28
មេសា

កម្ពុជា​​នឹង​​អនុញ្ញាត​​ពលករ​​ខ្មែរ​​ជាង​២០០​នាក់​​នៅ​​ម៉ាឡេស៊ី​​ត្រឡប់​​មក​​មាតុ​ប្រទេស​​វិញ​​

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល អះអាង​ថា រដ្ឋាភិបាល​បាន​ឯកភាព​ឱ្យ​ពលរដ្ឋខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ី ពិសេស​អ្នកជាប់ឃុំ​ដែល​ត្រូវ​បាន​ដោះលែង និងពលករ​នេសាទ​នៅ​ទីនោះ បាន​វិលត្រឡប់​មក​កម្ពុជា​វិញ នៅពេល​រក​ឃើញថា​ ពួក​គេ​គ្មាន​ផ្ទុក​ជំងឺ​កូ​វីដ១៩។

ការ​លើកឡើង​នេះ ដោយ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បញ្ជាក់​ថា ក្រោយពី​មាន​កិច្ចប្រជុំ​អន្តរក្រសួង​កាលពី​សប្តាហ៍​មុន ពាក់ព័ន្ធ​នឹង​បញ្ហា​ពលរដ្ឋខ្មែរ​ដែល​កំពុង​ជាប់​នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​មានបំណង​ចង់​ត្រឡប់​មក​កម្ពុជា​វិញ។

ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​ព្រឹក​នេះ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ លោក ​ម៉ម ប៊ុ​នហេង មានប្រសាសន៍​ថា​ ពលរដ្ឋខ្មែរ​ជាប់ឃុំ​ ឬអ្នកទោស ដែល​ត្រូវ​បាន​អាជ្ញាធរ​ម៉ាឡេស៊ី​ដោះលែង​វិញ​មាន​ចំនួន ៧៣នាក់ ហើយ​ពលករ​នេសាទ​ខ្មែរ​មាន​ចំនួន ១៤៩នាក់។ ដោយឡែក ​ពលរដ្ឋខ្មែរ ១៥០នាក់ ដែល​ខកខាន​ក្នុង​ការ​វិលត្រឡប់​មក​កម្ពុជា​កាលពី​ខែមីនា លោក​ថា ក៏​ស្ថិតនៅ​ក្នុង​កិច្ចពិភាក្សា​នោះ​ផង​ដែរ។

លោក​បន្ត​ថា បន្ទាប់ពី​មាន​កិច្ចប្រជុំ​អន្តរក្រសួង រាជរដ្ឋាភិបាល​បាន​ឯកភាព​ឱ្យ​ពលរដ្ឋខ្មែរ ដែល​មានបំណង​ត្រឡប់​មក​កម្ពុជា ពួក​គេ​នឹង​រៀបចំ​ឱ្យ​ត្រឡប់​មក​កម្ពុជា​វិញ​ផង​ដែរ ប៉ុន្តែ​ ត្រូវ​មាន​លក្ខខណ្ឌ​បញ្ជាក់​ថា ​ពួក​គេ​មិន​មាន​ជំងឺ​កូ​វីដ១៩ និង​ត្រូវ​រៀបចំ​ឱ្យ​នៅ​ដាច់ដោយឡែក​តាម​វិធាន​សុខាភិបាល​ពេល​មកដល់​កម្ពុជា​ជាដើម។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និងមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីការវិវត្ដន៍កូវីដ១៩ នៅទីស្ដីការក្រសួងសុខាភិបាល ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

លោក ម៉ម ប៊ុ​នហេង មានប្រសាសន៍​ថា៖ «ប៉ុន្តែ​ លក្ខខណ្ឌ​សំខាន់​បំផុត​គឺ សូម​ឱ្យ​ភាគី​ម៉ាឡេស៊ី ធ្វើ​ម៉េច​ធ្វើតេស្ត​កូ​វីដ១៩ ដល់​អ្នក​ទាំងនោះ។ ខ្ញុំ​និយាយ​អ្នក​ជាប់ទោស និង​ពលករ​នេសាទ ដែល​យើង​បាន​សុំ​ទេ​ណា។ ធ្វើតេស្ត​កូ​វីដ១៩ បើ​មិន​មាន​មេរោគ​វិជ្ជមាន​ទេ មិន​មាន​កូ​វីដ១៩ទេ ហ្នឹង​អាច​ឱ្យ​ពួក​គាត់​ត្រឡប់មកវិញ។ បើ​អ្នកមាន​មេរោគ​កូ​វីដ១៩ ត្រូវតែ​សម្រាក​ព្យាបាល​នៅ​ទីនោះ​ឱ្យ​ជា ដូច​យើង​បាន​ព្យាបាល​ប្រជាជន​ម៉ាឡេស៊ីនៅក្នុង​ប្រទេស​កម្ពុជា​របស់​យើង​ដែរ។ បន្ទាប់មក​ទៀត​ អ្នក​មកដល់​ យើង​ត្រូវ​ធ្វើ​ចត្តាឡីស័​កគាត់ ១៤ទៀត»។ 

