ឈប់​ម៉ូតូ​របស់​លោក​ នៅ​ខាង​ក្រៅ​វិទ្យាស្ថាន​បារាំង​ចុង​បូព៌ា​ប្រទេស ​(École française d’Extrême-Orient) ​ឬហៅ​កាត់​ថា ​EFEO។​ នៅ​ពី​ខាង​មុខ​វិទ្យាស្ថាន​នេះ​ អតីត​សហការី​របស់​លោក​ ទុយ ក្តុង​ ជា​ច្រើន​នាក់​ កំពុង​ត្រៀម​តវ៉ា។​

លោក​ ទុយ​ ក្តុង​ បាន​ជួយ​ជួស​ជុល​ប្រាសាទ​មេ​បុណ្យ​ខាង​លិច​ ស្ថិត​នៅក្នុង​ឧទ្យាន​ប្រាសាទ​បុរាណ​អង្គរ​រយៈ​ពេល​ពីរ​ឆ្នាំ ​និង​ប្រាំ​មួយ​ខែ។ លោក​ក៏​ជា​អតីត​កម្មករ​ដែល​បាន​ជួយ​ជួសជុល​ប្រាសាទ​បាពូន​ រយៈពេល​ពីរ​ឆ្នាំ​ផង​ដែរ។​

ប៉ុន្តែ​ វិវាទ​ដែល​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស​ ស្ថានទូត​បារាំង​ប្រចាំ​ទីក្រុង​ភ្នំពេញ​ និង​អាជ្ញាធរ​ជាតិ​អប្សរា​ ចំពោះ​បញ្ហា​ប្រាក់​ឈ្នួល ​និង​អត្ថ​ប្រយោជន៍​ជា​ច្រើន​ទៀត​នោះ ​បាន​ធ្វើ​ឲ្យ​កម្មករ​ចំនួន​ ១២៦​នាក់​ គ្មាន​ការងារ​ធ្វើ​ជិត​ពីរ​ឆ្នាំ​មក​ហើយ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ អាជ្ញាធរ​ជាតិ​អប្សរា​ បាន​ជួល​កម្មករ​ជា​ច្រើន​នាក់​ទៀត​ឲ្យ​មក​ធ្វើ​ការ ​ក្រោម​ការ​ចោទ​ប្រកាន់​ថា ​បាន​ទទួល​ប្រាក់​ឈ្នួល​ទាប។​

លោក​ ទុយ ក្តុង​ ដែល​ស្ថិត​ក្នុង​ចំណោម​កម្មករ​ទាំង​ ១២៦​នាក់​នោះ​ ថ្លែង​ប្រាប់ ​VOA​ នៅ​ផ្ទះ​របស់​លោក​ក្នុង​សង្កាត់​គោកចក ​ក្រុង​សៀមរាប​ថា លោក​នៅ​តែ​ទទូច​សុំ​ឲ្យ​វិទ្យាស្ថាន​បារាំង​ចុងបូព៌ា​ប្រទេស​ដាក់​លោក​ទៅ​កន្លែង​ធ្វើការ​ដើម​វិញ។​

លោក​មាន​ប្រសាសន៍​ថា៖​ «ខ្ញុំ​នៅ​តែ​ទទូច​អ៊ីចឹង។ នៅតែ​ទទូច​សុំ​ឲ្យ​គាត់​ជួយ​ឲ្យ​បាន​ធ្វើ​ការ​វិញ»។​

លោក​បាន​បន្ថែម​ថា ​ក្តី​សង្ឃឹម​ថា​ លោក​មិន​សូវ​មាន​សង្ឃឹម​ថា នឹង​ទទួល​បាន​ការងារ​មក​វិញ​នោះ​ទេ តែ​លោក​ថា ​ការ​តវ៉ា​នឹង​ធ្វើ​បន្ត​ទៅ​ទៀត ប្រសិន​បើ​គ្មាន​ដំណោះ​ស្រាយ។​

លោក​បញ្ជាក់​ថា៖​ «ខ្ញុំ​មិន​សូវ​សង្ឃឹម​ប៉ុន្មាន​ដែរ​ បាន​ជា​យើង​ចេះ​តែ​តាម​តវ៉ា​ក្រែង​លោ​វា​បាន​ចូល​ធ្វើ​វិញ»។​

