13
ឧសភា

ពលរដ្ឋ​ខ្មែរ​មួយចំនួន មិនអាច​ចេញពី​ម៉ាឡេស៊ី ព្រោះ​គ្មាន​ប្រាក់​ធ្វើតេស្តរ​កកូ​វីដ​-១៩

ភ្នំពេញ​៖ ពលរដ្ឋ​ខ្មែរ​១៥០​នាក់ ដែល​ជាប់គាំង​នៅ​ម៉ាឡេស៊ី កំពុង​ខ្វះខាត​ហើយ​សុំ​ចែក​អាហារ​ពី​អ្នកដទៃ បានស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​និង​ស្ថាប័ន​ពាក់ព័ន្ធ ជួយ​ឲ្យ​ពួកគាត់ ឆាប់​ត្រឡប់មក​កម្ពុជា​វិញ​។ ពលរដ្ឋ​ខ្មែរ​ជាប់គាំង​នៅ​ម៉ាឡេស៊ី អះអាងថា គ្មាន​ប្រាក់ គ្មាន​ការងារ និង គ្មាន​លទ្ធភាព​បង់ថ្លៃ​ធ្វើតេស្តរ​កកូ​វីដ​-១៩ ដើម្បី​មក​កម្ពុជា​ឡើយ​។

 

​អ្នកស្រី សៀង គីម​អូន ជា​ពលរដ្ឋ​ខ្មែរ​ក្នុងចំណោម​១៥០​នាក់ ដែល​ត្រូវ​ផ្អាក​ជើងហោះហើរ កាលពី​ថ្ងៃទី​៧ ខែមេសា បាន​អះអាងថា រាល់ថ្ងៃនេះ អ្នកស្រី គ្មាន​ប្រាក់​ជាប់​ខ្លួន​ឡើយ រស់​ដោយសារ​អ្នកដទៃ​ម៉ាឡេស៊ី ចែក​អាហារ​ឲ្យ​ប៉ុណ្ណោះ​។
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​តាម​បណ្តាញ​ទំនាក់ទំនង WhatsApp អ្នកស្រី និយាយថា​៖«​ពួក​ខ្ញុំ ពិបាក​មែនទែន អត់លុយ​ថ្លៃ​ផ្ទះ​គេ​ផង អត់​មាន​បាយ​ហូប បាន​មិត្តភក្តិ​គេ​ឲ្យ ដូច​អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ពង​ទា មី ដែល​ខាង​ជនជាតិ​ម៉ា​ឡេ ដែល​យកប្រពន្ធ​ជា​ជនជាតិខ្មែរ យកមក​ឲ្យ​»​។

​ម្ដាយ​និង​កូន​របស់​អ្នកស្រី ក៏​នៅ​ជាមួយ​អ្នកស្រី ក្នុងប្រទេស​ម៉ាឡេស៊ី​ដែរ​។ អ្នកស្រី ប្រាប់ថា អ្នកស្រី​និង​ម្តាយ ត្រូវ​ជាប់គាំង​និង​គ្មាន​ការងារ​ជិត​១​សប្ដាហ៍​ហើយ​។ សព្វថ្ងៃ​អ្នកស្រី កំពុងស្នាក់នៅ​ក្នុងផ្ទះ​ជួយ​ជាមួយ​មិត្ត​ភ័ក្តិ ដែល​បានធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​មុន​អ្នកស្រី​។​


 អ្នកស្រី គីមអូននិងគ្រួសារ (រូបភាពទទួលបានពីអ្នកស្រីគីមអូន)

 