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​ លោក កុយ គួង មានប្រសាសន៍​នៅ​ថ្ងៃនេះ​ថា ខាង​ក្រសួង​បាន​បញ្ជូន​សំ​ណើទៅ​មន្ត្រី​ស្ថានទូត​ខ្មែរ និង​អាជ្ញាធរ​ម៉ាឡេស៊ី​បន្ត ដើម្បី​ធ្វើការងារ​នេះ ប៉ុន្តែ​ ខាង​លោក​នៅ​មិនទាន់​ដឹងពី​លទ្ធផល​ការងារ​នោះ​ទេ ហើយ​មិនទាន់ដឹង​ថា ​ពលរដ្ឋខ្មែរ​មានបំណង​មក​កម្ពុជា​វិញ មាន​ប៉ុន្មាន​នាក់​ប្រាកដ​នៅឡើយ។

យ៉ាងនេះ​ក្តី ​លោក​ថា អាជ្ញាធរ​កម្ពុជា​បន្ត​តាមដាន​ពលរដ្ឋខ្មែរ​ទាំងនោះ ដោយ​សហការ​ជាមួយ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ជាប្រចាំ។

លោក​មានប្រសាសន៍​ថា៖ «ខ្ញុំ​សូម​បញ្ជាក់​អីចេះ ចំពោះ​ពលករ​នេសាទ ដែល​ថា​មាន​ចំនួន ១៤៩ហ្នឹង អាហ្នឹង​ភាគី​ខាង​ថៅកែ​ទូក​នេសាទ គេ​នឹង​ជួយ​រៀបចំ​ចេញ​សោហ៊ុយ​គាត់​ត្រឡប់មកវិញ។ ហើយ​អ្ន​កផ្សេង​ៗទៀត ខ្លះ​គាត់​អាច​ គាត់​អាច​ចេញ​សោហ៊ុយ​ដោយខ្លួន​គាត់។ ដោយឡែក ​អ្នក ៧៣នាក់ យើង​កំពុងធ្វើការ​ងារ​ជាមួយ​អាជ្ញាធរ​ម៉ា​ឡេ ដើម្បី​ឱ្យ​គាត់​បញ្ជូន​មកវិញ​អីចឹង​ទៅ»។ 

មន្ត្រី​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ ហៅ​កាត់​ថា សង់​ត្រា​ល់ (Central​) លោក ឃុន ថា​រ៉ូ ស្វាគមន៍​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល ដោយ​ថា ​កិច្ច​អន្តរាគមន៍​រវាង​រដ្ឋ​និង​រដ្ឋ​គឺ​មាន​សារសំខាន់។

លោក​មានប្រសាសន៍​បន្ត​ថា៖ «នៅក្នុង​លក្ខណៈ​បច្ចេកទេស​ផ្នែក​វេជ្ជ​សាស្ត្រ នៅក្នុង​ការ​ការពារ និង​ការ​បង្ការ​អាហ្នឹង គឺ​ត្រូវ​អនុវត្ត​ទៅតាម​កាតព្វកិច្ច​របស់​រដ្ឋ​នីមួយ​ៗហ្នឹងហើយ។ ហើយ​ពួក​គាត់​ជា​ពលករ​ចំណាកស្រុក អីចឹង​ហើយ​ យ៉ាងណាក៏ដោយ អាជ្ញាធរ​រដ្ឋ​នៅ​ម៉ាឡេស៊ី​ហ្នឹង​គាត់​ត្រូវ​មាន​កាតព្វកិច្ច​ក្នុង​ការអនុវត្ត​នូវ​ការ​គោ​ពសិ​ទ្ធិ​ជា​មូលដ្ឋាន​របស់​ពលករ​ចំណាកស្រុក​នៅក្នុង​ការ​ទទួល​បាន​នូវ​សេវា​ព្យាបាល។ អាហ្នឹង​វា​ត្រូវ​ទៅ​នឹងធម្មនុញ្ញ​របស់​អាស៊ាន សេចក្តី​ប្រកាស​ស្តី​ពី​សិទ្ធិមនុស្ស ហើយនិង​កិច្ច​គាំពារ​ពលករ​ចំណាកស្រុក​នៅក្នុង​ក្របខណ្ឌ​អាស៊ាន»។ 

បើ​តាម​មន្ត្រី​សង្គម​ស៊ីវិល​ដដែល ប៉ាន់ប្រមាណ​ថា ​ពលរដ្ឋ​ខែ្មរ ​ឬពលករ​ខ្មែរដែល​ទៅ​ធ្វើការងារ​នៅ​ប្រទេស​ម៉​ាឡេ​ស៊ី មាន​ប្រមាណ ៤ម៉ឺន​នាក់ ហើយ​ការងារ​ពួក​គេ​ធ្វើដូចជា ​វិស័យ​ឧស្សាហ​កម្ម សេវាកម្ម បម្រើ​តាម​ផ្ទះ កសិកម្ម និងនេសាទ ​ជាដើម។

គិត​មក​ត្រឹម​ថ្ងៃទី២៧ ខែមេសា​នេះ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ មាន​ចំនួន ១២២នាក់ ដោយ​ក្នុង​នោះ ​មាន​អ្នកជំងឺ ១១៩នាក់ ​ត្រូវ​បាន​ព្យាបាល​ឱ្យ​ជាសះស្បើយ នៅឡើយ​សល់ ៣នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​៕

ប្រភព៖ VOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...