លោក ទុយ​ ក្តុង​ ជាកម្មករម្នាក់ដែលរងប៉ះពាល់ដោយសារ​វិវាទការងារជាមួយសាលាបារាំងចុង​បូព៌ាប្រទេស នៅខេត្តសៀមរាបនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។​ (ហ៊ុល រស្មី/VOA Khmer)
លោក ទុយ​ ក្តុង​ ជាកម្មករម្នាក់ដែលរងប៉ះពាល់ដោយសារ​វិវាទការងារជាមួយសាលាបារាំងចុង​បូព៌ាប្រទេស នៅខេត្តសៀមរាបនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។​ (ហ៊ុល រស្មី/VOA Khmer)
អ្នកស្រី ​យន់​ ពី​ ភរិយារបស់​លោក​ទុយ​ ក្តុង​ អង្គុយលើអង្រឹង​ក្រោម​ផ្ទះគាត់​នៅសង្កាត់​គោក​ចក​ ក្រុងសៀមរាប​ ថ្ងៃទី​១៦ ខែមីនា​ ឆ្នាំ​ ២០២០។​ (ហ៊ុល រស្មី/VOA Khmer)
អ្នកស្រី ​យន់​ ពី​ ភរិយារបស់​លោក​ទុយ​ ក្តុង​ អង្គុយលើអង្រឹង​ក្រោម​ផ្ទះគាត់​នៅសង្កាត់​គោក​ចក​ ក្រុងសៀមរាប​ ថ្ងៃទី​១៦ ខែមីនា​ ឆ្នាំ​ ២០២០។​ (ហ៊ុល រស្មី/VOA Khmer)

សម្រាប់​លោក ​ទុយ ក្តុង​ ប្រសិន​បើ​លោក​បាន​ចូល​បម្រើ​ការងារ​វិញ​ អាច​មាន​ន័យ​ថា​ លោក​នឹង​អាច​មាន​លទ្ធភាព​សង​ប្រាក់​កម្ចី​ប្រចាំ​ខែ​ ដែល​លោក​បាន​ខ្ចី​សរុប​ចំនួន​ ៦៥០០​ដុល្លារ ​ពី​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ប្រាសាក់​ និង​ AMK​ ដើម្បី​សង់​ផ្ទះ​របស់​លោក​និង​ទិញ​ម៉ូតូ​កង់បី​ឥណ្ឌា។​

បញ្ហា​កាន់តែ​អាក្រក់​សម្រាប់ ​លោក ទុយ ក្តុង​ នៅ​ពេល​ភរិយា​របស់​លោក​គឺ​អ្នក​ស្រី ​យន់ ពី​ បាន​បាត់បង់​ការងារ​ពី​កន្លែង​ម៉ាស្សា​មួយ​ក្នុង​ខេត្ត​កំពង់ចាម​ ក្នុង​គ្រា​មាន​ការ​រាតត្បាត​នៃ​មេរោគ​កូរ៉ូណា​លើ​អ្នក​ទេសចរ​ ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​បិទ​កន្លែង​ម៉ាស្សា។​

«បើ​គេ​ចង់​យក​ ក៏​គេ​យក​ទៅ​ ព្រោះ​អី​ខ្ញុំ​អត់។ ខ្ញុំ​អស់​លទ្ធភាព​នឹង​ត្រូវ​រក​ហើយ​ ព្រោះ​ការងារ​ក៏​គេ​បិទ​អស់​ ហើយ។​ខ្ញុំ​ទៅ​ធ្វើ​អី​ បើ​ខាង​ម៉ាស្សា​ ខ្ញុំ​មាន​តែ​មុខ​របរ​ជំនាញ​ខាង​ម៉ាស្សា។ ដល់​ពេល​ម៉ាស្សា​គេបិទ​អស់​ចឹង​ទៅ​ ខ្ញុំ​ធ្វើ​ការ​អី?​ហើយ​ប្តី​រត់​អា​នេះ[កង់បី]​ក៏​រត់​វា​មិន​ដាច់»។​