​អ្នកស្រី អះអាងថា ម​ន្រី្ត​ខាង​ស្ថានទូត​កម្ពុជា​ប្រចាំ​ម៉ាឡេស៊ី ប្រាប់​ឲ្យ​រង់ចាំ​សិន និង​ទារប្រាក់​ចំនួន​១៥០​ដុល្លារ សម្រាប់ធ្វើ​តេស្តរ​កកូ​វីដ​-១៩​។ អ្នកស្រី​ថ្លែងថា​៖«​អត់​និយាយ​អី​ទេ ឲ្យ​ពួក​ខ្ញុំ​ចាំ​សិនៗ ហើយ​និយាយថា ឲ្យ​ពួក​ខ្ញុំ​ទៅពិនិត្យ​សុខភាព យក​ម្នាក់​៦៥០ រីង​ហ្គី​ត (១៥០​ដុល្លារ​) ហើយ​បើ​ថា​រឿង​លុយ​គឺ​គ្មាន​មួយ​កាក់​មួយ​សេន​ក្នុង​ខ្លួន​តែម្តង បើ​ពិនិត្យ​យកលុយ​គឺ​ពួក​ខ្ញុំ​គ្មាន​លុយ​ឲ្យ​ទេ​»​។
​និយាយ​បណ្តើ​រយំ​បណ្តើរ អ្នកស្រី ស្នើ​ឲ្យ​អង្គការ​និង​រដ្ឋាភិបាល ជួយ​យក​ពួកគាត់​ត្រឡប់មកវិញ​កម្ពុជា​វិញ​ផង​។
​ចំណែក លោក ពូ ខូ​ល​រី ជា​អ្នក​ទេសចរ​ខ្មែរធ្វើដំណើរ​ទៅលេង​ម៉ាឡេស៊ី ដែល​ជាប់​ក្នុងចំណោម​១៥០​នាក់​ដែរនោះ និយាយថា ការមិន​បានមក​កម្ពុ​ជា​វិញ គឺ​ធ្វើ​ឲ្យ​លោក​ និង​ពលរដ្ឋ​ជាច្រើន​នាក់​ ដែល​នៅ​ម៉ាឡេស៊ី កំពុង​ជួប​ការខ្វះខាត និងគ្មាន​ស្បៀងអាហារ​គ្រប់គ្រាន់​។ លោក ខូ​ល​រី កំពុង​សុំ​ផ្ទះ​អ្នក​ស្គាល់​នៅ​ម៉ាឡេស៊ី​ស្នាក់នៅ ដោយ​រង់ចាំតែ​ថ្ងៃ​មក​កម្ពុជា​វិញ ព្រោះ​គ្មាន​ប្រាក់​។ លោក ក៏បាន​ទាក់ទង​ទៅ​ស្ថានទូត​កម្ពុជា​ប្រចាំ​ម៉ាឡេស៊ី​ដែរ ប៉ុន្តែ​ហាក់​គ្មាន​ព័ត៌មាន​ច្បាស់លាស់​ក្រៅពី​ការរង់ចាំ​។
«​ខ្ញុំ​បាន​ទាក់ទង​ទៅ (​ស្ថានទូត​ខ្មែរ​ប្រចាំ​ម៉ាឡេស៊ី​) ថា ត្រូវធ្វើ​តេស្ត​នៅ​កន្លែង​ណា? គាត់​ប្រាប់ថា ចាំ​គាត់​ទាក់ទង​រដ្ឋាភិបាល​ម៉ាឡេស៊ី​សិន! ជាង​១០​ថ្ងៃ​ហើយ ​គាត់​ឆ្លើយបាន​ត្រឹមតែ​ថា បាន​ទាក់ទង​ទៅខាង​ម៉ាឡេស៊ី​ហើយ ប៉ុន្តែ​គេ​មិនបាន​ឆ្លើយ​…​។ គាត់​ថា​ប្រទេស​គេ ​ទារ​ម្នាក់​១៥០​ដុល្លារ ធ្វើតេស្ត​ហ្នឹង (​កូ​វីដ​-១៩)។ យើង​អត់លុយ​ផង ទៅរក​១៥០​ដុល្លារ​នៅ​ណា​? គាត់​ឲ្យ​ពួក​ខ្ញុំ​អ្នកចេញ​ផ្ទាល់ ប៉ុន្តែ​ខ្ញុំ​ប្រាប់​ទៅ​គាត់​វិញ​ថា មិនមែន​រឿង​ពួក​ខ្ញុំ​ទេ រឿង​រាជរដ្ឋាភិបាល លុយ​រដ្ឋាភិបាល​គេ​ជួយ​គរគោក ម៉េច​ចេញ​មិនបាន។ ខ្ញុំប្រាប់​គាត់​ហើយ គាត់​មិន​ឆ្លើយ បានតែ​ចូល​មើល​ឆាត​ខ្ញុំ​»​។  នេះ​ជាការ​ត្អូញត្អែរ​របស់លោក ខូ​ល​រី ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ WhatsApp​។
