រដ្ឋមន្ត្រីការងារ ស្នើជប៉ុនបង្កើនការទទួលពលករពីកម្ពុជាឲ្យបាន ១០ ម៉ឺននាក់
ភ្នំពេញៈ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានស្នើដល់ក្រុមហ៊ុនជប៉ុនឲ្យបង្កើនការទទួលពលករពីកម្ពុជាឱ្យបាន ១០ ម៉ឺននាក់ក្នុងពេលខាងមុខ ខណៈប្រទេសនេះមានគម្រោងជ្រើសរើសពលករជំនាញពីបរទេសលើផ្នែកថែទាំអគារសំណង់ប្រមាណ ៣ ម៉ឺននាក់។
ការលើកឡើងនេះបានធ្វើឡើងកាលពីម្សិលមិញនៅក្នុងជំនួបពិភាក្សាការងាររវាងលោក អ៊ិត សំហេង ជាមួយគណៈប្រតិភូនៃមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា (CIESF) និងសមាគមថែទាំអគារជប៉ុននាទីស្ដីការក្រសួងការងារ។ នេះបើតាមគេហទំព័រផ្លូវការរបស់ក្រសួងការងារ។
លោក ហ៊ីរ៉ូស្ស៊ី ហូរីហ្គូឈិ (Hiroshi HORIGUCHI) នាយកគ្រប់គ្រងសមាគមថែទាំអគារជប៉ុនបានថ្លែងក្នុងឱកាសនោះថា ការថែទាំអគារគឺជាកិច្ចការជំនាញចាំបាច់មួយនៅប្រទេសជប៉ុនក្នុងនោះមានទាំងការថែទាំអនាម័យបរិស្ថាន ការគ្រប់គ្រងគុណភាព សុវត្ថិភាព សោភណភាពសំណង់ និងកិច្ចការសម្អាតទាំងក្នុងអគារ និងបរិវេណជុំវិញអគារដែលមានការគាំទ្រ និងទទួលស្គាល់ពីក្រសួងសំណង់ និងរាជរដ្ឋាភិបាលជប៉ុនរហូតដល់មានការចេញច្បាប់ពិសេសមួយសម្រាប់ប្រទេសជប៉ុនផងដែរ។
លោក ហ៊ីរ៉ូស្សី ហូរីហ្គូឈិ បន្តថាមកដល់ពេលនេះសមាគមថែទាំអគារជប៉ុនរបស់លោកមានសមាជិកប្រមាណជាង ២៨០០ ក្រុមហ៊ុន និងមានបុគ្គលិកធ្វើការជាជនជាតិជប៉ុន និងពលករមកពីបរទេសប្រមាណ ១ ០០០ ០០០ នាក់។
លោកបន្ថែមទៀតថា៖ «ដោយសារប្រទេសជប៉ុនកំពុងពើបប្រទះនឹងបញ្ហាកំណើនមនុស្សចាស់កើនឡើងខ្ពស់ រីឯកម្លាំងពលកម្មពេញវ័យកំពុងមានកំណើនយឺតនោះបានធ្វើឱ្យប្រទេសប្រឈមនឹងកង្វះកម្លាំងពលកម្មក្នុងនោះការងារលើជំនាញថែទាំអគារនេះក៏អាចនឹងជួបបញ្ហាដូចគ្នាដែរ។ ដូច្នេះហើយបានជាសមាគមត្រូវការជ្រើសរើសកម្លាំងពលកម្មពីក្រៅប្រទេសយកទៅបំពេញការងារក្នុងប្រទេស»។
បើតាមការវាយតម្លៃរបស់សមាគម ជំនាញថែទាំអគារនេះ ជប៉ុនមានតម្រូវការកម្លាំងពលកម្មដល់ទៅប្រមាណ ៩០ ម៉ឺននាក់ក្នុងនោះគេត្រូវការកម្លាំងពលកម្មពីក្រៅប្រទេសប្រមាណ ៣ ម៉ឺននាក់។
លោក ហ៊ីរ៉ូស្សី បញ្ជាក់ទៀតថាកន្លងទៅសមាគមរបស់លោកបានជ្រើសរើសពលករជំនាញពីប្រទេសមីយ៉ាន់ម៉ា និងប្រទេសហ្វីលីពីន ប៉ុន្តែនៅឆ្នាំបន្ទាប់ទៅនេះសមាគមមានបំណងជ្រើសរើសពលករជំនាញពីប្រទេសកម្ពុជាវិញម្ដង។
លោក អ៊ិត សំហេង បានសម្ដែងការគាំទ្រយ៉ាងខ្លាំងដែលសមាគមមានបំណងជ្រើសរើសពលករជំនាញពីកម្ពុជា ខណៈលោកជំរុញបន្ថែមទៀតឲ្យមន្ត្រីកម្ពុជា និងជប៉ុនធ្វើការរួមគ្នាឱ្យបានជិតស្និទ្ធ និងសហការជាមួយក្រុមហ៊ុនភ្នាក់ងារបញ្ជូនពលកររបស់កម្ពុជា ដើម្បីប្រកាសជ្រើសរើស បណ្ដុះបណ្ដាលភាសាជប៉ុន និងជំនាញធ្វើការប្រឡងតេស្ត ដើម្បីបញ្ជូនពលករទៅធ្វើការនៅប្រទេសជប៉ុន។