នៅ​ពេល​ប្រពន្ធ​របស់​លោក​មិន​អាច​រក​ប្រាក់​ចំណូល​បាន​នោះ​ ការ​រក​បាន​ប្រាក់​របស់​លោក​ ទុយ ក្តុង ​ត្រឹម​បី​ទៅ​បួន​ម៉ឺនរៀល​ក្នុង​មួយ​ថ្ងៃ​ពី​ការរ​ត់​ម៉ូតូ​កង់បី​ប្រចាំ​ថ្ងៃ​ រឹត​តែ​ធ្វើ​ឲ្យ​គ្រួសារ​របស់​លោក​ពិបាក​សម្រាប់​ការ​ចំណាយ​ផ្សេងៗ។​

«ប៉ុន្មាន​ថ្ងៃ​ហ្នឹង​ អត់​រក​លុយ​បាន​ទេ​ ព្រោះ​ភ្ញៀវ​អត់​មាន​ហើយ​ អត់​មាន​booking​[កក់ទុក]​ឲ្យ​ទៀត…​ទៅ​រត់​មួយ​ព្រឹក​មិន​បាន​មួយ​ម៉ឺន​ផង​ អត់​មាន​ booking។​ [ចឹង]​ ខ្ញុំ​ខ្ជិល​ទៅ​រត់​ដោយ​អត់​មាន​ភ្ញៀវ»។​

ភាព​ចម្រូង​ចម្រាស​បាន​ធ្វើ​ឲ្យ​កម្មករ​ប្រាសាទ​ដែល​មាន​ជំនាញ ​ស្ថិត​ក្នុង​ស្ថានភាព​មិន​ប្រាកដ​ប្រជា​អស់​រយៈ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ។ ​ការណ៍​នេះ​បានធ្វើ​ឲ្យ​កម្មករ​ខ្លះ​ធ្លាក់​ក្នុង​បំណុល​ និង​ខ្លះ​ទៀត​បាត់​ឱកាស​ដែល​មាន​បន្តិច​បន្តួច​ ដើម្បី​ប្រើប្រាស់​ជំនាញ​របស់​ពួក​គេ​ ដែល​ជា​ជំនាញ​មាន​តម្លៃ​មួយ​ក្នុង​ការ​ជួស​ជុល​ប្រាង្គ​ប្រាសាទ​ពី​សម័យ​អង្គរ។​

គម្រោង​ជួសជុល​ប្រាសាទ​មេបុណ្យ​ខាង​លិច​ត្រូវ​បាន​ផ្តល់​មូលនិធិ​ដោយ​ស្ថានទូត​បារាំង ​ក្រោម​ការ​អនុវត្ត​របស់​សាលាបារាំង​ចុង​បូព៌ា​ប្រទេស ​ឬ​ហៅ​ម្យ៉ាង​ទៀត​ថា​វិទ្យាស្ថាន​បារាំង​ចុង​បូព៌ា​ប្រទេស ​ដោយ​មាន​កិច្ចសហ​ប្រតិបត្តិ​ការ​ជា​មួយ​អាជ្ញាធរ​ជាតិ​អប្សរា។​

ជា​ផ្នែក​មួយ​នៃ​ការ​ផ្តល់​ឲ្យ​កម្មករ​នូវ​អត្ថ​ប្រយោជន៍​ល្អ​ប្រសើរ​ជាង​មុន​នោះ​ សាលា​បារាំង​ចុង​បូព៌ា​ប្រទេស​ ឬ​ EFEO ​និង​សហជីព​តំណាង​កម្មករ​ បាន​ចរចា​ចុះ​អនុសញ្ញា​រួម​មួយ​ ដែល​ផ្តល់​អត្ថ​ប្រយោជន៍​ជា​ដុំ​កំភួន​ដល់​កម្មករ​ទាំង​នេះ។

យ៉ាង​ណា​ក៏​ដោយ​ បន្ទាប់​ពី​ EFEO​ និង​រដ្ឋាភិបាល​បារាំង​បាន​បញ្ឈប់​ផ្តល់​មូលនិធិ​ដល់​គម្រោង​នេះ​ក្នុង​ឆ្នាំ​ ២០១៨​នោះ​ EFEO​ បាន​ប្រគល់​គម្រោង​របស់​ខ្លួន​ទៅ​ឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា។​