​រីឯ អ្នកស្រី ម៉ាត់ តោ​សរី ដែល​ទៅធ្វើ​ការងារ​សំណង់​ជាមួយ​ប្ដី នៅ​ម៉ាឡេស៊ី អស់​រយៈពេល​៣​ឆ្នាំ បាន​អះអាងថា អ្នកស្រី គ្មាន​កម្លាំង​ឡើយ ព្រោះ​គ្មាន​អាហារ​គ្រប់គ្រាន់ ខណៈ​អ្នកស្រី កំពុងមាន​ផ្ទៃពោះ​ជាង​៨​ខែ​។ អ្នកស្រី ម៉ាត់ តោ​សរី ដែល​ផ្តល់​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​តាម WhatsApp ដែរនោះ រៀបរាប់ថា​៖«​រាល់ថ្ងៃ​បាន​អ្នក​ស្គាល់គ្នា​ឲ្យ​ហូប​ទេ គ្មាន​លុយ​ទិញ​ចំណី​បន្ថែម​ សម្រាប់​ខ្លួនឯង​ឡើយ​។ ខ្ញុំ ចង់​ត្រឡប់ទៅផ្ទះ​នៅ​ស្រុក​ខ្មែរ​វិញ កូន​ខ្ញុំ​៤​នាក់​នៅ​ខ្មែរ​កំពុង​ចាំមើល។ បើ​ទៅដល់​អត់ ​ឬ​មានអី ក៏​អាចធ្វើ​នំ​បង្អែម​លក់​គ្រាន់​បាន​លុយ​ចាយ​ដែរ​។ នៅទីនេះ​គ្មាន​លុយ គ្មាន​ការងារ ជិត​គ្រប់​ខែ ហើយ​ប្ដី​ខ្ញុំ​ទើបនឹង​ស្លាប់​»​។
​អ្នកស្រី ក៏​ដូច​អ្នក​ខាងលើ​ដែរ គឺ​ស្នើ​ឲ្យ​អង្គការ​ និង​រដ្ឋាភិបាល ជួយ​សម្រួល​យ៉ាងណា ឲ្យ​អ្នកស្រី​និង​ពលរដ្ឋ​ខ្មែរ​ជាប់​នៅ​ម៉ាឡេស៊ី ឆាប់​បានមក​កម្ពុជា​វិញ​។
​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក កុយ គួ​ង ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​១៣ ខែឧសភា​នេះ​ថា ការយឺតយ៉ាវ​នៃ​ការវិលត្រឡប់​របស់​ព​ល​រដ្ឋ​ខ្មែរ​នៅ​ម៉ាឡេស៊ី ដោយសារ​ដំណើរការ​នៃ​ការពិនិត្យ​សុខភាពរ​កកូ​វីដ​-១៩ ​របស់​ម៉ាឡេស៊ី​មិនទាន់​ចាប់ផ្ដើម និង​ក្រុមហ៊ុន​អាកាសចរណ៍ ​មិនទាន់​កំណត់​ជើងហោះហើរ​មក​កម្ពុជា​។
​លោក កុយ គួ​ង អធិប្បាយ​ថា​៖«​ទូត​យើង​ កំពុង​ចរចា​ជាមួយ​ម៉ាឡេស៊ី ដើម្បី​ស្នើសុំ​ធ្វើតេស្ត​កុំ​ឲ្យ​យកលុយ​។ ប៉ុន្តែ​កន្លងមក​ម៉ាឡេស៊ី​ថា គេ​ធ្វើតេស្ត​មិន​យកលុយ​ចំពោះ​អ្នក​ទាំងឡាយណា​ ដែលមាន​រោគសញ្ញា​អាច​កើត​ជំងឺ​កូ​វីដ​-១៩​។ ឯ​អ្នក​មិនមាន​រោគសញ្ញា​សោះ ឲ្យ​គេ​ធ្វើតេស្ត​គឺ​យកលុយ ប៉ុន្តែ​ទូត​យើង​ នៅតែ​ទទូច​ឲ្យ​រដ្ឋាភិបាល​ម៉ាឡេស៊ី ពិនិត្យ​ពលរដ្ឋ​ខ្មែរ​ជាង​១៥០​នេះ សុំ​កុំ​ឲ្យ​គិតលុយ ទោះបី​គាត់​គ្មាន​រោគសញ្ញា​ក៏ដោយ ដោយ​ដឹងថា​គ្មាន​រោគ (​កូ​វីដ​-១៩) ដើម្បី​បាន​ត្រឡប់មក​កម្ពុជា​»​។
​លោក សង្កត់​ធ្ង​ន​ថា ប្រសិនបើ​នរណា​ចង់​ត្រឡប់មក​ឆាប់ គឺ​ត្រូវ​ចេញថ្លៃ​ពិនិត្យ​ដោយ​ខ្លួនឯង ខណៈពេល​នេះ ភាគី​ខាង​ស្ថានទូត​កម្ពុជា កំពុងតែ​រង់ចាំ​ការពិភាក្សា​ ជាមួយ​ម៉ាឡេស៊ី​បន្ត​។ លោក អះអាងថា ទោះបី​ពលរដ្ឋ​ខ្មែរ បាន​ពិនិត្យ​សុខភាព​ដោយ​ចេញ​ប្រាក់​ខ្លួនឯង ក៏​ក្រុមហ៊ុន​អាកាសចរណ៍ មិនទាន់​កំណត់​ជើង​ហោះ​មក​កម្ពុជា​ដែរ គឺ​កំពុង​រង់ចាំ​ការចរចា​គ្នា​បន្តទៀត​។