លោកថា៖ «ចំពោះការងារជាក់ស្ដែងយ៉ាងណានោះសូមឱ្យសមាគមថែទាំអគារជប៉ុនសហការ និងពិភាក្សាជាមួយអគ្គនាយកដ្ឋានបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ និងអគ្គនាយកដ្ឋានការងាររបស់ក្រសួង និងក្រុមហ៊ុនជ្រើសរើសបណ្ដុះបណ្ដាល និងបញ្ជូនពលករបន្តទៀតហើយក្រសួងការងារនឹងទទួលស្គាល់ជាផ្លូវការតាមក្រោយ»។
បន្ថែមពីនេះលោក អ៊ិត សំហេង ក៏ស្នើដល់ភាគីជប៉ុនឲ្យបង្កើនការទទួលពលករពីកម្ពុជាឱ្យបាន ១០ ម៉ឺននាក់សម្រាប់រយៈពេលខាងមុខបន្តទៀត ពីព្រោះកម្ពុជាមានសក្ដានុពលយ៉ាងច្រើនដែលសមាគមក៏ដូចជាក្រុមហ៊ុននៅប្រទេសជប៉ុនអាចជ្រើសរើសកម្លាំងពលកម្មដែលមានប្រភពនៅក្នុងប្រទេសស្រាប់ និងប្រភពដែលត្រឡប់ពីក្រៅប្រទេស បន្ទាប់ពីពួកគេចប់កិច្ចសន្យាការងារ។
លោកណែនាំឲ្យសមាគមជប៉ុនអាចយកគ្រឹះស្ថានបណ្ដុះបណ្ដាលណាមួយរបស់ក្រសួងការងារដើម្បីរៀបចំការប្រឡងធ្វើតេស្តក្នុងនោះក្រសួងមានគ្រឹះស្ថានដែលបណ្ដុះបណ្ដាលជំនាញលើផ្នែកសំណង់ អគ្គិសនីរថយន្តចំនួន ៥ កន្លែង។ ក្រៅពីនេះសមាគមអាចសហការជាមួយក្រុមហ៊ុនជ្រើសរើសពលករនៅកម្ពុជា ដើម្បីដំណើរការការប្រឡងធ្វើតេស្តសមត្ថភាព។
តាមរបាយការណ៍របស់ក្រសួងការងារបានឲ្យដឹងថា បច្ចុប្បន្នកម្ពុជាបានបញ្ជូនកម្មសិក្សាការី និងពលករជំនាញទៅប្រទេសជប៉ុនប្រមាណជិត ១៥០០០ នាក់ដែលធ្វើការនៅក្នុងវិស័យកសិកម្ម នេសាទ សំណង់ កែច្នៃចំណីអាហារ កាត់ដេរ ថែទាំមនុស្សចាស់ គ្រឿងយន្ត លោហធាតុ និងវិស័យផ្សេងៗទៀត។
លោក ឌី ថេហូយ៉ា មន្ត្រីកម្មវិធីផ្នែកសិទ្ធិពលករចំណាកស្រុកនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារកម្ពុជាហៅកាត់សង់ត្រាល់បានលើកឡើងថា ក្នុងពេលនេះកម្ពុជាគួរត្រៀមខ្លួនឲ្យបានរួចស្រេចក្នុងការបណ្តុះបណ្តាលកម្លាំងពលករដែលមានជំនាញ ដើម្បីទទួលបានទីផ្សារការងារនៅក្រៅប្រទេស។ លោកបន្តថា កន្លងទៅពលករកម្ពុជាកម្រទទួលបានការងារដែលមានជំនាញច្បាស់លាស់ និងមានក្នុងមុខតំណែងខ្ពស់ណាស់ ព្រោះភាគច្រើននៃកម្លាំងពលកម្មទៅធ្វើការនៅក្រៅប្រទេសគឺធ្វើការដោយប្រើកម្លាំង ហើយត្រូវទទួលរងនូវការរំលោភបំពានទៀតផង។
លោកបញ្ជាក់ថា៖ «រដ្ឋាភិបាលគួរតែគិតគូរផ្តោតការរៀបចំការបង្កើននូវសាលាជំនាញដែលជាជម្រើសដល់ប្រជាពលរដ្ឋខ្មែរយើង ព្រោះបើប្រជាពលរដ្ឋ ឬកុមារមិនចង់រៀនទៅតាមប្រព័ន្ធអប់រំដោយឈប់រៀនត្រឹមថ្នាក់ទី ៩ គឺពួកគេអាចមានជម្រើសទៅរៀនសាលាបច្ចេកទេស និងផ្តល់ឋានៈស្មើដូចទៅនឹងអ្នករៀនចប់តាមប្រព័ន្ធអប់រំដែរ។ នេះគឺជាការផលិតធនធានមនុស្សដែលមានរយៈពេលវែង»។
ក្រៅពីនេះលោក ហូយ៉ា ក៏ចង់ឃើញក្រសួងមានវិធានការតឹងរ៉ឹងចំពោះក្រុមហ៊ុននាំពលករ និងមានវិធានការឲ្យបានល្អប្រសើរសម្រាប់ពលករខ្មែរដែលមានបំណងចង់ទៅបំពេញការងារនៅក្រៅប្រទេសផងដែរ ដើម្បីចៀសវាងការចាញ់បោក និងត្រូវបានគេរំលោភបំពានក្នុងរូបភាពណាមួយ៕
ប្រពភ៖ ភ្នំពេញប៉ុស្តិ៍
This post is also available in: អង់គ្លេស