អតីត​កម្មករ​ជួសជុល​ប្រាសាទ​និយាយ​ថា ស្ថាប័ន​រដ្ឋាភិបាល​កម្ពុជា​បាន​កាត់​បន្ថយ​កម្រិត​ប្រាក់​ខែ​ និង​បាន​បន្ថយ​អត្ថ​ប្រយោជន៍​ផ្សេង​ទៀត​ ដែល​ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​អនុសញ្ញា​រួម​នោះ​អាច​បាត់បង់​សុពលភាព។​

ប្រាសាទ​មេបុណ្យ​ខាងលិច​ ​ស្ថិតក្រោម​ការជួសជុល​ នៅសង្កាត់គោកចក​ ក្រុងសៀមរាប ថ្ងៃទី​ ១៦ ខែមីនា​ ឆ្នាំ​ ២០២០។ (ហ៊ុល រស្មី/VOA Khmer)
ប្រាសាទ​មេបុណ្យ​ខាងលិច​ ​ស្ថិតក្រោម​ការជួសជុល​ នៅសង្កាត់គោកចក​ ក្រុងសៀមរាប ថ្ងៃទី​ ១៦ ខែមីនា​ ឆ្នាំ​ ២០២០។ (ហ៊ុល រស្មី/VOA Khmer)

ចាប់​តាំង​ពី​ពេល​នោះ​មក​ កម្មករ​បាន​ខិតខំ​ជំរុញ​ឲ្យ​ភាគី​បារាំង​ និង​អាជ្ញាធរ​ជាតិ​អប្សរា​ស្វែង​រក​ដំណោះ​ស្រាយ​ ក្នុង​នោះ​រួម​មាន​ប្រាក់​សំណង​សម្រាប់​ការ​ខាត​បង់​ប្រាក់​ខែ​ រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ ​ដែល​ពួក​គេ​មិន​មាន​ការងារ​ធ្វើ។​

អាជ្ញាធរ​ជាតិ​អប្សរា​បាន​ថ្លែង​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ មួយ​ចុះ​ថ្ងៃ​ទី​១៥​ ខែ​មីនា​ ឆ្នាំ​២០២០​ ដោយ​បាន​និិយាយ​ការពារ​ថា ​កម្មករ​អាច​ត្រឡប់​មក​ធ្វើ​ការ​វិញ​ ប្រសិន​បើ​ពួក​គេ​ព្រម​ធ្វើ​តាម​លក្ខខណ្ឌ​ថ្មី​របស់​ស្ថាប័ន​រដ្ឋាភិបាល​ បើ​ទោះ​ជា​កិច្ចការ​នេះ​អាច​ធ្វើ​ទៅ​បាន​ តាម​ការ​ពិនិត្យ​ឡើង​វិញ​នូវ​លក្ខខណ្ឌ​របស់​គម្រោង​ក្តី។

លោក​ ឡុងកុសល ​អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​ បាន​ប្រាប់​ VOA ​តាម​ទូរស័ព្ទ​ថា​ជម្លោះ​បច្ចុប្បន្ន​ គឺ​ជា​ជម្លោះ​រវាង​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស ​និង​ស្ថានទូត​បារាំង​ និង​កម្មករ​ ហើយ​គ្មាន​ជាប់​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​ដែល​គ្រប់​គ្រង​ប្រាសាទ​នោះ​ទេ។​

«នេះ​មិនមែន​ជាកាតព្វ​កិច្ច​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ទេ។ ​គាត់​គួរតែ​បញ្ចប់​ការងារ​នេះ​ ការទាម​ទារ​នេះ​ ជាមួយ​នឹង​អាជ្ញាធរ​ជាតិ​អប្សរា។​ អាជ្ញាធរ​ជាតិ​អប្សរា​អត់​មាន​កាតព្វ​កិច្ច​ ត្រូវ​បំពេញ​ជាមួយ​គាត់​ទេ។ អ្នក​ត្រូវ​បំពេញ​កាតព្វ​កិច្ច​ជាមួយ​គាត់​គឺ​ភាគី​ដែល​បាន​ព្រម​ព្រៀង​ដោយ​មាត់​ទទេ ​ជា​មួយ​គាត់»។

លោក​ ឡុង​ កុសល​ កំពុង​និយាយ​សំដៅ​ដល់​ការ​ព្រមព្រៀង​ដោយ​ពាក្យ​សម្តី​រវាង​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស​និង​កម្មករ ដើម្បី​បន្ត​គោល​ការណ៍​នៃ​អនុ​សញ្ញា​រួម​ ទោះបី​ថា​វា​បាន​អស់​សុពល​ភាព​នៅ​ឆ្នាំ​២០១៦​ក៏​ដោយ។​