​លោក មឿ​ន តុលា នាយក​ប្រតិ​ប​តិ្ត​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (​សង់​ត្រា​ល់​) ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ថ្ងៃទី​១៣ ខែឧសភា​នេះ​ថា សម្រាប់​អង្គការ​ក្រៅ​រដ្ឋា​ភិ​បាល គឺមាន​លទ្ធភាព​តិច​ណាស់ ក្នុងការ​ដោះស្រាយ​លើ​បញ្ហា​នេះ មានតែ​ស្នើ​ឲ្យ​ស្ថាប័នរដ្ឋ ជាពិសេស​គឺ​ស្ថានទូត​ខ្មែរ​នៅ​ម៉ាឡេស៊ី ក្នុង​ផ្ដល់ជំនួយ​ជាបន្ទាន់​គឺ​ស្បៀងអាហារ​។ កន្លងមក សង់​ត្រា​ល់ បាន​សហការ​ជាមួយ​អង្គការ​ដៃគូ សម្រាប់​ចែក​ស្បៀង​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ​ខ្លះ​។
​លោក មានប្រសាសន៍ថា​៖«​រដ្ឋាភិបាល គួរ​មាន​វិធានការ​ច្បាស់លាស់ ក្នុង​ការធ្វើ​មាតុភូមិនិវត្តន៍ (​របស់​ពលរដ្ឋ​ខ្មែរ​)​។ យើង មើល​តួលេខ​អ្នក​ឆ្លង​នៅ​ម៉ាឡេស៊ី​មាន​ច្រើនជាង​ខ្មែរ បើ​ទុក​ឲ្យ​ពួកគាត់​នៅ​ទីនោះ គឺ​គ្មាន​សុវត្ថិភាព​សម្រាប់​គាត់​ទេ គួរ​មាន​ផែនការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​ពួកគាត់​មក ហើយ​រៀបចំ​ឲ្យ​មានការ​ពិនិត្យ​សុខភាព​នៅ​ម៉ាឡេស៊ី​។ បើ​មិនអាច​រៀបចំ​ឲ្យ​ពិ​និត្យនៅ​ម៉ាឡេស៊ី​បានទេ រៀបចំ​ឲ្យ​មានការ​ពិនិត្យ​នៅ​ខ្មែរ​ពេល​ចុះ​ពី​យន្តហោះ ហើយ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ មុនពេល​ចូល​សហគមន៍​។ ករណី​មាន​ជនសង្ស័យ​ និង​មាន​ផ្ទុក​កូ​វីដ​-១៩ យើង ព្យាបាល​គាត់​ទៅ​»​។
​លោក លើកឡើង​ទៀតថា ទាំងនេះ គឺ​វិធាន​ការដែល​រដ្ឋាភិបាល ​គួររៀបចំ​ដោះស្រាយ​ជូន​ពលរដ្ឋ​ខ្មែរ​។ ករណី​មិន​យក​ពលរដ្ឋ​ខ្មែរ​ចេញពី​ម៉ាឡេស៊ី រដ្ឋាភិបាល គួររៀបចំ​ស្បៀងអាហារ​និង​របស់​ប្រើប្រាស់​ប្រចាំថ្ងៃ ​ដល់​ពួកគាត់​នៅ​ទីនោះ អំឡុងពេល​ពួកគាត់ កំពុង​គ្មាន​ការងារ​ធ្វើ​។
​លោក មើលឃើញថា រដ្ឋាភិបាល គ្មាន​ផែនការ​ជាក់លាក់ ទើប​ពលរដ្ឋ​ខ្មែរ​មិនអាច​ត្រឡប់មកវិញ​បាន​។ លោក សម្តែង​ការមិន​យល់ថា កញ្ចប់​ថវិកា​ជាច្រើន​លាន​ដុល្លារ ក្នុងការ​ដោះស្រាយ​វិបត្តិ​កូ​វីដ​-១៩ ដែល​រដ្ឋាភិបាលទទួល​ពី​សហភាព​អឺរ៉ុប USAID និង​អ្នកពាក់ព័ន្ធ​ផ្សេងៗ នឹងត្រូវ​រដ្ឋាភិបាលចាត់ចែង​ដោះស្រាយ​ជួយ​យ៉ាងណា​?៕
ប្រភព៖ ថ្មីៗ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...