លោក​បន្ថែម​ថា​ នៅ​ការដ្ឋាន​ជួសជុល​ប្រាសាទ​មេបុណ្យ​ខាង​លិច​ មាន​កម្មករ និង​អ្នក​ជំនាញ​គ្រប់គ្រាន់​រួច​ទៅ​ហើយ។​

«ក្នុង​ពេល​បច្ចុប្បន្ន​ កម្មករ​បំពេញ​កិច្ចការ​ងារ​នេះ ​គឺ​មាន​រួច​ស្រេច​ទៅ​ហើយ។​ អីចឹង​យើង​ពុំ​អាច​នឹង​ទទួល​គាត់​ឲ្យ​មក​បំពេញ​កិច្ចការ​ងារ​នេះ​បន្ថែម​នៅ​លើ​ការដ្ឋាន​ដែល​មាន​កម្មករ​ ដែល​មាន​អ្នក​ជំនាញ​គ្រប់​គ្រាន់​ ក្នុង​ការ​បំពេញ​ភារកិច្ច​ហ្នឹង​ទេ»។​

ទោះយ៉ាង​ណា​ មន្រ្តី​អាជ្ញាធរ​អប្សរា​រូប​នេះ​និយាយ​ថា ​អតីត​កម្មករ​នៅ​ប្រាសាទ​មេបុណ្យ​ខាង​លិច​អាច​ដាក់​ពាក្យ​សុំ​ចូល​បម្រើ​ការងារ​ឲ្យ​អាជ្ញាធរ​ជាតិ​អប្សរា​ ប្រសិន​បើ​មាន​ឱកាស​ការងារ​ថ្មី​នៅ​ពេល​ខាង​មុខ។​ លោក​ថា អាជ្ញាធរ​នឹង​មិន​ច្រាន​ចោល​ពាក្យ​សុំ​ធ្វើការ​របស់​ពួក​គាត់​ទេ។​

អតីត​កម្មករ​ដែល​ពេល​នេះ​មាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​និង​ព្រៃឈើ​កម្ពុជា (BWTUC)​ ជា​តំណាង​នោះ​ ​បាន​ដាក់​គោល​ដៅ​នៃ​ការ​តវ៉ា​របស់​ពួក​គេ​នៅ​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស​ និង​ដាក់​ញត្តិ​នៅ​ស្ថានទូត​បារាំង​ក្នុង​ទី​ក្រុង​ភ្នំពេញ។​

នៅ​ពេល​ធ្វើការ​តវ៉ា​កាលពី​សប្តាហ៍​មុន​នៅ​ខាង​មុខ​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស (EFEO)​ នា​ក្រុង​សៀមរាប​នោះ ក្រុម​អតីត​កម្មករ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ បាន​លើក​បដា​ ដែល​សរសេរ​ថា៖​ «យើង​អភិរក្ស​វប្បធម៌​ខ្មែរ​ សង​ការ​ងារ​យើង​វិញ​មក»។

អ្នកស្រី​ អុង​ សាន​ អាយុ​៤៧​ឆ្នាំ​ អតីតកម្មករ​មួយរូប​នៅ​ការដ្ឋាន​ជួសជុល​ប្រាសាទ​មេ​បុណ្យ​ខាង​លិចចូលរួមការតវ៉ា​នៅមុខ​ វិទ្យាស្ថានបារាំង​ចុង​បូព៌ាប្រទេស​ (EFEO)​ ​ ថ្ងៃទី១៦​ ខែមីនា​ ឆ្នាំ ២០២០។​ (ហ៊ុល​ រស្មី/VOA)​
អ្នកស្រី​ អុង​ សាន​ អាយុ​៤៧​ឆ្នាំ​ អតីតកម្មករ​មួយរូប​នៅ​ការដ្ឋាន​ជួសជុល​ប្រាសាទ​មេ​បុណ្យ​ខាង​លិចចូលរួមការតវ៉ា​នៅមុខ​ វិទ្យាស្ថានបារាំង​ចុង​បូព៌ាប្រទេស​ (EFEO)​ ​ ថ្ងៃទី១៦​ ខែមីនា​ ឆ្នាំ ២០២០។​ (ហ៊ុល​ រស្មី/VOA)​

អ្នកស្រី​ អ៊ុង​ សាន​ ដែល​រស់​នៅ​ក្នុង​សង្កាត់​គោកចក​ ក្រុង​សៀមរាប​ បាន​និយាយ​ថា ​ក្រុម​កម្មករ​រំពឹង​ថា​ ពួក​គេ​ត្រូវ​បាន​ផ្អាក​ពី​ការងារ​ក្នុង​រយៈពេល​ពីរ​បី​ខែ​ប៉ុណ្ណោះ ​ ខណៈ​គម្រោង​ជួសជុល​ប្រាសាទ​មេបុណ្យ​ខាង​លិច​ស្ថិត​ក្នុង​អន្តរកាល​នៃ​ការ​ផ្ទេរ​ឲ្យ​ទៅអាជ្ញាធរ​ជាតិ​អប្សរា។​ អ្នក​ស្រី​នៅ​បន្ត​រង់ចាំ​ការ​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ។​

«ចា៎​លំបាក!គ្រាន់​ ចិញ្ចឹម​កូន….​ចេះ​តែ​ចាំ​មើល​ផ្លូវ​ទេ​មិន​ហ៊ាន​ទៅ​រក​ការងារ​ឯ​ណា​ទេ។​ចុះ​ឃើញ​ថា​បញ្ឈប់​តែ​រយៈ​ពេល​មួយ​ខែ ទៅ​បី​ខែ​នោះ ចេះ​តែ​ផ្អាក​សិន​ ចេះ​តែ​រង់ចាំ​ទៅ​ណា៎»។​

សហការី​របស់​អ្នកស្រី​គឺ​លោក ​ឃុន ខន​ ជាជាង​ដាប់​ថ្ម​ និង​បាន​ជួយ​ការងារ​ជួសជុល​ប្រាសាទ​នៅ​ឯ​ប្រាសាទ​បាពួន​ដ៏​ល្បីល្បាញ​អស់​រយៈពេល​១៥​ឆ្នាំ​ មុន​ពេល​លោក​ចូល​រួម​ក្រុម​ជួសជុល​ប្រាសាទ​មេបុណ្យ​ខាង​លិច​នៅ​ឆ្នាំ​ ២០១២។

ដូច​នឹង​កម្មករ​ឯទៀត​ លោក ឃុន ខន​ មិន​មាន​អ្វី​ធ្វើ​ទេ ក្រៅពី​ការងារ​ចិញ្ចឹម​គោ​ និង​រើស​អេត​ចាយ​ដើម្បី​រក​ប្រាក់​តិចតួច​ ផ្គត់ផ្គង់​គ្រួសារ។​

លោក​បាន​និយាយ​នៅ​មុខ​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស​ថា៖​ «មាន​បាន​ទៅ​រក​អី​ណា​ទៀត​ នៅ​តែ​ផ្ទះ​ចិញ្ចឹម​តែ​គោ»។

លោក​ សួ ឆ្លួញ​ អនុ​ប្រធាន​ទីមួយ​នៃ​សហ​ព័ន្ធ​សហជីព​កម្មករ​សំណង់​ និង​ព្រៃ​ឈើ​កម្ពុជា​ (BWTUC)​បាន​និយាយ​ថា ​ការ​អត្ថាធិប្បាយ​របស់​លោក ​ឡុង កុសល ​ថា​កម្មករ​ទទួល​បាន​សំណង​ទាំងអស់​ ហើយ​ឈាន​ដល់​ការ​បញ្ចប់​ជម្លោះ​នោះ​ មិន​ត្រឹមត្រូវ​នោះ​ទេ។​

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ​អតីត​កម្មករ​នៅ​ប្រាសាទ​មេបុណ្យ​ខាង​លិច​ បាន​ទទួល​តែ​ប្រាក់​អតីត​ភាព​ការងារ​ និង​ប្រាក់​ឈ្នួល​សម្រាប់​ការងារ​ដែល​បាន​ធ្វើ​ប្រចាំ​ថ្ងៃ ​មុន​ពួក​គេ​ត្រូវ​បាន​បញ្ឈប់។ លោក​ថា​ ក្រុម​កម្មករ​មិន​ទាន់​ទទួល​បាន​ប្រាក់​សំណង​ពេញលេញ​សម្រាប់​ការ​បាត់បង់​ការងារ​ធ្វើ​រយៈពេល​ពីរ​ឆ្នាំ​នោះ​ទេ។​

លោក សួ​ ឆ្លួញ អនុ​ប្រធាន​ទីមួយនៃ​សហព័ន្ធសហជីព​កម្មករសំណង់​ និងព្រៃឈើ​កម្ពុជា (BWTUC) សួរមតិពីកម្មករ មុនទៅតវ៉ា​នៅមុខ​សាលាបារាំង​ចុង​បូព៌ាប្រទេស​ ថ្ងៃទី​ ១៦​ ខែមីនា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/VOA Khmer)
លោក សួ​ ឆ្លួញ អនុ​ប្រធាន​ទីមួយនៃ​សហព័ន្ធសហជីព​កម្មករសំណង់​ និងព្រៃឈើ​កម្ពុជា (BWTUC) សួរមតិពីកម្មករ មុនទៅតវ៉ា​នៅមុខ​សាលាបារាំង​ចុង​បូព៌ាប្រទេស​ ថ្ងៃទី​ ១៦​ ខែមីនា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/VOA Khmer)
លោក ឃុន​ ថារ៉ូ​ មន្ត្រី​សម្របសម្រួល​ការងារ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​ ​អង្គការ​សង់ត្រាល់​ ​(Central) ផ្តល់​បទសម្ភាសន៍​ជាមួយ​ VOA នៅមុខនៅមុខ​សាលាបារាំង​ចុង​បូព៌ាប្រទេស​ ថ្ងៃទី​ ១៦​ ខែមីនា​ ឆ្នាំ​២០២០។​ (ហ៊ុល រស្មី/VOA
លោក ឃុន​ ថារ៉ូ​ មន្ត្រី​សម្របសម្រួល​ការងារ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​ ​អង្គការ​សង់ត្រាល់​ ​(Central) ផ្តល់​បទសម្ភាសន៍​ជាមួយ​ VOA នៅមុខនៅមុខ​សាលាបារាំង​ចុង​បូព៌ាប្រទេស​ ថ្ងៃទី​ ១៦​ ខែមីនា​ ឆ្នាំ​២០២០។​ (ហ៊ុល រស្មី/VOA

តំណាង​កម្មករ​រូប​នេះ​លើក​ឡើង​បន្ថែម​ថា​ សហជីព​បាន​ផ្ញើ​លិខិត​ជា​ច្រើន​ដង​ទៅ​កាន់​ស្ថានទូត​បារាំង​ ហើយ​កម្មករ​កំពុង​ពិចារណា​ស្វែង​រក​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។​

«ពួក​គាត់​គឺ​ជា​កម្មករ​ដែល​ជំនាញ​ធ្វើ​ការ​ជាង​ ២០​ឆ្នាំ​មក​ហើយ​នៅ​ក្នុង​ការ​ជួសជុល​ប្រាសាទ​ពី​ប្រាសាទ​មួយ​ទៅ​ប្រាសាទ​មួយ​បាទ។​ អ៊ីចឹង​សូម​សម្តេច​ជួយ​ពួក​គាត់​ទាំង​អស់​គ្នា​ ដើម្បី​បាន​ចូល​ធ្វើ​ការ​វិញ​ផង»។​

លោក​ ឃុន ថារ៉ូ​ មន្ត្រី​សម្រប​សម្រួល​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​ ​អង្គការ​សង់ត្រាល់​ (Central) ​មាន​ប្រសាសន៍​ថា ​ក្រុម​អតីត​កម្មករ​នៅ​ប្រាសាទ​មេបុណ្យ​ខាង​លិច​សុទ្ធ​តែ​ជា​កម្មករ​មាន​ជំនាញ​ច្បាស់​លាស់​ ដូច​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​នៅ​ប្រាសាទ​បាពួន។ លោក​ថា​ អាជ្ញាធរ​គួរ​ឲ្យ​ពួក​គេ​ធ្វើការ​វិញ​ដើម្បី​ប្រើប្រាស់​ជំនាញ​របស់​ពួកគេ។​

«អ៊ីចឹង​បាន​ហើយ!យើង​អំពាវនាវ​ទៅ​ដល់​មិន​ថា​ខាង​ EFEO​ ទេ​ សូម្បី​តែ​រាជ​រដ្ឋាភិបាល​ក៏​ដូច​ជា​ស្ថានទូត​បារាំង​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ហ្នឹង​ ត្រូវ​គិត​ពិចារណា​ឡើង​វិញ​នៅ​ក្នុង​ការ​ផ្តល់​នូវ​មូលនិធិ​នៅ​ក្នុង​ការ​ជួសជុល​ប្រាសាទ​ ដើម្បី​ធានា​ថា​ កម្មករ​និយោជិត​ដែល​ជា​កម្មករ​ជំនាញ​នៅ​ក្នុង​ការ​ធ្វើការ​ជួសជុល​ប្រាសាទ​ហ្នឹង​ គាត់​អាច​ចូល​ធ្វើ​ការងារ​វិញ។គាត់​អាច​ទទួល​បាន​ការងារ​វិញ»។​

អ្នក​យក​ព័ត៌មាន​ VOA ​បាន​ធ្វើ​ដំណើរ​ទៅ​សាលា​បារាំង​ចុងបូព៌ា​ប្រទេស​នៅ​ក្នុង​ក្រុង​សៀមរាប​ចំនួន​ពីរ​លើក​ ប៉ុន្តែ​លោក Brice Vincent​ ប្រធាន​មជ្ឈមណ្ឌល ​EFEO​ បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​អំពី​ជម្លោះ​ជាមួយ​អតីត​កម្មករ​នៅ​ប្រាសាទ​មេបុណ្យ​ខាង​លិច​ទេ។ ​លោក​ថា​ លោក​ត្រូវ​មាន​ការ​អនុញ្ញាត​ពី​ថ្នាក់​លើ​របស់​លោក​ដើម្បី​ផ្តល់​ការ​អត្ថាធិប្បាយ​ដល់​បណ្តាញ​ព័ត៌មាន។​

«អ៊ីចឹង​អត់​ចង់​និយាយ​អំពីរឿង​នេះ​ជាមួយ​កាសែត​ឥឡូវ​ទេ»។​

នៅ​ឯ​ផ្ទះ​របស់​លោក​ ទុយ ក្តុង ​ក្នុង​សង្កាត់​គោក​ចក​ ក្រុង​សៀមរាប​ ប្រពន្ធ​របស់​លោក​ គឺ​អ្នកស្រី​ យន់ ពី ​ឥឡូវ​នេះ​បារម្ភ​អំពី​ការបាត់​បង់​ដីធ្លី ​ដែល​អាច​កើត​ឡើង​ ប្រសិន​បើពួក​គេ​មិន​អាច​សង​បំណុល​ប្រចាំ​ខែ​ទៅ​ឲ្យ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ចំនួន​ពីរ​នោះ។​

ដី​ទំហំ​តូច​មួយនិង​ផ្ទះ​ជញ្ជាំង​ស្លឹកត្នោត​ ហើយ​ដំបូល​ប្រក់​ស័ង្កសី ​គឺ​ជា​ទ្រព្យ​ដែល​ប្តី​ប្រពន្ធ​មួយ​គូ​នេះ​មាន​ ក្រៅពី​ម៉ូតូ​កង់បី​ឥណ្ឌា​នោះ។ ​អ្នកស្រី​ យន់ ពី​ បញ្ជាក់​ថា ការ​បាត់​បង់​ដីធ្លី​នឹង​ធ្វើ​ឲ្យ​គ្រួសារ​របស់​អ្នកស្រី​គ្មាន​អ្វី​នៅ​សេស​សល់​ទេ។​

«ចា៎​ប្រហែល​ជា​អាច​ ព្រោះ​អី​បើ​យើង​សុទ្ធ​តែ​បង់​គេ។ ​បើ​យើង​មិន​បង់​គេ​ មួយ​ខែ បើ​យើង​អត់​បង់​គេ​គេ​មាន​តែ​រឹបអូស​យក​ដី​ប៉ុណ្ណោះ​ឯង ព្រោះ​យើង​ដាក់​ប្លង់​ដី»៕

ប្រភព៖ VOA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...